Thursday, 18 May 2023

សមត្ថកិច្ច​នាំ​ខ្លួន​លោក ថេង សាវឿន និង​ក្រុម​ការងារ​២​នាក់​ទៀត​ទៅ​ខេត្ត​រតនគិរី​វិញ


ដោយ ទីន ហ្សាការីយ៉ា
2023.05.18
សមត្ថកិច្ច​នាំ​ខ្លួន​លោក ថេង សាវឿន និង​ក្រុម​ការងារ​២​នាក់​ទៀត​ទៅ​ខេត្ត​រតនគិរី​វិញ 

ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា លោក ថេង សាវឿន (កណ្ដាល) និង​សហការី ២នាក់​ទៀត គឺ​លោក ញិល ភាព (ស្ដាំ) និងលោក ថាន់ ហាច (ឆ្វេង) ត្រូវ​សមត្ថកិច្ចស្នងការ​ខេត្ត​ក្រចេះ​ឃាត់ខ្លួន កាលពីថ្ងៃទី១៧ ឧសភា ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ



កម្លាំង​សមត្ថកិច្ច​ខេត្តរតនគិរី បាន​នាំ​ខ្លួន​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន និង​សហការី ២នាក់​ទៀត​របស់​លោក ទៅ​ស៊ើបសួរ​បន្ត​ទៀត​នៅ​ស្នងការ​ខេត្តរតនគិរី ក្រោយ​ពេល​ឃាត់​ខ្លួន កាល​ពី​ថ្ងៃ​ទី១៧ ឧសភា។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​សិទ្ធិមនុស្ស និង​បរិស្ថាន ស្នើ​ឱ្យ​សមត្ថកិច្ច​ដោះ​លែង​លោក ថេង សាវឿន និង​សហការី​របស់​លោក​ឱ្យ​មាន​សេរីភាព​វិញ ដើម្បី​ធានា​ដល់​លំហ​ការងារ​សង្គម​ស៊ីវិល។

លោក ថេង សាវឿន និង​សហការី​របស់​លោក​ទាំង ២នាក់ គឺ​លោក ញឹល ភាព និង​លោក ថាច់ ហាច ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខេត្តរតនគិរី បាន​នាំ​ខ្លួន​ពី​ស្នងការ​ខេត្តក្រចេះ មក​ស៊ើបសួរ​បន្ត​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​វិញ​ហើយ នៅ​រសៀល​ថ្ងៃ​ទី១៨ ខែឧសភា។



អ្នក​នាំ​ពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ស្នងការ​នគរបាល​ខេត្តរតនគិរី មិន​ទាន់​អនុញ្ញាត​ឱ្យ​មេធាវី​អង្គការ លីកាដូ និង​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក ចូល​ជួប​លោក ថេង សាវឿន នៅ​ឡើយ​ទេ ដោយ​លើក​ហេតុផល​ថា កម្លាំង​សមត្ថកិច្ច​មិន​ទាន់​បញ្ចប់​ការ​ស៊ើបសួរ​នៅ​ឡើយ។ លោក​បន្ថែម​ថា សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក និង​អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ នឹង​នៅតែ​បន្ត​តាមដាន​អំពី​ការ​ឃាត់​ខ្លួន​លោក ថេង សាវឿន និង​សហការី​របស់​លោក​បន្ត​ទៀត។

តំណាង​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បុគ្គលិក​សមាគម​ការពារ​សិទ្ធិមនុស្ស និង​បុគ្គលិក​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ ក៏​បាន​ចូល​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ កាល​ពី​ព្រឹក​ថ្ងៃ​ទី១៨ ខែឧសភា ដើម្បី​សួរ​នាំ​អំពី​ការ​ឃាត់​ខ្លួន​លោក ថេង សាវឿន និង​សហការី​របស់​លោក​ផង​ដែរ ប៉ុន្តែ ស្នងការ​នគរបាល​ខេត្តក្រចេះ​មិន​បាន​ឆ្លើយតប​អំពី​មូលហេតុ​នៃ​ការ​ឃាត់​ខ្លួន​នេះ​ឡើយ ដោយ​បាន​លើក​ឡើង​ថា មិន​ទាន់​បាន​ទទួល​ការ​អនុញ្ញាត​ពី​ថ្នាក់​លើ។

សមត្ថកិច្ច​ខេត្តក្រចេះ​បាន​ឃាត់​រថយន្ត​ក្រុម​ការងារ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ដែល​កំពុង​ធ្វើ​ដំណើរ​នៅ​តាម​ដង​ផ្លូវ​ពី​ខេត្តរតនគិរី ទៅ​ខេត្តក្រចេះ ហើយ​បាន​ឃាត់​ខ្លួន​លោក ថេង សាវឿន និង​បុគ្គលិក​សមាគម​សម្ព័ន្ធ​កសិករ​សហគមន៍​កម្ពុជា សរុប ១៧នាក់ ហើយ​បាន​ដកហូត​កំព្យូទ័រ Laptop ១៧គ្រឿង រួម​ទាំង​ទូរស័ព្ទ​របស់​ពួក​គេ​ទាំង​អស់ កាល​ពី​ថ្ងៃ​ទី១៧ ខែឧសភា។ សមត្ថកិច្ច​ខេត្តក្រចេះ​មិន​បាន​ប្រាប់​អំពី​ហេតុផល​នៃ​ការ​ឃាត់​ខ្លួន​នោះ​ឡើយ ដោយ​គ្រាន់តែ​បាន​អះអាង​ថា ការ​ឃាត់​ខ្លួន​នេះ គឺ​ធ្វើ​ឡើង​តាម​សំណើ​របស់​ស្នងការ​ខេត្តរតនគិរី តែប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ក្ដី សមត្ថកិច្ច​ខេត្តក្រចេះ​បាន​ដោះ​លែង​បុគ្គលិក​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ១៤នាក់​វិញ ក្រោយ​ពី​បាន​សាកសួរ​ពួក​គេ នៅ​ល្ងាច​ថ្ងៃ​ទី១៧ ខែឧសភា។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្តរតនគិរី លោក អ៊ុង សុភាព និង​អ្នក​នាំ​ពាក្យ​សាលា​ខេត្តរតនគិរី លោក នាង សំអាត ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ឡើយ នៅ​ថ្ងៃ​ទី១៨ ខែឧសភា ដោយ​ទូរស័ព្ទ​ចូល ប៉ុន្តែ​មិនមាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ សកម្មជន​សិទ្ធិមនុស្ស និង​បរិស្ថាន លោក សាន់ ម៉ាឡា យល់​ឃើញ​ថា ការ​បន្ត​ឃុំ​ខ្លួន​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន និង​សហការី​របស់​លោក មិន​ត្រឹមតែ​ជា​ការ​គំរាម​កំហែង​ទៅ​លើ​ស្ថាប័ន​នេះ​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្ហាញ​អំពី​ការ​គំរាម​កំហែង​សេរីភាព​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ ទៀត។ លោក​ស្នើ​ដល់​កម្លាំង​សមត្ថកិច្ច​ត្រូវ​ដោះ​លែង​លោក ថេង សាវឿន និង​សហការី​របស់​លោក​ឱ្យ​មាន​សេរីភាព​ជា​បន្ទាន់។

សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ហៅ​កាត់​ថា CCFC ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ២០១១ ដោយ​សហគមន៍​កសិករ​ចំនួន១០ ដែល​រង​ការ​រំលោភបំពាន​សិទ្ធិ​ដីធ្លី។ គិត​ត្រឹម​ឆ្នាំ២០២៣ សមាគម​នេះ​មាន​សមាជិក ដែល​ជា​កសិករ​ជិត ២ម៉ឺន​នាក់ (១៧.៩០០) មក​ពី​បណ្ដា​ខេត្ត​ចំនួន១០ នៅ​ទូទាំង​ប្រទេស។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​ឃាត់​ខ្លួន​លោក ថេង សាវឿន និង​សហការី​របស់​លោក គឺ​បណ្ដាល​មក​ពី​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បាន​ធ្វើការ​យ៉ាង​សកម្ម​ក្នុង​ការ​ពង្រឹង​សិទ្ធិ​អំណាច​កសិករ ដែល​រងគ្រោះ​ពី​ការ​រំលោភ​បំពាន​ដីធ្លី​ឱ្យ​ចេញ​តវ៉ា​ទាមទារ​សិទ្ធិ​របស់​ពួក​គេ៕

No comments: