Friday, 12 May 2023

ភស្តុតាង​ដាក់​បន្ទុក​រឹងមាំ​លេចឡើង​ក្នុង​សំណុំរឿង​រត់ពន្ធ​ស្វា​នៅ​កម្ពុជា


វីដេអូ​ខ្លី ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម​កម្ពុជា​និយាយ​ទាក់ទង​ជាមួយ​ក្រុម​អ្នករត់ពន្ធ​ស្វា គឺជា​ផ្នែកមួយ​នៃ​សំណុំ​រឿង​របស់​អាមេរិក​ប្រឆាំង​នឹង​គាត់។

ដោយ ហ្សាក់ អាដាមូវិក ដេវី (Jack Adamovic Davies)
2023.05.11
ភស្តុតាង​ដាក់​បន្ទុក​រឹងមាំ​លេចឡើង​ក្នុង​សំណុំរឿង​រត់ពន្ធ​ស្វា​នៅ​កម្ពុជា  
Credit: រូបភាព​ដោយ៖ រ៉យទ័រ (Reuters), ក្រាហ្វិក​ដោយ៖ អាមែនដា វៃស៍ប្រដ (Amanda Weisbrod)/វិទ្យុអាស៊ីសេរី
Photo: RFA
 

វីដេអូ​ថតចេញ​ពី​កាមេរ៉ា​បង្កប់​បាន​លេចឡើង បង្ហាញ​ឱ្យ​ឃើញ​ពី​អ្វី​ដែល​រដ្ឋអាជ្ញា​សហរដ្ឋអាមេរិក​និយាយ​ថា មាន​ការចូលរួម​យ៉ាង​ជាក់ច្បាស់​ពី​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ក្នុង​ប្រតិបត្តិការ​រត់ពន្ធ​សត្វស្វា​សម្រាប់​ស្រាវជ្រាវ។

នៅក្នុង​វីដេអូ ដែល​វិទ្យុអាស៊ីសេរី​បាន​រាយការណ៍​ជាលើក​ដំបូង​កាលពី​ឆ្នាំមុន អតីត​ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ​នៃ​ក្រសួង​កសិកម្ម​កម្ពុជា លោក គ្រី ម៉ះផល ត្រូវបាន​គេ​មើលឃើញ​ កំពុង​ជួយ​សម្រួល​ដល់​ការលើកដាក់​ខុសច្បាប់​នៃ​សត្វស្វា​កន្ទុយវែង នៅ​កន្លែង​បង្កាត់ពូជ​សត្វ​មួយ​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា។ លោក​ក៏ត្រូវ​គេ​មើលឃើញ​ ថែមទាំង​បាន​ផ្តល់​ដំបូន្មាន​អំពី​វិធី​ដឹកជញ្ជូន​សត្វ​ជិតផុតពូជ ឱ្យមាន​ប្រសិទ្ធភាព​ជាងនេះ​ផងដែរ។

លោក គ្រី ម៉ះផល ត្រូវបាន​គេ​មើលឃើញ​បាន​ចោទសួរ​ទៅ​កម្មករ​ម្នាក់​ថា៖ «ហេតុអ្វី​បាន​ជាអ្នក​មិន​ដឹកជញ្ជូន​វា​តាម​ផ្លូវ​ផ្សេងទៀត។ លោក​បន្តថា «ប្រសិនបើ​អ្នក​ជ្រើសរើស​ដឹកជញ្ជូន​វា​តាម​ផ្លូវ​ផ្សេង​ពីនេះ គឺ[វា]​មាន​សុវត្ថិភាព​ជាង​សម្រាប់​ការរត់ពន្ធ​របស់​អ្នក»

 

វីដេអូ​ខ្លីនេះ​ត្រូវបាន​ថត​នៅ​ឆ្នាំ២០១៩ ដោយ​អ្នកផ្តល់​ព័ត៌មាន​សម្ងាត់​ម្នាក់​នៃ​ក្រុម​អ្នកស៊ើបអង្កេត​របស់​អាមេរិក ហើយ​ត្រូវបាន​រដ្ឋអាជ្ញា​ដាក់​បញ្ចូល​ជា​ភស្តុតាង​ប្រឆាំង​នឹង​លោក គ្រី ម៉ះផល ក្នុង​សំណុំរឿង​រត់ពន្ធ​ស្វា​ដ៏កក្រើក​មួយ​ដែល​ប្តឹង​ដោយ​រដ្ឋាភិបាល​អាមេរិក​ប្រឆាំង​នឹង​គាត់ និង​អ្នកសមគំនិត​ដទៃទៀត។

អង្គការ​ការពារ​សិទ្ធិ​សត្វ​ឈ្មោះ PETA ដែល​បាន​ទទួល​វីដេអូ​នេះ​ពី​តុលាការ បាន​​ចែក​រម្លែក​​វីដេអូ​នេះ​ដល់​វិទ្យុអាស៊ីសេរី។

វីដេអូ​ខ្លី​នេះ បង្ហាញ​ឱ្យ​ឃើញ​លោក គ្រី ម៉ះផល ពាក់​វែនតា​ការពារ​ពន្លឺថ្ងៃ ក្នុង​សម្លៀកបំពាក់​អាវ​ក្រឡា ដើរ​បែប​ក្រអឺតក្រទម ឆ្ងាយ​ពី​​បុគ្គល​ជា​អ្នកថត​វីដេអូបង្កប់​ដែល​ហាក់​ជ្រួលច្រាល​ក្នុងចិត្ត។ បុគ្គល​ជា​អ្នកថត​វីដេអូ​រូបនេះ​បាន​អង្គុយ​​ស្តាប់​មេធាវី​របស់​លោក គ្រី ម៉ះផល តតាំងក្តី​ក្នុង​តុលាការ​ក្រុងម៉ៃអាមី (Miami) កាលពី​ពីរ​សប្តាហ៍​មុន ​ស្នើ​ដកចោល​រាល់​ភស្តុតាង​ដែល​ទទួលបាន​ពី​ទូរស័ព្ទ​ដៃ​របស់​លោក គ្រី ម៉ះផល មិនឱ្យ​ដាក់បញ្ចូល​ក្នុង​សវនាការ​នាពេល​ខាងមុខ។

លោក គ្រី ម៉ះផល គឺជា​អតីត​ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ​នៃ​រដ្ឋបាល​ព្រៃឈើ​របស់​កម្ពុជា នៅពេល​ដែលលោក​ត្រូវបាន​អាជ្ញាធរ​អាមេរិក​ចាប់ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ JFK ក្រុងញូវយ៉ក (New York) កាលពី​ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពេល​ដែល​លោក​កំពុង​​ធ្វើដំណើរបន្ត​​ទៅ​ចូលរួម​សន្និសីទ​នៅ​ប្រទេស​ប៉ាណាម៉ា (Panama) ស្តីពី​ការការពារ​សត្វជិត​ផុតពូជ។

លោក​ត្រូវបាន​ចោទប្រកាន់​ថា​ជា​ភាគីមួយ​នៅក្នុង​ផែនការ​លាងសម្អាត​ធ្វើឱ្យ​ស្របច្បាប់​នៃ​សត្វ​ស្វាកន្ទុយវែង​ដែលត្រូវបាន​គេចាប់​ពីក្នុង​ព្រៃ​នៅកម្ពុជា និង​ថៃ​ ដើម្បី​ដឹកជញ្ជូន​ទៅ​មន្ទីរ​ពិសោធន៍​នៅ​សហរដ្ឋអាមេរិក។ សត្វ​ស្វាកន្ទុយវែង​គឺជា​ប្រភេទ​សត្វ​ដែល​មានតម្លៃ​សម្រាប់​ការស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ។

មានតែ​សត្វស្វា​បង្កាត់ពូជ​ដែល​គេ​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​ប៉ុណ្ណោះ អាច​ត្រូវបាន​ប្រើប្រាស់​នៅ​ក្នុង​ការពិសោធន៍​វេជ្ជសាស្ត្រ។ ការណ៍​នេះ​គឺធ្វើឡើង​ក្នុង​គោលដៅ​មួយផ្នែក​ដើម្បី​អភិរក្ស​ចំនួន​សត្វព្រៃ​ដែល​កំពុង​ថយចុះ និង​ក៏​ដើម្បី​ការពារ​សុចរិតភាព​នៃ​របកគំហើញ​តាម​បែប​វិទ្យាសាស្ត្រ​នានា។

ចៅហ្វាយនាយ​របស់​លោក គ្រី ម៉ះផល គឺលោក កែវ អូម៉ាលីស ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ព្រៃឈើ និង​បុគ្គល​ចំនួន ៦នាក់​ផ្សេងទៀត​ដែល​ជា​ថ្នាក់ដឹកនាំ​​កសិដ្ឋាន​ចិញ្ចឹមស្វា​នៅ​កម្ពុជា​របស់​ក្រុមហ៊ុន​សញ្ជាតិ​ចិន​មួយ​ឈ្មោះ Vanny Group ក៏ត្រូវបាន​ជាប់ចោទ​ផងដែរ។

លោក គ្រី ម៉ះផល ពុំបាន​សារភាព​ទទួល​កំហុស​ទេ ខណៈ​ក្រសួង​កសិកម្ម​កម្ពុជា ដែល​គ្រប់គ្រង​លើ​ការងារ​របស់​រដ្ឋបាល​ព្រៃឈើ ហើយនឹង​ក្រុមហ៊ុន Vanny Group សុទ្ធតែ​បាន​បដិសេធ​ថា មិនមាន​សកម្មភាព​ខុសច្បាប់​ណាមួយ​បាន​កើតឡើង​ឡើយ។

ទោះជា​យ៉ាងណា​ក៏ដោយ វីដេអូ​ដែល​បាន​លេចឡើង​ក្នុង​ចំណោម​បណ្ដុំ​ភស្តុតាង​គរ​ដូច​ភ្នំ​ប្រឆាំងនឹង​លោក គ្រី ម៉ះផល គឺជា​ភស្តុតាង​ដាក់​បន្ទុក​ចំពោះ​ការជាប់ពាក់ព័ន្ធ​របស់​លោក និង​បញ្ជាក់​ពី​លក្ខណៈ​ខុសច្បាប់​នៃ​ប្រតិបត្តិការ​រត់ពន្ធ​សត្វស្វា​នេះ

លោក គ្រី ម៉ះផល ត្រូវ​បាន​គេ​មើល​ឃើញ​កំពុង​ជួយ​លើកដាក់​កេស​​សត្វ​ស្វា​ពី​ខាងក្រោយ​រថយន្ត​ភីកអាប់​នៅ​កន្លែង​មួយ​ដែល​រដ្ឋអាជ្ញា​និយាយ​ថា ជា​កសិដ្ឋាន​ចិញ្ចឹម​ស្វា​របស់​ក្រុមហ៊ុន Vanny Group ក្នុង​ខេត្ត​ពោធិ៍សាត់។

បុគ្គលិក​ដែល​ធ្វើការ​ជាមួយ​គាត់​សួរថា តើ​មាន​សត្វស្វា​ប៉ុន្មាន​ក្បាល​ដែល​លោក គ្រី ម៉ះផល បាន​យកមក​ជាមួយ​គាត់ «លើកនេះ»

លោក គ្រី ម៉ះផល ឆ្លើយតប​ទៅវិញ​ថា «២៤ក្បាល»។ លោក​បន្តថា «យើង​មិន​អាច​យក​វាលើសពី​នេះ​បាន​ទេ ពីព្រោះ​មាន​អ្នកតាមដាន​ច្រើន។ យើង​ត្រូវ​ធ្វើ​[វា]​ឱ្យ​ឆាប់​បំផុត ហើយ​ត្រូវ​ដឹកជញ្ជូន​ចេញ​ឱ្យ​លឿន»

នៅក្នុង​ការប៉ុនប៉ង​ចុងក្រោយ​ដើម្បី​បញ្ចៀស​ពី​ការកាត់ក្តី ក្រុមមេធាវី​របស់​លោក គ្រី ម៉ះផល ដែល​ត្រូវបាន​ចុះឈ្មោះ​ជា​ក្រុមហ៊ុន​ជួយ​បញ្ចុះបញ្ចូល​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចាប់តាំង​ពី​ខែមករា ឆ្នាំ២០២២ មកនោះ បាន​ជំរុញ​ឱ្យ​តុលាការ​ច្រានចោល​សំណុំរឿង​នេះ ដោយ​លើក​ហេតុផល​ថា​លោក គ្រី ម៉ះផល ធ្វើ​តាម​បញ្ជា​ពី​រដ្ឋាភិបាល​កម្ពុជា។

សម្រាប់​ក្រុម​អ្នកអភិរក្ស ល្បិចកល​លាង​សម្អាត​សត្វ​ស្វា​ឱ្យ​ស្របច្បាប់​នេះ គឺជា​ការបញ្ជាក់​ពី​ការភ័យខ្លាច​ដ៏អាក្រក់​បំផុត​របស់​ពួកគេ​ដែលថា៖ ការប្រម៉ាញ់ និង​ការលាង​សម្អាត​សត្វស្វា​ឱ្យ​ស្របច្បាប់​ដែល​ត្រូវ​គេ​ចាប់​បាន​ពី​កម្ពុជា មិនមែន​ជា​អាកប្បកិរិយា​របស់​ក្រុម​ជនល្មើស​ប្រព្រឹត្តិ​អំពើ​ស្មោកគ្រោក​មួយ​ចំនួន​នោះទេ ក៏ប៉ុន្តែ​ជា​គោលនយោបាយ​ជាក់ស្តែង​របស់​រដ្ឋាភិបាល

វានរជាតិវិទូ (Primatologist) នៃ​អង្គការ​ការពារ​សិទ្ធិសត្វ​ឈ្មោះ PETA អ្នកស្រី លីសា ចន-អែនជែល (Lisa Jones-Engel) បាន​ប្រាប់​វិទ្យុអាស៊ីសេរី​ថា «នេះ​មានន័យថា​ ពុំមាន​ការផ្គត់ផ្គង់​សត្វស្វា​ដែល​មាន​សុវត្ថិភាព ស្របច្បាប់ និង​មាន​ការទទួលស្គាល់​តាមផ្លូវ​ច្បាប់​នោះទេ»។ អ្នកស្រី​បន្តថា «នៅពេល​ដែល​មាន​មនុស្ស​ដូចជា លោក គ្រី ម៉ះផល ជាប់​ពាក់ព័ន្ធ ធ្វើការ​ដោយ​បើកចំហរ​និង​និយាយ​ថា "ពិតជា​ល្អណាស់​សម្រាប់​ការរត់ពន្ធ​របស់​យើង" ... ​ការនិយាយ​នេះ​គឺចេញមក​​ពី​មាត់​មន្ត្រី​រដ្ឋាភិបាល​ដែល​ចុះ​ហត្ថលេខា​លើ​ឯកសារ​[អនុញ្ញាត​ឱ្យ​នាំស្វា​ចេញ]

អ្នកស្រី​បន្ថែមថា «លោក គ្រី ម៉ះផល គឺ​គ្រាន់​តែ​ជា​អ្នកសម្តែង​ធម្មតា​ម្នាក់​ទៀត​ប៉ុណ្ណោះ ពោលគឺ​មិន​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​ខុសប្លែក​ពី​មនុស្ស​ដទៃ​​នៅក្នុង​វីដេអូ​នោះ​ឡើយ»

អត្ថបទ​ស៊ើបអង្កេត​របស់​វិទ្យុអាស៊ីសេរី ផ្សាយ​កាលពី​ខែមុន បង្ហាញ​អំពី​ការជ្រៀតចូល​យ៉ាងជ្រៅ​នៃ ឧស្សាហកម្ម​វានរជាតិ (Primate) ទៅក្នុង​ចំណោម​ឥស្សរជន​ដែល​កំពុង​កាន់អំណាច​នៅ​កម្ពុជា រាប់ចាប់ពី​ក្រុមគ្រួសារ​ផ្ទាល់​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រហូតដល់​ស្ថាប័ន​បទប្បញ្ញត្តិ និង​អនុវត្ត​ច្បាប់ ដែលគួរតែ​មើលខុសត្រូវ​ត្រួតត្រា​លើ​ជំនួញ​នេះ

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​ការស្នើសុំ​អត្ថាធិប្បាយ​អំពីមូលហេតុ​ដែល​នាំឱ្យ​មន្ត្រី​សាធារណៈ​ចាំបាច់​ត្រូវ​លាក់បាំង​សកម្មភាព​របស់​ពួកគេ​ពី​ក្រុមអ្នកតាមដាន​នោះទេ។

ក្រុមហ៊ុន Vanny Group បាន​បដិសេធ​ការចោទប្រកាន់​ចម្បង​របស់​រដ្ឋអាជ្ញា​សហរដ្ឋអាមេរិក​ដែលថា​សត្វស្វាព្រៃ​ត្រូវបាន​គេ​លាង​សម្អាត​ឱ្យ​ស្របច្បាប់​តាមរយៈ​កសិដ្ឋាន​របស់ខ្លួន ហើយ​ដាក់បន្លំ​ធ្វើជា​សត្វស្វា​បង្កាត់​ពូជ​ចិញ្ចឹម​សម្រាប់​នាំចេញ

ទោះយ៉ាងណាក៏ដោយ នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុអាស៊ីសេរី កាលពី​ដើមឆ្នាំ​នេះ បុគ្គលិក​ម្នាក់​នៅ​កសិដ្ឋាន​បាន​និយាយ​ថា នៅឆ្នាំ២០២២ ការអនុវត្ត​ការចាប់​សត្វស្វាព្រៃ​បាន​ក្លាយ​ទៅជា​ទម្លាប់​ស្ទើរតែ​ដូច​តម្រូវការ​ទៅហើយ ទន្ទឹមនឹង​​ការកើនឡើង​នៃ​តម្លៃ ពោលគឺ​ច្រើនលើស​ពីការផ្គត់ផ្គង់​ស្របច្បាប់​ទៅទៀត។

បុគ្គលិក​ដែលបាន​និយាយ​ប្រាប់​វិទ្យុអាស៊ីសេរី ហើយ​មិនចង់​បង្ហាញ​អត្តសញ្ញាណ​ដោយ​បារម្ភ​ខ្លាច​ពី​ការសងសឹក បាន​និយាយថា «ពីមុន​មិនមាន​ស្វា​មិន​គ្រប់គ្រាន់​ទេ ដោយសារ​តម្រូវការ​ច្រើន ដូច្នេះ​ហើយ​យើង​បាន​ទិញ​វា​ពី​ភ្នំ​ក្បែរ​នោះ»

ពួក​គេ​បាន​បន្ថែម​ថា៖ «ប្រសិន​បើ​ស្វាទាំងនោះ​មាន​ភ្នែក​ល្អ រាង​កាយ​ល្អ រោម​ល្អ នោះ​យើង​បាន​នាំ​វា​ចេញ»«យើង​មាន​មន្ទីរ​ពិសោធន៍​សម្រាប់​ថ្លឹង​ទម្ងន់​ពួក​វា និង​ធ្វើ​តេស្ត​ឈាម​ដើម្បី​ដឹង​ថា​ស្វា​ទាំងនោះ​មាន​ជំងឺ​ឬ​អត់»

បុគ្គលិក​រូប​នោះ​បន្ត​ថា ការបញ្ចេញ​ខ្លឹមសារ​នៃ​ដីកាចោទប្រកាន់​ប្រឆាំង​នឹង​លោក គ្រី ម៉ះផល លោក កែវ អូម៉ាលីស និង​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន Vanny Group កាល​ពី​ខែវិច្ឆិកា​កន្លងទៅ បាន​បណ្តាល​ឱ្យ​មាន​ការផ្អាក​ការ​នាំ​ចេញ​សត្វស្វា​ពី​កសិដ្ឋាន

ពួកគេ​បានបន្ថែម​ថា មុនពេល​មាន​ដីការចោទប្រកាន់​នោះ ការនាំចេញ​សត្វស្វា​ទៅក្រៅ​ប្រទេស​របស់​កសិដ្ឋាន​ក្នុងឆ្នាំ២០២២ គឺមាន​ជាទៀងទាត់​នូវ «ស្វាភ្នំ» ចន្លោះពី ១០០ ទៅ ២០០ ក្បាល ដែលជា​ការរំលោភ​ច្បាប់ និង​បទប្បញ្ញត្តិ​អន្តរជាតិ​ដែល​គ្រប់គ្រង​ជំនួញ​សត្វ​យ៉ាងច្បាស់។

បុគ្គលិក​រូបនេះ​ទទូច​ថា នេះ​គឺ​ជាអ្វី​ដែល​បាន​កើត​ឡើង​តែ​នៅក្នុងឆ្នាំ២០២២​ប៉ុណ្ណោះ។ ទោះជា​យ៉ាងណា​ក៏ដោយ សំណុំរឿង​ប្តឹងផ្តល់​ដោយ​រដ្ឋអាជ្ញា​អាមេរិក បាន​ចោទប្រកាន់ថា​ សកម្មភាព​ខុសច្បាប់​បាន​កើតឡើង​នៅ​ចន្លោះ​ខែធ្នូ ឆ្នាំ២០១៧ រហូតដល់​ខែមករា ឆ្នាំ២០២២។

សំណុំរឿង​របស់​លោក គ្រី ម៉ះផល នឹង​ត្រូវ​តុលាការ​នៅ​ទីក្រុង​ម៉ាយអាមី បើក​សវនាការ​កាត់ទោស នៅ​ខែមិថុនា​ខាងមុខ។

 

No comments: