Sunday, 18 June 2023

ស្ត្រី​ពលករ​ម្នាក់​នៅ​ប្រទេស​ថៃ​ប្រឹងរក​ប្រាក់​ឱ្យ​កូន​ទៅ​រៀន ទោះបី​ប្ដី​កំពុង​ជាប់​ពន្ធនាគារ

 

ដោយ សេក បណ្ឌិត
2023.06.18
 
ស្ត្រី​ពលករ​ម្នាក់​នៅ​ប្រទេស​ថៃ​ប្រឹងរក​ប្រាក់​ឱ្យ​កូន​ទៅ​រៀន ទោះបី​ប្ដី​កំពុង​ជាប់​ពន្ធនាគារ  
ពលករ​ខ្មែរ​ដែលកំពុងធ្វើការ​នៅប្រទេសថៃ លោកស្រី ជ័យ មុំ (ស្ដាំ) និង​កូនស្រីទាំងពីរ។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
 
 

ស្ត្រី​ពលករ​ខ្មែរ​មួយ​រូប​ធ្វើ​កម្មករ​ក្នុង​ចំការ​កៅស៊ូ​ប្រទេស​ថៃ ធ្វើ​ការ​លក់​កម្លាំង​ស៊ីឈ្នួល​រក​ប្រាក់​ឱ្យ​កូនស្រី​ពីរ​នាក់ បន្ត​ការសិក្សា​នៅ​ប្រទេស​ថៃ បើ​ទោះ​ជា​ប្ដី​របស់​ខ្លួន​កំពុង​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​នេះ ទាំង​យុត្តិធម៌​ជាង​១​ឆ្នាំ​ហើយ​ក្ដី។ តើ​ស្ត្រី​ពលករ​ខ្មែរ​តស៊ូ​ជំនះ​ឧបសគ្គ​អ្វីខ្លះ​នៅ​ប្រទេស​ថៃ?

ជា​កម្មករ​ធ្វើការ​ក្នុង​ចំការកៅស៊ូ បាន​ប្រាក់កម្រៃ​២៧០​បាត ឬ​ជាង​៧​ដុល្លារ​ក្នុង​មួយថ្ងៃ លោកស្រី ជ័យ មុំ រក​ប្រាក់​ចំណូល ការ​ចំណាយ​ស្ទើរ​ស្មើគ្នា ដែល​ធ្វើ​ឱ្យ​ស្ត្រី​រូប​នេះ ត្រូវធ្វើ​ការងារ ពី​មួយ​ខែ​ទៅ​មួយ​ខែ គ្មាន​ថ្ងៃ​សម្រាក​ដើម្បី​បាន​ប្រាក់​ទិញ​អង្ក ទិញ​ម្ហូប ឱ្យប្រាក់​ឱ្យ​កូនស្រី​ពីរ​នាក់​ទៅ​រៀន និង​ផ្ញើ​ប្រាក់​ខ្លះទៀត ឱ្យ​ប្ដី​នៅ​ពន្ធនាគារ​ទៀត​ផង។ មាន​រៀង​តូច​ល្អិត តែ​ចិត្តធំ ស្ត្រី​ពលករ ជ័យ មុំ អាយុ​៤០​ឆ្នាំ មាន​កូន​ស្រី​ពីរ ម្នាក់​រៀន​ថ្នាក់​ទី​៥ ម្នាក់ទៀត​រៀន​ថ្នាក់​ទី​៦ នៅ​ប្រទេស​ថៃ។ «»

ជាង​មួយឆ្នាំ​មកនេះ លោកស្រី ជ័យ មុំ ត្រូវ​រក​ប្រាក់​តែម្នាក់ឯង នៅក្នុង​ចំការកៅស៊ូ មួយ​កន្លែង​ក្នុង​ខេត្ត​ឈុនបុរី (Chunbori) ប្រទេស​ថៃ (Thailand) លោកស្រី​ទទួល​នៅ​កន្លែង​កែច្នៃ​ឈើ​កៅស៊ូ ជាមួយ​ស្ត្រី​ពលករ​ខ្មែរ​ពីរ​នាក់​បី​ទៀត ក្រោម​ការគ្រប់គ្រង​របស់​មេ​ការ​ជនជាតិ​ថៃ។ ការងារ​នេះ បើ​លោកស្រី​ធ្វើការ​ទើបបាន​ប្រាក់ ហើយ​ក្នុង​មួយ​សប្ដាហ៍​បាន​ប្រាក់​ជិត​១.២០០(​មួយ​ពាន់​ពីរ​រយ) បាត។ «»

 

ពលករ​ខ្មែរ​នៅ​ទីនេះ ថៅកែ​អនុញ្ញាត​ឱ្យ​ស្នាក់​នៅក្នុង​បរិវេណ​ចំការ ដោយ​គេ​សង់​បន្ទប់​ជាប់ៗ​គ្នា ធ្វើ​ពី​ឈើ​ក្រាល​បេតុង​ស៊ីម៉ងត៍​។ បើ​ទោះ​ជា​លោកស្រី ជ័យ មុំ ធ្វើការ​មួយថ្ងៃ​បាន​ប្រាក់​តែ​ជិត​៣០០​បាត​ក្ដី លោកស្រី ត្រូវ​ចំណាយ​ប្រាក់​ជិត​១០០​បាត ឱ្យ​កូនស្រី​ទាំងពីរ​នាក់ របស់​ខ្លួន​ទៅ​រៀន ដែល​ប្រាក់​នោះ​សម្រាប់​ចំណាយ​លើ​ការ​ហូប​ចំណី និង​ថ្ងៃ​ទិញ​ឯកសារ ការ​ចំណាយ​នេះ​មិនទាន់​រាប់បញ្ចូល​លើ​ថ្លៃ​ចំណាយ​នៃ​ម្ហូបអាហារ​ប្រចាំថ្ងៃ​ផង​។​

លោកស្រី ជ័យ មុំ រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ដឹង​ថា គ្រួសារ​លោកស្រី​សព្វថ្ងៃ​ត្រឹម​ហូប​ឱ្យ​ឆ្អែត​ក្រពះ ប៉ុណ្ណោះ ព្រោះ​គ្មាន​ប្រាក់​ទិញ​អាហារ​ឆ្ងាញ់ ហូប​ឡើយ​។ លោកស្រី​ឱ្យ​ដឹង​ទៀត​ថា ថ្ងៃ​ខ្លះ​អត់​​លុយ​ឱ្យ​កូន​ទៅ​សាលា លោកស្រី​ត្រូវ​ដើរ​ខ្ចី​លុយ​អ្នកជិតខាង។ «»

ជីវិត​គ្រួសារ​លោកស្រី ជ័យ មុំ ទន្ទឹម​នឹង​ជួប​ការ​លំបាក​ផ្នែក​ជីវភាព លោកស្រី​ក៏​ជួប​រឿង​អយុត្តិធម៌​មួយទៀត​ដែរ ដោយ​ប្ដី​លោកស្រី ពេលនេះ​កំពុង​ឃុំ​ក្នុង​ពន្ធនាគារ​ប្រទេស​ថៃ ទាំង​អយុត្តិធម៌​អស់​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ ព្រោះ​ថៅកែ​មុន​របស់​លោកស្រី ដែល​ជា​ថៅកែ​ចំការ​ដូងប្រេង បាន​ចោទ​ប្រកាន់​ថា ប្ដី​លោកស្រី​បាន​លួច​ដូងប្រេង​របស់​គេ​យក​ទៅ​លក់។

លោកស្រី ជ័យ មុំ រំលឹក​ថា កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០២២ មេការ​ជនជាតិ​ថៃ ដែល​គ្រប់គ្រង ចំការ​ដូងប្រេង​នោះ បាន​ចោទ​ប្រកាន់​ថា ប្ដី​លោកស្រី និង​ពលករ​ខ្មែរ​ម្នាក់​ទៀត​ថា លួច​ដូងប្រេង ប្រមាណ​១​តោន យក​ទៅ​លក់ ហើយ​ថៅកែ​ថៃ​ម្ចាស់​ចំការ ក៏​ជឿ​តាម​សំដី​របស់​មេការ​ថៃ និង​បាន​ប្ដឹង​សមត្ថកិច្ច​ថៃ ឱ្យ​ចាប់​ប្ដី​លោកស្រី និង​ពលករ​ខ្មែរ​ម្នាក់​យក​ទៅ​ឃុំ​។ លោកស្រី​បញ្ជាក់​ថា នៅពេល​សាកសួរ​នោះ សមត្ថកិច្ច​ថៃ​រក​មិនឃើញ​ភស្តុតាង​ថា ប្ដី​លោកស្រី​លួច​ដូងប្រេង​ទេ ហើយ​ប្ដី​លោកស្រី ក៏​មិនបាន​សារភាព​ដែរ​។​

ទោះ​បែបនេះ​លោកស្រី​ថា ប៉ូលិស​ថៃ បាន​សម្លុត​ប្ដី​លោកស្រី និង​ពលករ​ម្នាក់ទៀត​ឱ្យ​សារភាព ហើយ​ប៉ូលិស​ថៃ បាន​កុហក​ថា បើ​ពួកគាត់​សារភាព​នឹង​បាន​រួចខ្លួន ហើយ​ក្រោយ​មក ពលករ​ខ្មែរ​ម្នាក់ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ជាមួយ​ប្ដី​លោកស្រី​នោះ​បាន​សារភាព តែ​សមត្ថកិច្ច​ថៃ​មិនបាន​ដោះលែង​ដូច​ការ​សន្យា​ទេ ប៉ុន្តែ​សមត្ថកិច្ច​បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​តុលាការ ហើយ​តុលាការ​ថៃ​សម្រេច​ចោទប្រកាន់ និង​ឃុំខ្លួន​ពួកគាត់​ម្នាក់ៗ​ឱ្យ​ជាប់ឃុំ​រយៈ​១៨​ខែ។ «»

migrant_workers1.jpg
លោក ម៉េត បូលី ប្ដី​របស់​លោកស្រី ជ័យ មុំ ពលករខ្មែរ​ធ្វើការ​នៅប្រទេសថៃ ដែល​កំពុង​ជាប់ពន្ធនាគារ​នៅ​ប្រទេស​ថៃ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ប្ដី​របស់​លោកស្រី ជ័យ មុំ ឈ្មោះ ម៉េត បូលី អាយុ​៣៩​ឆ្នាំ ជា​កម្មករ​បេះ​ដូង​ប្រេង។ លោក​ជា​មនុស្ស​ស្លូតបូត មិន​ចេះ​ផឹកស្រា​ជក់បារី លេងល្បែង​ហើយក៏​មិន​ចេះ​និយាយ​ភាសា​ថៃ​ដែរ។

លោកស្រី ជ័យ មុំ រំលឹក​ថា កាល​ពី​សមត្ថកិច្ច​ចាប់​ប្ដី​លោកស្រី​ថ្មីៗ​នោះ លោកស្រី បាន​ហៅ​ទូរស័ព្ទ​ទៅ​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ស្ទើរ​រាល់ថ្ងៃ តែ​ខាង​ស្ថានទូត​មិនដែល​ទទួល​ទូរស័ព្ទ ឬ​ហៅ​ទូរស័ព្ទ​ត្រឡប់​មក​វិញ​ទេ ហើយ​ជាង​នេះ​មួយឆ្នាំ​មកនេះ​ក៏​មិន​ដែល​មាន​មន្ត្រី​ស្ថានទូត​ខ្មែរ​រូប​ណា មក​សួរនាំ​លោកស្រី​ដែរ។

នៅពេល​ប្ដី​ដែល​ជា​ជន​បង្គោល​ជាប់​ឃុំ ការ​រក​ប្រាក់​ផ្គត់ផ្គង់​ក្នុង​គ្រួសារ ក៏​មិន​បាន​ល្អ​ដូច​គ្រួសារ​គេ​ដែល​មាន​ប្ដី​ប្រពន្ធ​នៅ​ជុំគ្នា​ដែរ។ កូនស្រី​របស់​ស្ត្រី​ពលករ​រូប​នេះ មិន​សូវ​មាន​អាហារ​ហូបចុក​គ្រប់គ្រាន់ ឬ​មាន​អាហារ​មាន​សារធាតុចិញ្ចឹម​ទទួលទាន​ទេ ពួកគេ​ទាំងពីរ​នាក់​មាន​ទឹកមុខ​ស្លេកស្លាំង។

កំពុង​អានសំបុត្រ ឪពុក​ផ្ញើ​មកពី​ពន្ធនាគារ កុមារី ឡី វិច្ឆិកា អាយុ​១៤​ឆ្នាំ កំពុង​រៀន​ថ្នាក់​ទី​៦ នៅ​ប្រទេស​ថៃ នាង​ជា​សិស្ស​ពូកែ​ក្នុង​ថ្នាក់ ដោយ​រៀន​បាន​ចំណាត់ថ្នាក់​លេខ​៤​ប្រចាំឆ្នាំ។ កុមារ ឡី វិច្ឆិកា ចេះ​និយាយ ចេះ​អាន​ភាសា​ថៃ យ៉ាង​ស្ទាត់​ហើយ​នាង​អាច​អានសំបុត្រ​របស់​ឪពុក ដែល​សរសេរ​ជា​ភាសា​ថៃ មក​ជា​ភាសា​ខ្មែរ​បាន​ភ្លាមៗ​ផង​ដែរ។ «»

កុមារ ឡី វិច្ឆិកា មិន​ជឿ​ថា ឪពុក​របស់​នាង​លួច​ដូងប្រេង​គេ ដូច​ការចោទប្រកាន់​ឡើយ ឪពុក​នាង​ជា​មនុស្ស​ឧស្សាហ៍ ថៅកែ​ប្រើ​ឱ្យធ្វើ​អ្វី​គាត់​មិនដែល​ប្រកែក​ឡើយ ណាមួយ​ទៀត​ឪពុក​ប្អូនស្រី​មិន​ចេះ​បើកឡាន មិន​ចេះ​ភាសា​ថៃ តើ​ធ្វើ​ដូចម្ដេច​អាច​យក​ដូងប្រេង​នោះ​ទៅ​លក់​កើត?

បើ​ទោះជា​ស្ថានភាព​គ្រួសារ កំពុង​ជួប​ការ​លំបាក ឃើញ​ម្ដាយ​ធ្វើការ​ហត់​រក​ប្រាក់​តែឯង នៅពេល​ទំនេរ​ពី​ការ​រៀនសូត្រ កុមារ ឡី វិច្ឆិកា តែងតែ​ជួយ​បោក​ខោអាវ លាងចាន និង​ជួយ​ធ្វើ​ការងារ​ផ្ទះ​ម្ដាយ។ កុមារ ឡី វិច្ឆិកា ថា នាង​ប្រឹងប្រែង​រៀនសូត្រ ព្រោះ​រំពឹង​ថា ពេល​ខ្លួន​ធំ​ដឹងក្ដី រៀប​ចប់​អាច​រក​ការងារ​ល្អ​បាន​ធ្វើ បាន​ប្រាក់ខែ​ខ្ពស់ ដើម្បី​យក​ប្រាក់​នោះ​​មក​ជួយ​ឪពុក​ម្ដាយ​វិញ។ «»

ទាក់ទង​រឿង​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​មន្ត្រី​អនុព័ន្ធ​ការងារ​នៃ​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ លោក ឈឹម វិបុល អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក អាន សុខខឿន និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ​នៅ​ថ្ងៃទី​១៧ ខែមិថុនា។

មន្ត្រី​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក នៃ​អង្គការ​សង់ត្រាល់ (CENTRAL) ប្រចាំ​នៅ​ប្រទេស​ថៃ លោក លឹង សុផុន ប្រាប់​ថា ទម្រាំ​លោក​បានដឹង ករណី​ចោទប្រកាន់​ប្ដី​លោកស្រី ជ័យ មុំ គឺ​យឹត​ពេល​ទៅ​ហើយ តុលាការ​ថៃ​បានសម្រេច​ចោទប្រកាន់​លើ​ប្ដី​លោកស្រី ជ័យ មុំ ទៅ​ហើយ​។ មន្ត្រី​សង្គម​ស៊ីវិល​ការពារ​សិទ្ធិ​ពលរដ្ឋ​រូប​នេះ​ថា ប្រសិនបើ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ជួយ​តាមដាន និង​ស៊ើបអង្កេត ឬ​ផ្ដល់​ជំនួយ​ផ្នែក​ផ្លូវច្បាប់ លើ​រឿង​នេះ​ទាន់​ពេល ក្រុម​ពលករ​ដែល​កំពុង​ជាប់ឃុំ​ទាំងនេះ ទំនង​រួចផុត​ការ​ចោទប្រកាន់ ព្រោះ​លោក​សង្កេត​ឃើញ​ថា សំណុំ​រឿង​នេះ​មាន​ភាព​អយុត្តិធម៌​លើ​ក្រុម​ពលករ​ខ្មែរ។ លោក លឹង សុផុន ដែល​តាមដាន​ដំណើរ​រឿង​នេះ បន្ត​ទៀត ថា ការ​ប្រឹងប្រែង​តស៊ូ​របស់​លោកស្រី ជ័យ មុំ ដែល​មិន​បោះបង់​ក្ដី​សង្ឃឹម ប្រឹង​ធ្វើការ​រក​ប្រាក់​ឱ្យ​កូនស្រី​ទាំងពីរ​នាក់ អាច​បន្ត​ការសិក្សា គឺជា​គំរូ​ល្អ និង​ជា​ការ​លះបង់​ធំធេង​របស់​ស្ត្រី​ពលករ​រូប​នេះ។ «»

កាល​ពី​ពេល​ថ្មីៗ លោក លឹង សុផុន បាន​យក​ស្បៀងអាហារ​ជូន​គ្រួសារ លោកស្រី ជ័យ មុំ ដើម្បី ដោះ​ទ័ល​ក្នុង​គ្រា​លំបាក​នេះ។

ប្ដី​លោកស្រី ជ័យ មុំ ដែល​បាន​ជាប់ឃុំ​ចំនួន​១៨​ខែ​មក​ហើយ នឹង​ត្រូវ​អនុវត្ត​ទោស រួច​រាល់​ថ្ងៃទី​២៣ ខែ​សីហា ខាងមុខ​។ លោកស្រី ជ័យ មុំ ឱ្យ​ដឹង​ថា សមត្ថកិច្ច​ថៃ​បាន​បង្គាប់​លោកស្រី​បង់ប្រាក់​ឱ្យ​គេ​ចំនួន​១​ម៉ឺន​បាត ឬ​ប្រមាណ​៣០០​ដុល្លារ ទើប​នៅ​ពេល​ដោះលែង សមត្ថកិច្ច​អាច​ដោះលែង​នៅ​ប្រទេស​ថៃ តែ​មិន​ដូច្នេះ​ទេ គេ​នឹង​បញ្ជូន​ទៅ​ខ្មែរ​វិញ។ លោកស្រី​ត្អូញត្អែរ​ថា លោកស្រី​គ្មាន​ប្រាក់​១​ម៉ឺន​បាត​បង់​ឱ្យ​ប៉ូលិស​ថៃ​ទេ ទោះ​យ៉ាងណា លោកស្រី​ថា បើ​ទោះ​ជា​លោកស្រី គ្មាន​ប្រាក់​បង់​ឱ្យ​សមត្ថកិច្ច​ថៃ​ក្ដី តែ​នៅ​ថ្ងៃ​ដែល​ប៉ូលិស​ថៃ​ដោះលែង​ប្ដី​លោកស្រី នឹង​ជិះ​ម៉ូតូ​ទៅ​ចាំ​ប្ដី​នៅមុខ​ពន្ធនាគារ ដើម្បី​បាន​ឃើញ​មុខ​ប្ដី និង​រង់ចាំ​មើល​ថា តើ​សមត្ថកិច្ច​ថៃ នឹង​បញ្ជូន​ប្ដី​លោកស្រី​យក​ទៅ​ណា​ទៀត៕

No comments: