2023.05.22
លោក ហ៊ុន សែន បន្តវាយប្រហារលើបណ្ដាអង្គទូត និងមន្ត្រីការទូតជាន់ខ្ពស់ក្រុមប្រទេសលោកសេរីថា បានធ្វើនយោបាយការបរទេសបែបព្រហើន និងប្រមាថកម្ពុជា។ លោក ហ៊ុន សែន នៅតែចិញ្ចឹមចិត្តខឹងនឹងអង្គទូត និងមន្ត្រីការទូតទាំងនោះ ដែលបានទៅជួបលោក កឹម សុខា កន្លងទៅ។ ប៉ុន្តែអ្នកវិភាគមើលឃើញថា លោក ហ៊ុន សែន កំពុងប្រើល្បិចទាក់ទាញការចាប់អារម្មណ៍ពីពលរដ្ឋ តាមរយៈការឈ្លោះជាមួយប្រទេសមហាអំណាចធំៗ ដែលពួកគេថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន ដែលកំពុងព្យាយាមរារាំងមិនអោយបក្សភ្លើងទៀនចូលរួមការបោះឆ្នោតជាតិខែកក្កដាខាងមុខនេះ។
លោក ហ៊ុន សែន បន្តទម្លាក់កំហុសទៅក្រុមអង្គទូតលោកខាងលិចថា មូលហេតុដែលលោក កឹម សុខា ត្រូវបានកាត់ទោស និងជាប់ឃុំនៅក្នុងផ្ទះរហូតមកដល់ពេលនេះ ដោយសារតែកំហុសនៃបណ្ដាអង្គទូតប្រទេសសេរីទាំងនោះ។ ប៉ុន្តែអ្នកវិភាគនយោបាយលើកឡើងថា លោក ហ៊ុន សែន ចង់បង្ហាញទៅពលរដ្ឋ និងអ្នកនយោបាយនៅក្នុងស្រុកថា លោកមិនមែនមានអំណាចគ្រប់គ្រងស្ថានភាពនយោបាយនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែលោកក៏មិនខ្លាចរអា ក្នុងការរិះគន់ និងឈ្លោះជាមួយបណ្ដាប្រទេសមហាអំណាច រួមទាំងសហរដ្ឋអាមេរិកជាដើមឡើយ។
អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយបណ្ឌិត សេង សារី ថ្លែងថា លោក ហ៊ុន សែន កំពុងប្រើល្បិចទាក់ទាញការចាប់អារម្មណ៍ពីពលរដ្ឋនៅកៀកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅខែកក្កដាខាងមុខនេះ តាមរយៈយុទ្ធសាស្ត្រកំណត់សត្រូវនយោបាយខ្លាំង ដើម្បីបង្ហាញប្រាប់គេឯងថា លោកក៏ជាអ្នកនយោបាយខ្លាំងម្នាក់ដែរ។ លោកបន្តថា យុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន នេះ មិនអាចធ្វើឱ្យប៉ះពាល់ទៅបណ្ដាអង្គទូតប្រទេសលោកសេរីទាំងនោះ ឬក៏ទំនាក់ទំនងរវាងកម្ពុជាជាមួយបណ្ដាប្រទេសមហាអំណាចឡើយ ដោយសារពួកគេបានដឹងពីរបៀបធ្វើនយោបាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់លោក ហ៊ុន សែន។
បណ្ឌិត សេង សារី៖ «ដូច្នេះ! ខ្ញុំគិតសរុបមកវិញ ខ្ញុំមើលឃើញថា នេះគ្រាន់តែជាល្បិចនយោបាយ សម្រាប់ការទាក់ទាញ ការគាំទ្រ និងបង្ហាញអំណាចរបស់ខ្លួនទៅពលរដ្ឋ ឬទៅមេដឹកនាំប្រឆាំង ដែលកំពុងតែត្រូវបានគំរាមកំហែង និងនៅតែបន្តចូលរួមប្រកួតប្រជែងដណ្ដើមអំណាចពីលោកនាយករដ្ឋមន្ត្រីផងដែរ»។
ការលើកឡើងពីអ្នកវិភាគនយោបាយនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានចោទក្រុមអង្គទូតប្រទេសសេរី និងមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក ថាបានធ្វើនយោបាយការបរទេសខូចចាប់ដៃជាន់ជើង និងលក្ខណៈគាបសង្កត់លើកម្ពុជា ដោយសារមន្ត្រីបរទេសទាំងនោះ តែងស្នើឱ្យបើកផ្លូវសម្រាប់ការវិលចូលស្រុកនៃអ្នកនយោបាយប្រឆាំង និងការទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា ជាដើម។
នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសម្បកកង់ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុនៅថ្ងៃទី២២ ឧសភា លោក ហ៊ុន សែន ថ្លែងទាំងមិនសុខចិត្ត នៅពេលក្រុមអង្គទូត និងមន្ត្រីការបរទេសជាន់ខ្ពស់អាមេរិក ដែលត្រូវធ្វើការងារជាមួយលោក ប៉ុន្តែបែរទៅសួរសុខទុក្ខលោក កឹម សុខា និងអញ្ជើញប្រធានគណបក្សសង្គ្រោះជាតិរូបនេះ ទៅជួបដល់ស្ថានទូតរបស់ខ្លួនថែមទៀត។ លោកបន្តថា ការកាត់ទោស និងការមិនលើកលែងទោសឱ្យ កឹម សុខា ដោយសារលោក មិនទុកចិត្តមន្ត្រីការទូតប្រទេសសេរីទាំងនោះ។
លោក ហ៊ុន សែន៖ «ថ្ងៃក្រោយ កុំព្រហើនទៀត ធ្វើនយោបាយការបរទេស។ ពួកអ្នកការទូតនៅភ្នំពេញ ល្មមយល់ហើយ។ មកពីអ្នកឯងតើ អ្នកឯងធ្វើឱ្យខ្ញុំមិនទុកចិត្ត រឿងអីដែលខ្ញុំទៅធ្វើកិច្ចការអស់អ៊ីចឹង។ បើចង់ឱ្យលើកលែងទោស សាលក្រមសាលាដំបូងចេញទៅចូលជាធរមាន នាយករដ្ឋមន្ត្រីធ្វើលិខិតទៅព្រះមហាក្សត្រ លើកលែងទោស។ តែខ្ញុំមិនទុកចិត្តជនបរទេសទាំងឡាយ ដែលប្រមាថខ្ញុំ ប្រមាថអធិបតេយ្យរបស់ខ្ញុំ ប្រមាថខ្លួនខ្ញុំ មកធ្វើការជាមួយខ្ញុំ រួចហើយទៅធ្វើការជាមួយអ្នកដទៃ។ អ៊ីចឹង! ខ្ញុំទុក (លោក កឹម សុខា ជាប់គុក) អ៊ីចឹង។ នេះប្រទេស អ្នកឯងជ្រើសរើសប្រទេសមួយ ឬអ្នកឯងជ្រើសរើសក្រុមមនុស្សមួយក្រុម»។
នេះមិនមែនជាលើកទី១ ទេ ដែលលោក ហ៊ុន សែន ប្រតិកម្មនឹងអង្គទូតប្រទេសមហាអំណាច ដែលបានទៅជួបលោក កឹម សុខា ក្នុងពេលមេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានកាត់ទោសពាក់ព័ន្ធនឹងគប់គិតជាមួយរដ្ឋបរទេសឬសហរដ្ឋអាមេរិក។ កន្លងទៅ អគ្គរាជទូតនិងរដ្ឋទូតនៃបណ្ដាប្រទេសប្រជាធិបតេយ្យធំៗ រួមមាន អាមេរិក អាល្លឺម៉ង់ បារាំង អង់គ្លេស និងជប៉ុនជាដើម តែងទៅជួបសួរសុខទុក្ខលោក កឹម សុខា នៅផ្ទះ ឬអញ្ជើញលោក កឹម សុខា ទៅជួបនៅស្ថានទូតជាដើម។
ជាមួយគ្នានេះ កាលពីខែមិថុនា ឆ្នាំ២០២១ អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) អំឡុងពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា និងជួបពិភាក្សាជាមួយលោក ហ៊ុន សែន ក៏បានឆ្លៀតទៅជួបសួរសុខទុក្ខលោក កឹម សុខា ដល់ផ្ទះដែរ។ លោក ហ៊ុន សែន បញ្ជាក់ថា អ្នកស្រីបានស្កាត់ជួបលោក កឹម សុខា ដោយមិនបានប្រាប់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាមួយម៉ាត់ឡើយ ដែលលោក ហ៊ុន សែន ចាត់ទុកជាទង្វើប្រមាថមួយទៀតមកលើរូបលោក។
ជុំវិញការលើកឡើងពីលោក ហ៊ុន សែន អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អ្នកស្រី ស្តេហ្វានី អាហ្សាត (Stephanie Arzate) ប្រាប់វិទ្យុអាស៊ីសេរីតាមសារអេឡិចត្រូនិកនៅថ្ងៃទី២២ ឧសភាថា ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ជាចំណុចស្នូលនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅកម្ពុជា និងជុំវិញពិភពលោក។ អ្នកស្រីបន្តថា សហរដ្ឋអាមេរិកមិនគាំទ្របុគ្គល ស្ថាប័ន ឬគណបក្សនយោបាយណាមួយឡើយ និងតែងជួបជាមួយបុគ្គលមួយចំនួនជាទៀងទាត់ ស្របតាមបទដ្ឋាននិងការអនុវត្តការទូត។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកបន្ថែមថា រីឯសំណុំរឿង កឹម សុខា សហរដ្ឋអាមេរិកនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកាត់ទោសឱ្យជាប់ឃុំ ២៧ឆ្នាំដោយអយុត្តិធម៌ ពីបទចោទប្រកាន់ប្រឌិត។ សហរដ្ឋអាមេរិកចាត់ទុកជាផ្នែកមួយនៃការគំរាមកំហែង និងការយាយីដោយអាជ្ញាធរកម្ពុជា លើមេដឹកនាំគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិល និងជាសកម្មភាពរារាំងសិទ្ធិពលរដ្ឋកម្ពុជា ក្នុងការចូលរួមក្នុងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា លើកឡើងថា បណ្ដាស្ថានទូតទាំងនោះ សុទ្ធតែជាប្រទេសហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលបានប្ដេជ្ញាជួយកសាងនិងអភិវឌ្ឍកម្ពុជា និងជួយការពារអធិបតេយ្យ អព្យាក្រឹតភាព និងឯករាជភាពរបស់កម្ពុជា។ លោកបន្តថា ដូច្នេះ វាមិនមែនជាការខុសឆ្គងឡើយ នៅពេលបណ្ដាអង្គទូតប្រទេសទាំងនោះ ទៅជួបសួរសុខទុក្ខលោក កឹម សុខា នៅពេលមិនទាន់មានការប្រកាសសាលក្រមនៅឡើយ និងក្នុងនាមលោក កឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិ ដែលមានពលរដ្ឋជិតពាក់កណ្ដាលបោះឆ្នោតគាំទ្រនោះ។
លោកលើកឡើងទៀតថា ម្យ៉ាងវិញទៀត អង្គទូតទាំងនោះ មើលឃើញថា ការកាត់ទោសលោក កឹម សុខា ពីការគប់គិតជាមួយបរទេស ជារឿងនយោបាយប៉ុណ្ណោះ ដែលលោក ហ៊ុន សែន គួរឈប់ធ្វើនយោបាយប្រជាភិថុតិ ឬការធ្វើនយោបាយដោយស្អប់ខ្ពើមគ្នា កម្ទេចគ្នា នឹងមិនប្រកួតប្រជែងដោយស្មើភាពគ្នាជាដើម ដើម្បីបង្ហាញជាគំរូល្អទៅដល់អ្នកជំនាន់ក្រោយ។
លោក មាជ សុវណ្ណារ៉ា៖ «ជាការចោទប្រកាន់មួយ ដែលកាន់តែធ្វើឱ្យទំនាក់ទំនងការទូតហ្នឹង មានអរិយភាពជាមួយគ្នា ដែលមើលមុខគ្នាហាក់បីដូចជា អន់ស្រពន់ចិត្ត ក្នុងទំនាក់ទំនងការទូត ទំនាក់ទំនងសេដ្ឋកិច្ច វាអាចប៉ះពាល់ទៅដល់ EBA ទៅ GSP។ ហើយយើងមើលឃើញថា ទំនាក់ទំនងការទូតកម្ពុជា ត្រូវស្មើមុខស្មើមាត់ ស្មើភាពគ្នា កុំលម្អៀងទៅចិន ផ្កាប់មុខទៅចិន មិត្តដែកថែបម៉ឺនឆ្នាំ ប៉ុន្តែវាផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ចិនក៏ជាប្រទេសអតីតចុះហត្ថលេខី យួនក៏ជាប្រទេសចុះហត្ថលេខី អ៊ីចឹង! សហគមន៍អន្តរជាតិ មិនថា ប្រទេសអឺរ៉ុប បស្ចិមប្រទេស ដូចជាអាមេរិក បារាំង កាណាដា អូស្ត្រាលី ជប៉ុន សុទ្ធតែជាប្រទេសអតីតចុះហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលស្វែងរកកម្ពុជាឱ្យមានសន្តិភាព»។
កន្លងទៅ ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយលើកឡើងថា ទូតនិងមន្ត្រីជាន់ខ្ពស់អាមេរិកទៅជួបលោក កឹម សុខា គឺជាកាយវិការបញ្ជូនសារគាំទ្របំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីរបបប្រជាធិបតេយ្យ និងដើម្បីលើកទឹកចិត្តនៃការអត់ធ្មត់ ក្នុងស្មារតីតស៊ូមិនបោះបង់របស់ប្រជាពលរដ្ឋខ្មែរ៕
No comments:
Post a Comment