Monday, 22 May 2023

លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ថា​មេ​ឃាតក​សម្លាប់​ពលរដ្ឋ​ខ្មែរ​ច្រើន បន្ទាប់​ពី ប៉ុល ពត


ដោយ ថា ថៃ
2023.05.22
លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ថា​មេ​ឃាតក​សម្លាប់​ពលរដ្ឋ​ខ្មែរ​ច្រើន បន្ទាប់​ពី ប៉ុល ពត  
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រោះជាតិ (ស្ដាំ) ថ្លែង​ក្នុងពេលជួបពលរដ្ឋនៅក្នុងវត្ត​​​ខេមរង្សារាម នៅ​ទីក្រុង​ស៊ីដនី (Sydney )​ប្រទេស​អូស្ត្រាលី (Australia) កាលពី​ថ្ងៃទី​២១ ឧសភា​ ២០២៣។
រូប៖ ហ្វេសប៊ុកលោក សម រង្ស៊ី
 

មេដឹកនាំ​ចលនា​ប្រជាធិបតេយ្យ លោក សម រង្ស៊ី ចោទ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ជា​មេ​ឃាតក​សម្លាប់​ពលរដ្ឋ​ខ្មែរ​ច្រើន បន្ទាប់ពី​មេដឹកនាំ​ខ្មែរក្រហម លោក ប៉ុល ពត។ អ្នកវិភាគ​យល់​ថា ប្រវត្តិសាស្ត្រ​ដែល​លើកឡើង​ដោយ​លោក សម រង្ស៊ី គឺជា​រឿង​ពិត។

រឿងរ៉ាវ​ដែល​មាន​ការចោទប្រកាន់​ថា លោក ហ៊ុន សែន ជាប់​ប្រឡូកប្រឡាក់​នឹង​អំពើ​ឃាតកម្ម​ធំៗ គិត​ចាប់តាំងពី​ក្រោយ​របប​ខ្មែរក្រហម​មក នៅតែ​ត្រូវ​បាន​លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លើក​យក​មក​លាតត្រដាង​ចំពោះមុខ​ពលរដ្ឋ​ខ្មែរ​ជា​បន្តបន្ទាប់​។ លោក សម រង្ស៊ី ថ្លែង​នៅក្នុង​ពិធី​ជួបជុំ​ជាមួយ​ព្រះសង្ឃ និង​ពលរដ្ឋ​ដើមកំណើត​ខ្មែរ​ប្រមាណ ២០០​នាក់​នៅ​វត្ត​ខេមរង្សារាម នៅ​ទីក្រុង​ស៊ីដនី (Sydney )​ប្រទេស​អូស្ត្រាលី (Australia) នៅ​ថ្ងៃទី​២១ ឧសភា ថា បើទោះ​បី​ជា​លោក ហ៊ុន សែន ព្យាយាម​កែប្រែ​ប្រវត្តិសាស្ត្រ​បែប​ណា​ក៏​ដោយ ក៏​មិន​អាច​លុបបំបាត់​អំពើ​ឧក្រិដ្ឋ​របស់​លោក​បាន​ដែរ។ មេ​បក្ស​ប្រឆាំង​រូប​នេះ ចោទ​ត្រង់ៗ ថា លោក ហ៊ុន សែន គឺជា​មេ​ឃាតក​ដែល​សម្លាប់​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ច្រើន​បំផុត បន្ទាប់​ពី​មេដឹកនាំ​ខ្មែរក្រហម ប៉ុល ពត។ លោក បញ្ជាក់​ថា អំពើ​ឃាតកម្ម​ទាំងនោះ រួមមាន​ការសម្លាប់​ខ្មែរ​រាប់ម៉ឺន​នាក់ ក្រោម​ហេតុផល​ផែនការ "​ក​៥" ការ​សម្លាប់​ជន​ស៊ីវិល និង​មន្ត្រី​គណបក្សហ៊្វុនស៊ិនប៉ិច​រាប់​សិប​នាក់​ក្នុង​អំពើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​របស់​លោក ហ៊ុន សែន ឆ្នាំ​១៩៩៧ និង​អំពើ​បោក​គ្រាប់បែក​លើ​ហ្វូង​បាតុករ​នៅមុខ​រដ្ឋសភា​ចាស់​ឆ្នាំ​១៩៩៧ ការ​បាញ់​សម្លាប់​កម្មករ​រោងចក្រ​នៅ​ផ្លូវ​វេងស្រេង រួម​ទាំង​ករណី​ឃាតកម្ម​លើ​បុគ្គល​ល្បីៗ និង​អ្នកស្នេហាជាតិ​ជាច្រើន​នាក់​ទៀត ដូចជា ព្រះតេជព្រះគុណ សំ ប៊ុនធឿន លោក ជា វិជ្ជា លោក ឈុត វុទ្ធី និង​បណ្ឌិត កែម ឡី ជាដើម។

លោក សម រង្ស៊ី «​យើង​ថា ប៉ុល ពត ជា​ឃាតក សម្លាប់​ខ្មែរ​ច្រើន តែ ហ៊ុន សែន ជា​ឃាតក​សម្លាប់​ខ្មែរ​ច្រើនណាស់ បន្តវេន​ពី ប៉ុល ពត ក្នុង​ការ​សម្លាប់​ខ្មែរ​។ អ៊ីចឹង គាត់​មានទោស​ធ្ងន់​ណាស់​ក្នុង​ប្រវត្តិសាស្ត្រ​។​ហើយ​បើ​និយាយ​សង្ខេប​ទៅ​ក្រោយ​មក គាត់​ (​ហ៊ុន សែន​ )​ធ្វើ​រដ្ឋប្រហារ​បង្ហូរឈាម​ឆ្នាំ​១៩៩៧ គាត់​សម្លាប់​នាយទាហាន​មេទាហាន​ហ៊្វុនស៊ិនប៉ិច​រាប់​រយ​នាក់។ គាត់​រៀបចំ​សម្លាប់​ខ្ញុំ​ទៀត ក្នុង​ព្រឹត្តិការណ៍​បោក​គ្រាប់បែក​ឆ្នាំ ១៩៩៧ ដែរ តែ​ខ្ញុំ​មានសំណាង​ល្អ​បាន​នៅ​គង់​ជីវិត តែ​អ្នក​ដែល​ស្លាប់​ច្រើនណាស់ ឈាម​ហូរ​ពេញ​ផ្លូវ»

 

លោក សម រង្ស៊ី បន្ត​ថា ដោយសារតែ​លោក ហ៊ុន សែន មាន​បាតដៃ​ប្រឡាក់​ឈាម និង​ខ្លាច​តុលាការ​កាត់ទោស​ពេល​អស់​អំណាច ម្ល៉ោះ​ហើយ​ទើប​លោក ហ៊ុន សែន ត្រៀម​ផ្ទេរអំណាច​បន្ត​ទៅ​ឲ្យ​កូនប្រុស​តាម​បែប​ផ្ដាច់ការ​ដូច​នៅ​កូរ៉េខាងជើង និង​ព្យាយាម​រារាំង​មិន​ឲ្យ​មាន​ដំណើរការ​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា។ 

លោក សម រង្ស៊ី«ហ៊ុន សែន គាត់​ដឹង​ថា ថ្ងៃ​ណាមួយ មាន​លទ្ធិប្រជាធិបតេយ្យ មាន​តុលាការ​ឯករាជ្យ នឹង​យក​ហ៊ុន សែន ទៅ​កាត់ទោស​ពី​បទ​ឧក្រិដ្ឋ​យ៉ាងច្រើន​ជាទីបំផុត​។​អ៊ីចឹង​ហើយ បាន ហ៊ុន សែន ចាត់តាំង​កូន​គាត់​ឲ្យ​ធ្វើ​នាយករដ្ឋមន្ត្រី ដើម្បី​ការពារ​គាត់​។ បើ​អ្នកណា​ក្រៅពី​កូន​គាត់ មក​ធ្វើ​នាយករដ្ឋមន្ត្រី នឹង​ច្បាស់​ជា​យក​គាត់​ទៅ​កាត់ទោស​ហើយ​។ តុលាការ​ដើរ​តួនាទី​របស់​ខ្លួន​ជា​តុលាការ​ឯករាជ្យ យក​ជន​ឧក្រិដ្ឋ​ទៅ​កាត់ទោស»

ទាក់ទង​ករណីនេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​បក្ស​កាន់អំណាច លោក សុខ ឥសាន បាន​ទេ។ ប៉ុន្តែ​កន្លង​មក លោក ហ៊ុន សែន ធ្លាប់​បាន​ប្រតិកម្ម​ច្រានចោល​ការ​ចោទប្រកាន់ ដោយ​អះអាង​ថា ផែនការ "​ក​៥" គឺជា​ផែនការ​ការពារ​ជាតិ​ដែល​ទប់ស្កាត់​ការ​វិល​ត្រឡប់មកវិញ​នូវ​របប​ខ្មែរក្រហម។

ទោះជា​យ៉ាងណា អ្នកវិភាគ​នយោបាយ លោក គឹម សុខ មាន​ប្រសាសន៍​ថា ការ​លើកឡើង​របស់​លោក សម រង្ស៊ី គឺជា​រឿង​ត្រឹមត្រូវ ព្រោះ លោក ហ៊ុន សែន ពិតជា​ពាក់ព័ន្ធ​ក្នុង​នយោបាយ​ដឹកនាំ​ជាតិ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ស្លាប់​ជាច្រើន​នាក់​បន្ទាប់ពី ប៉ុល ពត ជាពិសេស​ផែនការ​''​ក​៥ ''​របស់​វៀតណាម​ដែល​ដឹកនាំ​អនុវត្ត​ដោយ​លោក ហ៊ុន សែន ។ លោក​ជឿ​ថា ផ្អែក​តាម​ព្រឹត្តិការណ៍​ជាក់ស្តែង​និង​សម្ដី​សារភាព​ជាច្រើនលើក​របស់​លោក ហ៊ុន សែន ដែល​ថា លោក​សោកស្តាយ​មិន​បាន​សម្លាប់​មនុស្ស និង​មិន​ញញើត​ក្នុង​ការ​សម្លាប់​មនុស្ស​២​ទៅ​៣​រយ​នាក់​ជាដើម គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា អតីត​កម្មាភិបាល​ខ្មែរក្រហម​រូប​នេះ ពិតជា​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ធំៗ​ដោយ​មិនអាច​ប្រកែក​បាន​ឡើយ។

លោក គឹម សុខ«ផែនការ​''​ក​៥''​របស់​វៀតណាម អនុវត្ត​ដោយ​លោក ហ៊ុន សែន បាន​សម្លាប់​បុរស​ខ្មែរ​ពេញកម្លាំង​ជាង​២០​ម៉ឺន​នាក់​។ នេះ​តាម​ការស្រាវជ្រាវ​ដែល​សរសេរ​នៅក្នុង​សៀវភៅ​កំពែង​ឫស្សី។ ក្នុង​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧ ថ្ងៃទី​៥-៦​កក្កដា ក៏​មាន​សរសេរ​ក្នុង​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ថា មាន​ការ​សម្លាប់​ទាហាន​របស់​ហ៊្វុនស៊ិនប៉ិច រួម​ទាំង​ប្រជាពលរដ្ឋ​អ្នក​ស្រលាញ់​ប្រជាធិបតេយ្យ​រាប់​រយ​នាក់»

របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ធ្លាប់​បាន​ចុះផ្សាយ​កាលពី​ឆ្នាំ​២០១៥ ថា មេបញ្ជាការ​កងទ័ព​វៀតណាម ឈ្មោះ ឡេ ឌឹកថូ (Le Duc Tho) ទទួលបន្ទុក​កម្ពុជា ជា​អ្នក​រចនា​ផែនការ "​ក​៥" នេះ​ឡើង បន្ទាប់​មក​រដ្ឋាភិបាល​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​អនុវត្ត​ផែនការ "​ក​៥" ដែល​ចាប់ពី​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​១៩៨៤ ហើយ​បាន​បញ្ចប់​ទៅវិញ​នៅ​ឆ្នាំ​១៩៨៨​។ ពាក្យ​ថា "​ក​៥" មាន​ន័យថា កេណ្ឌ​កម្លាំង​កាប់​ព្រៃ​ការពារ​កម្ពុជា។ ផែនការ​នេះ គឺ​ដើម្បី​កសាង​ជញ្ជាំង​ឫស្សី​ដែល​មាន​បណ្ដោយ​ប្រវែង ៧០០​គីឡូម៉ែត្រ និង​ទទឹង ៥០០​ម៉ែត្រ តាម​បណ្ដោយ​ព្រំដែន​ខ្មែរ​-​ថៃ សម្រាប់​ការពារ​ពី​ការ​វាយបក​របស់​កងទ័ព​ខ្មែរក្រហម និង​កងទ័ព​អ្នក​តស៊ូ​ដទៃ​ទៀត ដែល​កំពុង​បោះជំរំ​យោធា​របស់​ខ្លួន​ក្នុង​ទឹកដី​ថៃ។

អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ រាយការណ៍​ថា យ៉ាងហោចណាស់​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ក្នុងចំណោម​មនុស្ស​ជិត ១​លាន​នាក់ ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​បម្រើ​ផែនការ "​ក​៥" នេះ ស្លាប់​ដោយ​ជាន់​មីន ជំងឺ​គ្រុនចាញ់ និង​អត់​អាហារ ហើយ​អ្នក​ដែល​ស្លាប់​ទាំងនោះ ភាគច្រើន​ជា​សិស្ស និស្សិត គ្រូបង្រៀន យុវជន និង​ពលរដ្ឋ​សាមញ្ញ​។​អតីត​អនុ​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ លោក ស៊ិន សេន និង​លោក គង់ គាំ អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​ប្រាប់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ថា លោក ហ៊ុន សែន ជា​អ្នកទទួលខុសត្រូវ​នៃ​ការ​ស្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់​ពី​ផែនការ "​ក​៥" ដោយ​មិនអាច​ប្រកែក​បាន​ឡើយ។

ក្រៅពី​ផែនការ​''​ក​៥'' នៅ​មាន​ករណី​ឃាតកម្ម​ទ្រង់ទ្រាយ​ធំ និង​កក្រើក​ជាច្រើន​ទៀត​រាប់​ចាប់​តាំងពី​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧ ព្រឹត្តិការណ៍​បោក​គ្រាប់បែក​លើ​ហ្វូង​បាតុករ​នៅ​មុខ​រដ្ឋសភា​ចាស់ ការ​បាញ់​រះ​ដោយ​គ្រាប់​ពិត​លើ​កម្មករ​រោងចក្រ​នៅ​ផ្លូវ​វេងស្រេង និង​ករណី​បាញ់សម្លាប់​សកម្មជន​បក្ស​ប្រឆាំង អ្នកកាសែត អ្នកដឹកនាំ​សហជីព និង​អ្នកវិភាគ​នយោបាយ​ជាដើម​។ ចំពោះ​បទឧក្រិដ្ឋ​ទាំងនេះ ដែល​គេ​ចោទ​ថា ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋអំណាច​របស់​លោក ហ៊ុន សែន នោះ ពុំ​មាន​ការស៊ើបអង្កេត និង​ការ​កាត់ទោស​ណាមួយ​ត្រឹមត្រូវ​នៅឡើយ​ទេ ដែល​ធ្វើ​ឲ្យ​វប្បធម៌​និទ្ទណ្ឌភាព និង​ការចោទប្រកាន់​នានា នៅតែ​មិនអាច​បញ្ចប់ និង​បាន​បន្ត​រហូតដល់​បច្ចុប្បន្ន។

ទោះជា​យ៉ាងណា លោក សម រង្ស៊ី និង​លោក គឹម សុខ មាន​គំនិត​ស្របគ្នា​ថា ថ្ងៃ​អវសាន​របស់​លោក ហ៊ុន សែន នឹង​មកដល់ នៅ​ពេល​បុរស​ខ្លាំង​រូប​នេះ​ផ្ទេរអំណាច​ឲ្យ​កូនប្រុស​គឺ​លោក ហ៊ុន ម៉ាណែត ព្រោះ​នឹង​ធ្វើ​ឲ្យ​មានការ​បែកបាក់​ផ្ទៃក្នុង​របស់​បក្ស​កាន់អំណាច​ហើយ​សន្ទុះ​ប្រជារាស្ត្រ​ខ្មែរ​ដែល​គាំទ្រ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ និង​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​កាន់តែ​ខ្លាំង​ថែមទៀត៕

No comments: