Monday, 29 May 2023

ក្រុម​ប្រជាកសិករ​ ​និង​សកម្មជន​សង្គម​យល់ឃើញ​ថា​ ​លោក​ ថេ​ង​ ​សាវឿន​ ​និង​សហការី​ទទួល​កំហុស​ដោយសារ​ការ​រង​សម្ពាធ


ដោយ មាន ឫទ្ធិ
2023.05.29
​ក្រុម​ប្រជាកសិករ​ ​និង​សកម្មជន​សង្គម​យល់ឃើញ​ថា​ ​លោក​ ថេ​ង​ ​សាវឿន​ ​និង​សហការី​ទទួល​កំហុស​ដោយសារ​ការ​រង​សម្ពាធ 

ក្រុមប្រជាសហគមន៍កសិករកាន់​បដាតវ៉ាដើរក្បួន​ចេញពី​វត្ត​សាមគ្គី​រ​ង្សី ​ឆ្ពោះទៅ​កាន់​ក្រសួងមហាផ្ទៃ​ ​ដើម្បីទាមទារដោះលែងលោក ថេង សាវឿន និង​សហការី កាលពីថ្ងៃទី២២ ឧសភា ២០២៣។
រូប៖ លីកាដូ



ក្រុមប្រជាកសិករ និងសកម្មជនសង្គមមួយចំនួន លើកឡើងស្រដៀងគ្នាថា លោក ថេង សាវឿន និងសហការីពីរនាក់ទៀតរបស់លោក ដែលសុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននោះ គឺដោយសារតែរងសម្ពាធណាមួយ ជាជាងធ្វើឡើងចេញពីចិត្តរបស់ពួកគេ។ ដោយឡែក អ្នកនាំពាក្យគណបក្សកាន់អំណាចច្រានចោលការយល់ឃើញបែបនោះ។

ក្រុមប្រជាសហគមន៍កសិករ និងសកម្មជនការងារសង្គម យល់ឃើញថា ការទទួលកំហុសរបស់លោក ថេង សាវឿន និងសហការីរបស់លោកទាំងពីរនាក់មិនបានធ្វើឡើងដោយចេញពីចិត្តនោះទេ ក៏ប៉ុន្តែគឺជាការទទួលកំហុសដោយសារតែរងនូវការគំរាមកំហែងណាមួយតែប៉ុណ្ណោះ។

កសិករម្នាក់មកពីខេត្តកោះកុង ដែលបានមកតវ៉ាទាមទារឱ្យអាជ្ញាធរដោះលែងលោក ថេង សាវឿន តាំងពីថ្ងៃទី១៩ ខែឧសភា លោកស្រី ដេត ហួ យល់ឃើញថា លោក ថេង សាវឿន បង្ខំចិត្តទទួលកំហុសដោយសារតែមានការគំរាមកំហែងណាមួយ។ លោកស្រីបន្ថែមថា លោកស្រីមិនអាក់អន់ចិត្តនោះទេ ប្រសិនបើលោក ថេង សាវឿន អាចមានសេរីភាពមកវិញ។ ទោះជាយ៉ាងណាលោកស្រី ដេត ហួ នៅតែបន្តអះអាងថា ក្រុមសហគមន៍កសិករ មិនដែលដឹងឮពាក្យបដិវត្តកសិករ អ្វីនោះឡើយ។



    លោកស្រី ដេត ហួ៖ ខ្ញុំគិតថាមិនអាចចេញពីក្នុងចិត្តគាត់ទេ បើសិនជាគាត់ចង់និយាយមែន បើគាត់ចង់ទទួលកំហុសតាំងពីដើមមែន បើគាត់ប្រព្រឹត្តិរឿងហ្នឹងមែន គាត់ទទួលតាំងពីថ្ងៃគេឃាត់ខ្លួនដំបូង មិនចាំបាច់គេឃាត់ខ្លួនគាត់ដល់បួន ដប់ថ្ងៃ ហើយគាត់ចេញសារសុំទោសហ្នឹងទេ។

សមត្ថកិច្ចខេត្តក្រចេះ បានឃាត់ខ្លួនលោក ថេង សាវឿន ជាមួយបុគ្គលិករបស់លោករាប់សិបនាក់ទៀត ក្នុងពេលធ្វើដំណើរទៅក្រុងភ្នំពេញវិញ កាលពីថ្ងៃ១៧ ឧសភា ក្រោយចូលរួមកម្មវិធីនៅខេត្តរតនគិរី។ មួយថ្ងៃក្រោយមក សមត្ថកិច្ចខេត្តក្រចេះបានបញ្ជូនលោក ថេង សាវឿន លោក ញ៉ិល ភាព និងលោក ថាន់ ហាច ទៅស្នងការដ្ឋានខេត្តរតនគិរីវិញ ខណៈអ្នកផ្សេងទៀតត្រូវបានដោះលែង។
លុះដល់ថ្ងៃទី២២ ឧសភា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តរតនគិរី លោក សាយ គួហាវ បានសម្រេចឃុំខ្លួនសកម្មជនទាំង៣នាក់ពីបទញុះញង់ និងបទរួមគំនិតក្បត់។

ប្រជាសហគមន៍កសិករជិត២០០នាក់ មកពីតាមបណ្ដាខេត្តផ្សេងៗរួមមានដូចជា ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀងជាដើម បានប្រមូលផ្ដុំគ្នានៅមុខក្រសួងមហាផ្ទៃទាមទារឱ្យអាជ្ញាធរដោះលែងលោក ថេង សាវឿន និងសហការីទាំងពីរនាក់ទៀត គឺលោក ញិល ភាព និងលោក ថាន់ ហាច ឱ្យមានសេរីភាពវិញដោយឥតលក្ខខ័ណ្ឌ តាំងពីថ្ងៃទី១៩ ខែឧសភា និងបានអះអាងថា ពួកគេនឹងមិនបញ្ឈប់ការទាមទារនោះឡើយ ប្រសិនបើអាជ្ញាធរមិនដោះលែងលោក ថេង សាវឿន និងសហការីទាំងពីរនាក់របស់លោកនោះទេ។

ទោះជាយ៉ាងណា ក្រុមប្រជាកសិករបានរំសាយការជួបជុំនិងធ្វើដំណើរទៅផ្ទះរៀងៗខ្លួនវិញនៅថ្ងៃទី២៨ ខែឧសភា បន្ទាប់ពីលោក ថេង សាវឿន បានទទួលស្គាល់កំហុស និងស្នើឱ្យប្រជាកសិករបញ្ឈប់ការតវ៉ាតាមរយៈវីដេអូឃ្លីបពីរដាច់ដោយឡែកពីគ្នាដែលត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានដែលស្និទ្ធនឹងលោក ហ៊ុន សែន កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា។

    លោក ថេង សាវឿន៖ តាំងពីបង្កើតសមាគមធ្វើការរហូតដល់ពេលបច្ចុប្បន្ននេះ ខ្ញុំបានទទួលការចង្អុលបង្ហាញរបស់ជនបរទេស និងក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន តាមរយៈសកម្មភាពប្រមូលផ្ដុំ កៀរគរកសិករមួយចំនួន ធ្វើការញុះញង់ឈានដល់ការផ្ដួលរំលំរដ្ឋាភិបាល ប្រឆាំងរដ្ឋាភិបាលដោយស្របច្បាប់ និងមិនដឹងខ្លួន។ ក្រោយពីទទួលស្គាល់កំហុសដែលបានប្រព្រឹត្តិកន្លងមក ខ្ញុំបាទសុំធ្វើការសុំទោសដល់សាធារណៈជន។

ដោយឡែក អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន លើកឡើងថា ការឆ្លើយទទួលកំហុសរបស់លោក ថេង សាវឿន ក្រោមការរងសម្ពាធណាមួយនោះ គឺជារឿងមិនត្រឹមត្រូវនោះឡើយ។ លោកអះអាងថា គ្មានអ្វីដែលអាចបញ្ជាក់ខុសត្រូវ ច្បាស់ជាងម្ចាស់ខ្លួននិយាយដោយខ្លួនឯងផ្ទាល់នោះឡើយ។

    លោក សុខ ឥសាន៖ វាសំខាន់នៅលើសាមីខ្លួនគេទេ បើសាមីខ្លួនគេសុំទោសហើយ អាហ្នឹងវាជាការពិតជាសុំទោសហើយ ដែលទទួលកំហុសហ្នឹង អាហ្នឹងខ្លឹមសារមានប៉ុន្មានគឺបញ្ជាក់ដោយសាមីខ្លួនគេ។

ផ្ទុយពីការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ មតិសាធារណៈជនជាច្រើន បានចែករំលែកមតិយោបល់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ដោយសារតែតុលាការធ្វើការក្រោមបង្គាប់បញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច្នេះហើយ លោក ថេង សាវឿន ត្រូវបង្ខំចិត្តទទួលកំហុសទាំងខ្លួនមិនបានធ្វើ់ ជាថ្នូរនឹងសេរីភាព និងសុវត្ថិភាពគ្រួសារតែប៉ុណ្ណោះ។ ករណីទទួលកំហុស និងសុំទោស ដើម្បីទទួលបានការលើកលែងទោសនេះ មិនមែនជាលើកទី១នោះឡើយ ជាក់ស្ដែងថ្មីៗនេះសកម្មជននយោបាយជាច្រើន បានធ្វើលិខិតសុំទោសលោក ហ៊ុន សែន និងត្រូវបានដោះលែងជាបន្តបន្ទាប់។ អ្នកទាំងនោះរួមមានសកម្មជនគណបក្សសង្គ្រោះជាតិ១៤នាក់ ដែលជាប់ពន្ធនាគារត្រពាំងថ្លុង នៅខេត្តត្បូងឃ្មុំ និងករណីលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ជាដើម។

សកម្មជនការងារសង្គម លោក ម៉ា ចិត្រា យល់ឃើញថា ការទទួលស្គាល់កំហុសរបស់លោក ថេង សាវឿន ធ្វើឡើងដោយសារលោកចង់បានសេរីភាពមកវិញ ជាជាងចេញពីចិត្ត។ លោកបន្ថែមថា ដោយសារតែលោក ថេង សាវឿន គឺជាជនរងគ្រោះដោយសារតែស្ថានភាពយុត្តិធម៌សង្គម និងនីតិរដ្ឋនៅកម្ពុជាមិនល្អនោះ ដូច្នេះហើយចម្លើយទទួលកំហុសរបស់លោក ថេង សាវឿន អាចមិនបានឆ្លុះបញ្ចាំងពីការពិតនោះឡើយ។

    លោក ម៉ា ចិត្រា៖ ខ្ញុំមើលវាភាគច្រើនការសុំទោសហ្នឹង វាសុទ្ធតែរងសម្ពាធហើយ ព្រោះបើសិនជាមិនសុំទោស អ៊ីចឹងរវាងការសុំទោស ហើយការជាប់ពន្ធនាគាររើសយកមួយណា បច្ចុប្បន្ននេះ? អ៊ីចឹងចង់មិនចង់ អ្នកខ្លះគាត់មានគ្រួសារ អ្នកខ្លះគាត់មានឪពុកម្ដាយចាស់ជរាអ៊ីចឹងជាដើម គាត់នឹងជ្រើសរើសយកផ្លូវសុំទោសហើយ ដើម្បីអាចបានមើលថែឪពុកម្ដាយចាស់ជរាអីជាដើម។

បើទោះបីជាលោក ថេង សាវឿន បានធ្វើលិខិត និងថតវីដេអូសុំទោសលោក ហ៊ុន សែន កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ហើយក៏ដោយក្ដី ប៉ុន្តែពន្ធនាគារខេត្តរតនគិរី នៅមិនទាន់ដោះលែងលោក និងសហការីរបស់លោកទាំងពីរនាក់ឱ្យមានសេរីភាពឡើងវិញនៅឡើយទេ នៅថ្ងៃទី២៨ ខែឧសភា។ ប្រជាកសិករដែលបានឡើងមកតវ៉ាបញ្ជាក់ថា ពួកគាត់នៅតែមានជំនឿចិត្តលើលោក ថេង សាវឿន ហើយពួកគាត់នឹងឡើងមកតវ៉ាជាថ្មីម្ដងទៀត ប្រសិនបើអាជ្ញាធរមិនដោះលែងលោក ថេង សាវឿន និងសហការីទាំងពីរនាក់ឱ្យមានសេរីភាពឡើងវិញនោះទេ៕

1 comment:

Anonymous said...

Under Samdach PORNG Hun Sen, Khmer nationalists became Khmer traitors and vice versa.