Sunday, 30 July 2023

មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​មិន​ទាន់​ចេញ​សារ​គាំទ្រ​លោក ហ៊ុន ម៉ាណែត ឱ្យ​បន្ត​តំណែង​ពី​ឪពុក

 

ដោយ យ៉ង ចាន់តារា
2023.07.30


មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​មិន​ទាន់​ចេញ​សារ​គាំទ្រ​លោក ហ៊ុន ម៉ាណែត ឱ្យ​បន្ត​តំណែង​ពី​ឪពុក  
(ពីឆ្វេង) លោក ស ខេង លោក ទៀ បាញ់ និងលោក ហ៊ុន សែន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៥ ខែមេសា ​ឆ្នាំ២០១៩។
Photo Pressocm

ខុសប្លែក​ពី​មន្ត្រី​នៅ​តាម​ក្រសួង​ស្ថាប័ន​នានា​ដែល​ចេញ​ញត្តិ​គាំទ្រ​ការ​ផ្ទេរ​តំណែង​នាយករដ្ឋមន្ត្រី​ឱ្យ​លោក ហ៊ុន ម៉ាណែត ភ្លូក​ទឹក​ភ្លូកដី អ្នក​នយោបាយ​ចាស់វស្សា​ដែល​ត្រូវ​បាន​លោក ហ៊ុន សែន រុញ​ចេញ​ពី​កៅអី​គ្រប់គ្រង​ស្ថាប័ន​សំខាន់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​និង​អង្គនីតិបញ្ញត្តិ បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់ មិន​បង្ហាញ​ការ​គាំទ្រ ឬ​ប្រតិកម្ម​អ្វី​ឡើយ។ មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកវិភាគ​ថា នេះ​ជា​ភាព​មិន​ប្រក្រតី​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​មាន​បញ្ហា​ផ្ទៃ​ក្នុង​បណ្ដាល​មក​ពី​ការ​ផ្ទេរ​អំណាច​តពូជ​របស់​គ្រួសារ​ត្រកូល​ហ៊ុន។

ក្រោយ​ពី​លោក ហ៊ុន សែន ប្រកាស​ផ្ទេរតំណែង​នាយករដ្ឋមន្ត្រី​ឱ្យ​កូនប្រុស គឺ​លោក ហ៊ុន ម៉ាណែត មន្ត្រី​តូច​ធំ​នៅ​តាម​ស្ថាប័ន​នានា និង​ក្រុម​ឧកញ៉ា​ផង បាន​ចេញ​ញត្តិ​គាំទ្រ​ជា​បន្តបន្ទាប់​ទៅតាម​ប្រពៃណី ដែល​ពួកគេ​ហាក់​ដឹង​ពី​តួនាទី​ដែល​ពួកគេ​ត្រូវធ្វើ។ ប៉ុន្តែ​ក្នុងចំណោម​អ្នកគាំទ្រ​ទាំងនោះ គេ​មិន​ឃើញ​មន្ត្រី​សំខាន់ៗ​មួយចំនួន ដែល​មាន​ឥទ្ធិពល​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល រួម​មាន រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច អ្នកស្រី ម៉ែន សំអន និង​ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ មិនទាន់​ឃើញ​ចេញ​ញត្តិ​គាំទ្រ​លោក ហ៊ុន ម៉ាណែត នៅ​ឡើយ​ទេ គិត​ត្រឹម​យប់​ថ្ងៃទី​២៩ កក្កដា។

មន្ត្រី​គណបក្ស​ប្រឆាំង យល់​ថា ភាព​ស្ងៀមស្ងាត់​របស់​មន្ត្រី​សំខាន់ៗ នៅក្នុង​ជួរ​រដ្ឋាភិបាល​បែបនេះ គឺជា​ការ​ធ្វើ​ពហិការ ដែល​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត ចំពោះ​ការបែងចែក​អំណាច​របស់​លោក ហ៊ុន សែន។

 

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន ចាត់​ទុក​អ្នក​ដែល​ចេញ​ញត្តិ​គាំទ្រ​អនាគត​នាយករដ្ឋមន្ត្រី ថា ជា​មនុស្ស​អែបអប ខណៈ​ការ​រក្សា​ភាព​ស្ងៀមស្ងាត់​របស់​មន្ត្រី​ធំៗ អាច​ជា​ការ​បង្ហាញ​ភាព​មិន​ពេញចិត្ត​ចំពោះ​ការផ្ទេរ​តំណែង​ត​វង្ស​ត្រកូល និង​ការ​ដក​ហូត​អំណាច​របស់​ពួកគាត់ ខណៈ​លោក ហ៊ុន សែន ខ្លួនឯង​បែរជា​ទៅ​គ្រប់​គ្រង​ស្ថាប័ន​កំពូលៗ របស់​ជាតិ​ទៅវិញ​។ លោក​បន្ត​ថា មេដឹកនាំ​ផ្ដាច់ការ​រូប​នេះ​ទំនង​មើលឃើញ​ពី​ភាព​ចម្រូងចម្រាស​នៃ​ការផ្ទេរ​តំណែង​ឱ្យ​កូនប្រុស ទើប​លោក​ប្រញាប់ប្រញាល់​សម្រេច​កិច្ចការ​នេះ ស្រប​ពេល​ដែល​លោក​ជា​មនុស្ស​ចូលចិត្ត​ច្បាម​យក​អំណាច​គ្រប់គ្រង​តែម្នាក់ឯង ហើយ​គាបសង្កត់​អ្នក​នៅ​ក្រោម​បញ្ជា​ដើម្បី​សម្រេច​តាម​បំណង​របស់​ខ្លួន។

លោក អ៊ុំ សំអាន៖ «លោក ហ៊ុន សែន ឱ្យ​គេ​ទៅកាន់​តំណែង​ខ្យល់ ហើយ​ខ្លួនឯង​ហ្នឹង ទៅ​កាន់​តំណែង​កំពូលៗ ដែល​មាន​អំណាច​ជាង​មុន​ទៅទៀត​។ ហើយ​ក្នុង​ពិភពលោក​ក៏​មិន​ដែល​មាន​ប្រទេស​ណា​ដែល​មាន​ឪពុក​កាន់​តំណែង​ជា​ប្រមុខ​រដ្ឋស្ដីទី ហើយ​កូន​ជា​នាយករដ្ឋមន្ត្រី​អ៊ីចឹង​ដែរ ប្រទេស​ផ្ដាច់ការ ប្រទេស​កុម្មុយនិស្ត​អី​អត់​មាន​ទេ យើង​មើល​មើល។ ក្នុង​រដ្ឋធម្មនុញ្ញ​គេ​ចែង​ច្បាស់​ហើយ ការបែងចែក​ដាច់​ពី​គ្នា​នៃ​អំណាច​ទាំង​បី។ តែ​ដល់​ឪ​ហើយ​កូន​នោះ កាន់​អង្គ​នីតិប្រតិបត្តិ និង​នីតិប្បញ្ញត្តិ​ហើយ​ហ្នឹង អ៊ីចឹង​មាន​តុល្យភាព​អំណាច​ពី​ណា​មក»

កាលពី​ថ្ងៃទី​២៦ កក្កដា លោក ហ៊ុន សែន ប្រកាស​ថា លោក​នឹង​ចាក​ចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី ដើម្បី​ប្រគល់​ឱ្យទៅ​កូនប្រុស គឺ​លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី​២២ ខែ​សីហា ខាងមុខ។ លោក​ស្នើ​ដល់​មន្ត្រី​ទាំងឡាយ ដែល​មិន​បន្ត​តំណែង​ក្នុង​គណៈរដ្ឋមន្ត្រី​តទៅទៀត​ឱ្យ​យោគយល់ និង​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​នានា ដែល​មិន​ទទួល​តំណែង​ជា​រដ្ឋមន្ត្រី​តទៅទៀត​នោះ អង្គុយ​នៅក្នុង​សភា​ជា​តំណាងរាស្ត្រ ដែល​លោក ហ៊ុន សែន អះអាង​ថា ពួក​មន្ត្រី​ទាំងនេះ​ចាស់ៗ​ណាស់​ហើយ​។ លោក ហ៊ុន សែន បន្ថែម​ថា មន្ត្រី​មួយចំនួន អាច​នឹង​ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​រដ្ឋាភិបាល និង​មួយ​ចំនួន​ទៀត​ក៏​អាច​ក្លាយជា​សមាជិក​ព្រឹទ្ធសភា នៅពេល​ខាងមុខ ចំណែក​ខ្លួន​លោក​វិញ នឹង​ទៅកាន់​តួនាទី​ជា​ប្រធាន​ព្រឹទ្ធសភា​ជំនួស​លោក សាយ ឈុំ ដែល​លោក​ឱ្យ​ចូល​និវត្តន៍។ ប្រធាន​ព្រឹទ្ធសភា​ជា​តួនាទី​ដែល​មាន​ឋានៈ​ស្មើនឹង​ប្រមុខ​រដ្ឋ​ស្ដីទី សម្រេច​កិច្ច​ការ​ជំនួស​ព្រះមហាក្សត្រ​ពេល​ទ្រង់​អវត្តមាន ហើយ​ជាមួយ​គ្នា​នេះ លោក​ក៏​នឹង​ក្លាយជា​ប្រធាន​ក្រុមប្រឹក្សារាជសម្បត្តិ​ផង​ដែរ។

ចំពោះ​ការ​ស្នើ​សុំ​របស់​លោក ហ៊ុន សែន នេះ មន្ត្រី​សំខាន់ៗ មួយចំនួន ដូចជា​លោក ស ខេង លោក ហេង សំរិន លោក សាយ ឈុំ លោក ទៀ បាញ់ និង​អ្នកស្រី ម៉ែន សំអន ជាដើម មិន​ទាន់​ឃើញ​បញ្ចេញ​សារ​បង្ហាញ​ការ​គាំទ្រ​ជា​សាធារណៈ​នោះ​ទេ។ លោក ហ៊ុន សែន ប្រកាស​ថា លោក ហេង សំរិន លោក ស ខេង លោក ទៀ បាញ់ និង​អ្នកស្រី ម៉ែន សំអន នឹង​ត្រូវ​បាន​តែងតាំង​ជា​ឧត្ដម ទីប្រឹក្សា​ព្រះមហាក្សត្រ ដែល​ជា​តួនាទី​ដែល​មិន​មាន​អំណាច​អ្វី​នោះ​ទេ។

ការ​ផ្លាស់ប្ដូរ​តំណែង ដែល​លោក ហ៊ុន សែន តាំងខ្លួន​ឯង​ជា​មេ​ចំណែក​នេះ ហាក់​គ្មាន​តុល្យភាព​ចំពោះ​មន្ត្រី​ចាស់ៗ ដែល​ជា​អតីត​សម​មិត្ត​រួម​អាវុធ​ជាមួយ​លោក​នោះ​ទេ ពីព្រោះ​អំណាច​គន្លឹះ​សំខាន់ៗ ត្រូវ​បាន​លោក​រៀបចំ​សម្រាប់​គ្រួសារ​ត្រកូល​"​ហ៊ុន​" ជា​អ្នកគ្រប់គ្រង ចំណែក​ផ្សេងៗ ទៀត ទទួល​បាន​តំណែង​ខ្យល់​ដែល​ចាំតែ​គោរព​តាម​បញ្ជា​របស់​លោក ហ៊ុន សែន។

ទាក់ទិន​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បដិសេធ​ថា មិន​មាន​ជម្លោះ​ផ្ទៃក្នុង នៅក្នុង​ជួរ​រដ្ឋាភិបាល​នោះ​ទេ។

លោក សុខ ឥសាន៖ «សម្ដេច ហ៊ុន សែន សម្ដេច ស ខេង សម្ដេច ម៉ែន សំអន និង​សម្ដេច ទៀ បាញ់ នេះ​គឺ​សុទ្ធតែ​ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា រាល់​ការចាត់ចែង​តំណែង និង​តួនាទី​ឱ្យ​មន្ត្រី​ឥស្សរជន​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ហើយ​និង​ស្ថាប័ន​កំពូល​នានា នេះ​គឺ​កើត​ឡើង​ពី​មតិ​សមូហភាព​ហើយ បាន​ពិភាក្សា​ជាមួយ​សម្ដេច​ទាំង​៤​ហ្នឹង»

ជុំវិញ​រឿង​នេះ​ដែរ អ្នកវិភាគ​នយោបាយ លោក គឹម សុខ យល់ឃើញ​ថា ការ​បំផុស​ឱ្យ​មាន​ញត្តិ​គាំទ្រ លោក ហ៊ុន ម៉ាណែត បង្ហាញ​ថា អនាគត​នាយករដ្ឋមន្ត្រី​រូប​នេះ​ខ្វះ​ប្រជាប្រិយភាព និង​ការ​គាំទ្រ​ពី​សមាជិក​គណបក្ស​ទាំងមូល ជាពិសេស​នៅក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស។ លោក​បន្ត​ថា មូលហេតុ​ដែល​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​មិន​គាំទ្រ​លោក ហ៊ុន ម៉ាណែត ដោយសារ​ការផ្ទេរ​តំណែង​នេះ​គ្រាន់តែ​ជា​ការ​បំភ័ន្ត និង​គេច​ពី​ការ​ដាក់​សម្ពាធ​របស់​ប្រទេស​ប្រជាធិបតេយ្យ ដែល​អាច​ធ្វើ​ឱ្យ​កម្ពុជា​ទាំងមូល​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​សង្គម និង​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ។

លោក គឹម សុខ៖ «ហើយ​វិបត្តិ​វា​នឹង​កើតមានឡើង​ធំ​ណាស់​សម្រាប់​ប្រទេស​កម្ពុជា ទាំង​វិបត្តិ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការ​អត់​ការងារ​ធ្វើ វិបត្តិ​បំណុល ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ខ្មែរ រហូត​ឈាន​ដល់​ធ្លាក់​ក្នុង​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ។ ហើយ​មួយវិញទៀត ជួបនឹង​វិបត្តិ​សង្គម​នេះ ហ៊ុន ម៉ាណែត មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ទេ ក៏​វា​កើត​ទៅជា​វិបត្តិ​នៃ​សង្គ្រាម​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​កាន់តែ​ខ្លាំងក្លា​ឡើង»

កាលពី​ខែ​មីនា រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ និង​កូនប្រុស​គឺ​លោក ទៀ សីហា បាន​ចេញ​មុខ​មក​អះអាង​ថា គ្រួសារ​លោក​គាំទ្រ​បេក្ខភាព​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ក្រោយ​ពេល​សារព័ត៌មាន​អន្តរជាតិ​មួយ​ចុះផ្សាយ​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​មិន​គាំទ្រ និង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផែនការ​របស់ លោក ហ៊ុន សែន ក្នុង​ការ​ប្រគល់​អំណាច​ទៅ​កូនប្រុស​របស់​គាត់​។ រឿងរ៉ាវ​នេះ បាន​បង្ក​ការ​សង្ស័យ​ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​មាន​បញ្ហា​ផ្ទៃក្នុង។

ចំណែក​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង វិញ កាលពី​ចុងឆ្នាំ​២០២១ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថា លោក​នឹង​គាំទ្រ​សេចក្ដីសម្រេច​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ជ្រើសតាំង លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជា​នាយករដ្ឋមន្ត្រី បន្ត​ទៀត ហើយ​លោក​ក៏​នឹង​គោរព​តាម​ការ​សម្រេច​របស់ លោក ហ៊ុន សែន សម្រាប់​ការ​ជ្រើសរើស​បេក្ខភាព​នាយករដ្ឋមន្ត្រី នា​ពេល​អនាគត​ដែរ។

មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នកវិភាគ​លើកឡើង​ថា ប្រសិនបើ​ភាគី​មន្ត្រី​សំខាន់ៗ ទាំង​នោះ លើក​ទង់ជ័យ​ស សុំ​ចុះចាញ់ និង​យល់​ស្របតាម​មហិច្ឆតា​របស់​លោក ហ៊ុន សែន មែន​នោះ នឹង​ធ្វើ​ឱ្យអំណាច​ត្រកូល​ហ៊ុន កាន់តែ​ខ្លាំង និង​គ្រប់គ្រង​កម្ពុជា​តាម​បែប​អំណាច​ផ្ដាច់ការ គ្រួសារ​និយម ដែល​បង្ក​ឱ្យ​មាន​អតុល្យភាព​ផ្នែក​នយោបាយ៕

No comments: