Saturday, 27 May 2023

អាមេរិក​និង​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ព្រមាន​កម្ពុជា​ក្រោយ​ផាត់​​​ភ្លើងទៀន​ចេញ​ពី​ការ​បោះឆ្នោត


ដោយ នៅ វណ្ណារិន
2023.05.27
អាមេរិក​និង​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ព្រមាន​កម្ពុជា​ក្រោយ​ផាត់​​​ភ្លើងទៀន​ចេញ​ពី​ការ​បោះឆ្នោត

ជំនួបរវាងប្រធានាធិបតី​អាមេរិកលោក ចូ បៃឌិន (Joe Biden) (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន (ស្ដាំ) ពេលកម្ពុជាជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល​អាស៊ាន កាលពីថ្ងៃទី១២ ខែ​វិច្ឆិកា ២០២២។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​និង​ក្រុម​ប្រទេស​ទេស​ប្រជាធិបតេយ្យ​ធំៗ​បាន​ប្រតិកម្ម​ចំពោះ​ការ​រារាំង​គណបក្ស​ភ្លើងទៀន​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​ខែកក្កដា​ខាងមុខនេះ និង​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ងាក​មក​តាម​គន្លង​ប្រជាធិបតេយ្យ​និង​គោរព​សិទ្ធិមនុស្ស​។ អ្នកវិភាគ​ព្រមាន​ថា​រដ្ឋាភិបាល​លោក ហ៊ុន សែន នឹង​ទទួលរង​សម្ពាធ​ធ្ងន់ធ្ងរ​ពី​សហគមន៍​អន្តរជាតិ។

រដ្ឋាភិបាល​នៃ​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​បាន​សម្តែង​ការ​ខកចិត្ត និង​ក្តី​បារម្ភ​ជា​បន្តបន្ទាប់​នៅ​សប្តាហ៍​នេះ​ចំពោះ​ការ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បន្ទាប់​ពី​ក្រុមប្រឹក្សាធម្មនុញ្ញ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​គ.ជ.ប បដិសេធ​ការ​ចុះឈ្មោះ​បោះឆ្នោត​សកល​របស់​គណបក្ស​ភ្លើងទៀន។



រដ្ឋាភិបាល​ជប៉ុន​លើក​ឡើង​ថា ជប៉ុន​កំពុង​ពិនិត្យ​តាមដាន​ដោយ​យកចិត្តទុកដាក់​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​នៅមុន​ការ​បោះឆ្នោត​ជាតិ​នៅ​ខែកក្កដា​ខាងមុខ។ ស្ថានទូត​ជប៉ុន​បញ្ជាក់​ថា ខ្លួន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​តាមរយៈ​កិច្ច​សន្ទនា ជាមួយ​រដ្ឋាភិបាល​កម្ពុជា​គណបក្ស​កាន់អំណាច​និង​គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល​និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដោយ​បាន​បញ្ចេញ​ទស្សនៈ​ដោយ​ស្មោះ​ត្រង់ និង​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ជា​បន្តបន្ទាប់។

ចំណែក​រដ្ឋាភិបាល​អង់គ្លេស​វិញ ក៏បាន​បង្ហាញ​ជំហរ​ខកចិត្ត​ជា​ខ្លាំង​ដែល​គណបក្ស​ភ្លើងទៀន​មិនអាច​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជាតិ​ខាងមុខ។ អ្នកនាំពាក្យ​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​លោក គ្រិស្ត វីលៀមសុន (Chris Williamson) ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​អ៊ីម៉េល​នៅ​ថ្ងៃទី​២៦​ខែឧសភា​ថា ការសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​គ​.​ជ​.​ប​ដែល​បដិសេធ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​ភ្លើងទៀន​គឺជា​ការ​បិទ​សិទ្ធិ​សេរីភាព និង​ជម្រើស​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ឆ្នោត។

លោក គ្រិស្ត វីលៀមសុន បញ្ជាក់​ថា រដ្ឋាភិបាល​អង់គ្លេស​មិន​គាំទ្រ​បុគ្គល​នយោបាយ​ណាមួយ​ឡើយ​ក៏ប៉ុន្តែ​អង់គ្លេស​គាំទ្រ​ដល់​ពលរដ្ឋ​កម្ពុជា និង​សង្ឃឹម​មុតមាំ​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត ហើយ​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​នឹង​បន្ត​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា គណបក្សប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​លើកស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ស្រដៀង​នេះ​ដែរ រដ្ឋាភិបាល​អូស្ត្រាលី​ក៏បាន​បង្ហាញ​ពី​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដែល​គណបក្ស​ភ្លើងទៀន ជា​គណបក្សប្រឆាំង​មួយ​នេះ​មិនអាច​ចុះបញ្ជី​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នា​ពេល​ខាងមុខ។ អូស្ត្រាលី​ថា លទ្ធិ​ប្រជាធិបតេយ្យសេរី​ពហុបក្ស​គឺ​តម្រូវ​ឱ្យ​មាន​លំហ​នយោបាយ​ការគោរព​ច្បាប់ និង​ស្ថាប័នរដ្ឋ​នានា​ហើយ​ត្រូវ​អនុញ្ញាត​ឲ្យ​គ្រប់​បក្សនយោបាយ​អាច​ចូលរួម​និង​ប្រកួតប្រជែង​ដោយ​យុត្តិធម៌​នៅ​ថ្ងៃ​បោះឆ្នោត​ជាតិ នៅ​ខែកក្កដា​ខាងមុខ។ ប្រការ​ដែល​គណបក្ស​ណាមួយ​មិន​អាច​ចុះបញ្ជី​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​មិនមែន​ជា​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ។

ចំណែក​ប្រទេស​មហាអំណាច​អាមេរិក ក៏បាន​ព្រមាន​ពី​ការ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ នៃ​លំហ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​បាន​ប្រកាស​ធ្វើ​ពហិការ​មិន​បញ្ជូន​អ្នកសង្កេតការណ៍​របស់​ខ្លួន ទៅ​ឃ្លាំមើល​ការបោះឆ្នោត​ខែ​កក្កដា​ដែល​អ្នកជំនាញ​ឯករាជ្យ​និង​អន្តរជាតិ​ជាច្រើន​វាយ​តម្លៃ​ថា «មិន​សេរី​ឬ​យុត្តិធម៌» នោះ​ទេ។

អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក ម៉ាតធ្យូ មីលល័រស៍ (Matthew Millers) លើកឡើង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​២៥ ឧសភា ថា សកម្មភាព​គម្រាម​កំហែង​ការ​យាយី​ដែល​បាន​បង្កើត​ឡើង និង​ការចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋ​នានា​ដោយ​ហេតុផល​នយោបាយ​ទៅលើ​គណបក្សប្រឆាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​និង​សង្គម​ស៊ីវិល «កំពុង​បំផ្លាញ​ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុ​ជា​ជា​អន្តរជាតិ​ក្នុង​អភិវឌ្ឍ​លទ្ធិ​ប្រជាធិបតេយ្យសេរី​ពហុបក្ស​» នៅ​កម្ពុជា។ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ក៏​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ផ្លាស់ប្ដូរ​គោលជំហរ​ឡើង​វិញ ដើម្បី​ធានា​ឱ្យ​ប្រជាពលរដ្ឋ​អាច​ចូលរួម​ក្នុង​របប​លទ្ធិ​ប្រជាធិបតេយ្យ​សេរី ពហុបក្ស ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ការអនុវត្ត​សិទ្ធិមនុស្ស​របស់​ពលរដ្ឋ​ដោយ​សេរី​រួម​ទាំង​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម​ការ​ជួប​ប្រជុំ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី និង​ការ​បញ្ចេញមតិ​ដោយ​គ្មាន​ភាព​ភ័យខ្លាច​ចំពោះ​ការ​សង​សឹក។

ឆ្លើយតប​ទៅ​នឹង​ប្រតិកម្ម​ជា​បន្ត​បន្ទាប់ ពី​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​និង​អង្គការ​សង្គម​ស៊ីវិល លោក​ហ៊ុន សែន និង​មន្ត្រី​របស់​លោក​ថា មូលហេតុ​ដែល​គ​.​ជ​.​ប​និង​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រេច​មិន​ឱ្យ​គណបក្ស​ភ្លើងទៀន​ចុះឈ្មោះ​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ខាងមុខនេះ គឺជា​កំហុស​របស់​គណបក្ស​ភ្លើងទៀន​ផ្ទាល់។ ថ្លែង​ក្នុង​ពិធី​ជួបជុំ​ជាមួយ​កម្មករ​រោងចក្រ​ក្នុង​រាជធានី​ភ្នំពេញ​លោក ហ៊ុន សែន លើកឡើង​ថា វា​ជា​ចេតនា​របស់​គណបក្ស​ភ្លើងទៀន​ដែល​ធ្វើ​ឱ្យ​បាត់​គល់​បញ្ជី​ដើម​គណបក្ស ដែល​ជា​ឯកសារ​គោល​ក្នុង​ការ​ចុះបញ្ជី​គណបក្ស​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ឆ្នាំ​២០២៣។

    លោក ហ៊ុន សែន៖ «គោលដៅ​របស់​គេ ដែល​ខ្ញុំ​វិភាគ​នៅ​កន្លែង​នេះ​គេ​មិន​ចង់ឱ្យ​គណបក្ស​នេះ​ចូលរួម​បោះឆ្នោត​ទេ​ដោយ​គេ​ដឹង​ថា វា​ចាញ់​ប៉ុន្តែ​អ្វី​ដែល​គេ​ចង់​បាន គឺ​គេ​យក​បរទេស​មក​គាប​កម្ពុជា​!​មក​គាប​កម្ពុជា។ វា​មិនដែល​ម៉ែ​អាណា​គ្រាន់តែ​បញ្ជី​ជាតិ​១​សន្លឹក ហើយ​ធ្វើ​ឱ្យ​បាត់​ទេវា​មិនដែល។ វា​គ្មាន​បាត់​ទៅណា​ទេ ប៉ុន្តែ​វា​យក​ទៅ​លាក់ វា​មាន​គោលដៅ​នយោបាយ​របស់​វា​ជាក់លាក់ គោលដៅ​របស់​វា​ជាក់លាក់​ថោកទាប​! ថោកទាប​! មិនមែន​អ្នក​នៅ​ទីក្រុង​ភ្នំពេញ​ទេ ខ្ញុំ​សុំទោស​។ ព្រោះ​អានេះ​ចុះបញ្ជី​តាំងពី​៩៥(​ឆ្នាំ​១៩៩៥)៩៦ តាំងពី​អី (​គណបក្ស​)​ជាតិខ្មែរ​តាំង​ស្អីៗ​មក​ឯណោះ»។

ក្រុមប្រឹក្សាធម្មនុញ្ញ​កាលពី​ថ្ងៃទី​២៥​ឧសភា​បានសម្រេច​យល់​ស្របតាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ដែល​បាន​បដិសេធ​មិន​ទទួលស្គាល់​ឯកសារ​សុំ​ចុះបញ្ជី​ចូលរួម​ការបោះឆ្នោត​របស់​គណបក្ស​ភ្លើងទៀន​។ លោកប្រាជ្ញ ច័ន្ទ ប្រធាន​គ.ជ.ប​បាន​បញ្ជាក់​ក្នុង​សេចក្ដី​សម្រេច​កាលពី​ថ្ងៃទី​១៥ ឧសភា ថា ការ​បដិសេធ​នេះ​គឺ​ដោយសារតែ​គណបក្ស​ភ្លើងទៀន​មិនបាន​ភ្ជាប់​ប្រកាស​ស្ដីពី​ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ​ដែល​មាន​បញ្ជាក់​នីត្យានុកូលកម្ម​ដោយ​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ​ឱ្យ​បាន​ត្រឹមត្រូវ​។ ទោះ​យ៉ាងណា​ក្រសួងមហាផ្ទៃ​កាល​ថ្ងៃទី​៥ ឧសភា ឆ្នាំ​២០២៣ បាន​ទទួល​ស្គាល់​គណបក្ស​ភ្លើងទៀន​ដោយ​បញ្ជាក់​ថា គណបក្ស​ប្រឆាំង​មួយ​នេះ​ជា​គណបក្ស​ស្របច្បាប់​បាន​ចុះបញ្ជី​ជាមួយ​ក្រសួងមហាផ្ទៃ។

អ្នកវិភាគ និង​ឃ្លាំមើល​ការ​វិវឌ្ឍ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​លោក​បណ្ឌិត សេង សារី ថ្លែង​ក្នុង​វេទិកា​អ្នក​ស្តាប់​អាស៊ីសេរី កាលពី​ថ្ងៃទី​២៦ ឧសភា ថា ការ​យក​លេស​នីតិវិធី​រដ្ឋបាល​ដើម្បី​ទាត់ចោល​ការ​ចុះ​ឈ្មោះ​របស់​គណបក្ស​នយោបាយ​មួយ​ដែល​មាន​អ្នកគាំទ្រ​ជិត​២​លាន​នាក់ គឺ​ពិបាក​ក្នុង​ការ​ទទួលយក។ លោក​ថា ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា​កំពុង​បង្ហាញ​ពី​ការ​ដើរ​ចាក​ឆ្ងាយ​ចេញ​ពី​គន្លង​ប្រជាធិបតេយ្យ។

    បណ្ឌិត សេង សារី៖ «គ្រាន់តែ​នីតិវិធី​រដ្ឋបាល​ឯកសារ​១​សន្លឹក ហើយ​យើង​ឱ្យ​គណបក្ស​ដែល​មាន​សំឡេង​គាំទ្រ​ជិត​២​លាន​នាក់​ដើរចេញ​សង្វៀន ឬ​ធាក់​ចេញពី​សង្វៀន វា​ជា​រឿង​មួយ​ពិបាក​ទទួល​យក​បាន​ណាស់​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​។ ទោះបីជា​មិន​មាន​រដ្ឋធម្មនុញ្ញ​មាត្រា​ណាមួយ​ចែង​ច្បាស់​ថា ត្រូវ​តែ​មាន ឬ​មិន​មាន​គណបក្សប្រឆាំង​ក៏ដោយ ក៏ប៉ុន្តែ​សម្រាប់​ខ្ញុំ ខ្ញុំ​យល់​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ការប្រកួតប្រជែង​រវាង​គណបក្ស​នយោបាយ ដែល​មាន​កម្លាំង​ប្រហាក់ប្រហែល​គ្នា​គឺជា​ប្រជាធិបតេយ្យ​ដែល​មាន​ភាព​ស្រស់​បំព្រង គឺជា​ប្រជាធិបតេយ្យ​មួយ​ដែល​គ្រប់គ្នា​មាន​មោទនភាព​ជាមួយ​ដំណើរ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នោះ»។

ស្រដៀង​គ្នា​នេះ​អ្នកវិភាគ​នយោបាយ​លោក គឹម សុខ ព្រមាន​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​រដ្ឋសភា​ថា នឹង​អាច​ទទួលរង​សម្ពាធ​ដ៏​ធ្ងន់ធ្ងរ​មួយ ពី​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​នៅ​ក្រោយ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ខែកក្កដា​ខាងមុខ ដែល​គ្មាន​គណបក្ស​ភ្លើងទៀន​ចូលរួម។

    លោក គឹម សុខ៖ «គោលបំណង​របស់​លោក ហ៊ុន សែន គឺ​គ្មានអ្វី​ក្រៅពី​ដោះសា ពីព្រោះ​ដោះស្រាយ​មិន​ចេញ​។ កាលណា​ដោះស្រាយ​មិន​ចេញ​វា​មានតែ​ដោះសា​!​ដោះសា​ដោយសារតែ​ចំណង​នយោបាយ​ហ្នឹង​វា​សម្លាប់​មុខ។ ឆ្លើយ​មិន​រួច​នឹង​សហគមន៍​អន្តរជាតិ​ហើយ​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ​ហ្នឹង វា​ធ្ងន់​ណាស់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​បិទ​គណបក្ស​ភ្លើងទៀន​ទៀត​យើង​ចាំ​មើល​ទម្ងន់​វា​នឹង​ធ្លាក់​មក​ជា​បន្ត​បន្ទាប់​មក​លើ​រដ្ឋាភិបាល និង​រដ្ឋសភា​ក្រោយ​ពី​បោះឆ្នោត​ហើយ​មិន​ស្រាល​នោះ​ទេ ខ្ញុំ​អាច​និយាយ​ប៉ុណ្ណឹង​សិន»។

កន្លងទៅ​សហភាព​អឺរ៉ុប​ក៏បាន​ព្រមាន​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ថែម​ទៀត ប្រសិន​បើ​រដ្ឋាភិបាល ហ៊ុន សែន មិន​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស​នោះ​ទេ។ ចំណែក​សហរដ្ឋអាមេរិក​បាន​ប្រកាស​ថា មិន​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ឬ GSP របស់​សហរដ្ឋអាមេរិក​ដល់​កម្ពុជា​ផង​ដែរ។ ហើយ​ប្រទេស​ធំៗ​ដែល​ធ្លាប់​បាន​បញ្ជូន​អ្នកឃ្លាំមើល​ការបោះឆ្នោត​មក​កម្ពុជា​ក៏បាន​ប្រកាស​បដិសេធ​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ខ្លួន​ជា​បន្តបន្ទាប់​ដោយសារតែ​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​បោះឆ្នោត​មិន​គោរព​តាម​លទ្ធិ​ប្រជាធិបតេយ្យ និង​ក្លែង​បន្លំ៕

1 comment:

Anonymous said...

This one eyed monster Hun Sen is not a person. He is an Hyena.

He will do whatever it took to hold on to power. For instance, presently, he put Cambodia at the service of China in exchange for China's unconditional support for him and his his son of a bitch Hun Manet to stay in power.