Tuesday, 4 July 2023

ក្រុមប្រឹក្សា​ធម្មនុញ្ញ​​ប្រកាស​ថា វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​មាន​ធម្មនុញ្ញភាព ឬ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ


ដោយ ជី វិតា
2023.07.03
ក្រុមប្រឹក្សា​ធម្មនុញ្ញ​​ប្រកាស​ថា វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​មាន​ធម្មនុញ្ញភាព ឬ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ  
(ឯកសារ) សមាជិកព្រឹទ្ធសភា ចំនួន ៥៩រូប ប្រជុំពិនិត្យ និង​ផ្ដល់យោបល់លើសេចក្តីព្រាងច្បាប់ ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត កាល​ពីព្រឹក​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុកព្រឹទ្ធសភា

 

ដូច​ដែល​គេ​រំពឹង​ទុក ក្រុមប្រឹក្សា​ធម្មនុញ្ញ​នៅ​ថ្ងៃចន្ទ​នេះ បាន​ប្រកាស​ថា វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​មាន​ធម្មនុញ្ញភាព ឬ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ នៅ​ថ្ងៃ​ទី៣ ខែកក្កដា​នេះ ឱ្យ​ដឹង​ថា សេចក្ដីព្រាង​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ដែល​ត្រូវ​បាន​រដ្ឋសភា​អនុម័ត នៅ​ថ្ងៃ​ទី២៣ មិថុនា និង​ព្រឹទ្ធសភា​អនុម័ត កាល​ពី​ថ្ងៃ​ទី២៩ មិថុនា​នោះ​គឺ ស្រប​នឹង​រដ្ឋធម្មនុញ្ញ។

ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​ដឹកនាំ​ដោយ​លោក អ៊ឹម ឈុនលឹម នៅថ្ងៃទី៣ កក្កដា​នេះ បាន​សម្រេច​ជា​ឯកច្ឆន្ទ​ថា សេចក្ដីព្រាង​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ដ៏​ចម្រូងចម្រាស​នោះ ស្រប​នឹង​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​នៃ​ជាតិ។ តាម​នីតិវិធី ក្រោយ​ពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ​អនុម័ត​រួច​ហើយ វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា​ប្រកាស​ឱ្យ​ប្រើ។
មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា សេចក្ដីព្រាង​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នេះ​មិន​បាន​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ ជា​ការ​ដក​ហូត​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ និង​គណបក្ស​នយោបាយ ដែល​មិន​អាច​ចូលរួម​បោះ​ឆ្នោតនៅថ្ងៃទី២៣ កក្កដា នៃនីតិកាលទី៧ ខាង​មុខ​នេះ។

ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៣ កក្កដា​ថា ការ​សម្រេច​របស់​ព្រឹទ្ធសភា​នេះ​គឺ មិន​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​មាត្រា៣៦ នោះ​ឡើយ៕

 

1 comment:

Anonymous said...

Why do they need to do election when they can do whatever they wanted.
Just make a law stipulating that only Ah Hun Sen family can hold the Prime Minister job.