ដោយ សុជីវី
2023.05.29
ក្រុមយុវជនបរិស្ថានជិះកង់ដាក់ញត្តិនៅក្រសួងបរិស្ថានស្នើការពារធនធានធម្មជាតិ ក្រុមអ្នកស្រឡាញ់បរិស្ថាន ធ្វើយុទ្ធនាការជិះកង់ដាក់ញត្តិនៅក្រសួងបរិស្ថាន កាលពីថ្ងៃទី២៨ ឧសភា ២០២៣។
រូប៖ ហ្វេសប៊ុកលោក កើត សារ៉ាយ
ក្រុមអ្នកស្រឡាញ់បរិស្ថាន ៣០នាក់ នៅថ្ងៃទី២៨ ឧសភា ធ្វើយុទ្ធនាការជិះកង់ពីលានប្រជាធិបតេយ្យឆ្ពោះទៅក្រសួងបរិស្ថានដើម្បីដាក់ញត្តិស្នើការពារធនធានធម្មជាតិ និងអបអរទិវាបរិស្ថានពិភពលោកឆ្នាំ២០២៣។ មន្ត្រីសង្គមស៊ីវិលថា ការដាក់ញត្តិរបស់ក្រុមយុវជននេះ គឺជាសកម្មភាពល្អដែលបង្ហាញពីការព្រួយបារម្ភបញ្ហាបរិស្ថាន។
ក្រុមអ្នកស្រឡាញ់បរិស្ថានទាំងនោះមកពីសមាគម អង្គការសង្គមស៊ីវិល និងប្រជាសហគមន៍មូលដ្ឋាន ចំនួន ១០ស្ថាប័ន ចាប់ផ្ដើមជិះកង់ និងធ្វើកិច្ចពិភាក្សាដេញដោលជាមួយគណបក្សនយោបាយគ្រប់ភាគីស្ដីពីគោលនយោបាយលើកកម្ពស់បរិស្ថាន ពីថ្ងៃទី២៨ ឧសភា រហូតដល់ថ្ងៃទី២៩ ឧសភា ។ លុះដល់ថ្ងៃទី០៤ មិថុនា អង្គការសមាគម នឹងប្រារព្ធកម្មវិធីមួយទៀត ក្រោមប្រធានបទស្ដីពី “រួមគ្នាការពារបរិស្ថាន និងធនធានធម្មជាតិដែលជាទ្រព្យសម្បត្តិយើងទាំងអស់គ្នា”។
ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ ឧសភា ថា ការធ្វើយុទ្ធនាការនេះគឺ ដើម្បីបង្ហាញពីទុក្ខកង្វល់ដែលក្រសួងបរិស្ថានតែងតែផ្ដល់ដីនៅតំបន់ឧទ្យានជាតិឱ្យទៅក្រុមហ៊ុនឯកជន និងការបម្រែបម្រួលអាកាសធាតុដែលជាកត្តាមកពីការកាប់បំផ្លាញព្រៃឈើផងដែរ។ លោកបន្តថា ក្រុមយុវជនក៏គ្រោងនឹងជិះស៊ីក្លូដែរ ក៏ប៉ុន្តែសមាគមស៊ីក្លូបានមិនជួលស៊ីក្លូឱ្យវិញដោយមិនបានបញ្ជាក់ពីមូលហេតុនោះទេ។
លោក កើត សារ៉ាយ៖ «អំពាវនាវដល់ភាគីរដ្ឋាភិបាលក៏ដូចជាអាជ្ញាធររដ្ឋជាដើមខ្ញុំសង្ឃឹមថាយើងនៅតែអាចឈានមួយជំហានថយក្រោយមកវិញគិតគូរឡើងវិញពីព្រោះធនធានធម្មជាតិក្ដី បរិស្ថានដែលយើងអាចការពារទៅមិនមែនអាជ្ញាធររដ្ឋអាចទៅតែម្នាក់ឯងបាននោះទេ វាត្រូវតែមានការចូលសកម្មពីប្រជាពលរដ្ឋ យុវជនអីជាដើម»។
លោក កើត សារ៉ាយ បន្ថែមថា ក្រៅពីជិះកង់នៅមានកម្មវិធីកិច្ចពិភាក្សាជាមួយគ្រប់ភាគីគណបក្សនយោបាយដែលនឹងជជែកដេញដោលអំពី គោលនយោបាយលើកកម្ពស់កិច្ចការពារបរិស្ថាន។
ក្រុមអ្នកស្រឡាញ់បរិស្ថានទាំងនេះនាំគ្នាជិះកង់ពីទីលានប្រជាធិបតេយ្យទៅក្រសួងបរិស្ថាន ដោយពាក់ឯកសណ្ឋានអាវយឺតពណ៌សភ្ជាប់ពាក្យស្លោកថា មនុស្សត្រូវការយុត្តិធម៌ បរិស្ថានក៏ត្រូវការយុត្តិធម៌ អមដោយការលើកបដារូបផែនដី ខ្លឹមសារជាច្រើនទៀត។
ព្រឹត្តិការណ៍នេះ ក្រុមយុវជនរៀបចំឡើងចំនួន៣កម្មវិធី សំខាន់ៗ គឺទី១ ជិះកង់ដាក់ញត្តិទៅក្រសួងបរិស្ថាន ដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមរបស់យុវជនក្នុងកិច្ចថែរក្សាធនធានធម្មជាតិ និងបញ្ហាបម្រែបម្រួលអាកាសធាតុ ព្រមទាំងបើកលំហសិទ្ធសេរីភាពដើម្បីឱ្យអង្គការសមាគម ក្រុមយុវជន ចូលរួមផ្សព្វផ្សាយ ពីផលប៉ះពាល់បរិស្ថាន ដោយសារការបំផ្លាញព្រៃឈើ ការលុបបឹងធម្មជាតិ ការប្រើប្រាស់ប្លាស្ទិក និងប្រេងឥន្ធនៈជាដើម។
ទី២ ជំរុញឱ្យគ្រប់ភាគីគណបក្សនយោបាយបង្ហាញពីគោលនយោបាយការពារបរិស្ថាន ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ និងស្វែងយល់ពីធនធានធម្មជាតិ ហើយទី៣ ជំរុញឱ្យពលរដ្ឋអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន និងចូលរួមលើកឡើងពីបញ្ហាទាក់ទិនកិច្ចការពារព្រៃឈើ ទៅកាន់ក្រសួងពាក់ព័ន្ធដើម្បីរកដំណោះស្រាយ។
យុវជនស្រឡាញ់បរិស្ថាន កញ្ញា ដាំ សុខស្រីនាង ថ្លែងថា កញ្ញាចូលយុទ្ធនាការនេះគឺកញ្ញាចង់ឱ្យប្រជាពលរដ្ឋ និងរដ្ឋាភិបាលរួមគ្នាការពារបរិស្ថាន កាត់បន្ថយការបំផ្លាញធនធានធម្មជាតិ។ កញ្ញាបន្តថា ការដាក់ញត្តិរបស់ក្រុមយុវជននេះ គឺគ្រាន់តែចង់បង្ហាញក្ដីកង្វល់ប៉ះពាល់ដល់បរិស្ថាន និងឈប់ចាត់ទុក យុវជន និងពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិ ថាជាពួកប្រឆាំងការអភិវឌ្ឍន៍របស់រដ្ឋាភិបាល។
កញ្ញា ដាំ សុខស្រីនាង៖ «ខ្ញុំពីមន្ត្រីតំណាងព្រឹកមិញច្បាស់ពេញត្រចៀកហ្មងថ្ងៃអាទិត្យអត់នាំគ្នាសម្រាកទេ ធ្វើប៉ះពាល់ថ្ងៃសម្រាករបស់ពួកគាត់គាត់ត្រូវមេមកតេប្រាប់ថា ពួកប្រឆាំងមកដាក់ញត្តិទៀតហើយ មិនទែនទៅពេលដែលខ្ញុំស្ដាប់លឺ នឹងគាត់មិនមែនចាត់ទុកយុវជនដូចជាខ្ញុំជាតិសាសន៍ខ្លួនឯងកុំចាត់ទុកពួកយើងជាអ្នកប្រឆាំង ចាត់ទុកពួកយើងជាកញ្ចក់ឆ្លុះទៅ ពីព្រោះថា បើអត់បញ្ហាពួកខ្ញុំទៅនិយាយធ្វើអី តែដោយសារតែវាមានអយុត្តិធម៌សង្គមមែនបានពួកយើងបង្ហាញ»។
ក្រុមយុវជនអះអាងថា ក្រសួងបរិស្ថានមិនបានទទួលញត្តិរបស់ពួកគេនៅឡើយទេ ដោយសារតែថ្ងៃនេះក្រសួងមិនធ្វើការដូច្នេះនៅថ្ងៃទី២៩ ឧសភា ស្អែកក្រុមយុវជននឹងយកញត្តិទៅដាក់ម្ដងទៀត។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ដើម្បីស្រាយបំភ្លឺជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៨ ឧសភា។
ទាក់ទិនបញ្ហានេះ មន្ត្រីសម្របសម្រួលគម្រោងសមាគមបណ្ដាញយុវជនកម្ពុជា លោក អូត ឡាទីន យល់ឃើញថា ការដាក់ញត្តិរបស់ក្រុមយុវជននេះ គឺជាសកម្មភាពល្អដែលបង្ហាញពីការព្រួយបារម្ភចំពោះបញ្ហាបរិស្ថាន ដូច្នេះរដ្ឋាភិបាលគួរតែលើកទឹកចិត្តឱ្យពួកគាត់បានចូលរួមថែរក្សាការពារបរិស្ថាន។ លោកបន្តថា សកម្មភាពរបស់ក្រុមយុវជនគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីការអនុវត្តច្បាប់របស់រដ្ឋាភិបាលដើម្បីជំរុញឱ្យមានការកែលំអកាន់តែប្រសើរ។
លោក អូត ឡាទីន៖ «ប្រសិនបើរដ្ឋាភិបាលអាចអនុវត្តបានតាមសំណើរបស់ក្រុមយុវជនដែលដាក់បានហ្នឹងមែនទែនទៅ បញ្ហាហ្នឹងវាផ្ដល់ផលប្រយោជន៍ដល់រដ្ឋាភិបាលវិញទេ ផ្ទុយទៅវិញបើរដ្ឋាភិបាលធ្វើការផាត់ចោល នូវមតិយោបល់អ្នកដែលចូលរួមចំណែកឈឺឆ្អាលអាហ្នឹងខាត ឬក៏ចំណេញខ្ញុំជឿថា ប្រជាពលរដ្ឋខ្លួនឯងគួរតែធ្វើការពិចារណា ឬក៏ធ្វើការវិនិច្ឆយដោយខ្លួនឯងសម្រាប់ខ្ញុំនៅតែយល់ការបំពេញតួនាទី ឬការដោះស្រាយសំណើរបស់ប្រជាពលរដ្ឋតែដាក់ជូនហ្នឹងគឺជារឿងដែលល្អហើយផ្ដល់ប្រយោជន៍ច្រើនដល់រដ្ឋាភិបាល»។
អ្នកឃ្លាំមើលបរិស្ថានអះអាងថា គម្របព្រៃឈើនៅកម្ពុជាបានថយចុះយ៉ាងឆាប់រហ័សក្នុង រយៈពេលជាង២០ឆ្នាំចុងក្រោយនេះហើយមូលហេតុចម្បង នាំឱ្យបាត់បង់ព្រៃឈើ គឺបណ្ដាលមកពីការផ្ដល់ដីសម្បទានសេដ្ឋកិច្ច អំពើពុករលួយ ភាពធូររលុងនៃការអនុវត្តច្បាប់ព្រៃឈើ និងខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរមានសមត្ថកិច្ច។
ក្រៅពីបាត់បង់គម្របព្រៃឈើ នៅមានធនធានធម្មជាតិ និងជីវចម្រុះដូចជា ប្រភេទត្រីកម្រ បបែលទឹកសាប ត្រីក្របី ត្រីគល់រាំង និងការជួញដូរសត្វព្រៃខុសច្បាប់ នៅតំបន់ដងទន្លេមេគង្គផ្នែកខាងលើកំពុងប្រឈមនឹងការបំផ្លិចបំផ្លាញដោយសកម្មភាពខុសច្បាប់។
ក្រុមយុវជន និងមន្ត្រីអង្គការសង្គមស៊ីវិល ទទូចឱ្យក្រសួងពាក់ព័ន្ធពង្រឹងការអនុវត្តដើម្បីកាត់បន្ថយអំពើពុករលួយនៅក្នុងស្ថាប័នរដ្ឋដែលបើកដៃឱ្យឈ្មួញកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យ និងការពារធនធានធម្មជាតិ៕
No comments:
Post a Comment