Friday, 5 May 2023

ព្រះ. ប៊ុត ប៊ុនតិញ៖ ចំណាត់​ការ​គណៈ​សង្ឃ​ពុទ្ធសាសនា​កម្ពុជា​​លើ​ព្រះអង្គ ជា​ការ​គាំទ្រ​លោក ហ៊ុន សែន ឲ្យ​បន្ត​បំផ្លាញ​ព្រះពុទ្ធសាសនា


ដោយ សុជីវី
2023.05.04
ព្រះ. ប៊ុត ប៊ុនតិញ៖ ចំណាត់​ការ​គណៈ​សង្ឃ​ពុទ្ធសាសនា​កម្ពុជា​​លើ​ព្រះអង្គ ជា​ការ​គាំទ្រ​លោក ហ៊ុន សែន ឲ្យ​បន្ត​បំផ្លាញ​ព្រះពុទ្ធសាសនា 

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម​។
រូប៖ RFA


ឆ្លើយតប​ទៅ​នឹង​សេចក្ដីថ្លែងការណ៍​របស់​គណៈ​សង្ឃ​ពុទ្ធសាសនា​កម្ពុជា ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរ​ដីកា​ថា គណៈ​សង្ឃ​ពុទ្ធសាសនា ថ្កោលទោស​ព្រះអង្គ​លើស​ពី​វិន័យ​សាសនា ហើយ​ចំណាត់ការ​នេះ គឺ​ជា​ការ​គាំទ្រ​លោក ហ៊ុន សែន ឱ្យ​បន្ត​បំផ្លាញ​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា។ អ្នកវិភាគ​នយោបាយ​យល់​ឃើញ​ថា គណៈ​សង្ឃ​នាយក គួរ​មាន​តួនាទី​បង្កើត​ការ​ផ្សះផ្សា​ជាតិ និង​លើក​កម្ពស់​តម្លៃ​ព្រះពុទ្ធសាសនា ជា​ជាង​ចេញ​សេចក្ដី​ថ្លែងការណ៍​មាន​លក្ខណៈ​នយោបាយ គាំទ្រ​លោក ហ៊ុន សែន។

ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ អះអាង​ថា គណៈ​សង្ឃ​ព្រះពុទ្ធ​សាសនា​កម្ពុជា មាន​ចេតនា​ទុច្ចរិត ឃោសនា​បំភ្លៃ​វិន័យ​សង្ឃ ដើម្បី​បំផ្លាញ​កិត្តិយស​ព្រះអង្គ និង​មាន​គោល​បំណង​បំបែក​បំបាក់​សាមគ្គីភាព​រវាង​សប្បុរសជន​ខ្មែរ ជាមួយ​ព្រះអង្គ។



ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរ​ដីកា​នៅ​ថ្ងៃ​ទី៤ ឧសភា​ថា គណៈ​សង្ឃ​នាយក​កម្ពុជា មាន​ចំណាត់​ការ​លើ​ព្រះអង្គ​ហួសហេតុ ដោយ​ព្រះអង្គ​គ្រាន់តែ​មាន​ការ​បកស្រាយ​ពាក្យ​បាលី​មិន​ត្រឹមត្រូវ​តែ​មួយ​ម៉ាត់​ប៉ុណ្ណោះ។ ព្រះអង្គ​បន្ថែម​ថា ក្នុង​វិន័យ​ព្រះពុទ្ធ​សាសនា មិន​បាន​ចែង​តម្រូវ​ឱ្យ​ព្រះសង្ឃ​សឹក​នោះ​ឡើយ ដោយ​គ្រាន់តែ​តម្រូវ​ឱ្យ​ព្រះសង្ឃ​ខមាទោស ចំពោះ​ការ​បកស្រាយ​ធម៌​ខុស​តែ​ប៉ុណ្ណោះ ប៉ុន្តែ​គណៈ​សង្ឃ​ព្រះពុទ្ធ​សាសនា​កម្ពុជា បែរ​ជា​ចេញ​សេចក្ដី​ថ្លែងការណ៍​មិន​ទទួល​ស្គាល់​ព្រះអង្គ​ជា​ព្រះសង្ឃ និង​ចាត់​ឱ្យ​ស្ថិត​នៅ​ក្រៅ​សហគមន៍​សង្ឃ​ខ្មែរ​ទៅ​វិញ។ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ចាត់​ទុក​ទង្វើ​របស់​គណៈ​សង្ឃនាយក​បែប​នេះ គឺ​ជា​ការ​គាំទ្រ​លោក ហ៊ុន សែន ឱ្យ​បន្ត​បំផ្លាញ​សាសនា​ព្រះពុទ្ធ​នៅ​កម្ពុជា។

ជាមួយ​គ្នា​នេះ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បញ្ជាក់​ឡើង​វិញ​ថា លោក ហ៊ុន សែន ក៏​មិន​សក្ដិសម​ទទួល​បាន​គោរមងារ ពុទ្ធមាមកាភិបាល (អាន​ថា ពុទ្ធ ម៉ាម មៈ កា ភិបាល) ដែល​មាន​ន័យ​ថា អ្នក​រក្សា ឬ​គោរព​ព្រះពុទ្ធ​សាសនា​ដ៏​ក្រៃលែង​នោះ​ដែរ ព្រោះ​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​គណៈ​សង្ឃ​នាយក​ធ្វើ​អ្វី​តាម​ទំនើង​ចិត្ត​របស់​លោក ដោយ​មិន​ផ្អែក​លើ​ធម៌ វិន័យ​របស់​ព្រះពុទ្ធ​សាសនា​នោះ​ឡើយ។

ប្រតិកម្ម​របស់​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណៈ​សង្ឃ​នាយក​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍ កាល​ពី​ថ្ងៃ​ទី៣ ខែឧសភា ចាត់​ទុក​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ថា ជា​បុគ្គល​របឹងរឹងរូស មាន​ន័យ​ថា ជា​អ្នក​ពិបាក​ប្រដៅ និង​ថា ព្រះ​អង្គ​មិនមែន​ជា​អ្នក​បួស​ក្នុង​ពុទ្ធសាសនា​ពិត​ប្រាកដ​នោះ​ឡើយ ដោយ​គ្រាន់តែ​ព្រះ​អង្គ​បក​ស្រាយ​ពាក្យ​គោរមងារ ដែល​លោក ហ៊ុន សែន ទទួល​បាន​ពី​អង្គការ​ពុទ្ធសាសនិក​ពិភពលោក ខុស​អត្ថន័យ​តែ​ប៉ុណ្ណោះ។ លើស​ពី​នេះ គណៈ​សង្ឃ​នាយក ថែម​ទាំង​ចាត់​ទុក​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ថា ជា​បុគ្គល​ទ្រុស្ដសីល និង​សំណូមពរ​កុំ​ឱ្យ​មហាជន​គាំទ្រ ទាំង​សម្ភារៈ និង​ស្មារតី ទៅ​ដល់​ព្រះអង្គ ដើម្បី​រារាំង​កុំ​ឱ្យ​ព្រះអង្គ​បន្ត​ធ្វើ​សកម្មភាព​បំផ្លាញ​ពុទ្ធសាសនា និង​សង្គម​ទៀត​ផង។

ទោះ​ជា​យ៉ាង​ណា គណៈ​សង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​បាន​ធ្វើ​ការ​លើក​កម្ពស់​ការ​គោរព​វិន័យ និង​ការ​ប្រតិបត្តិ​ធម៌​សាសនា​ព្រះពុទ្ធ​នោះ​ឡើយ ហើយ​ស្ថាប័ន​នេះ តែងតែ​ធ្វើ​ទុក​បុក​ម្នេញ​ទៅ​លើ​ព្រះសង្ឃ ដែល​មាន​ឧត្ដមគតិ​ចូលរួម​ការងារ​សង្គម លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ទៅ​វិញ។ ជាក់ស្ដែង គណៈ​សង្ឃនាយក មិន​ដែល​អប់រំ​លោក​នាយករដ្ឋមន្ត្រី មិន​ឱ្យ​ពោល​ពាក្យ​អសុរោះ ជេរ​ព្រះសង្ឃ​នៅ​ទី​សាធារណៈ​នោះ​ឡើយ ប៉ុន្តែ​បែរ​ជា​គាំទ្រ​រដ្ឋាភិបាល​លោក ហ៊ុន សែន ផ្សឹក​ព្រះសង្ឃ ដែល​សកម្ម​ចូលរួម​ការងារ​សង្គម រួម​មាន​ដូច​ជា អតីត​ព្រះសង្ឃ​ខ្មែរ​ថាវរៈ ព្រះអង្គ កើត សារ៉ាយ យក​ទៅ​ដាក់​ពន្ធនាគារ និង​ថ្មីៗ នេះ ព្រះអង្គ សយ សាត ជា​ដើម។

ជុំវិញ​រឿង​នេះ អ្នក​វិភាគ​នយោបាយ លោក គឹម សុខ គាំទ្រ​ចំពោះ​ការ​លើក​ឡើង​ថា លោក ហ៊ុន សែន និង​គណៈ​សង្ឃនាយក បាន​ធ្វើ​ឱ្យ​វិស័យ​ព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជា​អន់​ថយ ព្រោះ​តាម​ការ​សង្កេត​របស់​លោក ការ​គោរព​ធម៌​វិន័យ​របស់​ព្រះសង្ឃ​នៅ​កម្ពុជា កាន់តែ​មាន​ភាព​ទន់​ខ្សោយ ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា បាន​តែងតាំង​តែ​ព្រះសង្ឃ​ដែល​គាំទ្រ​គណបក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ ឱ្យ​ក្លាយ​ជា​មន្ត្រី​សង្ឃ និង​មាន​តំណែង​គ្រប់គ្រង​វត្ត។ លោក​បន្ថែម​ថា គណៈ​សង្ឃ​នាយក គួរ​ដើរ​តួនាទី​ជា​អ្នក​ផ្សះផ្សា​ជាតិ​តាម​រយៈ​ការ​អប់រំ​ឱ្យ​ថ្នាក់​ដឹកនាំ​ប្រកាន់​ព្រហ្មវិហារ​ធម៌ ជា​ជាង​ធ្វើការ​ដោយ​លំអៀង​នាំ​ឱ្យ​បែកបាក់​សាមគ្គីភាព​ជាតិ​ខ្មែរ។

អ្នកវិភាគ​នយោបាយ​លើក​ឡើង​ថា គណៈ​សង្ឃ​នាយក​នៅ​កម្ពុជា មិន​គួរ​ធ្វើការ​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​លោក ហ៊ុន សែន នោះ​ឡើយ ហើយ​គួរ​ធ្វើការ​ដោយ​ផ្អែក​ទៅ​លើ​វិន័យ​សង្ឃ និង​ធម៌​របស់​សាសនា​ព្រះពុទ្ធ ទើប​អាច​លើក​កម្ពស់​តម្លៃ​ពុទ្ធសាសនា​នៅ​កម្ពុជា​បាន៕

No comments: