2023.06.18
អាជីវករលក់ដូរនៅតាមផ្សារ និងទីប្រជុំជនមួយចំនួនក្នុងរាជធានីភ្នំពេញ ត្អូញត្អែរលក់ទំនិញមិនដាច់ ធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងគ្មានលុយសងបំណុលធនាគារ។ មន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលសម្របសម្រួលជាមួយវិស័យឯកជន និងវិស័យធនាគារ ឱ្យពន្យារពេលឬបន្ធូរបន្ថយដល់ការសងបំណុល ដើម្បីផ្ដល់លទ្ធភាពដល់ពលរដ្ឋស្ដារសេដ្ឋកិច្ចរបស់ខ្លួន។
ផ្សារលក់ដូរទំនិញ ម្ហូបអាហារ និងសំលៀកបំពាក់ នៅរាជធានីភ្នំពេញ ដែលធ្លាប់តែមានមនុស្សដើរទិញទំនិញជាហូរហែ ពេលនេះក្លាយជាស្ងប់ស្ងាត់ ដោយមានតែតូប និងអ្នកលក់តែប៉ុណ្ណោះ។
អាជីវករលក់ខោអាវនៅផ្សារអូរឫស្សី លោកស្រី គឹម លន់ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៧ ខែមិថុនា ថា មួយរយៈនេះមិនសូវមានពលរដ្ឋមកដើរផ្សារនោះឡើយ សូម្បីតែក្នុងថ្ងៃចុងសប្ដាហ៍។ លោកស្រីបន្តថា ពលរដ្ឋមួយចំនួនចាប់ផ្ដើមចាយវាយរឹតត្បិតជាងមុន និងមិនងាយដើរទិញទំនិញនោះឡើយ។ អាជីវកររូបនេះបន្ថែមថា ការបាត់បង់អតិថិជនធ្វើឱ្យប៉ះពាល់ដល់ជីវភាពអាជីវករគ្រប់គ្នា ជាពិសេសអ្នកដែលជាប់បំណុលធនាគារ បង់រំលស់ផ្ទះ ឬដីជាដើម។
លោកស្រី គឹម លន់៖ «សម្រាប់អ្នកដែលជួលតូចគេដូចខ្ញុំជាដើម គឺប៉ះពាល់ខ្លាំងមែនទែន។ អ៊ីចឹងខ្ញុំសូមសំណូមពរពីខាងអាជីវករមិនថា តែផ្សារអូរឫស្សី ឬផ្សារណាក៏ដោយចុះ ទូទាំងព្រះរាជាណាចក្រកម្ពុជា សូមសំណូមពរដល់អ្នកដែលមានតូបជួលឱ្យពួកខ្ញុំ អ្នកដែលមានផ្ទះជួលឱ្យគេគ្រប់ៗគ្នា ប្រសិនបើអាចជួយចុះថ្លៃតូប ជួយចុះថ្លៃផ្ទះ ឱ្យអាជីវករគ្រប់ៗគ្នាផងទៅ ព្រោះអីវាពិតជាពិបាកខ្លាំងមែនទែន! ហើយយើងមិនដឹងថា ទៅស្រែករកអ្នកណាឱ្យជួយទេ»។
ចំណែក អាជីវករម្នាក់ទៀតលក់សម្ភារៈសិក្សានៅផ្សារស្ទឹងមានជ័យ លោកស្រី ធឿន រដ្ឋា ត្អូញត្អែរថា ថ្ងៃខ្លះគ្មានអ្នកទិញទំនិញពីហាងលោកស្រីសូម្បីតែម្នាក់។ លោកស្រីបន្តថា ដោយសារគ្មានអ្នកដើរផ្សារ អាជីវករមួយចំនួនមកបើកតូបលក់តែមួយព្រឹក ហើយត្រឡប់ទៅផ្ទះវិញនៅពេលថ្ងៃត្រង់ ដែលធ្វើឱ្យផ្សារកាន់តែស្ងាត់ជាងមុន។ លោកស្រីបន្ថែមថា ថ្ងៃខ្លះលោកស្រីលក់មិនបានប្រាក់សូម្បីតែ១រយរៀល តែតម្លៃតូបនៅតែថេរដោយក្នុងមួយខែមានតម្លៃ ៣០០ដុល្លារ គ្មានការចុះថ្លៃនោះឡើយ។
លោកស្រី ធឿន រដ្ឋា៖ «អត់មានមនុស្សទេឥឡូវហ្នឹង! ពួកហ្នឹង (អាជីវករ) គេមកបើកតូបម៉ោង៩ ម៉ោង១០ បានគេមកបើក។ អត់មានមនុស្សដើរស្ងាត់ច្រៀបហ្នឹង។ ឥឡូវហ្នឹងក៏អត់មានមនុស្សដែរ! មានមួយៗដើរ។ និយាយទៅមួយថ្ងៃទល់យប់ហ្នឹង មានមួយៗដើរ អត់សូវមានច្រើនដូចមុនទេ។ អត់មានមនុស្សដើរតែម្ដង មានតែអ្នកលក់អង្គុយហ្នឹង»។
ក្រៅពីផ្សារអូរឫស្សី អាជីវករនៅផ្សារធំថ្មី ផ្សារបឹងកេងកង ផ្សារទួលទំពូង និងផ្សារដើមគ ដែលសុទ្ធតែជាផ្សារធំៗក្នុងរាជធានីភ្នំពេញ ក៏ត្អូញត្អែរពីបញ្ហានេះនៅលើបណ្ដាញសង្គម ដោយថតវីដេអូ ឬរូបភាពបង្ហាញពីទិដ្ឋភាពស្ងាត់ជ្រងំនៅពេលព្រឹក ឬពេលថ្ងៃត្រង់ ដែលជាពេលធ្លាប់តែមានមនុស្សដើរច្រើនបំផុត។ ពួកគាត់លើកឡើងស្រដៀងៗគ្នាថា ស្ថានភាពសេដ្ឋកិច្ចក្នុងឆ្នាំ២០២៣ នេះ គឺពិបាកជាងក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ កាលពីឆ្នាំ២០២០ និង២០២១ ទៅទៀត។ អាជីវករត្អូញត្អែរថា ថ្វីត្បិតពួកគាត់មិនអាចរកចំណូលបានមែន តែធនាគារ និងក្រុមហ៊ុនបង់រំលស់ នៅតែបន្តយកការប្រាក់ និងសំណង ដោយគ្មានការលើកលែង រហូតដល់មានអ្នកខ្លះត្រូវបានធនាគារនិងក្រុមហ៊ុនទាំងនោះរឹបអូសអចលទ្រព្យដោយសារគ្មានលទ្ធភាពបង់។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន និងប្រធានអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៧ ខែមិថុនា។
ជុំវិញរឿងនេះ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ឃើញថា កត្តាដែលនាំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៅពេលនេះ គឺបណ្ដាលមកពីវិបត្តិសេដ្ឋកិច្ចពិភពលោក បង្កឡើងដោយសង្គ្រាមរវាង រុស្សី(Russia) និងអ៊ុយក្រែន(Ukraine) និងការបិទរោងចក្រធ្វើឱ្យកម្មកររាប់ម៉ឺននាក់បាត់បង់ការងារ។ លោកបន្តថា នៅក្នុងស្ថានភាពបែបនេះ រដ្ឋាភិបាលគួរតែសម្របសម្រួលជាមួយវិស័យឯកជន មានដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនអចលនទ្រព្យជាដើម ដើម្បីទុកឱកាសឱ្យវិស័យឯកជនខ្នាតតូច និងមធ្យម អាចស្ដារលទ្ធភាពផ្នែកហិរញ្ញវត្ថុឡើងវិញ។
លោក សន ជ័យ៖ «ឬក៏ស្ថានភាពសព្វថ្ងៃនេះ អាជីវករធំៗ គួរតែមានយន្តការសម្របសម្រួលក្នុងការជជែករកដំណោះស្រាយ។ ក្នុងនោះក៏យើងចង់ឃើញការអន្តរាគមន៍ ឬក៏វិធានការរបស់រដ្ឋាភិបាលដែរ ដើម្បីធ្វើការជាមួយវិស័យឯកជន»។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្យាករណ៍ថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចជិត៦ (៥.៦) ភាគរយនៅឆ្នាំ២០២៣។ ប៉ុន្តែរបាយការណ៍វាយតម្លៃរបស់ធនាគារពិភពលោក នៅដើមឆ្នាំ២០២៣ បង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងកើនឡើងក្នុងរង្វង់ ៥,៥ ភាគរយនៅឆ្នាំ២០២៣ និង៦ភាគរយក្នុងឆ្នាំ២០២៤ ដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម។ ធនាគារពិភពលោកថា អតិផរណានៅកម្ពុជាកំពុងកើនខ្ពស់ជាងមុន និងបង្កផលប៉ះទង្គិចខ្លាំងទៅលើជីវភាពរបស់គ្រួសារក្រីក្រ ដែលក្នុងនោះមានគ្រួសារខ្លះត្រូវបានបង្ខំចិត្តកាត់បន្ថយបរិមាណអាហារហូបចុករបស់ខ្លួន និងឈប់ឱ្យកូនទៅរៀនទៀតផង៕
No comments:
Post a Comment