ដោយ សេក បណ្ឌិត
2023.05.31
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានវាយខ្នោះលោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន និងអ្នកគាំទ្រគណបក្សនេះ បើហ៊ានធ្វើបាតុកម្មទាមទារឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ខាងមុខ។ ជុំវិញរឿងនេះ លោក រ៉ុង ឈុន សុំមិនឆ្លើយតបទៅនឹងការព្រមានរបស់លោក ហ៊ុន សែន ដោយគ្រាន់តែបញ្ជាក់ថា គម្រោងប្រមូលផ្ដុំរបស់គណបក្សភ្លើងទៀន គឺធ្វើដោយសន្តិវិធី និងត្រូវធ្វើដោយមានការជូនដំណឹងទៅអាជ្ញាធរពាក់ព័ន្ធត្រឹមត្រូវ។
លោក ហ៊ុន សែន ដែលចោទប្រកាន់ថា គណបក្សភ្លើងទៀនមានល្បិច មិនចូលរួមការបោះឆ្នោតមុខនោះប៉ុន្តែ នៅពេលគណបក្សនេះស្នើធ្វើបាតុកម្មដោយសន្តិវិធីដើម្បីទាមទារចូលរួមការបោះឆ្នោត លោក ហ៊ុន សែន បែរជាព្រមានវាយខ្នោះមេដឹកនាំគណបក្សភ្លើងទៀន និងសកម្មជនគណបក្សនេះ បើពួកគេហ៊ានចេញមុខធ្វើបាតុកម្មទៅវិញ។ លោក ហ៊ុន សែន ព្រមានទុកជាមុនថា ប្រសិនបើក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ មិនយល់ព្រមឱ្យគណបក្សភ្លើងទៀនធ្វើបាតុកម្ម ទេ តែ គណបក្សនេះនៅតែប្រមូលផ្តុំគ្នា តស៊ូមតិ លោកនឹងបញ្ជាឱ្យសមត្ថកិច្ចវាយខ្នោះមេដឹកនាំបាតុកម្មនោះ និងបាតុកររបស់គណបក្សភ្លើងទៀនភ្លាមៗនៅនឹងកន្លែង។ លោក ហ៊ុន សែន ថែមទាំងថ្លែងលូកលាន់ចូលកិច្ចការផ្ទៃក្នុងគណបក្សភ្លើងទៀនទៀតថា ពេលនេះ មានតែមេដឹកនាំគណបក្សភ្លើងទៀនម្នាក់ទេ ដែលរឹងរូសទាមទារធ្វើបាតុកម្ម នោះគឺអនុប្រធានគណបក្សនេះ លោក រ៉ុង ឈុន។ លោក ហ៊ុន សែន ចោទប្រកាន់ថាលោក រ៉ុង ឈុន ថា ជាថៅកែបាតុកម្មច្រើនទសវត្សមកហើយ គឺល្មមដល់ពេលឈប់ធ្វើបាតុកម្ម ហើយកំលោះចាស់រូបនេះ គួរយកប្រពន្ធបង្កើតមានកូនបន្តពូជ ដើម្បីបន្តវេនធ្វើបាតុកម្មទៅថ្ងៃអនាគតទៀត។
លោក ហ៊ុន សែន៖ «ហ៊ុន សែន តែនិយាយហើយធ្វើលោកឯងសាកល្បងលមើលចេញមកកណ្ដាលថ្ងៃត្រង់ ចេញមកឥឡូវមកបើលោកឯងពូកែ ខ្ញុំនឹងឱ្យវាយខ្នោះភ្លាម ហើយវាយខ្នោះហើយមិនបាច់ទុកនៅភ្នំពេញទេ បញ្ជូនទៅឯណោះខេត្តឆ្ងាយបន្តិចឱ្យវាទៅស៊ីបាយនៅហ្នឹងចុះស្អីឡើងបាតុកម្មៗ មើលរំលត់អាក្រុមបាតុកម្មហ្នឹងម្ដងមើលឯងធ្វើថៅកែបាតុកម្មហ្នឹងប៉ុន្មានឆ្នាំហើយ ប៉ុន្មានទសវត្សហើយ ឥឡូវឯងចង់ធ្វើទៀត ឯងចង់សាកមើល?។ »)
លោក ហ៊ុន សែន ថ្លែងដូច្នេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នៅរាជធានីភ្នំពេញថ្ងៃទី៣១ ខែឧសភា។
បើទោះជាលោក ហ៊ុន សែន ចោទមេដឹកនាំគណបក្សភ្លើងទៀន មិនចេញឈ្មោះក្ដី តែមនុស្សដែលលោកចង់សំដៅគ្មានអ្នកណាក្រៅពីអនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ទេ។ លោក រ៉ុង ឈុន មុនចូលរួមធ្វើមេដឹកនាំនយោបាយជាមួយគណបក្សភ្លើងទៀន លោកជាមេដឹកនាំ សហជីព អ្នកការពារសិទ្ធិគ្រូបង្រៀន និងជាអ្នកតស៊ូតាមរយៈការដឹកនាំធ្វើបាតុកម្មដ៏លេចធ្លោម្នាក់។
ប្រតិកម្មរបស់លោក ហ៊ុន សែន បែបនេះធ្វើឡើងក្រោយពេលគណបក្សភ្លើងទៀន គ្រោងប្រមូលផ្ដុំសមាជិកបក្ស ១ម៉ឺននាក់ តស៊ូមតិនៅទីលានប្រជាធិបតេយ្យតស៊ូដើម្បីស្នើទៅគ.ជ.ប ឱ្យផ្ដល់សិទ្ធិដើម្បីគណបក្សនេះអាចចូលរួមថ្ងៃទី២៣ ខែកក្កដាខាងមុខ។
ទាក់ទងការព្រមានរបស់លោក ហ៊ុន សែន ពេលនេះ លោក រ៉ុង ឈុន ឱ្យវិទ្យុអាស៊ីសេរីដឹងថា គ្រប់ភាគីពាក់ព័ន្ធគួរនាំគ្នាគោរពច្បាប់ នៃការសម្ដែងមតិ ដោយសន្តិវិធី ដែលនេះជាសិទ្ធិរបស់ពលរដ្ឋ ដែលត្រូវបានការពាររដ្ឋធម្មនុញ្ញ។ លោក រ៉ុង ឈុន ក៏ចង់ឃើញរដ្ឋាភិបាល បើកទូលាយឱ្យពលរដ្ឋអាចប្រើប្រាស់សិទ្ធិសម្ដែងមតិរបស់ខ្លួននៅពេលពួកគេមិនពេញចិត្តការសម្រេចណាមួយរបស់ស្ថាប័នជាតិ។ អនុប្រធានគណបក្សភ្លើងទៀនរូបនេះ ឱ្យដឹងទៀតថា មកពេលនេះ គណបក្សភ្លើងទៀន នៅតែប្រកាន់ជំហរជួបជុំសម្ដែងមតិដោយសន្តិវិធីដដែល ហើយគណបក្សកំពុងរៀបចំលិខិតជូនដំណឹងដាក់ជូនស្ថាប័នពាក់ព័ន្ធ ។ លោក រ៉ុង ឈុន បញ្ជាក់ថា ប្រសិនបើអាជ្ញាធរឆ្លើយតបបែបណា គណបក្សភ្លើងទៀន នឹងមានការសម្រេចចិត្តថ្មីទៀតក្នុងការរកដំណោះស្រាយដើម្បីឱ្យគណបក្សនេះអាចចូលរួមការបោះឆ្នោតបាន។
លោករ៉ុងឈុន៖ «នៅពេលយើងជូនដំណឹងបើសិនជាអាជ្ញាធរពាក់ព័ន្ធបដិសេធយើងនឹងដកឃ្លា មកជជែកពិភាក្សាគ្នាថាតើយើងនឹងត្រូវធ្វើបែបម៉េច សម្រេចចិត្តធ្វើម៉េច មិនមែនយើងចេះតែធ្វើៗនោះទេហើយអ្វីដែលលោកនាយករដ្ឋមន្ត្រីបានលើកឡើងហ្នឹងគាត់នឹងមានវិធានការចំពោះតែយើងធ្វើមិនមានច្បាប់ទម្លាប់នោះទេបាទ។ »)
គិតមកដល់ពេលនេះ លោក រ៉ុង ឈុន មិនទាន់អាចបញ្ជាក់ថា ការជួបជុំសម្ដែងមតិរបស់គណបក្សភ្លើងទៀន នឹងធ្វើនៅថ្ងៃណានៅឡើយទេ ដោយត្រូវរង់ចាំគណបក្សនេះដាក់លិខិតទៅអាជ្ញាធរពាក់ព័ន្ធ ជាមុនសិន។ ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់សារព័ត៌មានក្នុងស្រុករួចហើយថា ក្រសួងមហាផ្ទៃមិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀន ជួបជុំសម្ដែងមតិនេះទេ ព្រោះការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលមិនអនុញ្ញាតឱ្យគណបក្សនេះចូលរួមការបោះឆ្នោតជាការសម្រេចបិទផ្លូវចុងក្រោយហើយ។
ទាក់ទងរឿងនេះដែរ វិទ្យុអាស៊ីសេរីមិនអាចបញ្ជាក់ណាមួយពីអភិបាលសាលារាជធានីភ្នំពេញលោក ឃួង ស្រេង បានទេនៅថ្ងៃទី៣១ ខែឧសភា។ ចំណែក មន្ត្រីសង្គមស៊ីវិល ចង់ឃើញគណបក្សមានឥទ្ធិពលទាំង២គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន គួរជជែកគ្នារកដំណោះស្រាយដើម្បីផ្ដល់ប្រយោជន៍ដល់ពលរដ្ឋនិងសង្គមជាតិ ជាជាងប្រឈមហិង្សាដាក់គ្នា។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត ថាលោក មិនចង់ឃើញ មានការចាប់ខ្លួនពលរដ្ឋ ឬអ្នកនយោបាយណាមួយ ព្រោះតែការប្រើប្រាស់សិទ្ធិសេរីភាពនៃការប្រមូលផ្ដុំដោយសន្តិវិធីនោះទេ។ លោក អំ សំអាត លើកទឹកចិត្តទៅ អ្នកនយោបាយគ្រប់ភាគី គួរផ្ដល់ភាពចាស់ទុំ គឺដោះស្រាយបញ្ហាដោយការជជែកគ្នា។
លោកអំសំអាត៖ «ទទូចស្នើសុំធ្វើម៉េច គឺការចរចាគ្នាដោយសន្តិវិធីណាហើយស្របទៅតាមប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សជៀសវាងការដោះស្រាយតាមបែបព្រឹត្តិការណ៍អីមួយកើតឡើងដោយហិង្សា យើងចង់ឃើញតែការចរចា ដោយសន្តិវិធី ដោយសន្តិភាព និងអហិង្សា ហើយដោះស្រាយទាំងអស់គ្នា។ »)
កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន ទម្លាក់កំហុសទៅថ្នាក់ដឹកនាំគណបក្សភ្លើងទៀនថា គណបក្សនេះប្រើល្បិចមិនចង់ចូលរួមការបោះឆ្នោត ព្រោះចង់ឱ្យអន្តរជាតិដាក់គំនាបលើរដ្ឋាភិបាលរបស់លោក។ លោក ហ៊ុន សែន ចោទប្រកាន់ទាំងគ្មានភស្តុតាងថា គណបក្សភ្លើងទៀន មានឯកសារច្បាប់ដើម នៃចុះបញ្ជីរបស់គណបក្ស ប៉ុន្តែ ថ្នាក់ដឹកនាំគណបក្សនេះ មិនយកប្រើប្រាស់ទេ ព្រោះមិនចង់ចូលរួមការបោះឆ្នោត។ លោក រ៉ុង ឈុន យល់ថា បើលោក ហ៊ុន សែន ចង់ដឹងថា គណបក្សភ្លើងទៀន ចង់ចូលរួមការបោះឆ្នោត ឬមិនចង់ចូលរួមការបោះឆ្នោតទេ លោក ហ៊ុន សែន គួរផ្ដល់ឱកាសបើកផ្លូវឱ្យគណបក្សនេះអាចចូលរួមការបោះឆ្នោត ថ្ងៃទី២៣ ខែកក្កដា ខាងមុខ៕
No comments:
Post a Comment