2023.08.02
ពលរដ្ឋខ្មែរមួយចំនួនរស់ក្នុងជំនាន់ដឹកនាំរបស់លោក ហ៊ុន សែន ជិត ៤០ឆ្នាំចង់ឃើញលោក ហ៊ុន ម៉ាណែត ដើរចេញពីគន្លងដឹកនាំផ្តាច់ការរបស់ឪពុក ដើម្បីកុំឱ្យពលរដ្ឋរងទុក្ខវេទនាតទៅទៀត។ ទោះជាយ៉ាងណាក្រោមឥទ្ធិពលរបស់ឪពុកអាចធ្វើឱ្យលោក ហ៊ុន ម៉ាណែត នៅតែបន្តដឹកនាំប្រទេសតាមបែបផ្តាច់ការរបស់លោក ហ៊ុន សែន ដដែល។
ប្រជាពលរដ្ឋមួយចំនួនលើកឡើងថាបើទោះបីលោក ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តីកាន់អំណាចយូរជាងគេនៅលើពិភពលោកក៏ដោយ ក៏ពួកគាត់ចាត់ទុកបទពិសោធធ្វើជានាយករដ្ឋមន្រ្តីនេះមិនបានបន្សល់ទុកកិត្តិយសសម្រាប់មនុស្សជំនាន់ក្រោយធ្វើជាគម្រូនោះទេ ជាពិសេសកូនប្រុសរបស់លោកដែលត្រៀមស្នងដំណែងនាពេលខាងមុខនេះ។
ពលរដ្ឋរស់នៅខេត្តសៀមរាប វ័យ ៧០ឆ្នាំលោក យាយ យឺន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១ ខែសីហាថា លោកធ្លាប់បម្រើការងារឱ្យរដ្ឋអំណាចសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា។ លោកឱ្យដឹងថា នៅឆ្នាំ១៩៨៥ លោក ហ៊ុន សែន ចាប់ផ្តើមឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីដោយសារការលើបន្តុបដូចគ្នាទៅនឹងកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដែលធ្វើឱ្យពលរដ្ឋខ្មែរទូទៅមិនពេញចិត្តនោះទេទើបពលរដ្ឋបោះឆ្នោតទម្លាក់លោក ហ៊ុន សែន នៅឆ្នាំ១៩៩៣ ក្រោយកម្ពុជាមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
លោក យាយ យឺន ថ្លែងថាកាលដែលលោក ហ៊ុន សែន អាចដឹកនាំបាន ៤ទសវត្សរ៍មកនេះ ដោយសារតែលោកបានប្រើប្រាស់នយោបាយគាបសង្កត់បំបិទសិទ្ធិសេរីភាពពលរដ្ឋ ជាពិសេស លាបពណ៌ចោទខ្មែរដែលប្រឆាំងថាជាខ្មាំងសត្រូវ ដើម្បីបន្តក្តោបក្តាប់អំណាចដោយមិនខ្វល់ពីសេដ្ឋកិច្ចពលរដ្ឋនោះឡើយ។ លោកយល់ថា បើសិនលោក ហ៊ុន ម៉ាណែត នៅតែដឹកនាំតាមឪពុកនោះពលរដ្ឋនៅតែរងគ្រោះបន្តទៅទៀត។
លោក យាយ យឺន៖ «ការអនុវត្តសម្រាប់ប្រទេសជាតិផ្សេង ការអនុវត្តសម្រាប់ការកាប់សម្លាប់ផ្សេង ពីព្រោះរៀនតែការសម្លាប់ អ៊ីចឹងមិនអាចមកកសាងសេដ្ឋកិច្ចប្រទេសឱ្យរីកចម្រើនទៅមុខទេ គេមិនចង់ឱ្យយើងកសាងសេដ្ឋកិច្ចជាតិទេ គេឱ្យយើងធ្វើតែខ្មាំង តើនរណាជាខ្មាំងតែប៉ុណ្ណឹង គឺគ្មានសេចក្តីសុខទេខ្មែរបើរស់ប៉ុន្មានរយឆ្នាំទៀតនៅក្នុងរបបហ្នឹង គឺទីមួយគ្មានយុត្តិធម៌តាំងពីឆ្នាំ១៩៧០ មកដល់ពេលនេះគ្មានយុត្តិធម៌ទេ ហើយក៏គ្មានសេរីភាពដែរ មានសេរីភាពសម្រាប់តែបក្សពួក បើសេរីភាពសម្រាប់ប្រទេសជាតិអត់មានទេ»។
ស្រដៀងគ្នានេះដែរពលរដ្ឋម្នាក់ទៀតរស់នៅរាជធានីភ្នំពេញ លោក ធន់ ច័ន្ទថា ថ្លែងថាលោកឆ្លងកាត់របបដឹកនាំលោក ហ៊ុន សែន រយៈពេលជិត ៤០ឆ្នាំមកនេះ គឺឮតែពាក្យបាញ់បោះ គំរាមកំហែង ចាប់មនុស្សស្លូតត្រង់ដាក់ពន្ធនាគារ និងបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋគ្មានការថមថយនោះទេ។ លោកបន្តថាលោក ហ៊ុន សែន កាន់អំណាចយូរពលរដ្ឋកាន់តែរងអំពើអយុត្តិធម៌ ហើយមនុស្សរាប់លាននាក់អត់ការងារធ្វើត្រូវបង្ខំចិត្តចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាងដោយសារតែជីវភាពក្រីក្រ។ លោកចង់ឃើញលោក ហ៊ុន ម៉ាណែត ក្លាយជាមេដឹកនាំល្អតែក្តីសង្ឃឹមនេះអាចនឹងពិបាក ដោយសារក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នៅពេលខាងមុខនេះទំនងជាមានការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដូចទៅនឹងការដឹកនាំរបស់លោក ហ៊ុន សែន ដែរពីព្រោះអ្វីគ្រប់យ៉ាងគឺលោក ហ៊ុន សែន នៅបញ្ជាពីក្រោយដដែល។
លោក ធន់ ច័ន្ទថា៖ «អ្វីដែលខ្ញុំបានឆ្លងកាត់ពីសម័យសាធារណរដ្ឋមកដល់រដ្ឋកម្ពុជាមកដល់ព្រះរាជាណាចក្រកម្ពុជាក្នុងការដឹកនាំរបស់ ហ៊ុន សែន ហ្នឹងវាគ្មានធ្វើអ្វីឱ្យរីកចម្រើនដល់ប្រជាពលរដ្ឋទេ ការបន្តតំណែងពីឪដល់កូនទៀតនេះ គឺឪដឹកនាំប្រទេសរបៀបមិច គឺកូនដឹកនាំរបៀបហ្នឹងហើយ គេហៅថា ជនផ្តាច់ការ គឺពាលនៅតែពាលទេ ទោះបីកែរបៀបម៉េច ក៏កែមិនកើតដែរ ដោយសារការដឹកនាំគ្មានលទ្ធិប្រជាធិបតេយ្យ»។
ប្រតិកម្មរបស់ពលរដ្ឋមួយចំនួននេះ ធ្វើឡើងបន្ទាប់លោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់លោក ហ៊ុន សែន និងជាមេទ័ពពាក់ផ្កាយ៤ នឹងក្លាយជានាយករដ្ឋមន្ត្រីរបស់រដ្ឋាភិបាលក្រុងភ្នំពេញ នៅថ្ងៃទី២២ ខែសីហាតទៅ។ នេះគឺជាការប្រកាសរបស់លោក ហ៊ុន សែន។ ចំណែក លោក ហ៊ុន សែន ដែលត្រូវបានគេចាត់ទុកជា មេដឹកនាំផ្ដាច់ការគ្រួសារនិយម និងពុករលួយនោះវិញ លោកនឹងទៅក្ដោបយកតួនាទីសំខាន់ៗ របស់ជាតិដូចជា ប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយចាប់ពីដើមឆ្នាំ២០២៤ តទៅ លោកនឹងក្លាយជាប្រធានព្រឹទ្ធសភា ដែលជាប្រមុខរដ្ឋស្ដីទីនៅពេលអវត្តមាននៃអង្គព្រះមហាក្សត្រ។
ឆ្លើយតបបញ្ហានេះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា លទ្ធផលបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដាបង្ហាញពីស្នាដៃនិងគុណសម្បត្តិរបស់រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កន្លងទៅ។ លោកបញ្ជាក់ថារដ្ឋាភិបាលថ្មីដឹកនាំដោយលោក ហ៊ុន ម៉ាណែត នឹងនៅតែបន្តអនុវត្តកម្មវិធីនយោបាយគណបក្សដោយគ្មានកែប្រែខុសនឹងឪពុកនោះទេ។
លោក សុខ ឥសាន៖ «ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលមានឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៅនីតិកាលទី៧ នេះ នៅតែបន្តនិរន្តរភាពនៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដដែលទេ ចំពោះបញ្ហាកើតឡើងដែលបងប្អូនតិទៀនហ្នឹងខ្ញុំយល់ថា ត្រូវខ្លះ មិនត្រូវខ្លះ ការរីកចម្រើនវាមានច្រើនលើគ្រប់វិស័យហើយ»។
ផ្ទុយពីលើកឡើងរបស់មន្រ្តីតំណាងគណបក្សប្រជាជនកម្ពុជានេះ ប្រជាពលរដ្ឋមួយចំនួន អ្នកវិភាគនយោបាយ និងមន្រ្តីគណបក្សប្រឆាំងតែងតែរិះគន់ លោក ហ៊ុន សែន អាចរក្សាតួនាទីជានាយករដ្ឋមន្ត្រីក្នុងរយៈពេលជិត ៤០ឆ្នាំមកនេះ ដោយសារលោកធ្វើរដ្ឋប្រហារ រំលោភរដ្ឋធម្មនុញ្ញ ជាពិសេសរបៀបដឹកនាំតាមបែបផ្តាច់ការ។ លើសពីនេះ លោក ហ៊ុន សែន បានពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ រួមមានអំពើកាប់សម្លាប់ក្រៅច្បាប់ ទារុណកម្ម ការចាប់ឃុំខ្លួន ត្រួតត្រា រារាំងសេរីភាពសមាគម ការជួបប្រជុំ និងការបង្កើតបណ្ដាញស៊ើបការរាយការណ៍នៅពេញប្រទេស ក្នុងគោលបំណងបំភិតបំភ័យ បំភ័ន្តសាធារណៈមតិ។ យុទ្ធសាស្ត្រចម្បងជាងគេរបស់លោក ហ៊ុន សែន គឺការគំរាមកំហែង និងប្រើប្រាស់កម្លាំង។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្នាដៃដ៏លេចធ្លោរបស់លោក ហ៊ុន សែន គឺយុទ្ធនាការកម្ទេចគណបក្សប្រឆាំង និងរៀបចំការបោះឆ្នោតក្លែងក្លែងដើម្បីគ្រប់គ្រងអំណាចតវង្សត្រកូល ។
ប្រជាពលរដ្ឋចង់ឃើញលោក ហ៊ុន ម៉ាណែត ងាកចេញពីនយោបាយផ្តាច់ការរបស់ឪពុកលោក ដើម្បីដឹកនាំប្រទេសទៅរកលទ្ធិប្រជាធិបតេយ្យ និងកសាងសង្គមប្រាកដដោយយុត្តិធម៌ឡើងវិញ៕
No comments:
Post a Comment