2023.06.11
![អ្នកវិភាគនយោបាយថា អ្នកចំណេញពីការស្លាប់របស់ បណ្ឌិត កែម ឡី គឺ លោក ហ៊ុន សែន អ្នកវិភាគនយោបាយថា អ្នកចំណេញពីការស្លាប់របស់ បណ្ឌិត កែម ឡី គឺ លោក ហ៊ុន សែន](https://www.rfa.org/khmer/news/politics/analyst-said-profiteer-of-kem-ley-death-is-hun-sen-06112023054818.html/@@images/fe473e00-964a-43b6-98db-797264ffe2ec.jpeg)
អ្នកវិភាគនយោបាយអះអាងថា លោក ហ៊ុន សែន គឺជាអ្នកកេងចំណេញ ពីការស្លាប់របស់ បណ្ឌិត កែម ឡី ពីព្រោះ បណ្ឌិត កែម ឡី តែងតែរិះគន់ និងលាតត្រដាងអាថ៌កំបាំងមួយចំនួនក្រោមការដឹកនាំដោយ លោក ហ៊ុន សែន ដូច្នេះអស់ពីលោកបណ្ឌិត លោក ហ៊ុន សែន កាន់តែហ៊ានប្រព្រឹត្តអំពើខុសច្បាប់ដោយបើកចំហ។ ការលើកឡើងបែបនេះគឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទសួរថា តើអ្នកណាទទួលផលចំណេញពីការស្លាប់របស់ លោក កែម ឡី និងថែមទាំងរំលឹកពីគុណសម្បត្តិថា លោកជាអ្នកជួយចេញថវិកា បុណ្យខួប១០០ថ្ងៃ លោក បណ្ឌិត កែម ឡី ទៀតផង។
អ្នកវិភាគនយោបាយយល់ឃើញថា ការណ៍ដែល លោក ហ៊ុន សែន អួតអាងពីគុណសម្បត្តិជួយដល់ក្រុមគ្រួសារ បណ្ឌិត កែម ឡី គឺជារឿងដ៏អាម៉ាស់ និងបង្ហាញពីការបរាជ័យនៃរដ្ឋាភិបាល លោក ហ៊ុន សែន ដែលមិនអាចវែកមុខឃាតករកយុត្តិធម៌ជូនបណ្ឌិត កែម ឡី។
អ្នកវិភាគនយោបាយ លោក គឹម សុខ កត់សំគាល់ថា លោក ហ៊ុន សែន ចោទគណបក្សប្រឆាំង ថាកេងចំណេញនយោបាយ ដោយយកការធ្វើបុណ្យឱ្យបណ្ឌិត កែម ឡី ជាដើមទុន ប៉ុន្តែ លោក ហ៊ុន សែន ភ្លេចខ្លួនថា លោកកំពុងទាញប្រជាប្រិយភាព បណ្ឌិត កែម ឡី តាមរយៈការជួយថវិកាកសាងចេតិយ។ លោកបន្តថា លោក ហ៊ុន សែន គួរតែស្វែងរកឃាតកមកដាក់ទោសប្រសើរជាងទម្លាក់កំហុសលើអ្នកដទៃដើម្បីតាំងខ្លួនជាសប្បុរសជន។
លោក គឹម សុខ៖ «តាំងពី លោក ឈុត វុទ្ធី ព្រះអង្គ សំ ប៊ុនធឿន លោក ជា វិជ្ជា លោក កែម ឡី ក្ដីកាលណា លោក ហ៊ុន សែន មិនហ៊ានស្រាវជ្រាវ ស៊ើបអង្កេតរកឃាតកដែលត្រូវទទួលខុសត្រូវឱ្យពិតប្រាកដទេ ចង់ឬមិនចង់ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិគេចោទប្រកាន់ លោក ហ៊ុន សែន ថាជាអ្នកពាក់ព័ន្ធហើយ ពីព្រោះគាត់ត្រូវទទួលខុសត្រូវរកយុត្តិធម៌ទាំងខ្ញុំទាំងគេសង្ស័យលើ លោក ហ៊ុន សែន ទាំងគ្នាហ្នឹងពីព្រោះ លោក ហ៊ុន សែន គេចពីការទទួលខុសត្រូវមិនអ៊ីចឹង»។
ប្រតិកម្មរបស់អ្នកវិភាគរូបនេះគឺបន្ទាប់ពី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺន ៦ពាន់នាក់ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅថ្ងៃទី១០ មិថុនា ដោយចោទសួរថា តើអ្នកណាទទួលផលចំណេញពីការស្លាប់របស់ លោក កែម ឡី និងឆ្លៀតចោទប្រកាន់គណបក្សប្រឆាំង ថា បានកេងចំណេញថវិកាពីការធ្វើបុណ្យបណ្ឌិត កែម ឡី។ លើសពីនេះ លោក ហ៊ុន សែន ថែមទាំងឃោសនាថា ខ្លួនជាអ្នកជួយសាងសង់ ចេតិយនិងធ្វើបុណ្យខួបឱ្យបណ្ឌិតទៀតផង។
លោក ហ៊ុន សែន៖ «តើអ្នកណាទទួលបានផលប្រយោជន៍ពីការស្លាប់ លោក កែម ឡី រដ្ឋាភិបាល និងគណបក្សប្រជាជនជាអ្នកខាតបង់ដោយសារគេចោទយើងជាអ្នកសម្លាប់ឥឡូវជឿទេ ហេតុអីជាប្អូនរបស់ កែម ឡី យុវជន១០០រាត្រីរបស់ កែម ឡី ចូលមកគណបក្សប្រជាជនអស់ហើយ ដែលតាំងខ្លួនថាគេយុវជន កែម ឡី យុវជន១០០រាត្រីចូលមកជាមួយ ហ៊ុន សែន អស់ទៅព្រោះគេមិនជឿទៅលើការបោកប្រាស់របស់អាចង្រៃទាំងហ្នឹងនិយាយពីធ្វើនោះធ្វើ ម៉ែធ្វើយកជំនាញខ្មោចតើ»។
លោកបណ្ឌិត កែម ឡី ដែលពលរដ្ឋស្គាល់ថា អ្នកវិភាគពីបញ្ហានយោបាយ និងសង្គមដ៏មានប្រជាប្រិយភាព តែងជីកកកាយរឿងអាថ៌កំបាំងមួយចំនួនដែលពាក់ព័ន្ធនឹងរដ្ឋាភិបាល លោក ហ៊ុន សែន ត្រូវបានឃាតកបាញ់សម្លាប់នៅក្នុងហាងលក់កាហ្វេក្នុងស្ថានីយចាក់សាំងមួយនៅកាច់ជ្រុងស្តុបបូកគោ កាលពីព្រឹកថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦ ។ បើទោះបីជាអាជ្ញាធរចាប់បានជនល្មើស ឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ ដែលអះអាងថាខ្លួន ឃាតកសម្លាប់បណ្ឌិត កែម ឡី យ៉ាងណាក៏ដោយ ក៏ពលរដ្ឋ អង្គការជាតិ និងក្រុមគ្រួសារលោក បណ្ឌិត យល់ឃើញថា ឃាតកម្មនេះគឺជាប់ពាក់ព័ន្ធអ្នកកាន់អំណាចដែលជាហេតុមិនអាចវែកមុខឃាតកពិតដើម្បីរកយុត្តិធម៌ជូន បណ្ឌិត កែម ឡី។
ជុំវិញបញ្ហានេះ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ មានប្រសាសន៍ថា នរណាចង់ធ្វើបុណ្យខួបឱ្យបណ្ឌិត កែម ឡី នោះគឺជាការគោរពចំពោះវីរភាពក្នុងនាមជាអ្នកលះបង់អាយុជីវិតបង្ហាញពីការពិតនៅក្នុងសង្គម។ លោកបន្តថា បើលោក ហ៊ុន សែន ចង់រកការពិតថាអ្នកណាកេងចំណេញពី លោក បណ្ឌិត នោះគួរតែស្រាវជ្រាវមានភស្តុតាងត្រឹមត្រូវបើពុំដូច្នេះទេ នឹងធ្វើឱ្យមានការយល់ច្រឡំ។
លោក កើត សារ៉ាយ៖ «តាមផ្លូវច្បាប់ដរាបណាមិនអាចស្វែងរកជនល្មើសឱ្យពិតប្រាកដដែលយើងនៅមានការសង្ស័យថា ការសម្លាប់ បណ្ឌិត កែម ឡី វាមិនមែនជាបទល្មើសជំពាក់លុយអីនោះទេ ពីព្រោះយើងឃើញកន្លងមកហើយថា ជួប សម្លាប់ ចោទលោក បណ្ឌិតថាជំពាក់លុយដែលមើលសមាសភាព ជួប សម្លាប់ ហ្នឹងមិនសមមានលុយឱ្យ លោក បណ្ឌិត ខ្ចីនោះហើយមកថាដោយបញ្ហាជំពាក់លុយដូច្នេះយើងមិនដែលជឿ មិនដែលគិតថារឿងបែបនោះមានការសម្លាប់ លោក បណ្ឌិត ទេ»។
លោក កើត សារ៉ាយ បន្ថែមថា នៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ លោក និងក្រុមយុវជនសង្គមគ្រោងនឹងធ្វើបុណ្យខួបលើកទី៧ឆ្នាំ ជូនលោក បណ្ឌិត កែម ឡី ដើម្បីជាការគោរព និងដឹងគុណចំពោះវីរបុរសស្នេហាជាតិ។
កាលពីពេលថ្មីៗនេះប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានចោទប្រកាន់ថា លោក ហ៊ុន សែន គឺជាមេឃាតកនៅពីក្រោយការស្លាប់របស់បណ្ឌិត កែម ឡី និងអ្នកស្នេហាជាតិជាច្រើននាក់ទៀត ដូចជា ព្រះតេជព្រះគុណ សំ ប៊ុនធឿន លោក ជា វិជ្ជា និងលោក ឈុត វុទ្ធី ជាដើម។ ក្រៅពីនេះនៅមានការសម្លាប់ខ្មែររាប់ម៉ឺននាក់ក្រោមហេតុផលផែនការ "ក៥" ការសម្លាប់ជនស៊ីវិល និងមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិចរាប់សិបនាក់ក្នុងអំពើរដ្ឋប្រហារដណ្ដើមអំណាចរបស់លោក ហ៊ុន សែន ឆ្នាំ១៩៩៧ ។ លើសពីនេះការបោកគ្រាប់បែកលើហ្វូងបាតុករនៅមុខរដ្ឋសភាចាស់ឆ្នាំ១៩៩៧ ការបាញ់សម្លាប់កម្មកររោងចក្រនៅផ្លូវវេងស្រេង ករណីទាំងនេះត្រូវបានគេចោទថា ជាប់ពាក់ព័ន្ធនឹងរដ្ឋអំណាចរបស់លោក ហ៊ុន សែន ដែលពុំមានការស៊ើបអង្កេត និងការកាត់ទោសណាមួយត្រឹមត្រូវនៅឡើយទេ។
អ្នកវិភាគ និងមន្ត្រីអង្គការស៊ីវិលមិនរំពឹងថា រដ្ឋាភិបាល លោក ហ៊ុន សែន នឹងរកយុត្តិធម៌ជូន លោកបណ្ឌិត កែម ឡី នោះឡើយ ប៉ុន្តែពួកគាត់ចង់ឃើញអាជ្ញាធរទាំងនោះចេះសហការគ្នា និងមិនយកខ្មែរគ្នាឯងធ្វើជាសត្រូវ៕
No comments:
Post a Comment