Monday, 12 June 2023

សកម្មជន​បរិស្ថាន​ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ករណី​​ឈើ​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង​ និង​បញ្ជាការដ្ឋាន​យោធ​ភូមិ​ភាគ៣


ដោយ ជាតិ​ ចំណាន
2023.06.11
 
សកម្មជន​បរិស្ថាន​ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ករណី​​ឈើ​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង​ និង​បញ្ជាការដ្ឋាន​យោធ​ភូមិ​ភាគ៣  
សកម្មភាព​អាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាបបទល្មើសព្រៃឈើ ចន្លោះពីថ្ងៃទី២៦-២៨ មេសា ២០២៣។
រូប៖ ហ្វេសប៊ុកGRK News
 

សកម្មជន​បរិស្ថាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ស្វែងរក​ការ​ពិត​ករណី​លាក់​ទុក និង​កែច្នៃ​ឈើ​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង និង​ក្នុង​មូលដ្ឋាន​ នៃ​បញ្ជាការដ្ឋាន​យោធ​ភូមិភាគ៣ នៅ​ខេត្ត​កំពង់ស្ពឺ។ ការ​ជំរុញ​នេះ​គឺ​ក្រោយ​ព័ត៌មាន​​ស៊ើប​អង្កេត​​​​​ម៉ុងហ្គាបៃ ​(Mongabay) បាន​ចុះផ្សាយ​នា​ពេល​ថ្មីៗនេះ​ ពី​ការ​រក​ឃើញ​ទីតាំង​ស្ថាប័ន​រដ្ឋ​ចំនួន​ពីរ​​នេះ​ ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​ផ្ទុក និង​កែច្នៃ​​ឈើ​ខុស​ច្បាប់​ដែល​កាប់​ចេញ​ពី​តំបន់​ដែន​ជម្រក​សត្វព្រៃ​ភ្នំក្រវ៉ាញ។

​សកម្មជន​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ចាត់​ទុក​របាយការណ៍​ស៊ើបអង្កេត​របស់​សារព័ត៌មាន​ម៉ុងហ្គាបៃ​ ជា​ភស្តុតាង​ដ៏​មាន​តម្លៃ​សម្រាប់​អាជ្ញាធរ​មាន​សមត្ថកិច្ច​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​មិន​ប្រក្រតី​ទាំង​នេះ។

​​​​​​​​​​​​កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​ឧសភា​ កន្លង​ទៅ​នេះ​សារព័ត៌មាន​អន្តរជាតិ​​​​​ម៉ុងហ្គាបៃ (Mongabay) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក (The United States) បាន​ចេញ​ផ្សាយ​របាយការណ៍​ស៊ើបអង្កេត​មួយ​ដោយ​រក​ឃើញ​ពី​ប្រតិបត្តិការ​ដឹក​ជញ្ជូន​​ឈើ និង​​កំពុង​នាំ​ចេញ​​ពី​ពន្ធនាគារ​ខេត្ត​កោះកុង​ ដែល​គំនរ​ឈើ​ទាំងនេះ​មាន​ប្រភព​មក​ពី​ទំនប់​វារីអគ្គិសនី​ថ្មី​ ដែល​កំពុង​សាងសង់​នៅ​ស្រុក​​ថ្ម​បាំង ខេត្ត​កោះកុង។

 

អ្នក​រាយការណ៍​ព័ត៌មាន​ម៉ុងហ្គាបៃ (Mongabay)​ ដែល​បាន​ចុះ​ទៅ​ដល់​ទីតាំង​ពន្ធនាគារ​ខេត្ត​កោះកុង​ កាល​ពី​ខែ​មេសា ឆ្នាំ​២០២២ បាន​លឺ​សំឡេង​ចេញ​នៃ​រោង​ម៉ាស៊ីន​អារឈើ​ពេល​ព្រឹក​ព្រលឹម។ ឈើ​ដែល​មិន​ទាន់​កែច្នៃ​ ដែល​មាន​អង្គត់​ផ្ចិត​ប្រវែង​ជាង​មួយ​ម៉ែត្រ ឬ 3 ហ្វីត មាន​អង្កត់​ផ្ចិត​ត្រូវ​បាន​រមៀល​ជុំវិញ​ទីធ្លា ដែល​មាន​ធូលី​នៅ​ខាង​ក្រោយ​ពន្ធនាគារ។ ចំណែក​​បំណែក​ឈើ​ផ្សេង​ទៀត​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​រោង​ម៉ាស៊ីន​អារឈើ​នៅ​ខាង​ក្រោយ​ទីធ្លា​ពន្ធនាគារ។ បន្ថែម​ពី​នេះ​ អ្នក​យក​ព័ត៌មាន​បាន​ឃើញ​ពី​សកម្មភាព​មមាញឹក​​​នៅ​ក្នុង​ដេប៉ូ​នៅ​ខាង​ក្រោយ​ពន្ធនាគារ ​ដូច​ជា​សកម្មភាព​​រថយន្ត​ដឹក​ឈើ​​កំពុង​រៀប​ចំ​ទម្លាក់​ឈើ ដើម្បី​​កែច្នៃ​ ដែល​ឈើ​ទាំង​អស់​នេះ​ត្រូវ​បាន​កាប់​ និង​ដឹក​ចេញ​មក​ពី​ព្រៃ​នៅ​ក្នុង​ខេត្ត​កោះកុង។

ស្ថាប័ន​​ព័ត៌មាន​ដដែល​​នេះ​ក៏​បាន​ចេញ​ផ្សាយ​​អត្ថបទ​មួយ​ទៀត​នៅ​ថ្ងៃ​ទី​៦ មិថុនា កន្លង​ទៅ​នេះ​ ​ដោយ​រក​ឃើញ​ថា បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី៣ ដែល​ស្ថិត​នៅ​ខេត្ត​កំពង់ស្ពឺ​ មាន​រោងម៉ាស៊ីន​អារឈើ​ និង​គំនរ​ឈើ​ជា​ច្រើន​គីប​​​ស្ថិត​ក្នុង​អគារ​ហ្វឹកហ្វឺន​ទាហាន។

អត្ថបទ​ព័ត៌មាន​ដដែល​អះអាង​​ថា ទោះ​បី​ជា​ទាហាន​មួយ​ចំនួន​​អះអាង​ថា ការ​រក​ឃើញ​ទាំង​នេះ​ជា​ព័ត៌មាន​មិន​ពិត​ក្ដី​ ប៉ុន្តែ​រូបភាព​​ពី​ដ្រូន(Drone)​ ថត​ពី​លើ​អាកាស​ បាន​បង្ហាញ​ថា ទីតាំង​ស្ថាប័ន​ទាំង​នេះ​​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​ផ្ទុក​ឈើ​ខុសច្បាប់​​ ហើយ​អ្នកស្រុក​រស់​នៅ​ជុំវិញ​ទីនោះ​អះអាង​ថា មាន​ឡាន​ដឹក​ឈើ​ចេញ​ចូល​​បញ្ជាការដ្ឋាន​យោធភូមិភាគទី៣ ទាំង​យប់​​ ទាំង​ថ្ងៃ។

យុវជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ភួង កែវរស្មី បង្ហាញ​ទស្សនៈ​​ថា ការ​រក​ឃើញ​ដោយសារ​ព័ត៌មាន​ម៉ុនហ្កាបៃ ហាក់​​​​មាន​​ភាព​ស៊ី​សង្វាក់​គ្នា​ ជា​មួយ​ការ​អះអាង​របស់​ពលរដ្ឋ​មូលដ្ឋាន​ ដែល​បាន​ឃើញ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញ​ចូល​​ពន្ធនាគារ​ខេត្ត​កោះកុង និង​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​៣ ក្នុង​ខេត្ត​កំពងស្ពឺ ដើម្បី​ចរាចរណ៍​ឈើ​ខុស​ច្បាប់​ទាំងនោះ។

កញ្ញា ភួង កែវរស្មី៖​ «មើល​ឃើញ​ថា កម្មករ​ដែល​គាត់​ស៊ីឈ្នួល​គឺ​គាត់​ធ្វើ​ការ​ឱ្យ​ឈ្មួញ​ធំៗ​ ច្បាស់​ណាស់​ថា គាត់​អត់​អាច​ឯករាជ្យ​តែ​ឯង​បាន​ទេ​ គឺ​តែង​តែ​មាន​អ្នក​មាន​អំណាច​នៅ​ពីក្រោយ​ខ្នង​ អ៊ីចឹង​បើ​យើង​ឃើញ​សកម្មភាព​ទាំង​អស់​ហ្នឹង​ ហើយ​បាន​ទទួល​ដំណឹង​ពី​អ្នក​ពី​ជុំវិញ​ទៀត​ យើង​ពិត​ជា​មាន​ការ​បារម្ភ​មែន​ទៀត​ថា​ គេ​អាច​ប្រើ​ប្រាស់​ដី​ ឬ​ស្ថាប័ន​រដ្ឋ​ដែល​ជា​ទី​តាំង​ជា​របស់​រដ្ឋ​យក​ទៅ​គប់គិត​ »។

​​​កញ្ញា ភួង កែវរស្មី បន្ថែម​ទៀត​ថា ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប​តែងតែ​ចង់​ឃើញ​មន្ត្រី​ធ្វើ​ការ​ដោយ​ឯករាជ្យ​ជា​ពិសេស​នៅ​ពេល​ដែល​មាន​ការ​សង្ស័យ​ថា មាន​​​បទល្មើស​ព្រៃឈើ​ក្នុង​ទីតាំង​រដ្ឋ​​ ហើយ​មន្ត្រី​ពាក់ព័ន្ធ​គួរ​តែ​មាន​ចំណាត់ការ​ ឬ​​​បង្ក្រាប​ជុំវិញ​ករណី​នេះ។ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​គ្រប់​ករណី​ដែល​មាន​បទល្មើស​ព្រៃឈើ​ ឬ​ធនធាន​ធម្មជាតិ​កន្លង​មក​ មិន​សូវ​មាន​​មន្ត្រី​ណា​ស្ទុះស្ទា បង្ក្រាប​​ទៅ​លើ​ជន​ល្មើស​ ឬ​ឈ្មួញ​ ហេតុនេះ​ហើយ​ទើប​​ធ្វើ​ឱ្យ​ពលរដ្ឋ​អស់​ជំនឿ។

​​កញ្ញា ភួង កែវរស្មី៖ «ប្រាកដ​ហើយ​ថា ចង់​ឃើញ​ការ​ស៊ើប​អង្កេត​ហើយ​វែក​រក​មុខ​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ តែ​អ្វី​ដែល​សំខាន់​ យើង​អស់​ជំនឿ​ទៅ​លើ​អ្នក​ដែល​កំពុង​ធ្វើ​ការ​នៅ​លើ​រឿង​ហ្នឹង​ ព្រោះ​ពួក​គាត់​អត់​បាន​ធ្វើ​សកម្មភាព​ណា​ ឬ​ធ្វើ​សមិទ្ធផល​ណា​មួយ​​ពាក់​ពន្ធ​នឹង​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​ឱ្យ​យើង​ជា​សកម្មជន​បរិស្ថាន​ ជា​ប្រជាពលរដ្ឋ​​​ទុក​ចិត្ត​លើ​គាត់ ឬ​សង្ឃឹម​ថា​ពួក​គាត់​អាច​វែក​មុខ​អ្នក​នៅ​ពី​ក្រោយ​ខ្នង​អ្នក​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​បាន»។

ទាហាន​បញ្ជាការដ្ឋាន​យោធ​ភូមិ​ភាគ​៣ លោក ហេម សុវណ្ណ លើក​ឡើង​ថា មិន​បាន​ដឹង​ចំពោះ​ការ​រក​ឃើញ​របស់​អ្នកសារព័ត៌មាន​​​​​ម៉ុងហ្គាបៃ ​(Mongabay) នោះ​ទេ។

ជុំវិញ​ការ​រក​ឃើញ​ពី​ភាព​ប្រក្រតី​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង​ សារព័ត៌មាន​ម៉ុងហ្គាបៃ បាន​រក​ឃើញ​ដែរ​ថា បុរស​ម្នាក់​ឈ្មោះ ប្រុស ដែល​សារព័ត៌មាន​បរទេស​មួយ​នេះ​អះអាង​ថា​ធ្លាប់​គំរាម​កំហែង​ទៅ​លើ​អ្នកកាសែត​ក្នុង​ពេល​កន្លង​ទៅ គឺ​ស្ថិត​នៅ​ក្នុង​បណ្ដាញ​ដឹក​ជញ្ជូន​ឈើ​ដោយ​លួច​លាក់​ពី​ទូទាំង​ខេត្ត​កោះកុង​។ បុរស​នេះ​ក៏​ត្រូវ​បាន​រក​ឃើញ​ថា ជា​អ្នក​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ដឹក​ យក​ឈើ​ចេញ​ពី​ព្រៃ ដែល​ត្រូវ​បាន​ឈូស​ឆាយ​សម្រាប់​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​នៅ​ក្នុង​ខេត្ត​កោះកុង។ ឈើ​ទាំង​នោះ​ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត​ដឹក​ទំនិញ​ឆ្លង​កាត់​ច្រក​ត្រួត​ពិនិត្យ​របស់​អង្គការ​អភិរក្ស​សត្វព្រៃ និង​ទីស្នាក់ការ​បរិស្ថាន​ មុន​ពេល​បញ្ជូន​ទៅ​ស្តុក​ទុក​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង។

សារព័ត៌មាន​ដដែល​អះអាង​ថា ប្រភព​ផ្លូវ និង​ទិសដៅ​នៃ​លំហូរ​ឈើ​ដែល​គ្រប់គ្រង​ដោយ​បុគ្គល​ឈ្មោះ​ ប្រុស នៅ​តែ​មិន​​មាន​ការ​ត្រួត​ពិនិត្យ ។ ទោះ​ជា​យ៉ាងណា បុគ្គល​ឈ្មោះ ប្រុស បាន​អះអាង​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​អ្នក​សារ​ព័ត៌មាន​កាល​ពី​ខែ​មេសា ឆ្នាំ​២០២២ ថា អាជីវកម្ម​របស់​គាត់​គឺ​ស្រប​ច្បាប់​ទាំង​ស្រុង។

ប៉ុន្តែ​អ្នក​រស់​នៅ​ខេត្ត​កោះកុង ដែល​បាន​ទិញ​ឈើ​ពី​លោក ប្រុស បាន​ទទួល​វិក្កយបត្រ​ដែល​បញ្ជាក់​ថា ដេប៉ូឈើ យុស ប្រុស (Yous Pros Timber Depot) ហើយ​ដែល​សារព័ត៌មាន​ម៉ុងហ្គាបៃ​អះអាង​ថា ជា​ក្រុមហ៊ុន​មិន​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​នោះ​ទេ។

ជុំវិញ​ការ​រក​ឃើញ​នេះ វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង បាន​នៅ​ឡើយ​ទេ នៅថ្ងៃទី១០ ខែ​មិថុនា។

រីឯ​ករណី​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​នៅ​ទី​បញ្ជាការដ្ឋាន​ភូមិភាគ៣ នៅ​ខេត្ត​កំពង់ស្ពឺ​វិញ ទាហាន​នៃ​បញ្ជាការដ្ឋាន​យោធភូមិភាគ៣ ខេត្ត​កំពង់ស្ពឺ​លោក ហេម សុវណ្ណ លើក​ឡើង​ថា លោក​មិន​បាន​ដឹង​ចំពោះ​ការ​រក​ឃើញ​របស់​អ្នក​សារព័ត៌មាន​ម៉ុងហ្គាបៃ​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី​ក៏​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បាន​នៅ​ឡើយ​ដែរ​នៅ​ថ្ងៃទី១០ ខែ​មិថុនា។

ជុំវិញ​រឿង​នេះ​អ្នក​ការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន លោក សាន់ ម៉ាឡា លើក​ឡើង​ថា នៅ​ពេល​មាន​អត្ថបទ​ស៊ើប​អង្កេត​ចេញ​ផ្សាយ​ វា​ប្រាកដ​ជា​មាន​ភស្តុតាង​រឹងមាំ ដូច្នេះ​លោក​ថា ដើម្បី​ផល​ប្រយោជន៍​ជាតិ មន្ត្រី​ពាក់ព័ន្ធ​គួរ​តែ​បើក​ការ​ស៊ើបអង្កេត​ ជាជាង​​ច្រាន​​ចោល​ ឬ​ធ្វើ​ជា​មិន​អើពើ​ចំពោះ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ទាំង​នេះ។​

លោក សាន់ ម៉ាឡ៉ា៖ «មិន​មាន​ការ​ប្រតិកម្ម​ មិន​ស៊ើប​អង្កេត​ ហើយ​បែរ​ទៅ​ជា​បដិសេធ​ ហើយ​ចោទប្រកាន់​ថា​ជា​ព័ត៌មាន​មិន​ពិត​​ នោះ​វា​ប្រាកដ​ជា​ធ្វើ​ឱ្យ​ខាត​ដល់​ប្រយោជន៍​សង្គម​កម្ពុជា​យើង​ទៅវិញ​ទេ​ ហើយ​ការ​មិន​ស៊ើប​អង្កេត ឬ​ចាត់​ទុក​ថា​ជា​ព័ត៌មាន​មិន​ពិត ជា​ផ្នែក​មួយ​ដែល​លើក​ទឹក​ចិត្ត​ឱ្យ​ជន​ខិល​ខូច​ មន្ត្រី​ខិលខូច​សហការ​គ្នា​ ​​ក្នុង​ការ​បំផ្លិច​បំផ្លាញ​ធនធានធម្មជាតិ​របស់​ប្រទេស​ខ្មែរ»។

លោក សាន់ ម៉ាឡា បន្ថែម​ទៀត​ថា ​កន្លង​មក លោក​មិនដែល​ឃើញ​មន្ត្រី ឬ​ស្ថាប័នរដ្ឋ​ចេញ​របាយការណ៍​ជុំវិញ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នោះ​ទេ។ លោក​បន្ត​ថា ក្នុង​ស្ថានភាព​ធនធាន​ធម្មជាតិ​ដែល​នៅសល់​ចុងក្រោយ​បន្តិច​បន្តួច​នេះ គួរ​ដល់​ពេល​ដែល​មន្ត្រី​ពាក់ព័ន្ធ​​បង្ហាញ​សមត្ថភាព​ក្នុង​ការពារ ​ ដើម្បី​កូនចៅ​ខ្មែរ​ជំនាន់​​ក្រោយ។

ប្រធាន​គណៈ​កម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្មជាតិ​ លោក សៅ សុខា កាល​ពី​ពេល​ថ្មីៗនេះ​ បាន​ចេញ​បទ​បញ្ជា​ជា​ថ្មី​ឱ្យ​កម្លាំង​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​បង្ក្រាប​​ឱ្យ​បាន​ម៉ឺងម៉ាត់​

ចំពោះ​បទ​ល្មើស​ព្រៃ​ឈើ​ដែល​កំពុង​តែ​កើត​មាន​ បើ​ទោះ​ជា​ត្រូវ​ប្រើ​អាវុធ​បាញ់​កម្ទេច​ជន​ល្មើស​ក៏ដោយ។

វិទ្យុ​អាស៊ីសេរី ក៏​មិន​ទាន់​អាច​ទាក់​ទង​លោក អេង ហ៊ី អ្នក​នាំ​ពាក្យ​គណៈ​កម្មការ​ជាតិ​ដើម្បី​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ ដើម្បី​​សុំ​ការ​ឆ្លើយ​តប​បាន​នៅ​ឡើយ​ចំពោះ​ការ​រក​ឃើញ​នេះ​។

បទ​ល្មើស​ព្រៃឈើ​ដែល​កំពុង​បន្ត​កើត​ឡើង​នៅ​កម្ពុជា​មិនមែន​ជា​រឿងថ្មី​នោះ​ទេ បើ​ទោះ​ជា​កន្លង​ទៅ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់​ភ្នាល់​ដាក់​ជីវិត​ការពារ​ព្រៃឈើ​ក្តី។ ទោះ​ជា​បែប​នេះ​ក្តី រដ្ឋាភិបាល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ពុំ​មាន​ឆន្ទៈ​ពិត​ប្រាកដ​នៅ​ក្នុង​ការ​បង្រ្កាប​បទល្មើស​ព្រៃឈើ​នោះ​ទេ ហើយ​កន្លង​ទៅ​បទ​ល្មើស​ព្រៃឈើ​ធំៗ​ក៏​មាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​បណ្ដាញ​ជិត​ស្និទ្ធ​របស់​លោក ហ៊ុន សែន ផង​ដែរ។

របាយការណ៍​មែក​ធាង​អំពើ​ខុស​ច្បាប់ នៃ​រចនាសម្ព័ន្ធ​កាប់​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា (Branches Of Illegality Cambodia's illegality structures) ដែល​ចេញផ្សាយ​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០២២​ បង្ហាញ​ថា ប្រព័ន្ធ​ការពារ​គ្នា​ទៅវិញ​ទៅមក​ដែល​បង្កើត​ឡើង​ដោយ​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​មួយ​ក្រុម​ឧកញ៉ា និង​កង​កម្លាំង​ប្រដាប់​អាវុធ គឺជា​កត្តា​ចម្បង​ធ្វើ​ឱ្យ​មាន​វិនាសកម្ម​ព្រៃ​ឈើ​នៅ​កម្ពុជា​នៅ​តែ​បន្ត​កើត​មាន។

របាយការណ៍​បាន​សង្កត់​ធ្ងន់​ថា ដើម្បី​បាន​ចូលរួម​ក្នុង​ប្រព័ន្ធ​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក គេ​ត្រូវ​បរិច្ចាគ​លុយ ៥០ម៉ឺន​ដុល្លារ​អាមេរិក​ដល់​គណបក្ស​ប្រជាជន ដើម្បី​បាន​ងារ​ជា​ឧកញ៉ា ហើយ​ការ​ទទួល​បាន​ឋានៈ​នេះ ប្រៀប​ដូចជា​ការ​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​គណបក្ស​ប្រជាជន​អស់​មួយ​ជីវិត ដើម្បី​ភ្ជាប់​មក​ជា​មួយ​អភ័យ​ឯកសិទ្ធិ ការ​ទំនុក​បម្រុង និង​ទំនួល​ខុស​ត្រូវ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក។

បន្ថែម​ពី​លើ​នេះ ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា របៀប​បង់​ប្រាក់​ក្រៅ​ផ្លូវការ​នៅ​ក្នុង​រចនាសម្ព័ន្ធ​របប​លោក ហ៊ុន សែន និង​កង​កម្លាំង​ប្រដាប់​អាវុធ ត្រូវ​បាន​ធ្វើ​ឡើង​ដូច​ទៅ​នឹង​ក្រុម​ជន​អន្ធពាល ដែល​មាន​រាង​ដូច​ពីរ៉ាមីត ដោយ​ក្នុង​នោះ​អ្នក​ដែល​មាន​ឋានៈ​តូច​ទាប ត្រូវ​បង់​ប្រាក់​ខែ​របស់​ពួកគេ​រហូត​ដល់៥០ទៅ​ដល់​អ្នក​ដែល​មាន​តួនាទី​ធំ​ជាង​ខ្លួន។ ដោយ​ប្រាក់ខែ​មិន​អាច​ផ្គត់​ផ្គង់​ជីវភាព​បាន មន្ត្រី​ទាំង​នោះ ត្រូវ​តែ​រក​ចំណូល​បន្ថែម​តាម​រយៈ​ការ​ទទួល​សំណូក។ ដោយ​ឡែក ចំពោះ​មន្ត្រី​ណា​ដែល​មិន​បង់​ប្រាក់​ដល់​ថ្នាក់​លើ នោះ​ពួកគេ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​លាលែង​ពី​ដំណែង​របស់​ខ្លួន៕

No comments: