ដោយ សន ចាន់រដ្ឋា
2023.06.19
អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល។
រូប៖ រដ្ឋបាលក្រុងប៉ោយប៉ែត
ពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យព្រួយបារម្ភចំពោះសុវត្ថិភាពដោយសារការកើននូវបទល្មើសឧក្រិដ្ឋកម្មបាញ់សម្លាញ់មនុស្ស។ ក្ដីបារម្ភរបស់ពលរដ្ឋបែបនេះធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យជនជាតិចិន និងខ្មែរចំនួន ២នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនដូចគ្នា។
ជនជាតិចិនមួយចំនួនតែងមានអាវុធប្រើប្រាស់សម្លាប់មនុស្សជាបន្តបន្ទាប់ ដែលធ្វើឱ្យពលរដ្ឋខ្មែរម្ចាស់ស្រុកព្រួយបារម្ភពីសុវត្ថិភាព។
ពលរដ្ឋម្នាក់រស់នៅក្រុងប៉ោយប៉ែតលោកស្រី សរ សុជាតិ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៨ ខែមិថុនាថា លោកស្រីព្រួយបារម្ភនៅពេលឃើញមានជនបរទេសមករស់នៅលើទឹកដីខ្មែរមានអាវុធកាន់កាប់ដោយសេរី។ លោកស្រីរិះគន់ថា ជនជាតិបរទេស ជាពិសេសជនជាតិចិនមួយចំនួនអាចមានកាំភ្លើងប្រើប្រាស់ដោយសារតែប្រព័ន្ធច្បាប់ធូររលុង និងមានមន្ត្រីពុករលួយច្រើន។
លោកស្រី សរ សុជាតិ៖ «ប្រជាពលរដ្ឋរស់នៅក្នុងប្រទេសរបស់ខ្លួនគឺ មានការបារម្ភយ៉ាងក្រៃលែង ដោយសារតែប្រទេសរបស់យើងមានអាវុធសេរីធ្វើការបាញ់បោះ អសន្តិសុខក្នុងសង្គមចេះតែកើនឡើង អត់មានកាត់បន្ថយ។ សូមសំណូមពរដល់ស្ថាប័នរដ្ឋ សូមមេត្តារឹតបន្តឹង ជាពិសេសជនជាតិអន្តោប្រវេសន៍មករស់ក្នុងប្រទេសរបស់យើងដែលមានអាវុធប្រើប្រាស់ខុសច្បាប់»។
ចំណែក អ្នករត់ម៉ូតូឌុបម្នាក់ទៀតនៅក្រុងប៉ោយប៉ែត លោក ឥន្ទ សូត្រ ឱ្យដឹងថា ឥរិយាបថជនជាតិចិនមួយចំនួនមានចរិតច្រងេងច្រងាងពុំសូវគោរពច្បាប់កម្ពុជាឡើយ។ អ្នកប្រកបរបររកស៊ីតាមដងផ្លូវរូបនេះអះអាងថា ជនជាតិចិនខ្លះ ចេញពីហាងផឹកស៊ីបើកបរក្នុងល្បឿនលឿនៗ និងពុំខ្វល់អំពីសុវត្ថិភាពអ្នកដទៃឡើយ។ លោកស្នើដល់អាជ្ញាធរឱ្យវិធានការរឹតបន្តឹងលើជនជាតិចិន ជាពិសេសអ្នកដែលអាចមានកាំភ្លើងប្រើប្រាស់លើទឹកដីខ្មែរ។
លោក ឥន្ទ សូត្រ៖ «មានការព្រួយបារម្ភមែនទែនដោយសារវាមានភាពរញ៉េរញ៉ៃហើយមានការបាញ់បោះដោយអនាធិបតេយ្យមានការព្រួយបារម្ភ។ អ្នករត់ម៉ូតូឌុបចេះតែមានការព្រួយបារម្ភថា ជួនកាលទៅវាបើកឡាន ឬជិះម៉ូតូមកអ៊ីចឹងទៅ ចិនបើកលឿន បើកបុក ហើយបើកកៀរ ជួនកាលវាស្រវឹងបើកគ្មានការប្រុងប្រយ័ត្ន គោរពច្បាប់អីទេពួកចិននេះ»។
ក្ដីបារម្ភរបស់ពលរដ្ឋបែបនេះធ្វើឡើងបន្ទាប់ពីមានករណីឃាតកម្មបណ្ដាលឱ្យជនជាតិចិនម្នាក់ស្លាប់នៅចំណុចចម្ការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែតកាលពីថ្ងៃទី១៥ ខែមិថុនា។ សមត្ថកិច្ចខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យជនជាតិចិន និងខ្មែរ ២នាក់ពាក់ព័ន្ធនឹងករណីឃាតកម្មនេះ និងរឹបអូសបានកាំភ្លើងចំនួនពីរដើម បង់កាំភ្លើង និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់។
ទាក់ទងនឹងរឿងនេះស្នងការរងខេត្តបន្ទាយមានជ័យទទួលបន្ទុកអន្តោប្រវេសន៍ លោក អេង លីហួ ប្រាប់វិទ្យុអាស៊ីសេរីថា ជនសង្ស័យទាំងពីរនាក់កំពុងឃុំខ្លួនបណ្ដោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ លោកថា សមត្ថកិច្ចកំពុងស៊ើបអង្កេតលើករណីឃាតកម្មនេះ និងស្វែងរកប្រភពអ្នកលក់អាវុធឱ្យជនជាតិចិន។
លោក អេង លីហួ៖ «បាទ! នេះពួកខាងអាវុធហត្ថគេកំពុងធ្វើកំណត់ហេតុសួរនាំ អាវុធហត្ថអ្នកនាំខ្លួនទៅ អ៊ីចឹងគេអ្នកសួរនាំ។ អ៊ីចឹងចាំចេញរបាយការណ៍គេបាញ់មកចាំខ្ញុំជម្រាបជូនលោកវិញ»។
ជុំវិញរឿងនេះ មន្ត្រីនាំពាក្យសមាគមការពារសិទ្ធិមនុស្ស នៃសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ទទូចដល់គ្រប់ស្ថាប័នមានសមត្ថកិច្ចស៊ើបអង្កេតលើករណីជនជាតិបរទេស ជាពិសេសជនជាតិចិនមួយចំនួនដែលនៅតែបន្តមានកាំភ្លើងប្រើប្រាស់។ លោករិះគន់ថា ជនបរទេសនៅតែបន្តសម្លាប់មនុស្សគឺជាការឆ្លុះបញ្ចាំងថា អាជ្ញាធរពុំបានរឹតបន្តឹងច្បាប់ និងចាត់វិធានម៉ឺងម៉ាត់ដល់ជនបរទេសឱ្យមានប្រសិទ្ធភាពឡើយ។
លោក ស៊ឹង សែនករុណា៖ «ការចាត់វិធានការកន្លងមកនេះហាក់ដូចជាអត់ទាន់បានធ្វើឡើងចំគោលដៅជាពិសេសអ្នកដែលផ្ដល់អាវុធ ឬប្រភពផ្ដល់អាវុធទៅឱ្យជនបរទេសទាំងអស់នោះនៅតែអាចធ្វើទៅបាន។ ចំណុចនេះ គឺជាចំណុចដែលសមត្ថកិច្ចត្រូវតែស៊ើបអង្កេតឱ្យដល់អ្នកដែលអាចផ្ដល់អាវុធទៅដល់ក្រុមជនបរទេសនោះ ពីព្រោះករណីនេះហាក់ដូចជាមិនពិបាកទេ ពីព្រោះយើងបានចាប់ខ្លួនបរទេសទាំងអស់នោះហើយ អាចស្រាវជ្រាវរកប្រភពផ្ដល់អាវុធ ឬលក់ដូរអាវុធទៅឱ្យក្រុមជនបរទេសទាំងអស់នោះអាចមានសិទ្ធប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាយើងបាន»។
ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលយល់ឃើញថា ដើម្បីទប់ស្កាត់អំពើឃាតកម្មដែលបង្កឡើងដោយជនបរទេស អាជ្ញាធររដ្ឋគួរតែបើកការស៊ើបអង្កេតឱ្យបានស៊ីជម្រៅ និងបង្ហាញព័ត៌មានប្រកបដោយតម្លាភាពលើមេខ្លោងលក់អាវុធឱ្យជនជាតិចិន។ ក្រៅពីនេះ ពួកគាត់ក៏ទទូចឱ្យរដ្ឋាភិបាលរឹតបន្តឹងច្បាប់លើជនបរទេស និងបោសសម្អាតមន្ត្រីពុករលួយណាដែលតែងតែទទួលលុយសំណូកពីក្រុមជនល្មើស៕
No comments:
Post a Comment