Saturday, 20 May 2023

ពលរដ្ឋ​ថា អវត្តមាន​បក្ស​ភ្លើងទៀន​ក្នុង​ការ​បោះឆ្នោត ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ

 

Khmer Circle

That is the reason why the CPP was formed in the first place.

នោះ​ហើយ​ជា​មូលហេតុ​ដែល​គណបក្ស​ប្រជាជន​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ដំបូង។ 

^^^

ដោយ យ៉ង ចាន់តារា
2023.05.20
ពលរដ្ឋ​ថា អវត្តមាន​បក្ស​ភ្លើងទៀន​ក្នុង​ការ​បោះឆ្នោត ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ  
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំសង្កាត់របស់​គណបក្ស​ភ្លើងទៀន កាលពីឆ្នាំ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
 
 

ពលរដ្ឋ​រស់នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ព្រួយ​បារម្ភ​ពី​អនាគត​ស្រុក​ទេស កំពុង​ជំពាក់ជំពិន​ដោយ​វិបត្តិ​នយោបាយ​កាន់តែ​ធ្ងន់ គ្មាន​ច្រកចេញ ប៉ះពាល់​ធំធេង​ដល់​ជីវភាព​ពលរដ្ឋ​។ ពលរដ្ឋ​លើកឡើង​ដូច្នេះ ក្រោយ​ពី​គ..ប មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើងទៀន​ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​នៅ​ពេល​ខាងមុខ។

ពលរដ្ឋ​មួយ​ចំនួន​ទាមទារ​ឲ្យ​គ..ប​ពិចារណា​ឡើងវិញ​ក្នុង​ការ​ផ្តល់​សិទ្ធិ​ឱ្យ​គណបក្ស​នយោបាយ​ភ្លើងទៀន ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជាតិ​ខាងមុខនេះ​ដើម្បី​ឱ្យ​មាន​វត្តមាន​គណបក្ស​ប្រឆាំង​ចូលរួម កែ​លម្អ​ចំណុច​ខ្វះចន្លោះ​របស់​រដ្ឋាភិបាល។

ពលរដ្ឋ​ខ្លះ​បាន​ចាត់ទុក ទង្វើ​របស់​គ..ប​ថា ដើរ​តាម​ខ្សែ​ញាក់​របស់​អ្នក​នយោបាយ ប៉ះពាល់​សិទ្ធិ​សេរីភាព​ពលរដ្ឋ នៅ​ពេល​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជាតិ។

ពលរដ្ឋ​រស់នៅ​ខេត្ត​សៀមរាប លោក សៀម វ៉ាន់ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១៩ ឧសភា ថា ក្នុង​អាណត្តិ​ទី​០៦ កន្លង​ទៅ រដ្ឋាភិបាល​ឯក​បក្ស​ដឹកនាំ​រដ្ឋ​មិន​បាន​ផ្តល់​ផល​ចម្រើន​ដល់​ពលរដ្ឋ​ឱ្យ​រស់​នៅ​មាន​ជីវភាព​ធូរធារ​ឡើយ តែ​ផ្ទុយទៅវិញ ពលរដ្ឋ​ចំណាកស្រុក​ស្ងាត់​ភូមិ​តម្លៃ​កសិផល​ធ្លាក់ចុះ ជំពាក់​បំណុល​ធនាគារ និង​ថយ​ចុះ​ធនធាន​ធម្មជាតិ​ជាដើម​។ លោក​ថា រយៈពេល​ជាង ៤ ឆ្នាំ​កន្លង​ទៅ​នេះ ពលរដ្ឋ​រស់នៅ​ដោយ​ភាព​ភ័យខ្លាច​មិន​ហ៊ាន​បញ្ចេញមតិ បញ្ហា​សង្គមជាតិ​នោះ​ឡើយ ហើយ​ពួកគាត់​ខ្លះ​ទៀត សុខចិត្ត​អត់ធ្មត់​មិន​ហ៊ាន​តវ៉ា​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន​ដែល​អាជ្ញាធរ​មើល​រំលង​នោះ​ទេ។

លោក សៀម វ៉ាន់៖ «ព្រៃឈើ​នៅ​លើ​គេ សូម្បីតែ​រ៉ែ​ពេជ្រ​មាស​នៅ​លើ​គេ មាន​នរណា​ទៅ​ក្អក ធ្វើ​អី​ទៀត ប៉ះពាល់​ធំធេង​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ខ្មែរ​។ ប៉ះពាល់​ធ្ងន់​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ខ្មែរ​មានអី​ទៀត អត់​មាន​នរណា​ទៅ​ជ្រែង ទៅ​ទប់ស្កាត់​បានទេ​។ ចូល​អន្លង់​កម្ម​មួយ​ហើយ គ្មាន​ដោះស្រាយ​អី​ចេញ ព្រៃឈើ​មួយ​ប្រទេស​ខ្មែរ​មានអី​ទៀត​អត់​មាន​នរណា​ទៅ​ជ្រែង​ទៅ​ឈប់​ស្កាត់​បានទេ»

 

ចំណែកឯ​ពលរដ្ឋ​រស់​នៅ​ខេត្តកោះកុង លោកស្រី ហៀប ឪ បារម្ភ​ថា អាជ្ញាធរ​ឯក​បក្ស នឹង​ជិះសេះ​លែងដៃ​បន្ត​ទៀត​ដោយ​ពុំបាន​បំពេញ​តួនាទី​បម្រើ​ពលរដ្ឋ​ស្របតាម​ច្បាប់​នោះ​ឡើយ តែ​ផ្ទុយទៅវិញ​នឹង​ប្រើ​អំណាច​ធ្វើបាប​ពលរដ្ឋ​ស្លូតត្រង់ ដែល​ស្រែក​ទាមទារ​យុត្តិធម៌ ក្នុង​រឿង​ដីធ្លី និង​ធនធាន​ធម្មជាតិ ប្រសិនបើ​គណបក្ស​ភ្លើងទៀន​មិន​អាច​ចូលរួម​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។

លោក សៀម វ៉ាន់៖ «គេ​នៅតែ​បំផ្លាញ​អត់​មាន​អាជ្ញាធរ​មករា​រាំង​បាន​អ៊ីចឹង​និយាយ​រួម​គេ មិន​ត្រឹម​មិន​រារាំង គឺ​គេ​មិន​ចូលរួម​ហ្មង នរណា​យក​អី​យក​ទៅ។ បាត់បង់​ធម្មជាតិ​ម៉េច? គេ​អត់​គិត​ទេ បាត់​អី​បាត់​ទៅ។ បាត់​អស់​ក្តាម​ខ្យល់​សមុទ្រ​អី គេ​ចាក់​ដី​រាល់ថ្ងៃ»

ពលរដ្ឋ​ចំណាំ​ថា កាល​នៅ​មាន​វត្តមាន​គណបក្ស​ប្រឆាំង​អាជ្ញាធរ​មិន​ហ៊ាន​ធ្វើ​អ្វី​ផ្តេសផ្តាស​ឡើយ គោរព​សិទ្ធិ​ពលរដ្ឋ និង​ស្វះ​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ខ្លះៗ ដោយសារ​គណបក្សប្រឆាំង​តែងតែ​តាមដាន​ទង្វើ​របស់​អាជ្ញាធរ​គ្រប់​សកម្មភាព។

ពលរដ្ឋ​រស់នៅ​ខេត្ត​កណ្តាល លោក ម៉ៅ ឆន សង្កេត​ឃើញ​ថា រដ្ឋាភិបាល​ឯក​បក្ស​ក្នុង​អាណត្តិ​ទី៦ កន្លង​ទៅ ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត ដោយ​គ្មាន​គណបក្សជំទាស់​ចូលរួម​កែ​លម្អ​នោះ​ឡើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ជីវភាព​ពលរដ្ឋ និង​សង្គម​ជាតិ។ រីឯ​តំណាងរាស្ត្រ របស់​គណបក្ស​ប្រជាជន​កម្ពុ​ជាជាង ១០០​នាក់ ក៏​មិនបាន​បំពេញ​តួនាទី ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ប្រឈម និង​ក្តី​កង្វល់​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ដែរ។

លោក ម៉ៅ ឆន៖ «ខ្ញុំ​ចង់​ឱ្យ​មាន​ការចូលរួម​ពី​អ្នកនយោបាយ​ឱ្យ​មាន​ការប្រកួតប្រជែង ចង់ឱ្យ​ពលរដ្ឋ​មានការ​សម្រេចចិត្ត​បើ​មានការ​ដឹកនាំ​ឯក​បក្ស​មួយ​អាណត្តិ​នេះ​ទៀត ផល​អវិជ្ជមាន​ច្រើន​ទៀតហើយ អស់​ដីធ្លី ព្រៃឈើ​រំលោភសិទ្ធិ​លំនៅឋាន​ផ្សេង ពលរដ្ឋ​គាត់​តវ៉ា​ខ្លួន អត់​មាន​អ្នកតំណាងរាស្ត្រ​ជួយ​គាត់​។ បញ្ហា​រឹតតែ​ធំ​ទៅៗ អត់​មាន​ដំណោះស្រាយ​នោះ​ទេ»

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បកស្រាយ​ថា គណបក្ស​ភ្លើងទៀន​មិន​បាន​ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​ជាតិ គឺជា​កំហុស​របស់​មេដឹកនាំ គណបក្ស​មួយ​នេះ ដែល​មិន​បាន​បំពេញ​បែបបទ​រដ្ឋបាល​ជូន​គ..ប។

លោក សុខ ឥសាន៖ «ចំពោះ​បងប្អូន​មួយចំនួន​តូច​ដែល​ជឿ​តាម​បក្ខ​ភ្លើងទៀន​ទទួល​ការ​ញុះញង់​ពី​អ្នក​ខាងក្រៅ​មក ខ្ញុំ​យល់ថា នឹង​ទទួលផល​លំបាក​ហើយ​។ ព្រោះ​គ..ប​គេ​សម្រេច​ហើយ មិន​ឱ្យ​គណបក្ស​ភ្លើងទៀន​ចូលរួម​ប្រកួតប្រជែង​។ អានេះ​ដោយសារ​ខ្វះ​ឯកសារ​រដ្ឋបាល​ទេ»

ទោះ​យ៉ាងណា មន្ត្រី​សង្គម​ស៊ីវិល មើល​ឃើញ​ថា គណបក្ស​ភ្លើងទៀន​ដែល​ធ្លាប់​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ឃុំ​/​សង្កាត់​បាន ក៏ប៉ុន្តែ​បែរជា​អាក់ខាន​ក្នុង​ការចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​ជាតិ គឺជា​គំនិត​ទុច្ចរិត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ក្តាប់​អំណាច​ដោយ​មិន​ក្រែង​ចិត្ត​ពលរដ្ឋ​។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា នៅ​ប្រទេស​ន័រវែស លោក ម៉ែន ណាត សង្កេតឃើញ​ថា រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន បាន​បង្កើត​អំពើ​អយុត្តិធម៌​ចំពោះ​សង្គមជាតិ​ម្តង​ហើយ​ម្តង​ទៀត តាមរយៈ​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្សប្រឆាំង​និង​អ្នកនយោបាយ​ណា ដែល​មាន​ទស្សនៈ​ផ្ទុយ​។ លោក​ថា ទង្វើ​បែបនេះ​ដើម្បី​ក្តាប់​អំណាច​ត ជំនាន់ ដោយ​មិន​ខ្វល់​ពី​ផល​ប៉ះពាល់​ជីវភាព​ពលរដ្ឋ និង សង្គមជាតិ​នោះ​ឡើយ។

លោក ម៉ែន ណាត៖ «ប្រព័ន្ធ​កុម្មុយនិស្ត ដឹង​ស្រាប់តែ​ប្រព័ន្ធ​ផ្ទេរ​អំណាច គឺ​ត្រូវ​បង្ក្រាប​គ្រប់​រូបភាព​ទាំងអស់ ពួក​ផ្ដាច់ការ មិន​ថា ស្រុក​ចិន និង​ស្រុក​ខ្មែរ​ដូចគ្នា។ រដ្ឋាភិបាល ហ៊ុន សែន បង្កើត​អំពើ​អយុត្តិធម៌​សម្រាប់​គណបក្ស​ដៃគូ មើល​ទៅ​មិន​សូវ​ស្រួល ហើយ​យក​លេស​នយោបាយ​ដាក់បន្ទុក»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា គណបក្ស​ភ្លើងទៀន ជា​ដៃគូ​ប្រកួតប្រជែង នឹង​គណបក្ស​កាន់អំណាច​តែមួយ​គត់ ហេតុនេះ លោក ហ៊ុន សែន គួរតែ​បើកចំហ​សេរីភាព​នយោបាយ​និង​ទទួល​យក​ការសម្ដែង​មតិ​របស់​ពលរដ្ឋ​ដែល​ចង់​ឃើញ​បរិយាកាស​ប្រកួតប្រជែង​ការ​បោះឆ្នោត​មាន​ការ​ចូលរួម​ពី​បក្ស​ប្រឆាំង៕

2 comments:

Anonymous said...

In Cambodia, Hun Sen is above everything. Cambodia's interest is below Hun Sen's interest.

Anonymous said...

Hun Sen is Samdach Pouk Jiat. So Jiat must listen to Hun Sen, or else.