Tuesday, 1 August 2023

ពលរដ្ឋ​បារម្ភ​ពី​អំពើ​អយុត្តិធម៌​កើនឡើង​​ពេល​លោក ហ៊ុន ម៉ាណែត ឡើង​ជា​នាយករដ្ឋមន្ត្រី


ដោយ នៅ វណ្ណារិន
2023.07.31


ពលរដ្ឋ​បារម្ភ​ពី​អំពើ​អយុត្តិធម៌​កើនឡើង​​ពេល​លោក ហ៊ុន ម៉ាណែត ឡើង​ជា​នាយករដ្ឋមន្ត្រី 

លោក ហ៊ុន ម៉ាណែត និង​ភរិយា នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​លើកទី៧ កាលពីថ្ងៃទី២៣ កក្កដា ២០២៣។
រូប៖ តេឡេក្រាមលោក ហ៊ុន សែន


ពលរដ្ឋ​មិន​រំពឹង​ថា កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត ឡើង​កាន់​ដំណែង​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​ឪពុក​អាច​ដោះស្រាយ​បញ្ហា​សង្គម​បាន​ទេ ខណៈ​ដែល លោក ហ៊ុន សែន កាន់​អំណាច​ជិត ៤០​ឆ្នាំ បាន​ប្រើ​អំណាច​របស់​ខ្លួន​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ ការ​លើកឡើង​បែប​នេះ​គឺ​បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត មិន​បាន​បង្ហាញ​ពី​សក្ដានុពល​របស់​ខ្លួន​ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ និង​សូម្បី​តែ​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ក៏​លោក ហ៊ុន សែន ឈរឈ្មោះ​ជំនួស។

បើ​ទោះ​ជា​ការ​បោះឆ្នោត​ជាតិ​នៅ​អាណត្តិ​ទី​៧ ទើបតែ​កន្លង​ផុត​ទៅ​ដោយ​រង​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ និង​ប្រជាពលរដ្ឋ​ក្ដី ក៏​លោក ហ៊ុន សែន នៅតែ​ជម្នះ​លើក​បន្តុប​កូន​របស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​ដើម្បី​រក្សា​អំណាច​ត​ពូជ​របស់​ខ្លួន​។ ថ្វី​ត្បិត​លោក ហ៊ុន សែន តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​ថ្មី​បន្ទាប់​ពី​លោក​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​ដែល​កំពុង​រង​ការ​គាប​សង្កត់ និង​រំលោភសិទ្ធិ​មនុស្ស​ពី​របរ​លោក ហ៊ុន សែន មិន​រំពឹង​ថា លោក ហ៊ុន ម៉ាណែត នឹង​អាច​ដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​នីតិរដ្ឋ​ពិតប្រាកដ​ឡើយ។

កូដករ​ណាហ្គាវើលដ៍ (Naga World) ដែល​រង​ភាព​អយុត្តិធម៌​ពី​ការ​រំលោភ​សិទ្ធិ​ការងារ លោកស្រី ម៉ម សុវឌ្ឍិន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៣០ កក្កដា ថា លោកស្រី​មិន​រំពឹង​ខ្ពស់​ចំពោះ​នាយករដ្ឋមន្ត្រី​ថ្មី​នេះ​ទេ ពី​ព្រោះ​ក្រុម​កូដករ​ណាហ្គាវើលដ៍​ធ្លាប់​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន ម៉ាណែត ដើម្បី​ជួយ​ដោះស្រាយ​វិវាទ​ការងារ ប៉ុន្តែ​បែរជា​មិន​ទទួល​បាន​យុត្តិធម៌​ទៅវិញ។ លោកស្រី​បារម្ភ​ថា កម្មករ​សហជីព និង​ពលរដ្ឋ​ផ្សេងទៀត​នឹង​ត្រូវ​រង​ការរំលោភ​សិទ្ធិ​ជា​បន្តបន្ទាប់ ប្រសិនបើ​លោកនាយក​រដ្ឋមន្ត្រី​ថ្មី ដើរ​តាម​គន្លង​ចាស់​របស់​ឪពុក។



    លោកស្រី ម៉ម សុវឌ្ឍិន៖ «ប្រសិនជា​គាត់​មិន​អាច​ដោះស្រាយ​បាន មិន​មាន​ឥទ្ធិពល​ច្បាស់​ណាស់​ថា ការដឹកនាំ​ហ្នឹង​វា​ទៅ​បែប​ណា​ហើយ​វា​ជះឥទ្ធិពល រឹតតែ​ធ្វើ​ឱ្យ​រឿង​អយុត្តិធម៌​ក្នុង​សង្គម​រាលដាល​ទៅ​កន្លែង​ផ្សេង​ថែមទៀត អ៊ីចឹង​អ្នក​ដែល​រង​ផល​ប៉ះពាល់​មិន​ត្រឹមតែ​កម្មករ​ទេ តែ​ប៉ះពាល់​ដល់​សង្គម​ទាំងមូល​តែម្ដង ឥឡូវ​វា​បង្ហាញ​ហើយ​ថា​ក្រុមហ៊ុន​ណាហ្គា​មិនទាន់​បញ្ឈប់​បានស​ម្រេច​ដោយសារ​ពួក​ខ្ញុំ​នៅ​តវ៉ា​ច្បាស់​ណាស់​ប្រសិនជា​មិន​មាន​វត្តមាន​ពួក​ខ្ញុំ​តវ៉ា​ទៀត​ទេ គេ​ប្រើ​វិធីសាស្ត្រ​ដើម្បី​កម្ទេច​សហជីព​ផ្សេងៗ​ទៀត ឬក៏​ធ្វើទុក្ខបុកម្នេញ​កម្មករ»។

លោក ហ៊ុន ម៉ាណែត ជា​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន និង​ជា​មេទ័ព​ពាក់​ផ្កាយ ៤​លោក​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​រដ្ឋាភិបាល​ក្រុងភ្នំពេញ នៅ​ថ្ងៃទី​២២​ខែសីហា​ខាងមុខនេះ។ ប៉ុន្តែ​លោក ហ៊ុន ម៉ាណែត ដែល​ត្រៀម​ស៊ី​កេរ​ពី​ឪពុក​នេះ នៅ​មិនទាន់​បង្ហាញ​ពី​សមត្ថភាព ស្នាដៃ និង​ការ​ប្ដេជ្ញា​ចិត្ត​ដឹកនាំ​កម្ពុជា ឆ្ពោះទៅ​អនាគត​ដ៏​រុងរឿង​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ និង​បញ្ចប់​ជម្លោះ​នយោបាយ​ឡើយ។

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ម្នាក់​ទៀត​នៅ​ខេត្ត​កោះកុង លោកស្រី អ៊ុំ ស្រីអូន ថ្លែង​ថា បើ​ទោះ​បី​លោក​ហ៊ុន ម៉ាណែត ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​ក៏​ការដឹកនាំ​មិន​ខុសពី​ឪពុក​លោក ដែល​ពីព្រោះ​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​អំណាច​គឺ​ដោយសារ​មាន​ឪពុក​ជា​អ្នក​ជួយ​ជ្រោមជ្រែង​។​លោកស្រី​គ្មាន​ជំនឿ​ថា​នាយករដ្ឋមន្ត្រី​ថ្មី​នេះ​នឹង​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​សហគមន៍​លោកស្រី​បាន​នោះ​ទេ។

    លោកស្រី អ៊ុំ ស្រីអូន៖ «មិនដឹង​ធ្វើ​ម៉េច បើ​យើង​ចង់​យ៉ាងម៉េច​ក៏​នៅតែ​ទោះ​ថា ឪ​ធ្លាក់​ក៏​នៅតែ​កូន​ឡើង​ដដែល ហើយ​វា​នៅតែ​ដដែលៗ​ហ្នឹង​រក​យុត្តិធម៌ វា​មិនឃើញ​ដដែល​ហ្នឹង​ព្រួយបារម្ភ​ដែល​ហ្នឹង​ព្រួយបារម្ភ​រក​យុត្តិធម៌​វា​មិនឃើញ​ទេ​មិនទាន់​មាន​សង្ឃឹម​កន្លែង​ណាមួយ​នៅឡើយ​ទេ គឺ​វា​ត្រូវ​អស់សង្ឃឹម​អ៊ីចឹង​ហ្មង»។

សកម្មជន​ចលនា​មាតា​ធម្មជាតិ​លោក លី ចាន់ដារ៉ាវុធ កត់សំគាល់​ថា ការ​ឡើង​កាន់​ដំណែង​របស់​លោក ហ៊ុន ម៉ាណែត គឺ​មិន​ធ្វើ​ឱ្យ​ប្រព័ន្ធ​យុត្តិធម៌​សង្គម​មាន​ភាព​ប្រសើរ​ឡើង​នោះ​ទេ ពីព្រោះ​លោក ហ៊ុន សែន នៅតែ​ជា​អ្នក​បញ្ជា​ពីក្រោយ​ដដែល។ លោក​បន្ត​ថា​ រដ្ឋាភិបាល​ថ្មី​គួរតែ​គិត​ឡើងវិញ​ពី​ការ​ដណ្ដើម​អំណាច​គ្នា​នេះ ពីព្រោះ​អ្នក​ដែល​ខាតបង់​និង​រងគ្រោះ​គឺ​ពលរដ្ឋ​នៅ​មាន​ទណ្ឌកម្ម ឬ​ការ​សម្ពាធ​ផ្សេងទៀត​ពី​សហគមន៍​អន្តរជាតិ។

    លោក លី ចាន់ដារ៉ាវុធ៖ «ខ្ញុំ​យល់ថា បើ​លោក ហ៊ុន ម៉ាណែត មាន​ចំណេះ​មាន​ជំនាញ​មែន​ការបោះឆ្នោត​នៅក្នុង​ឆ្នាំ​២០២៣​ហ្នឹង​វា​គួរតែ​ធ្វើឡើង​ដោយ​ស្មើភាព គួរតែ​មាន​ដៃគូ​ចូលរួម​ប្រកួត​អាហ្នឹង​ទើប​គេ​បញ្ចេញ​សមត្ថភាព លោក ហ៊ុន ម៉ាណែត ឱ្យ​ប្រជាជន​ឃើញ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ខ្ញុំ​ឃើញ​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ ធ្វើឡើង​ដោយ​ការ​ក្រឡេចក្រឡុច​ជា​ការ​បោកប្រាស់ ហេតុ​អី​ដោយសារ​មុន​ការ​បោះឆ្នោត​បេក្ខភាព​នាយករដ្ឋមន្ត្រី​គឺ​លោក ហ៊ុន សែន បេក្ខភាព​នៅ​ថ្ងៃ​អនាគត​គឺ​លោក ហ៊ុន ម៉ាណែត ប៉ុន្តែ​ក្រោយ​ការ​បោះឆ្នោត​លោក ហ៊ុន សែន មិនទាន់​បាន​ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​ផង លោក ហ៊ុន ម៉ាណែត ឡើង​បាត់»។

ការ​ឡើង​របស់​ពលរដ្ឋ​នេះ​បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​ថា លោក​នឹង​មិន​ធ្វើជា​នាយករដ្ឋមន្ត្រី​ក្នុង​រដ្ឋាភិបាល​ថ្មី​ខាងមុខ​នោះ​ទេ។ កូនប្រុស​ច្បង​របស់​លោក គឺ លោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ។ ចំណែក លោក ហ៊ុន សែន ដែល​ត្រូវ​បាន​គេ​ចាត់​ទុកជា មេដឹកនាំ​ផ្ដាច់ការ​គ្រួសារនិយម និង​ពុករលួយ​នឹង​ទៅ​ក្ដោប​យក​តួនាទី​សំខាន់ៗ​របស់​ជាតិ​ដូចជា ប្រធាន​ព្រឹទ្ធសភា ប្រធាន​ឧត្ដមក្រុមប្រឹក្សា​ព្រះមហាក្សត្រ និង​ជា​ប្រធាន​បក្ស ដើម្បី​នៅ​ជួយ​ជ្រោមជ្រែង​ការពារ​កូន​របស់​លោក។

ឆ្លើយតប​បញ្ហា​នេះ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ឃើញ​ថា​ការ​លើកឡើង​របស់​ពល​រដ្ឋ​នេះ​គឺ​គ្រាន់តែ​ជា​ក្រុម​មួយ​ដែល​មិន​ឆ្លុះបញ្ចាំង​ពី​ស្មារតី​ប្រជាពលរដ្ឋ​១៧​លាន​នាក់​តែប៉ុណ្ណោះ​។​លោក សុខ ឥសាន​ចាត់ទុក​ពលរដ្ឋ​ដែល​រង​ការរំលោភ​សិទ្ធិមនុស្ស​និង​រង​ផល​ប៉ះពាល់ ពី​ការបំផ្លាញ​ធនធានធម្មជាតិ​ថា មិន​យល់​ពី​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។

    លោក សុខ ឥសាន​៖ «អាហ្នឹង​មនុស្ស​ដែល​គេ​ចាត់​ចោល​ក្រៅសង្គម​ទៅ​ហើយ ដល់​អ៊ីចឹង​ទៅ​ដោះស្រាយ​ឯណា គេ​មិន​ដោះស្រាយ​ឱ្យ​ទេ គេ​ដោះស្រាយ​តាម​គោលការណ៍​ច្បាប់​ហើយ​បើ​ដោះស្រាយ​តាម​គោលការណ៍​ច្បាប់​ហើយ យើង​មិន​ទទួល​ហើយ​យើង​ចេះតែ​បង្ខូច​តាមចិត្ត​យើង​ប្រទេស​មួយ​គេ​ដឹកនាំ​ប្រទេស​មួយ​ស្របតាម​គោលការណ៍​ច្បាប់ គេ​មិនដែល​ដឹកនាំ​តាម​ស្រប​ទៅ​តាម​គំនិត​ចង់​បាន​របស់​ក្រុម​តូច​មួយ​ចំនួន​តូច​នោះ​ទេ»។

ជុំវិញ​បញ្ហា​នេះ​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នៅ​ប្រទេស​ន័រវែស (Norway) លោក ម៉ែន ណាត​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ការ​លើកឡើង​របស់​ប្រជាពលរដ្ឋ ពីព្រោះ​មេដឹកនាំ​ដែល​គិត​ពី​គ្រួសារនិយម​បក្ខពួក​និយម​មិនអាច​ដឹកនាំ​ប្រទេស​ឱ្យ​មាន​ស្ថិរភាព និង​រីកចម្រើន​បាន​នោះ​ទេ។លោក​បន្ត​ថា លោក ហ៊ុន ម៉ាណែត គ្មាន​បិទ​ពិសោធន៍​ក្នុង​ការ​ដឹកនាំ​ជាតិ​នោះ​ទេ ផ្ទុយទៅវិញ​នឹង​ធ្វើ​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច និង​រង​ការ​ដាក់​សម្ពាធ​ពី​អន្តរជាតិ​ដោយសារតែ​ការ​មិន​គោរព​សិទ្ធិមនុស្ស។

    លោក ម៉ែន ណាត៖ «ស្វ័យ​សម្រេចចិត្ត​យ៉ាងម៉េច គាត់​មាន​សិទ្ធិ​សម្រេចចិត្ត​យ៉ាងម៉េច​ឱ្យ​គាត់​ធ្វើជា​នាយករដ្ឋមន្ត្រី​គ្រាន់តែ​ជា​នាយករដ្ឋមន្ត្រី​ប្រថាប់ត្រា​ហ្នឹង​លោក ហ៊ុន សែន ចាត់ទុក​លោក ហ៊ុន ម៉ាណែត ដូចជា​កូនក្មេង​រៀន​ដើរ​ហ្នឹង។ លោក ហ៊ុន សែន គ្រាន់តែ​ចាត់ទុក​កូនប្រុស​គាត់​ត្រឹមតែ​ជា​កូនក្មេង​ចេះ​ដើរៗ​អ៊ីចឹង គាត់​ត្រូវតែ​ដឹក​ដៃ​ដើរ​តទៅទៀត​កុំឱ្យ​វា​ដួល​ហើយ​ពាក្យ​ថា ដួល​មាន​រឿង​ច្រើន​នៅក្នុង​រឿង​ហ្នឹង​បញ្ហា ហ៊ុន សែន មិន​ទុកចិត្ត​ផ្ទៃក្នុង​ខ្លួនឯង»។

លោក ហ៊ុន ម៉ាណែត ដែល​នឹង​ឡើង​ធ្វើ​នាយករដ្ឋមន្ត្រី​ក្នុង​ខែ​សីហា​ខាងមុខនេះ ប្ដេជ្ញា​ថា នៅ​ពេល​លោក​ក្លាយ​ជា​នាយករដ្ឋមន្ត្រី លោក​ត្រូវតែ​ការពារ​ឱ្យ​ខាង​តែ​បាន​នូវ​សន្តិភាព​ដើម្បី​ធានា​ដល់​ការ​អភិវឌ្ឍ និង​ភាព​សុខសាន្ត​របស់​ប្រជាជន។ ការ​ប្ដេជ្ញា​នេះ​ទំនង​លោក​ចង់​បង្ហាញ​ពី​ការ​អរគុណ​ដែល​ឪពុក​របស់​លោក​ប្រគល់​តំណែង​សំខាន់​មួយ​នេះ ឱ្យ​លោក​គ្រប់គ្រង។

លោក ហ៊ុន ម៉ាណែត ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថ្មី នៅ​ពេល​ខាងមុខ​នេះ​ក្រោយ​ការ​បោះឆ្នោត​មួយ​ដែល​គ្មាន​គណបក្ស​ប្រឆាំង គឺ​គណបក្ស​ភ្លើងទៀន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត។ មុននឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន តែង​ចេញមុខ​ការពារ​កូនប្រុស​របស់​លោក និង​ថែមទាំង​ដំឡើង​ឋានៈ​រហូត​ជា​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​៤ បន្ទាប់ពី​លោក​កាន់​តួនាទី​ជា​អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​ជា​មេបញ្ជាការ​កងទ័ពជើងគោក​មេបញ្ជាការ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​មេបញ្ជាការ​រង​កង​អង្គរក្ស​លោក ហ៊ុន សែន។

ពលរដ្ឋ​មិន​រំពឹង​ថា លោក ហ៊ុន ម៉ាណែត នឹង​ដឹកនាំ​ប្រទេស​ឱ្យ​មាន​សន្តិភាព និង​ប្រជាធិបតេយ្យ​ពិតប្រាកដ​នោះ​ទេ ព្រោះ​លោក ហ៊ុន សែន នៅតែ​កាន់​អំណាច​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស និង​ស្ថាប័ន​កំពូល​ដដែល៕

No comments: