2023.06.22
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងប្រើសកម្មជនគណបក្សប្រឆាំង ដែលបានចុះចូលជាមួយគណបក្សកាន់អំណាច ឱ្យដើរអូសទាញ និងគំរាមកំហែង សកម្មជនគណបក្សប្រឆាំងផ្សេងទៀត ទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក ឱ្យពួកគាត់មកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ស្នើទៅអាជ្ញាធរគួរវិធានការលើជនដែលគំរាមកំហែងលើសកម្មជនប្រឆាំងទាំងនោះ ព្រោះទង្វើបែបនេះជាការបំពានសិទ្ធិនយោបាយពលរដ្ឋ។
ទន្ទឹមនឹងការប្រកាសរបស់លោក ហ៊ុន សែន ដែលថា សកម្មជនបក្សប្រឆាំងបានចុះចូលជាមួយបក្សកាន់អំណាចដូចទឹកបាក់ទំនប់នោះ ពេលនេះទាំងមន្ត្រីបក្សកាន់អំណាច និងសកម្មជនប្រឆាំង ដែលបានចុះចូលជាមួយគណបក្សកាន់អំណាច កំពុងអូសទាញមន្ត្រីបក្សប្រឆាំងផ្សេងឱ្យលក់ព្រមឧត្ដមគតិមកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបានលុយនិងបានអំណាច។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ឆ្នាំងដែលកំពុងភៀសខ្លួននៅប្រទេសថៃលោក ដួង ចន្ត្រា ឱ្យដឹងថា អតីតសកម្មជនបក្សប្រឆាំងដែលចុះចូលជាមួយបក្សកាន់អំណាចមួយចំនួនបានអនុវត្តវិធីយកលលកទាក់ទាក់លលក ដោយឱ្យអ្នកទាំងនោះដើរអូសទាញ រហូតដល់គំរាមកំហែង សកម្មជនបក្សប្រឆាំងឱ្យចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ លោកឱ្យដឹងទៀតថា ចំពោះរូបផ្ទាល់មកដល់ពេលនេះមិនក្រោមជាង ៥០ដងមកហើយ ដែលសកម្មជនទាំងនោះ មកអូសរូបលោក ដោយសន្យាផ្ដល់តួនាទីក្នុងជួររដ្ឋាភិបាល និងលុយឡានឱ្យលោកជាដើម។
លោក ដួង ចន្ត្រា៖ «រហូតដល់ពេលខ្លះគេឱ្យជាអភិបាលរងខេត្ត ជាក្រុមប្រឹក្សាខេត្តដដែលជាឡាន ជាលុយថែមទៀតផង ប៉ុន្តែ ដោយសារយើងបានគិតហើយថា បើសិនជាយើងនាំគ្នាគិតតែបែបហ្នឹងទៅ ធ្វើឱ្យប្រទេសជាតិយើងធ្លាក់អន្លងនៅថ្ងៃមុខ ហើយពិសេសបំផុតកូនចៅយើងជំនាន់ក្រោយរងគ្រោះដោយសាររបបផ្ដាច់ការនេះឯងបាទ»។
លោក ដួង ចន្ត្រា ឱ្យដឹងទៀតថា កាលពីពេលថ្មីៗ នេះ អតីតសកម្មជនគណបក្សសង្គ្រោះជាតិ លោក ទុំ ប៊ុនថន ដែលទើបចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាបានអូសទាញហៅលោកឱ្យទៅចូលចុះជាមួយគណបក្សប្រជាជនកម្ពុជា ទោះជាយ៉ាងណាក្ដី លោកមិនព្រមលក់ឧត្ដមគតិតាមការអូសទាញនេះទេ។
លោក ទុំ ប៊ុនថន មកអូសទាញ៖ «បងបើថា មិនកើតទេ ចូលមកផ្ទះសំបែងយើងវិញទៅយកក្របខ័ណ្ឌគ្រូវិញទៅបងអឺយបើបងឯងទៅមុខមិនរួចក្រោយមិនរួច ឥឡូវអស់ហើយអត់មានអីទៀតទេ មានតែគណបក្សប្រជាជនមួយទេ គណបក្សប្រឆាំងណាក៏ទៅអត់រួចដែរ ហើយនៅក្នុងនេះមួយៗដណ្ដើមគ្នាពុករលួយដកគ្នាស្រេចតែចិត្ត អត់ទៅរួចទេបងអឺយ ខ្ញុំសុំអង្វរបងឯងចូលមករួមរស់ជាមួយរដ្ឋាភិបាលវិញមកបងអឺយ យើងមិនអាចទៅទ្រផែនដីម្នាក់ឯងរួចទេ»។
ស្រដៀងគ្នានេះដែរ ជំទប់ទី២ ឃុំបឹងខ្នារ គណបក្សភ្លើងទៀន នៅខេត្តពោធិ៍សាត់ លោក ស៊ឹម ម៉ៅ ឱ្យដឹងដែរថា មន្ត្រីមូលដ្ឋានគំរាមកំហែងឱ្យលោកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយគេលើកហេតុផលដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស។ មន្ត្រីគណបក្សភ្លើងទៀនរូបនេះថា លោកមិនចង់ឃើញ មន្ត្រីបក្សកាន់អំណាចមកអូសទាញ ឬក៏គំរាមកំហែង លើរូបនេះបែបនេះទេ ហើយគួរយកឱកាស ដែលទទួលបានសំឡេងឆ្នោតពីពលរដ្ឋទៅបម្រើពលរដ្ឋនៅក្នុងមូលដ្ឋានវិញ។
លោក ស៊ឹម ម៉ៅ៖ «ខ្ញុំគេលើកតម្កើងមិនសមនឹងតំណែង តួនាទីនៅក្នុងជួរគណបក្សភ្លើងទៀនហ្នឹងទេ ដែលសមត្ថភាពហ្នឹងនេះគេលើកតម្កើងយើងសមត្ថភាពហ្នឹងសមតែខ្ពស់ជាងហ្នឹងអីជាងហ្នឹងទៀតទៅ បងគួរណាស់ទៅចូលរួមជាមួយគេ ហើយខ្ញុំក៏ឆ្លើយទៅគេថា ខ្ញុំមិនអាចវិលទៅបានទេ សុំទោស»។
កាលពីពេលថ្មីៗ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថាគណបក្សប្រជាជនកម្ពុជាបើកទ្វារចំហ រង់ចាំទទួលសកម្មជនប្រឆាំង ឬថ្នាក់ដឹកនាំគណបក្សភ្លើងទៀន មករួមចុះចូលជាមួយគណបក្សរបស់លោក។ លោក ហ៊ុន សែន អះអាងទៀតថា ពេលនេះសកម្មជនគណបក្សប្រឆាំងបានចុះចូលជាមួយគណបក្សកាន់អំណាចដូចទឹកបាក់ទំនប់។
ជុំវិញករណីនេះ វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ពីចំនួនដែលសកម្មជនប្រឆាំងដែលបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាបានទេនៅថ្ងៃទី២២ ខែមិថុនា។ ចំពោះការចោទប្រកាន់ថា មានការទិញទឹកចិត្ត ឬការគំរាមកំហែង ឱ្យសកម្មជនបក្សប្រឆាំងមកចូលរួមជាមួយគណបក្សកាន់អំណាច លោក សុខ ឥសាន ធ្លាប់បញ្ជាក់ប្រាក់វិទ្យុអាស៊ីសេរីថា គណបក្សប្រជាជនកម្ពុជា គ្មានគោលការណ៍បែបនេះទេ ក្នុងការអូសទាញឱ្យសកម្មជនប្រឆាំងមកចូលរួមជាមួយគណបក្សកាន់អំណាច។
បើទោះជាមន្ត្រីបក្សកាន់អំណាចអះអាងបែបនេះក្ដី តែមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនលើកឡើងថា ពេលនេះមិនត្រឹមតែមានការអូសទាញទេ គឺមានទាំងការគំរាមកំហែងលើសកម្មជនគណបក្សភ្លើងទៀន ឱ្យទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាថែមទៀតផង។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ ឱ្យវិទ្យុអាស៊ីសេរីដឹងថ្ងៃទី២២ ខែមិថុនា ថា បរិយាកាសនយោបាយបែបនេះ មិនល្អទេ ព្រោះពេលនេះគណបក្សភ្លើងទៀន មិនបានចូលរួមការបោះឆ្នោតជាតិខាងមុខផង មិនគួរមានករណីគំរាមកំហែងលើគណបក្សនេះដូច្នេះឡើយ។ លោកយល់ថា អាជ្ញាធរគូរចាត់វិធានការលើជនដែលគំរាមកំហែងឱ្យសកម្មជនបក្សភ្លើងទៀន ទៅចូលរួមជាមួយគណបក្សកាន់អំណាច ព្រោះទង្វើបែបនេះជាការបំពានសិទ្ធិនយោបាយលើពលរដ្ឋ។
លោក គីមសួរ ភិរិទ្ធ៖ «បើយើងទៅគំរាមកំហែងអាចមានបញ្ហាអ៊ីចេះ បញ្ហាអ៊ីចុះ ធ្វើឱ្យប៉ះពាល់ការអនុវត្តសិទ្ធិនៅក្នុងការចូលរួមនយោបាយអ៊ីចឹងទេ ខ្ញុំអំពាវមានតែអំពាវនាវយ៉ាងទទូចឱ្យអាជ្ញាធរមានវិធានការទប់ស្កាត់ជាបន្ទាន់ជៀសវាងកុំឱ្យមានបញ្ហានឹងកើតឡើងអត់មានចំណេញអីទេ ព្រោះអីគណបក្សភ្លើងទៀន យើងមិនបានចូលរួមបោះឆ្នោតរួចហើយទៅហើយ អ៊ីចឹងអត់ចាំបាច់អីទៅធ្វើការគំរាមកំហែងបែបហ្នឹងទេ»។
នៅរដូវបោះឆ្នោតលើកនេះ ក៏មិនខុសពីអាណត្តិមុនៗ ដែរ គឺគណបក្សកាន់អំណាចប្រើល្បិចស្ទើរគ្រប់រូបភាព ដូចជា ការលួងលោម ការទិញទឹកចិត្ត ការគំរាមកំហែង ការចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការ ដើម្បីឱ្យសកម្មជនបក្សប្រឆាំងឱ្យមកចូលរួមជាមួយខ្លួន។ ករណីខ្លះប្រសិនបើសកម្មជនប្រឆាំងយល់ព្រមចុះចូលជាមួយគណបក្សកាន់អំណាច បើទោះជាពួកគេត្រូវបានតុលាការចោទប្រកាន់ ឬកំពុងជាប់ឃុំក្នុងពន្ធនាគារក្ដី ក៏លោក ហ៊ុន សែន ជួយឱ្យពួកគេរួចផុតពីការចោទ ឬទទួលបានការដោះលែងឱ្យមានសេរីភាពវិញ ហើយពួកគេភាគច្រើនបានទទួលតែងតាំងជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងជាទីប្រឹក្សាជាដើម។ ទោះយ៉ាងណា មន្ត្រីបក្សប្រឆាំងភាគច្រើននៅតែបន្តគោលជំហរស្មោះត្រង់ជាមួយគណបក្សសង្គ្រោះជាតិ ឬជាមួយគណបក្សភ្លើងទៀនដដែល បើទោះជាពួកគាត់រងការធ្វើទុក្ខបុកម្នេញ ឬកំពុងរស់នៅលំបាកវេទនាជាជនភៀសខ្លួននៅក្រៅប្រទេសក្ដី៕
No comments:
Post a Comment