Tuesday, 11 July 2023

រដ្ឋាភិបាល​លោក ហ៊ុន សែន ដាក់​ឈ្មោះ​មន្ត្រី​បក្ស​ភ្លើង​ទៀន​នៅ​ក្រៅ​ប្រទេសបី​នាក់ ​ក្នុង​បញ្ជី​ខ្មៅ ដែល​ត្រូវ​ចាប់​ខ្លួន


ដោយ មាន ឫទ្ធិ
2023.07.10


រដ្ឋាភិបាល​លោក ហ៊ុន សែន ដាក់​ឈ្មោះ​មន្ត្រី​បក្ស​ភ្លើង​ទៀន​នៅ​ក្រៅ​ប្រទេសបី​នាក់ ​ក្នុង​បញ្ជី​ខ្មៅ ដែល​ត្រូវ​ចាប់​ខ្លួន
 

រូប៖ ហ្វេសប៊ុក


រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដាក់​ឈ្មោះ​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ចំនួន​បី​នាក់​នៅ​ក្រៅ​ប្រទេស​ចូល​ក្នុង​បញ្ជី​ខ្មៅ (Black List) ដែល​ត្រូវ​ចាប់​ខ្លួន។ មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុក​ទង្វើ​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​រារាំង​នូវ​ការ​អនុវត្ត​សិទ្ធិ​នយោបាយ។ចំណែក​មន្ត្រី​សិទ្ធិមនុស្ស​ថា ចំណាត់​ការ​របស់​អាជ្ញាធរ​ធ្វើ​ឡើង​មិន​ត្រឹមត្រូវ​តាម​ច្បាប់។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង កាល​ពី​ចុង​ខែឧសភា ដើម្បី​ឱ្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដាក់​បញ្ចូល​ឈ្មោះ​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ភ្លើង​ទៀន​រស់​នៅ​ក្រៅ​ប្រទេស​ចំនួន​បី​នាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ (Black List)។ លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក នេត សាវឿន បញ្ជាក់​ថា អ្នក​ទាំង​បី​នាក់​នោះ គឺ​ជា​ជន​ជាប់ចោទ​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​បង្គាប់​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ពី​បទ «ប្រមាថ​ព្រះ​មហាក្សត្រ ញុះញង់​ឱ្យ​មាន​ការ​រើសអើង​ពូជសាសន៍ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ដែល​បាន​ប្រព្រឹត្ត​នៅ​កម្ពុជា និង​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាល​ពី​អំឡុង​ឆ្នាំ២០២០ ដល់​ឆ្នាំ២០២២។ មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ទាំង​នោះ រួមមាន លោក សៅ រ៉ាស៊ី រស់​នៅ​ប្រទេស​នូវែលហ្សេឡង់ (New Zealand) លោក ជា គឹមលី និង​លោក ស៊ុម ទិត្យា រស់​នៅ​សហរដ្ឋ​អាមេរិក។



វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន និង​អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​លោក អ៊ី រិន្ទ ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១០ ខែកក្កដា។

ចំណាត់ការ​របស់​អាជ្ញាធរ​កម្ពុជា​នេះ គឺ​បន្ទាប់​ពី​លោក ហ៊ុន សែន ដែល​កាល​ពី​ពេល​ថ្មីៗ នេះ បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ត្រូវ​ក្ដាប់​នយោបាយ​ព្រហ្មទណ្ឌ​ឱ្យ​ច្បាស់​ដើម្បី​ចាត់ការ​លើ​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង។

ឆ្លើយ​តប​រឿង​នេះ លោក សៅ រ៉ាស៊ី ដែល​តុលាការ​បង្គាប់​ឱ្យ​ចាប់​ខ្លួន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១០ ខែកក្កដា​ថា ដំបូង​ឡើយ​លោក​បាន​ប្រកាស​ជា​សាធារណៈ​ថា លោក​នឹង​ទៅ​កម្ពុជា ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត ដោយសារ​តែ​លោក ហ៊ុន សែន បាន​កែ​ច្បាប់​បោះ​ឆ្នោត ដើម្បី​បំបិទ​សិទ្ធិ​របស់​អ្នក​នយោបាយ។ ប៉ុន្តែ​ក្រោយ​មក​អាជ្ញាធរ​កម្ពុជា​បែរ​ជា​បង្កើត​រឿង​ចោទ​ប្រកាន់​តាម​ប្រព័ន្ធ​តុលាការ ហើយ​ថែមទាំង​ដាក់​ឈ្មោះ​របស់​លោក​ក្នុង​បញ្ជី​ខ្មៅ (Black List) ខណៈ​អាជ្ញាធរ​មិន​ដែល​កោះហៅ​លោក​ទៅ​បំភ្លឺ​ម្ដង​ណា​ឡើយ។ លោក​អះអាង​ថា​លោក​មិន​បាន​ប្រព្រឹត្ត​ល្មើស​ដូច​តុលាការ​ចោទ​កាន់​នោះ​ទេ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ដែល​រស់​នៅ​នៅ​ប្រទេស​នូវែលហ្សេឡង់ (New Zealand) រូប​នេះ ចាត់​ទុក​ចំណាត់​ការ​របស់​អាជ្ញាធរ​កម្ពុជា​ថា មាន​ចរិត​នយោបាយ​ដែល​មាន​ចេតនា​រារាំង​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​នៅ​ក្រៅ​ប្រទេស​មិន​ឱ្យ​ចូល​ស្រុក​បាន។

    លោក សៅ រ៉ាស៊ី៖ «បំណង​របស់​ខ្ញុំ​ចូល​ទៅ​កម្ពុជា​គ្មាន​បំណង​ធ្វើ​អ្វី​ដើម្បី​រំខាន​ដល់​រដ្ឋាភិបាល​ទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ចង់​ពង្រឹង​សកម្មជន ថ្នាក់​ដឹកនាំ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ស្រុក​ខ្មែរ​ឱ្យ​រឹងមាំ​ដដែល ជាពិសេស​ខ្ញុំ​គ្មាន​កំហុស ហើយ​ខ្ញុំ​ចូល​ក្នុង​ប្រទេស​របស់​ខ្ញុំ រឿង​អ្វី​ខ្ញុំ​ត្រូវ​ខុស​មក​រារាំង​ខ្ញុំ ដើម្បី​អ្វី វា​ជា​ចេតនា​នយោបាយ​មួយ ដែល​បង្អាក់​មិន​ឱ្យ​អ្នក​នយោបាយ​ប្រជាធិបតេយ្យ ជាពិសេស​គណបក្ស​ប្រឆាំង​ហ្នឹង អ៊ីចឹង សូម​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ដើម្បី​ជៀសវាង​កុំ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ណា​មួយ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត»។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ការ​ដាក់​ឈ្មោះ​របស់​មន្ត្រី​បក្ស​ប្រឆាំង​ចូល​ក្នុង​បញ្ជី​ខ្មៅ​នោះ គឺ​ធ្វើ​ឡើយ​ដោយ​មិន​ត្រឹមត្រូវ​តាម​ច្បាប់។ លោក​បញ្ជាក់​ថា ទោះបី​ពួក​គេ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​ចេញ​ដីកា​ចាប់​ខ្លួន​ក្ដី ប៉ុន្តែ​តុលាការ​មិន​ទាន់​បាន​ជំនុំ​ជម្រះ​ក្ដី​ដោយ​យុត្តិធម៌ និង​សម្រេច​ជា​ផ្លូវ​ការ​ថា ពួក​គេ​ត្រូវ​មាន​ទោស​នៅ​ឡើយ​ទេ។ មន្ត្រី​សិទ្ធិមនុស្ស​សង្កេត​ឃើញ​ថា សកម្មភាព​របស់​សកម្មជន​បក្ស​ប្រឆាំង​កន្លង​មក គឺ​ជា​ការ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ ហើយ​បើ​ការ​ចោទ​ប្រកាន់​ណាមួយ​ដែល​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ ជៀស​មិន​ផុត​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​រិះគន់​ករណី​នេះ​ថា​ជា​រឿង​នយោបាយ​ជាង​ការអនុវត្ត​ច្បាប់។

    លោក ស៊ឹង សែនករុណា៖ «វា​ជា​រំលោភ​លើ​គោលការណ៍​គ្មាន​ទោស ក្នុង​នោះ​គឺ​នៅ​ពេល​តុលាការ​មិន​ទាន់​ចេញ​សាលក្រម​ស្ថាពរ បុគ្គល​នោះ​ស្ថិត​ក្នុង​ជន​ដែល​គ្មាន​ទោស​នៅ​ឡើយ បើ​សិន​ជា​យើង​ដាក់​នៅ​ក្នុង​ចំណុច​ណាមួយ​ដោយ​អ្នក​ទាំងនោះ​មិនទាន់​ឆ្លង​កាត់​ដំណើរការ​តាម​ផ្លូវ​ច្បាប់​បាន​ត្រឹមត្រូវ ហើយ​យើង​ដាក់​នៅ​ក្នុង​ចំណុច​ទោស​ទណ្ឌ​ណា​មួយ អា​ហ្នឹង​វា​មិនមែន​ជា​រឿង​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ទេ​បាទ»។

អ្នកឃ្លាំមើល​បញ្ហា​សង្គម​និង​នយោបាយ​កម្ពុជា មើល​ឃើញ​ថា របប​ដឹកនាំ​របស់​លោក ហ៊ុន សែន កំពុង​បង្កើន​កម្ដៅ​នយោបាយ និង​ព្យុះភ្លៀង​បោកបក់​ទៅ​លើ​គណបក្ស​ប្រឆាំង​តាម​គ្រប់​រូបភាព មាន​ទាំង​ការ​គំរាម​កំហែង និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​អាវុធ។ ក្នុង​នោះ​រួមមាន ការ​ប្ដឹង​ផ្ដល់​ទារ​សំណង​ជំងឺចិត្ត​រាប់​សែន​ដុល្លារ​ពី​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ការ​រឹបអូស​ផ្ទះ​សម្បែង និង​ដីធ្លី​របស់​ឧត្ដម​ទី​ប្រឹក្សា​គណបក្ស​ភ្លើង​ទៀន លោក គង់ គាំ រួម​ទាំង​ការ​ចោទ​ប្រកាន់​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា និង​សកម្មជន​ជា​ច្រើន​នាក់​ទៀត ដាក់​ពន្ធនាគារ​កាល​ពី​ពេល​ថ្មីៗ នេះ ដែល​មតិ​ជាតិ និង​អន្តរ​ជាតិ​ចាត់​ទុក​ជា​រឿង​នយោបាយ៕

No comments: