Friday, 7 July 2023

"អាជ្ញាធរ​គួរ​ចេះ​ទទួល​ស្គាល់​កំហុស និង​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​រងគ្រោះ​ពី​ការ​ចាប់​ច្រឡំ​នៅ​វេងស្រេង"

 

School of Vice:

It matters not whether you maim or kill someone through your careless driving, medical mistreatment, rape or even kill them, you can rest assured that if you are affiliated with the ruling CPP or plead with Hun Sen to let you be one, your crime will be overlooked, and at the most, be given a light reduced sentence. This pattern of systematic impunity applies to all in the society from 'ordinary citizens' to business tycoons and children of powerful politicians.

This is why we refer to those who defect to and seek sanctuary within the CPP as 'opportunists', and as such their opportunism linked to this socio-political system of patronage in this way enables not only the commission of social offences and injustices within the population with a degree of impunity but also buys the affiliated their silence and conscience towards all other crimes committed by the ruling elite such as landgrabs, deforestation, land concessions up to 99 years leased off to foreign firms, ecological and environmental destructions that have all been waged against the nation in recent decades.  

^^^

ដោយ សុជីវី
2023.07.07

"អាជ្ញាធរ​គួរ​ចេះ​ទទួល​ស្គាល់​កំហុស និង​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​រងគ្រោះ​ពី​ការ​ចាប់​ច្រឡំ​នៅ​វេងស្រេង"

"អាជ្ញាធរ​គួរ​ចេះ​ទទួល​ស្គាល់​កំហុស និង​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​រងគ្រោះ​ពី​ការ​ចាប់​ច្រឡំ​នៅ​វេងស្រេង" ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ផ្ដល់បទសម្ភាសន៍​ដល់វិទ្យុ​អាស៊ីសេរី នា​ពេល​កន្លង​ទៅ។
RFA File


អ្នកការពារ​សិទ្ធិ​ស្ត្រី និង​អ្នក​ច្បាប់​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្ដល់​យុត្តិធម៌​ដល់​ស្ត្រី ដែល​រងគ្រោះ​ដោយសារ​ការ​ចាប់​ច្រឡំ​នៅ​ពេល​អាជ្ញាធរ​ចុះ​ទៅ​ប្រមូល​អ្នក​ប្រកប​របរ​ផ្លូវភេទ​នៅ​ផ្លូវ​វេងស្រង កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ស្ត្រី​២​រូប ដែល​រងគ្រោះ​ដោយសារ​អាជ្ញាធរ​ចាប់​ច្រឡំ​បាន​ទាមទារ​ឱ្យ​អាជ្ញាធរ​ផ្ដល់​យុត្តិធម៌​ដល់​ពួកគេ​វិញ ព្រោះ​ត្រូវ​ឈឺចាប់ ខូច​ឈ្មោះ ដោយសារ​ការ​យល់​ច្រឡំ​ថា ជា​ស្ត្រី​រកស៊ី​ផ្លូវភេទ។

ទាំង​អ្នកការពារ​សិទ្ធិមនុស្ស និង​អ្នកច្បាប់​ចង់​ឃើញ​អាជ្ញាធរ​រដ្ឋាភិបាល​ចេះ​ទទួល​ស្គាល់​កំហុស និង​ផ្ដល់​យុត្តិធម៌​ដល់​អ្នករងគ្រោះ​ពី​ការ​អនុវត្ត​ការងារ​របស់​ពួកគេ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន សង្កេត​ឃើញ​ថា អាជ្ញាធរ​អ្នក​អនុវត្ត​ច្បាប់​កម្រ​នឹង​ទទួល​ស្គាល់​ថា បាន​ប្រព្រឹត្ត​កំហុស ហើយ​ងាក​មក​ផ្ដល់​យុត្តិធម៌ ដោយ​សុំទោស ឬ​ផ្ដល់​សំណង​ប៉ះប៉ូវ​ការ​ខូចខាត​របស់​ពលរដ្ឋ​រងគ្រោះ​ណាស់។ អ្នកស្រី​បន្ត​ថា ករណី​ខ្លះ​ទៀត​ពល​រដ្ឋ​រងគ្រោះ​បែរ​ក្លាយ​ជា​ជនល្មើស​ទៅទៀត ក្រោម​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​របស់​អាជ្ញាធរ​ទាំង​នោះ​ទៅ​វិញ​ថែម​ទៀត។



    អ្នកស្រី អ៊ូ ទេពផល្លីន៖ «ប៉ូលិស​ក៏ដោយ​គឺ​ត្រូវតែ​ជួសជុល​ក្នុង​ផ្លូវចិត្ត​របស់​គាត់។ តែ​ចរិត​របស់​ប៉ូលិស​នៅ​ក្នុង​ស្រុក​យើង​មិន​ដែល​ចេះ​ទទួលខុស​ទេ តែងតែ​ទទួល​ត្រូវជា​និច្ច ហើយ​មិនដែល​ចេះ​មាន​វប្បធម៌​ក្នុង​ការ​សុំទោស​ពលរដ្ឋ​ខ្លួនឯង​ទេ។ នៅ​ពេល​ដែល​ពលរដ្ឋ​ប្រើប្រាស់​សិទ្ធិ​គឺ​តែងតែ​ប្រើប្រាស់​នូវ​អំពើ​ហិង្សា​ចោទ​ប្រកាន់ បែក​រឿង​ទៅជា​លើស​ពី​អ្វី​ដែល​យើង​កំពុង​ជជែក​គ្នា។ ប្រធានបទ​តូច​មួយ​ពង្រីក​ទៅជា​រឿង​ច្រើន​ទៅទៀត ដែល​អ៊ីចឹង​វប្បធម៌​ទទួលខុស​ក៏​អត់​មាន វប្បធម៌​សុំទោស​ក៏​អត់​មាន មាន​តែ​ការ​ចោទប្រកាន់​បន្ថែម​ទៅ​ទៀត​ធ្វើ​ឱ្យ​ពួកគាត់​ទទួលរង​នូវ​ភាព​អាម៉ាស់។ ប្រសិនបើ​គាត់​ទទួល​រង​នូវ​ភាព​អាម៉ាស់​ហ្នឹង​បាន​មាន​អ្នកខ្លះ​អាច​សម្លាប់​ខ្លួន ដែល​អ្នក​ឯង​អាច​មាន​នូវ​វិប្បដិសារី​នៅ​ក្នុង​សង្គម​ហ្នឹង​រហូត​ដល់​ថ្ងៃ ដែល​អ្នកឯង​ត្រឡប់​ទៅវិញ​ដែរ»។

ការ​លើកឡើង​នេះ​បន្ទាប់​ពី​មាន​ស្ត្រី​វ័យក្មេង​ចំនួន ២​រូប បាន​ចេញ​មុខ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ផ្ដល់​យុត្តិធម៌​ឱ្យ​ពួកគេ​វិញ ក្រោយ​ត្រូវ​អាជ្ញាធរ​ចាប់​ច្រឡំ នៅក្នុង​ប្រតិបត្តិ​ការ​ចុះ​ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ នៅ​តាម​ផ្លូវ​វេងស្រេង ខណ្ឌ​ពោធិ៍សែនជ័យ ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃទី១៥ ខែ​មិថុនា កន្លង​ទៅ។

កញ្ញា ស្រី រួញ វ័យ​២៣​ឆ្នាំ រៀបរាប់​ទាំង​ឈឺចាប់​ថា នាង​ជា​កូន​កំព្រា​រស់នៅ​ជាមួយ​ជីដូន និង​ម្ដាយមីង។ នាង​ធ្វើ​ការងារ​វេន​យប់​បាន​ប្រាក់ខែ ១២០​ដុល្លារ ដែល​ធ្វើ​ឱ្យ​ជីវភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ មិន​គួរ​មក​ជួប​រឿង​ត្រូវ​អាជ្ញាធរ​ចាប់​ច្រឡំ​បែប​នេះ។ កញ្ញា​ចង់ឱ្យ​អាជ្ញាធរ​ផ្ដល់​ភាព​ស្អាតស្អំ​មក​វិញ។

    កញ្ញា ស្រី រួញ៖ «គេ​ថត​កាល​ហ្នឹង សុំ​គេ​ពាក់​ម៉ាស់​ក៏​គេ​អត់ឱ្យ​ដែរ​។ ពេល​ហ្នឹង​ខ្ញុំ​មាន​អារម្មណ៍​ថា​អន់ចិត្ត​ផង ភ័យ​ផង ព្រោះ​ខ្ញុំ​អត់​ដែល​អ៊ីចឹង ហើយ​គេ​ចាប់​ទៅ​ច្រឡំ​អ៊ីចឹង គេ​យក​រូប​យក​អី​ទៅ​ផូស​អ៊ីចឹង ខ្ញុំ​មាន​អារម្មណ៍​ថា ខ្មាស​គេ​។ អ្វី​ដែល​ខ្ញុំ​ឈឺចាប់​បំផុត​គឺ​ខ្ញុំ​ត្រូវ​ខ្មាស​គ្រួសារ​ផង ខ្មាស​អ្នកស្រុក​អ្នកភូមិ​គេ​និយាយដើម​ផង ហើយ​យើង​អត់​បាន​លក់ខ្លួន​អ៊ីចឹង ត្រូវ​មក​ខូច​ឈ្មោះថា ស្រីលក់ខ្លួន ៥​ម៉ឺន​អ៊ីចឹង ខ្ញុំ​មាន​អារម្មណ៍​ថា ខ្មាស។ ខ្ញុំ​ចង់ឱ្យ​រក​យុត្តិធម៌​ឱ្យ​ខ្ញុំ​វិញ ហើយ​ចង់​ឱ្យ​គេ​លុប​រូប​លុប​អី​ចេញ​អ៊ីចឹង​ណា កុំ​ឱ្យ​គេ​ផូស គេ​សែ​រតៗ​គ្នា​តទៅទៀត​ណា។ ខ្ញុំ​ចង់​ប្ដឹង​តែ​ខ្ញុំ​រាល់ថ្ងៃ​នេះ​ខ្ញុំ​ក្រ​ណាស់​បង​។ ខ្ញុំ​កម្រ​កម្សត់​អ៊ីចឹង ខ្ញុំ​ធ្វើ​អ្វី​អត់​កើត​ទេ ហើយ​ណាមួយ​យើង​អត់​លុយ​អត់​អី​ផង»។

មិន​ខុសគ្នា​នេះ​ដែរ យុវតី​មួយ​រូប​ទៀត កញ្ញា ស្រីយ៉ា រៀបរាប់​ថា នាង​ធ្លាប់​ជា កម្មករ​នៅ​តាម​រោងចក្រ ប៉ុន្តែ​នៅ​ពេល​រោងចក្រ​បិទ​នាង ក៏​ងាក​មក​ធ្វើការ​ពេលយប់​នៅ​តាម​ភោជនីយដ្ឋាន​វិញ ប៉ុន្តែ​បែរជា​ត្រូវ​មក​ជាប់​ឈ្មោះ​ជា​អ្នក​រកស៊ី​ផ្លូវភេទ​តាមរយៈ​ការ​ធ្វើ​ការងារ​ខុសឆ្គង​របស់​អាជ្ញាធរ។

    កញ្ញា ស្រីយ៉ា៖ «គាត់​សុំ​ឈ្មោះ សុំ​ផ្ទះ​ជួល លក្ខណៈ​សុំ​ទីលំនៅ​ទី​ណា​អ៊ីចឹង​។ គាត់​ថា សុំ​ថត​ម៉ា​ប៉ុស្តិ៍​គាត់​ថា អត់​យក​ទៅ​ផូស​ទេ បើសិន​ផូស​អាច​ប្ដឹង​គាត់​បាន។ ពេល​អ៊ីចឹង​ទៅ​អត់​រំលង​បាន​មួយថ្ងៃ​ផង​គាត់​ផូស​រូប​ខ្ញុំ​បាត់​ហើយ​។ អ្នកស្រុក​អ្នកភូមិ​គេ​ឃើញ​ផូស អ៊ីចឹង​ក៏​ថា​ខ្លួន​ជា​ក្រមុំ​តើ ម៉េច​មក​ឈរ​លក់ខ្លួន ៥​ៗ​ម៉ឺន (រៀល) ឱ្យ​គេ​។ ខ្ញុំ​ទៅណា​ក៏​ខ្មាស​គេ ម៉ែ​ខ្ញុំ​នៅ​ស្រុក គេ​និយាយដើម និយាយ​អ៊ីចេះ អ៊ីចុះ​។ ពួក​ខ្ញុំ​នៅ​ក្មេង ដល់​គេ​ឃើញ​អ៊ីចឹង​អនាគត​ពួក​ខ្ញុំ​អត់​ដឹង​នៅឯណា​ផង​ហ្នឹង។ ទោះបី​ខ្ញុំ​ធ្វើការ​វេន​យប់ ក៏​ពួក​ខ្ញុំ​មិនមែន​ជា​ស្រីខូច ស្រី​លក់ខ្លួន​អី​ដែរ​។ ខ្ញុំ​ធ្វើ​ការ​វេន​យប់​ដោយសារ​តែ​ការងារ​រោងចក្រ​ក៏​បិទ ហើយ​ខ្ញុំ​មិនដឹង​ធ្វើ​ការ​ស្អី បើ​អក្សរ​ក៏​មិន​ចេះ ហើយ​សុំ​បងប្អូន​កុំ​មើល​ងាយ​អ្នក​ធ្វើការ​វេន​យប់ ព្រោះ​គ្រួសារ​ខ្ញុំ​ខ្វះខាត»។

ក្នុងចំណោម​ស្ត្រី​ទាំង​ជាង ៣០​នាក់ ដែល​អាជ្ញាធរ​ប្រមូល​យក​ទៅ​អប់រំ ហើយ​ដោះលែង​មកវិញ​នោះ​យ៉ាង​ហោច​ក៏​មាន​ស្ត្រី​ចំនួន ៤​នាក់ ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ច្រឡំ​។ រូបថត​របស់​ពួក​នាង ដែល​នគរបាល​បង្ខំ​ថត​ថា ទុកជា​ឯក​ក​សារ និង​ថត​ដោយ​អ្នកសារព័ត៌មាន​ផង ត្រូវ​បាន​គេ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត សង្កេត​ឃើញ​ថា មាន​ករណី​ជាច្រើន ដែល​អាជ្ញាធរ​បាន​ប្រព្រឹត្ត​កំហុស ប៉ុន្តែ​មិនដែល​សូម្បី​សុំទោស​ពលរដ្ឋ។ លោក​ថា ករណី​យុវតី​ត្រូវ​ចាប់​ច្រឡំ ហើយ​ប៉ះពាល់​ដល់​មុខមាត់ កិត្តិយស​ស្ត្រី​បែប​នេះ​អាជ្ញាធរ​គួរតែ​ទទួលខុសត្រូវ​ទោះបីជា​កំហុស​នោះ​កើតឡើង​ដោត​អចេតនា​ក្ដី ដើម្បី​បង្កើត​ទម្លាប់​ល្អ​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន។

    លោក វ៉ន ចាន់ឡូត៖ «ថ្វីត្បិតតែ​ការទទួលខុសត្រូវ វា​អាច​នឹង​មិន​ដូចដើម ក៏ប៉ុន្តែ​វា​ក៏​ជា​ផ្នែក​មួយ​រួម​ចំណែក​លើកទឹកចិត្ត និង​ប៉ះប៉ូវ។ ទី​១ វា​អាច​ជា​សំណង​សមរម្យ​ណាមួយ ដែល​ប៉ះពាល់​ទៅដល់​កិត្តិយស កេរ្តិ៍ឈ្មោះ និង​សេចក្ដីថ្លៃថ្នូរ​របស់​គាត់។ ទី​២ អាជ្ញាធរ​ត្រូវ​ហ៊ាន​ចេញ​មុខ​សុំទោស​ជា​សាធារណៈ​អំពី​ការ​អនុវត្ត​មាន​ការ​ភ័ន្តច្រឡំ​របស់​ខ្លួន​ហ្នឹង។ នេះ​បើសិនជា​នៅ​ប្រទេស ដែល​ជឿន​ជឿន សូម្បីតែ​នៅ​អាច​ត្រឹម កូរ៉េ (South Korea) និង​ជប៉ុន (Japan) អី អ្នក​ដែល​អនុវត្ត​ពិត​ណាស់ ប្រហែលជា​គេ​អាច​ឈាន​ទៅ​ដល់​សុំលាលែង​ពី​តួនាទី​ថែម​ទៀត​ផង»។

លោក វ៉ន ចាន់ឡូត បន្ត​ថា ករណី​អាជ្ញាធរ​មិន​ចេះ​ទទួលខុសត្រូវ ហើយ​ទុក​ពលរដ្ឋ​ទន់ខ្សោយ ពិសេស​ស្ត្រី​រស់​ក្នុង​ភាព​អយុត្តិធម៌​បែប​នេះ បង្ហាញ​ថា អាជ្ញាធរ​មិន​បាន​បំពេញ​ការងារ ដើម្បី​ប្រយោជន៍​ពលរដ្ឋ​ទេ តែ​ជា​អ្នក​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ភ័យខ្លាច និង​លែង​មាន​ទំនុកចិត្ត​លើ​អាជ្ញាធរ។

វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​ប្រធាន​ក្រុម​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន និង​អ្នកនាំពាក្យ​គណៈកម្មការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន ប៉ុន្តែ​ពុំបាន​ការ​ឆ្លើយ​តប​ទេ។

អ្នកនាំពាក្យ​គណបក្សកាន់អំណាច លោក សុខ ឥសាន ឆ្លើយតប​ថា ពិបាក​បន្ទោស​អាជ្ញាធរ​នៅក្នុង​រឿង​នេះ ព្រោះ​អាជ្ញាធរ​អនុវត្ត​ច្បាប់។

    លោក សុខ ឥសាន៖ «ខ្ញុំ​យល់​ថា បន្ទោស​សមត្ថកិច្ច​ក៏​អត់​បាន​ដែរ ពីព្រោះ​ឧបមា​ថា​គេ​ទៅ​ចាប់ មាន​វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​ទៅលេង​ល្បែង ហើយ​អ្នក​ទៅ​ឈរ​មើល​ក៏​គេ​ចាប់​ដែរ ពីព្រោះ​ថា នេះ​វា​ស្ថិត​នៅ​ក្នុង​តំបន់ រង្វង់​ប្រតិបត្តិការ​របស់​សមត្ថកិច្ច ហើយ​ពេល​ហ្នឹង បើសិន​អ្នកសារព័ត៌មាន​អី​គេ​ថត​គេ​យក​ទៅ អ្នក​ដែល​ឈរ​មើល​ក៏​ត្រូវ។ អីចឹង​បាន​ជា​ខ្ញុំ​យល់​ថា នៅ​ពេល​ដំបូង​នៃ​ប្រតិបត្តិ​ការ​នេះ​មិនអាច​ញែក​ទាន់​បានទេ វា​ត្រូវតែ​ទៅ​ដល់​ប៉ុស្តិ៍ ទៅដល់​ការិយាល័យ គេ​សួរ​ម្ដង​មួយៗ​អំពី​ដើមហេតុ ឬ​ពី​លក្ខណៈ​ពិសេស​តាម​បុគ្គល​ម្នាក់ៗ អាហ្នឹង​បាន​គេ​ញែក​ចេញ​តាម​ក្រោយ​ទៀត។ ដូច្នេះ​ការ​ផូស​ហ្វេសប៊ុក​ដំបូង​ហ្នឹង​ជា​រួម​នៅ​ក្នុង​ប្រតិបត្តិការ​របស់​សមត្ថកិច្ច»។

យ៉ាងនេះ​ក្ដី​មាន​ការ​រិះគន់​តប​វិញ​ដែរ​ថា ការ​លើកឡើង​នេះ​ជា​ការ​ពង្រឹង​បន្ថែម​វប្បធម៌​មិន​ចេះ​ទទួលខុស​របស់​អាជ្ញាធរ និង​ចោទ​សួរ​ថា តើ​អាជ្ញាធរ​អាច​ទទួលយក​បាន​ទេ​នៅ​ពេល​ដែល​ករណី​ចាប់​ច្រឡំ​បែប​នេះ​កើតឡើង​ចំ​កូនស្រី ឬ​សមាជិក​គ្រួសារ​របស់​ពួកគេ​វិញ។

អ្នកស្រី អ៊ូ ទេពផល្លីន បន្ត​ថា ដើម្បី​បញ្ចៀស​ការ​ចាប់​ច្រឡំ បែបនេះ​ចាំបាច់​អាជ្ញាធរ​គួរ​បញ្ចូល​មុខរបរ​រកស៊ី​ផ្លូវភេទ​ជា​មុខរបរ​ស្រប​ច្បាប់​។ អ្នកស្រី​បន្ត​ថា នៅ​ចំពោះមុខ​នេះ​អាជ្ញាធរ​គួរ​បំពេញ​ការងារ​ដោយ​វិជ្ជាជីវៈ និង​ប្រកាន់ខ្ជាប់​ក្រមសីលធម៌ ព្រម​តាំង​គោរព​សិទ្ធិ​ស្ត្រី។

    អ្នកស្រី អ៊ូ ទេពផល្លីន៖ «សូម​លោក​ប៉ូលិស​ទាំងអស់​ធ្វើការ​ដោយ​វិជ្ជាជីវៈ និង​មានចិត្ត​មេត្តា​ករុណា​ដល់​ពលរដ្ឋ​ឱ្យ​បាន​ច្រើន នោះ​ទង្វើ​ចំអក​មាក់ងាយ​ហ្នឹង​មិន​កើត​ឡើង​ទេ។ ខ្ញុំ​សំណូមពរ​ថា មិនមែន​ចំពោះតែ​ពួកគាត់​ទេ ទោះជា​អ្នក​ប្រកប​របរ​ផ្លូវភេទ​ពិតប្រាកដ​ក៏ដោយ ក៏​មិន​ត្រូវ​យក​រូប​គាត់​មក​ផូស​មាក់ងាយ​សើចចំអក​ទេ​។ អ្នក​សែរ (Share) ​ក៏​អ៊ីចឹង​ដែរ កុំទៅ​សែរ​សើចចំអក គឺ​អ្នក​កំពុងតែ​បង្កើត​វប្បធម៌​មាន​វណ្ណៈ​ល្អ​ជាង​គាត់​បន្តិច ក៏​សើចចំអក​លើ​អ្នក​ដែល​នៅ​ក្រោម​អ្នក​បន្តិច​វា​នាំ​ឱ្យ​មាន​វប្បធម៌​បែងចែក​វណ្ណៈ​ក្នុង​សង្គម​យើង​ទៅវិញ​ទេ»។

បើ​ទោះជា​យ៉ាងណា​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ថា គណបក្ស​នេះ​មិន​មាន​ផែនការ បង្កើត​ច្បាប់​ដាក់​អ្នក​រកស៊ី​ផ្លូវភេទ​ជា​មុខរបរ​ស្របច្បាប់​ឡើយ គិត​ត្រឹម​មុន​ការបោះឆ្នោត​អាណត្តិ​ទី៧ ឆ្នាំ​២០២៣​នេះ។

យ៉ាងនេះ​ក្ដី លោក វ៉ន ចាន់ឡូតថា ករណី​ដែល​មុខរបរ​បម្រើសេវា​ផ្លូវភេទ​មិន​ស្របច្បាប់​នេះ អាជ្ញាធរ​ត្រូវ​ទទួលខុសត្រូវ​ឱ្យ​លើស​ពី​ការ​ប្រមូល​អ្នក​រកស៊ី​ផ្លូវភេទ​ទៅ​អប់រំ គឺ​គួរ​ផ្ដល់​ឱ្យ​ពួកគេ​នូវ​ជំនាញ ឬ​ការងារ ដែល​អាច​ឱ្យ​ពួកគេ​អាច​រក​ចំណូល​បាន​ភ្លាមៗ​ជំនួស​ឱ្យ​មុខរបរ ដែល​អាជ្ញាធរ​ថា​ខុសច្បាប់ ព្រោះ​ពួកគេ​ចាប់​យក​មុខរបរ​នេះ​ក៏​ដោយសារតែ​ពួកគេ​គ្មាន​ចំណេះ​ជំនាញ​ដើម្បី​ចិញ្ចឹម​ជីវិត៕

No comments: