Khmer Circle: Well, in the Kingdom of Peace and Wonder, you are guilty when Angkar Leu says so...
^^^
2023.05.10
សកម្មជនគណបក្សភ្លើងទៀន និងជាមន្ត្រីសាលាខេត្តកណ្ដាល លោក ផុន សុភា បានដាក់លិខិតសុំអន្តរាគមន៍ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យលើករណីអភិបាលខេត្តកណ្ដាលបណ្ដេញលោកចេញពីក្របខណ្ឌមន្ត្រីរាជការស៊ីវិល ដោយមិនមានមូលហេតុ។ មន្ត្រីសង្គមស៊ីវិលយល់ថា ការលុបឈ្មោះលោក ផុន សុភា ដែលជាសកម្មជនបក្សភ្លើងទៀន ចេញពីក្របខណ្ឌមន្ត្រីសាលាខេត្តកណ្ដាលនេះ អាចជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។
មន្ត្រីបក្សភ្លើងទៀន លោក ផុន សុភា កាលពីថ្ងៃទី៩ ឧសភា ដាក់លិខិតស្នើសុំរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជួយអន្តរាគមន៍រក្សាក្របខណ្ឌមន្ត្រីរាជការស៊ីវិល ដល់រូបលោកឡើងវិញ ដោយលោកអះអាងថា ករណីអភិបាលខេត្តកណ្ដាល សម្រេចលុបឈ្មោះលោក មិនបានស្របតាមនីតិវិធីច្បាប់នោះទេ។
លោក ផុន សុភា ប្រាប់វិទ្យុអាស៊ីសេរីថា ការដែលលោកដាក់លិខិតស្នើសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ ព្រោះការបញ្ឈប់នេះជារឿងអយុត្តិធម៌បំផុតសម្រាប់រូបលោក។
«ហើយខ្ញុំអត់មានខុសបន្តិចសោះ ហើយរដ្ឋបាលខេត្តអត់មានគណៈកម្មាធិការអីទេ ហើយចេញលិខិតបញ្ឈប់ខ្ញុំតែម្ដង។ ជានីតិវិធីត្រូវ ខ្ញុំខ្លួនឯងនេះ ត្រូវទៅការពារខ្លួនឯង គឺត្រូវហៅខ្ញុំឱ្យដឹងមុន ហើយទៅសាកសួរអំពីមូលហេតុនៃការខុសឆ្គងហ្នឹង។ ប៉ុន្តែ នេះអត់ទាំងអស់ ខ្ញុំកំពុងធ្វើការសុខៗ ចេញដីកាបញ្ឈប់តែម្ដង។ អ៊ីចឹងវាអយុត្តិធម៌ផង ខុសនីតិវិធីផង»។
លោក ផុន សុភា បន្ថែមទៀតថា ទោះបីលោកជាសមាជិកគណបក្សភ្លើងទៀនពិតមែន ប៉ុន្តែលោកមិនបានធ្វើខុសពីច្បាប់ស្ដីពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនោះទេ ហើយលោកមិនបានធ្វើសកម្មភាពណាមួយអំឡុងពេលលោកបម្រើការងារ។ ដោយឡែក លោកសង្កេតឃើញថា មន្ត្រីរាជការជាច្រើនសុទ្ធសឹងតែជាសមាជិកគណបក្សកាន់អំណាច និងបានប្រើប្រាស់សម្ភារៈ និងពេលវេលារាជការទៅគាំទ្រគណបក្សកាន់អំណាចផង បែរជាមិនមានការបណ្ដេញចេញដូចរូបលោកនោះទេ។
សកម្មជនបក្សភ្លើងទៀនរូបនេះបន្តថា ក្នុងនាមលោកជាកូនកសិករខំប្រឹងប្រែងរៀនសូត្រ និងចំណាយពេលជិត ២០ឆ្នាំ ដើម្បីប្រឡងជាប់ជាមន្ត្រីរាជការ ហើយលោកប្រើប្រាស់តួនាទីជាមន្ត្រីរាជការបម្រើពលរដ្ឋដោយមិនបានប្រព្រឹត្តអំពើពុករលួយអស់រយៈពេល ១០ឆ្នាំមកហើយ ហេតុដូចនេះលោកសង្ឃឹមថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនឹងផ្ដល់យុត្តិធម៌ដល់រូបលោក។
«អារម្មណ៍របស់ខ្ញុំគឺមានការសោកស្ដាយខ្លាំងមែនទែន ដោយសារអ្វីដែលយើងខិតខំប្រឹងប្រែងមក ហើយគេធ្វើមកដូចជាគ្មានច្បាប់ទម្លាប់អី។ និយាយរួមទៅ គឺប្រើអំណាចផ្ដាច់ការយកតែម្ដងអត់មាន បើសិក្សាពីច្បាប់ពីអី ក៏ត្រូវតែមើលខ្លះដែរ ហើយហេតុអ្វីបានជាគាត់ធ្វើអ៊ីចឹងគាត់ខ្ញុំអត់យល់ដែរ ហេតុអ្វីមន្ត្រីជាច្រើន ដែលគាត់ចេញដីកាចេញកើត ខ្ញុំក៏មិនយល់ដែរថាគាត់ប្រើចំណេះដឹង ឬប្រើឧត្ដមគតិដែរឬអត់ទេ»។
នាយកកិច្ចការទូទៅអង្គការលីកាដូ (licadho) លោក អំ សំអាត លើកឡើងថាតាមគោលការណ៍ច្បាប់គ្រប់មន្ត្រីរាជការអាចជ្រើសជ្រើសរើស និងគាំទ្រគណបក្សដែលខ្លួនស្រលាញ់បាន ប៉ុន្តែមន្ត្រីរាជការទាំងនោះមិនអាចប្រើប្រាស់ពីតួនាទីរបស់ខ្លួនទៅបម្រើបក្សដែលមិនមែនផលប្រយោជន៍សាធារណៈដែលផ្ទុយពីលក្ខខណ្ឌច្បាប់នោះទេ។
ដោយឡែកចំពោះករណី លោក ផុន សុភា វិញ លោក អំ សំអាត យល់ឃើញថា សាលាខេត្ត ឬក្រសួងមហាផ្ទៃគួរតែផ្ដល់ភស្តុតាង ឬមូលហេតុសមរម្យដែលបញ្ជាក់ថា ផ្ទុយពីច្បាប់ជាមុនសិន មុនសម្រេចលុបឈ្មោះលោក សុភា ចេញពីក្របខណ្ឌរដ្ឋ។
«ប្រសិនណាបើការបញ្ឈប់ ដោយមិនមានហេតុផលបញ្ជាក់ត្រឹមត្រូវ ហើយទាក់ទងហ្នឹង បុគ្គលនោះគាត់ចូលរួមជីវភាពនយោបាយជាមួយគណបក្ស ជាមួយគណបក្សភ្លើងទៀន ឬគណបក្សប្រឆាំងផ្សេងទៀត នាំឱ្យមានការរិះគន់ ការលើកឡើងថា អាចនឹងមានការរើសអើងគណបក្ស ឬនិន្ទាការនយោបាយជាដើមប្រសិនបើជាមិនមានហេតុផលបញ្ជាក់ឱ្យច្បាស់នោះ»។
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានទេ នៅថ្ងៃទី១០ ខែឧសភា។
លោក ផុន សុភា បានចូលធ្វើជាមន្ត្រីរាជការនៅឆ្នាំ២០០៩ បន្ទាប់ពីប្រឡងជាប់ក្របខ័ណ្ឌនៅក្រសួងការងារ បណ្ដុះបណ្ដាល និងវិជ្ជាជីវៈ និងក្រោយពីរៀនចប់នៅសាលាភូមិន្ទរដ្ឋបាល លោកក៏បានជ្រើសរើសទៅធ្វើការងារនៅក្រសួងមហាផ្ទៃ ដោយត្រូវបានបញ្ជូនទៅធ្វើការនៅសាលាខេត្តកំពង់ធំ ហើយនៅឆ្នាំ២០១៦ លោកក៏បានផ្លាស់មកបម្រើការងារនៅក្នុងសាលាខេត្តកណ្ដាល។
គិតចាប់ពីឆ្នាំ២០២០ ក្រៅពីលោក លោក ផុន សុភា គឺមានមន្ត្រីគណបក្សភ្លើងទៀនយ៉ាងហោចណាស់ ក៏មានមន្ត្រី ៤នាក់ហើយ ដែលត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ រួមមាន លោក អ៊ី មុយលី ដែលជាមន្ត្រីបម្រើការងារនៅការិយាល័យស្រាវជ្រាវច្បាប់ នៃអគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ ចេញពីក្របខណ្ឌនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា លោក កែវ សុមុនី មន្ត្រីបម្រើការនៅនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃក្រសួងសុខាភិបាល លោក អេង ស្រូយ គ្រូបង្រៀននៅអង្គភាពក្រុមប្រឹក្សាអភិវឌ្ឍគ្រូនគរបាលជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា និងលោក ខឹម មុនីកុសល មន្ត្រីសុខាភិបាលជាន់ខ្ពស់នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន៕
No comments:
Post a Comment