Friday, 19 May 2023

តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ស្នើ​​អូស្ត្រាលី​ចាត់​វិធានការ​ក្រោយ​គ.ជ.ប​មិន​ចុះឈ្មោះ​បក្ស​ភ្លើងទៀន

 

2023.05.19
តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ស្នើ​​អូស្ត្រាលី​ចាត់​វិធានការ​ក្រោយ​គ.ជ.ប​មិន​ចុះឈ្មោះ​បក្ស​ភ្លើងទៀន  
តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ លោក តាក់ ម៉េងហ៊ាង។
រូប៖ ពីហ្វេសប៊ុក
 
 

តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ លោក តាក់ ម៉េងហ៊ាង អំពាវនាវ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី​ចាត់វិធានការ​ឲ្យ​បាន​ហ្មត់ចត់​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​បដិសេធ​មិន​ឲ្យ​គណបក្ស​ភ្លើងទៀន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ។ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​យល់​ឃើញ​ថា​ប្រតិកម្ម​ធ្លាក់​មក​ជា​បន្តបន្ទាប់​អាច​មាន​ឥទ្ធិពល​ដល់​រដ្ឋាភិបាល។

តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​នៅ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) លោក តាក់ ម៉េងហ៊ាង ថ្លែង​ក្នុង​រដ្ឋសភា​អូស្ត្រាលី កាលពី​ថ្ងៃទី​១៧ ខែ​ឧសភា ដោយ​សំដែង​នូវ​ការ​សោកស្តាយ​ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​កម្ពុជា បដិសេធ​សំណើសុំ​ចុះឈ្មោះ​របស់​គណបក្ស​ភ្លើងទៀន​ដែល​ជា​គណបក្សប្រឆាំង​ដ៏​មាន​សក្ដានុពល​ក្នុង​ពេល​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ខាង​មុខ។

លោក តាក់ ម៉េងហ៊ាង ក៏​អំពាវនាវ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី​ឲ្យ​ចាត់វិធានការ​ឲ្យ​បាន​តឹងតែង​លើ​រដ្ឋាភិបាល​កម្ពុជា និង​ជំរុញ​ឲ្យ​គណបក្ស​ភ្លើងទៀន​អាច​ចូលរួម​ចុះឈ្មោះ​ការ​បោះឆ្នោត​ជាតិ​ដែល​នឹង​រៀបចំ​ធ្វើឡើង​នៅ​ខែ​កក្កដា​ឆ្នាំ២០២៣ ខាងមុខនេះ។ តំណាងរាស្ត្រ​អូស្ត្រាលី​រូប​នេះ​ប្រាប់​វិទ្យុ​អាស៊ីសេរី​បន្ថែម​ថា អ្វី​ដែល​លោក ហ៊ុន សែន កំពុង​ធ្វើ​នេះ​នឹង​នាំ​ឲ្យ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ធ្លាក់ចុះ​បន្ថែម​ទៀត។

លោក តាក់ ម៉េងហ៊ាង៖ «មានការ​បារម្ភ​ចំពោះ​ការវិវត្តន៍​ទៅ​មុខ​ទៀត​ចំពោះ​អ្វី​ដែល​យើង​ឃើញថា​ជា​ការ​ធ្លាក់ចុះ​នៃ​របប​ប្រជាធិបតេយ្យ​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី និង​ដោយ​យុត្តិធម៌ និង​ពហុ​គណបក្ស​នេះ ដូច្នេះហើយ​កិច្ចការ​របស់​យើង​ធ្វើជា​សំឡេង​ដល់​ប្រជាជន​ខ្មែរ​នៅក្នុង​មណ្ឌល​និង​ប្រជាជន​ខ្មែរ​នៅក្នុង​ប្រទេស​អូស្ត្រាលី​នេះ​ដើម្បី​អំពាវនាវ​ដល់​ប្រទេស​អូស្ត្រាលី​ដែល​តែងតែ​ចាត់ទុក​ប្រទេស​កម្ពុជា​ជា​មិត្ត​ធ្វើ​យ៉ាងម៉េច​ឲ្យ​គាត់​ចូលរួម​ការបោះឆ្នោត​ដោយ​សេរី»

 

ក្រោយពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ចេញ​លិខិត​ជា​ផ្លូវការ​បដិសេធ​ការ​ចុះ​បញ្ជី​ឈ្មោះ​គណបក្ស​ភ្លើងទៀន​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ក៏​មាន​ប្រតិកម្ម​ជា​បន្តបន្ទាប់​ពី​សំណាក់​ប្រទេស​និយម​លទ្ធិប្រជាធិបតេយ្យ​អង្គការ​សង្គម​ស៊ីវិល និង​អង្គការ​សង្កេតការណ៍​រៀបចំ​ការបោះឆ្នោត​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ​ដោយ​ថ្កោលទោស​លើ​ការ​សម្រេចចិត្ត​នេះ។

លោក តាក់ ម៉េងហ៊ាង ក៏​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ក្នុង​កម្មវិធី​ផ្សាយ​កាលពី​ថ្ងៃ​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨ ឧសភា ថា វា​មិនទាន់​ហួសពេល​ទេ ដែល​គ..ប​គួរ​ពិចារណា​ក្នុង​ការ​ចុះឈ្មោះ​ឱ្យ​គណបក្ស​ភ្លើងទៀន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ ថ្ងៃ​ទី២៣ ខែ​កក្កដា ខាង​មុខ ដើម្បី​ជៀសវាង​ការ​ដាក់​សម្ពាធ​ពី​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​។ តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​បន្ថែម​ថា ប្រទេស​អូស្ត្រាលី​នៅតែ​ឈរ​ជាមួយ​លទ្ធិប្រជាធិបតេយ្យ​នឹង​ជំរុញ​ឱ្យ​គណបក្សជំទាស់​ដ៏​ធំ​របស់​កម្ពុជា​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ខាងមុខ។

លោក តាក់ ម៉េងហ៊ាង៖ «គឺ​ខ្ញុំ​មានការ​ជឿជាក់​ថា រដ្ឋាភិបាល​អូស្ត្រាលី​តាមរយៈ​ស្ថានទូត​អូស្ត្រាលី​ក៏ដូចជា​ក្រសួង​ការបរទេស​អូស្ត្រាលី​ក្តី​នឹង​មាន​ចំណាត់​ការណ៍​ជា​បណ្តើរៗ​នៅ​ក្នុង​ការ​ធ្វើ​ម៉េច​ដើម្បី​ជួយ​សម្រួល​ជួយ​អន្តរាគមន៍​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​ជាពិសេស​ឱ្យ​អាជ្ញាធរ​ក្រសួង​ពាក់ព័ន្ធ​នឹង​អាច​បើក​ផ្លូវ​ឱ្យ​គណបក្ស​ភ្លើងទៀន​នឹង​អាច​ចូលរួម​ការ​បោះឆ្នោត»

ជុំវិញ​ការ​លើកឡើង​របស់​លោក តាក់ ម៉េងហ៊ាង នេះ​អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​គ..ប និង​មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​លោក​សុខ ឥសាន បាន​នៅឡើយ​ទេ​។ ទោះជា​យ៉ាងណា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​លើកឡើង​កន្លង​មក​ថា រដ្ឋាភិបាល​និង​គណបក្ស​លោក​មិន​ខ្វល់ខ្វាយ​ចំពោះ​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​នោះ​ឡើយ ហើយ​ប្រទេស​កម្ពុជា​ក៏​ធ្លាប់​រង​សម្ពាធ​ពី​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​រួច​មក​ហើយ​នា​ពេល​អតីតកាល។

អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​លោក ឯម សុវណ្ណារ៉ា យល់​ថា ប្រតិកម្ម​ជា​បន្តបន្ទាប់​ជុំវិញ​ការ​បដិសេធ​ចុះឈ្មោះ​គណបក្ស​ភ្លើង​ទៀត​ចូលរួម​ការបោះឆ្នោត​នេះ ពិតជា​មាន​ឥទ្ធិពល​ដល់​រដ្ឋាភិបាល​កម្ពុជា ពីព្រោះ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ហត្ថលេខី​លើ​សន្ធិសញ្ញា​ជាច្រើន​ព្រមទាំង​ទទួល​បាន​នូវ​ការ​អនុគ្រោះ​ផ្សេងៗ ពី​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​ការ​នាំចូល​ផលិតផល​របស់​ខ្លួន​ទៅ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក។

លោក ឯម សុវណ្ណារ៉ា៖ «កាលណា​អវត្តមាន​គណបក្ស​ភ្លើង​ទៀត​នៅក្នុង​ការបោះឆ្នោត​ថ្នាក់​ជាតិ​ខែ​កក្កដា​ខាងមុខ​ហ្នឹង វា​បង្ក ឬ​ឆ្លុះបញ្ចាំង​ពី​បរិយាកាស ឬ​សិទ្ធិ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ហ្នឹង​គឺថា​វា​រួម​ឬ​តូច​ចង្អៀត​ហើយ ខ្ញុំ​គិតថា​វា​គឺជា​បញ្ហា​ប្រឈម​សម្រាប់​កម្ពុជា​ទាំងមូល​ទៅវិញ​ទេ​។ បើ​កម្ពុជា​អាច​រៀបចំខ្លួន​ឬក៏​សម្របសម្រួល​ឱ្យ​មាន​បរិយាកាស​នយោបាយ​ល្អ​វិញ​បាន ធ្វើ​ម៉េច​កុំឱ្យ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA(​អ៊ី​ប៊ី​អេ​)​ឬ​GSP(​ជីអេសភី) ពី​សហរដ្ឋអាមេរិក​ខ្ញុំ​គិត​ថា វា​ជា​ការ​ខាតបង់​របស់​ប្រទេស​កម្ពុជា​ទាំងមូល ហើយ​ពលរដ្ឋ​កម្ពុជា​មាន​ការ​បារម្ភ និង​សោកស្តាយ​ណាស់​ប្រសិនបើជា​ឱកាស​ហ្នឹង​វា​ឈាន​ទៅ​ដល់​ដំណាក់​កាលដែល​សហគមន៍​អឺរ៉ុប ឬក៏​សហរដ្ឋអាមេរិក​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ទាំងស្រុង​មែន​នោះ​បាទ»

ក្រុម​ប្រទេស​និយម​លទ្ធិប្រជាធិបតេយ្យ និង​អង្គការ​អន្តរជាតិ​មួយចំនួន​លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​ចង់ឱ្យ​ពិភពលោក​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ខែ​កក្កដា​ខាងមុខ​នេះ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​បញ្ឈប់​នូវ​រាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​រារាំង​គូប្រជែង​របស់​ខ្លួន​ហើយ​ត្រូវ​ជំនួស​មកវិញ​ដោយ​ការធានា​ឱ្យ​មាន​នូវ​លំហ​សម្រាប់​គ្រប់​ភាគី​ចូលរួម។ ពួកគេ​ថា ប្រសិនបើ​របប​លោក ហ៊ុន សែន នៅតែ​បន្ត​រារាំង​គណបក្សប្រឆាំង​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​នោះ សហគមន៍​អន្តរជាតិ​ត្រូវតែ​បដិសេធ​មិន​ផ្ដល់​ភាព​ស្របច្បាប់​ដល់​រដ្ឋាភិបាល​ថ្មី​កើតឡើង​ពី​ការបោះឆ្នោត​ដែល​ពួកគេ​អះអាង​ថា ជា​ការ​បោះឆ្នោត «​ក្លែងក្លាយ​» និង​បន្លំ៕

No comments: