2023.08.09

កម្ពុជានឹងមានការផ្លាស់ប្ដូរដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ នៅថ្ងៃទី២២ ខែសីហា ខាងមុខនេះ។ នោះគឺការចាកចេញពីតំណែងនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន បន្ទាប់ពីលោកគ្រប់គ្រងតំណែងនេះអស់រយៈកាលជិត ៤០ឆ្នាំ។ អ្នកបន្តវេនពីលោក គឺគ្មានអ្នកណាផ្សេងក្រៅពីកូនប្រុសច្បងសំណព្វចិត្តរបស់លោក លោក ហ៊ុន ម៉ាណែត នោះទេ។ តើលោក ហ៊ុន ម៉ាណែត មានប្រវត្តិយ៉ាងណា? តើនៅទីបំផុត លោក ហ៊ុន ម៉ាណែត នឹងក្លាយជាអ្នកកែទម្រង់ទៅរកភាពវិជ្ជមាន ឬជាអវតារនៃជនផ្ដាច់ការ?
លោក ហ៊ុន ម៉ាណែត គឺជាអ្នកស្នងមរតកអំណាចពីលោក ហ៊ុន សែន ដែលបានត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេល ៣៨ឆ្នាំ។ លោក ហ៊ុន ម៉ាណែត បានថ្លែងដោយគ្មានអល់អែកថា ការរៀបចំឱ្យលោកស្នងតំណែងពីឪពុកនេះ គឺជារឿងត្រឹមត្រូវ បើទោះបីជាលោកបានបញ្ចប់ការសិក្សាពីប្រទេសប្រជាធិបតេយ្យ ដែលករណីការផ្ទេរតំណែងប្រមុខរដ្ឋាភិបាលដោយផ្ទាល់ពីឪពុកទៅកូនបែបនេះ មិនដែលកើតមានពីមុនមកក៏ដោយ។
លោក ហ៊ុន ម៉ាណែត៖ «ការជ្រើសរើសខ្ញុំជាបេក្ខភាពនេះ គឺមានការគាំទ្រពីអង្គសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្ស កាលពីថ្ងៃទី២៤ ខែធ្នូ ២០២១។ ទីពីរផ្អែកទៅលើគោលការណ៍ប្រជាធិបតេយ្យ តែងតាំងខ្ញុំ ជ្រើសតាំងខ្ញុំជាបេក្ខភាពនាយករដ្ឋមន្ត្រី មិនមែនជ្រើសតាំងខ្ញុំជានាយករដ្ឋមន្ត្រីទេ។ បេក្ខភាពមានន័យថា មានសិទ្ធិឈរឈ្មោះឱ្យប្រជាពលរដ្ឋបោះឆ្នោត រឿងតែប៉ុណ្ណឹង។ អត់មានអ្វីខុសទេ អ៊ីចឹងអនុលោមតាមនេះ អត់មានអ្វីខុសពីគោលការណ៍ប្រជាធិបតេយ្យទេ»។
ប្រវត្តិសង្ខេប និងការសិក្សា
លោក ហ៊ុន ម៉ាណែត មានអាយុ ៤៥ឆ្នាំ។ លោកកើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ នៅភូមិកោះថ្ម ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ លោករៀននៅសាលាបឋម និងមធ្យមសិក្សាចតុមុខ និងវិទ្យាល័យព្រះស៊ីសុវត្ថិ ចន្លោះពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៩៣។
នៅថ្នាក់ឧត្ដមសិក្សា លោកបានចូលរៀននៅសាលាបណ្ឌិតយោធា West Point (United States Military Academy West Point) របស់សហរដ្ឋអាមេរិក នៅឆ្នាំ១៩៩៥។ លោក ហ៊ុន ម៉ាណែត គឺជាជនជាតិខ្មែរដំបូងគេ ដែលបានចូលរៀននៅសាលាយោធាដ៏ល្បីល្បាញមួយនេះ ហើយក៏ជាសិស្សម្នាក់ក្នុងចំណោមសិស្សមិនមែនជាជនជាតិអាមេរិកាំងចំនួន ៧នាក់ ក្នុងថ្នាក់ ដែលមានសិស្សជាង ៩០០នាក់។ នៅគ្រាដំបូង លោកមានការលំបាកក្នុងការប្រាស្រ័យទាក់ទងជាភាសាអង់គ្លេស និងរាងខ្លាចគេ។
វរសេនីយ៍ទោក្នុងកងពលធំលេខ ១០១ (101st Airborne Division) របស់សហរដ្ឋអាមេរិក លោក ខេវីន ចេមស៍ (Kevin James) គឺជាមិត្តភ័ក្ដិជិតស្និទ្ធ និងធ្លាប់ស្នាក់នៅបន្ទប់រួមគ្នាជាមួយលោក ហ៊ុន ម៉ាណែត អស់រយៈពេល ២ឆ្នាំ កាលរៀននៅសាលា West Point។ លោកបានរៀបរាប់ប្រាប់វិទ្យុអាស៊ីសេរីថា នៅពេលនោះ លោក ហ៊ុន ម៉ាណែត ជាបុគ្គលដែលមានការអត់ឱន និងចិត្តល្អ ប៉ុន្តែខ្វះបទពិសោធន៍ជីវិត។
លោក ខេវីន ចេមស៍៖ «គាត់រួសរាយរាក់ទាក់ ហើយជាមិត្តរួមបន្ទប់ចិត្តល្អ និងខ្វាយខ្វល់ពីគ្នា។ ប៉ុន្តែគាត់ជាមនុស្សមិនចូលចំណោមគេទេ។ ម្ដងម្កាល ខ្ញុំពិតជាភ្ញាក់ផ្អើលចំពោះភាពក្មេងខ្ចីខ្វះបទពិសោធន៍របស់គាត់មែន»។
ក្រៅពីការសិក្សានៅសាលា West Point លោក ហ៊ុន ម៉ាណែត ក៏បានសិក្សាថ្នាក់បរិញ្ញាបត្រសេដ្ឋកិច្ច និងបន្តយកអនុបណ្ឌិតជំនាញដដែលនេះនៅសាកលវិទ្យាល័យញូវយ៉ក (New York University)។ បន្ទាប់មកទៀត លោកបានបន្តការសិក្សាថ្នាក់បណ្ឌិតជំនាញសេដ្ឋកិច្ចនៅសាកលវិទ្យាល័យប្រីសស្តូល (Bristol University) នៃចក្រភពអង់គ្លេស (United Kingdom) ហើយទទួលបានសញ្ញាប័ត្រនៅឆ្នាំ ២០០៨។
សាស្ត្រាចារ្យណែនាំថ្នាក់បណ្ឌិតរបស់លោក ហ៊ុន ម៉ាណែត នៅសាកលវិទ្យាល័យ Bristol លោក ចូណាថាន ថេមផល (Jonathan Temple) បានរៀបរាប់ប្រាប់វិទ្យុអាស៊ីសេរីថា លោក ហ៊ុន ម៉ាណែត ជាសិស្សពូកែ និងមានចំណូលចិត្តធ្វើការផ្នែកសេដ្ឋកិច្ចអភិវឌ្ឍន៍។
លោក ចូណាថាន ថេមផល៖ «គាត់ជាសិស្សដែលមានសមត្ថភាព តែងតែគួរសម និងគោរព ហើយឧស្សាហ៍ព្យាយាម។ ខ្ញុំមិនបានដឹងអំពីសាវតារគ្រួសាររបស់គាត់នោះទេ រហូតទាល់តែការសិក្សារបស់គាត់ជឿនលឿនទៅមុខយ៉ាងល្អ»។
ទ្រព្យសម្បត្តិដ៏មហាសាល
ទាក់ទងនឹងរឿងទ្រព្យសម្បត្តិវិញ លោក ហ៊ុន ម៉ាណែត ក៏មានទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ដូចសមាជិកដទៃទៀតនៃត្រកូលហ៊ុនរបស់លោកដែរ។
ពេលកំពុងរៀនឆ្នាំទីពីរនៅសាកលវិទ្យាល័យញូវយ៉ក (NYU) លោក ហ៊ុន ម៉ាណែត និងបងប្អូនបង្កើតវ័យជំទង់របស់លោក បានចំណាយលុយជាងកន្លះលានដុល្លារ (៥៥០.០០០) ទិញផ្ទះមួយល្វែងមាន ៤បន្ទប់ នៅជាយក្រុងញូវយ៉ក។ ពេលនោះ ពួកគេគ្មានការងារធ្វើទេ ហើយប្រាក់បៀវត្សរ៍ផ្លូវការរបស់លោក ហ៊ុន សែន ដែលជាឪពុកមានត្រឹមតែ ១ម៉ឺន ២ពាន់ដុល្លារ (១២.០០០) ប៉ុណ្ណោះក្នុងមួយឆ្នាំ។ ក្នុងឆ្នាំ២០០១ ពេលពួកគេទិញផ្ទះនោះ តម្លៃផ្ទះគឺស្មើនឹងប្រាក់បៀវត្សរ៍របស់ប្រជាជនកម្ពុជាចំនួន ១ពាន់ ៦រយដង (១.៦០០)។
ក្នុងឆ្នាំ២០០៦ លោក ហ៊ុន ម៉ាណែត បានរៀបការជាមួយអ្នកស្រី ពេជ ចន្ទមុន្នី និងមានកូន ៣នាក់ ស្រី ២នាក់ ប្រុសម្នាក់។ អ្នកស្រី ពេជ្រ ចន្ទមុន្នី ជាកូនស្រីលោក ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ អាពាហ៍ពិពាហ៍នេះឆ្លុះបញ្ចាំងពីការរីកធំធាត់នៃវង្សត្រកូល ដែលចាក់ស្រេះគ្នារវាងជំនួញ នយោបាយ និងជីវិតផ្ទាល់ខ្លួន។
ផ្អែកតាមឯកសារចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម សព្វថ្ងៃនេះ អ្នកស្រី ពេជ ចន្ទមុន្នី កំពុងគ្រប់គ្រងក្រុមហ៊ុន ៤ នៅក្នុងដៃ និងជាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនចំនួន ៦ ផ្សេងទៀត។
បើតាមការវាយតម្លៃរបស់អង្គការឃ្លាំមើលពិភពលោក (Global Witness) ក្នុងរបាយការណ៍ចេញផ្សាយកាលពីឆ្នាំ២០១៦ ក្រុមគ្រួសារត្រកូលហ៊ុនមានទ្រព្យសម្បត្តិចន្លោះពី ៥០០លានទៅ ១ពាន់លានដុល្លារអាមេរិក (1 billion) ក្នុងនោះមួយចំណែក គឺជាទ្រព្យសម្បត្តិរបស់លោក ហ៊ុន ម៉ាណែត និងភរិយា។ នេះគ្រាន់តែជាតួលេខទាបបំផុតកាលពីជិត ១០ឆ្នាំមុន ខណៈទ្រព្យសម្បត្តិនៃគ្រួសារត្រកូលហ៊ុនបច្ចុប្បន្ន អាចកើនលើសពីនេះច្រើនដង ផ្អែកលើកត្តាពេលវេលា និងទំហំនៃមុខជំនួញ។
សមរភូមិប្រាសាទព្រះវិហារ និងការពង្រឹងអំណាច
ពាក់ព័ន្ធនឹងការពង្រឹងអំណាចរបស់លោក ហ៊ុន ម៉ាណែត វិញ ទំនាស់ព្រំដែនជាមួយប្រទេសថៃនៅតំបន់ប្រាសាទព្រះវិហារ គឺជាឱកាសមាសមួយដែលលោក ហ៊ុន សែន អាចធ្វើតេស្ដសមត្ថភាពយោធាកូនប្រុសរបស់លោកផង និងឆក់ឱកាសឱ្យគេធ្វើធំផង។ ក្នុងខែមិថុនា ឆ្នាំ២០០៨ ទំនាស់នេះបានពុះពោររហូតដល់មានការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ។ លោក ហ៊ុន ម៉ាណែត ដែលកាលនោះ ទើបតែបញ្ចប់ថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យ Bristol នៅខែកុម្ភៈ ត្រូវបានលោក ហ៊ុន សែន ដាក់ឱ្យគ្រប់គ្រងបញ្ជាកងកម្លាំងនៅតំបន់ប្រាសាទព្រះវិហារ ហើយលោកត្រូវបានបញ្ជូនទៅគ្រប់គ្រងកងទ័ពនៅទីនោះម្ដងទៀតនៅពេលភាពតានតឹងបានកើតឡើងជាថ្មី ក្នុងឆ្នាំ២០១១។
លោក រ៉ូបឺត វីលើដ (Robert Willard) ដែលកាលនោះជាឧត្ដមនាវីឯកទទួលបន្ទុកកងកម្លាំងសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានថ្លែងប្រាប់គណៈកម្មាធិការសភាសហរដ្ឋអាមេរិកថា តាមរយៈការបញ្ជូនលោក ហ៊ុន ម៉ាណែត ទៅកាន់តំបន់ប្រាសាទព្រះវិហារនេះ លោក ហ៊ុន សែន ហាក់ដូចជាកំពុងរៀបចំឱ្យកូនប្រុសច្បងរូបនេះ ជាអ្នកស្នងមរតកអំណាចរបស់គាត់។
លោក រ៉ូបឺត វីលើដ៖ «ជម្លោះមួយនេះបានបង្កើតអត្តសញ្ញាណរបស់លោក ហ៊ុន ម៉ាណែត ក្នុងនាមជាមេដឹកនាំយោធា និងជាវីរបុរសដែលការពារអធិបតេយ្យជាតិប្រឆាំងនឹងការគំរាមកំហែងពីខាងក្រៅ»។
អំណាចរបស់លោក ហ៊ុន ម៉ាណែត ក្នុងជួរកងទ័ព ត្រូវបានពង្រឹងយ៉ាងខ្លាំង ចាប់ពីខែកញ្ញា ឆ្នាំ២០១៨ នៅពេលលោក ហ៊ុន សែន បានតែងតាំងកូនប្រុសច្បងរូបនេះជាផ្លូវការឱ្យកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោក ហើយកែប្រែអង្គភាពយោធាធំៗ ចំនួន ៥ ឱ្យស្ថិតនៅក្រោមបញ្ជាផ្ទាល់របស់លោក ហ៊ុន ម៉ាណែត វិញ។ លោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោកនេះ ជំនួសនាយឧត្ដមសេនីយ៍ មាស សុភា ដែលលោក ហ៊ុន សែន បានរុញឱ្យទៅកាន់តំណែងខ្យល់ក្នុងរដ្ឋាភិបាលអាណត្តិទី ៦ ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។
ក្រៅពីជាមេបញ្ជាការកងទ័ពជើងគោកហើយនោះ លោក ហ៊ុន ម៉ាណែត នៅមានតួនាទីគ្រាក់ៗមួយចំនួនទៀត រួមមាន អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការរងកងអង្គរក្សលោក ហ៊ុន សែន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ លោក ហ៊ុន ម៉ាណែត បានចេញមុខជំនួសរដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ និងអគ្គមេបញ្ជាការកងទ័ព លោក វង្ស ពិសេន ដើម្បីជួបមន្ត្រីយោធាបរទេសជាន់ខ្ពស់ និងធ្វើសមយុទ្ធយោធារួមគ្នាជាមួយកងទ័ពចិន។
ក្នុងគណបក្សវិញ លោក ហ៊ុន សែន បានតែងតាំងលោក ហ៊ុន ម៉ាណែត ឱ្យធ្វើជាសមាជិកគណៈអចិន្ត្រៃយ៍ ស្ថិតក្នុងចំណោមមនុស្ស ៣៤នាក់ ដែលជាក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្ស ហើយក៏ជាប្រធានយុវជនដែលជាអ្នកដឹកនាំក្រុមកូនចៅ និងសមាជិកជំនាន់ក្រោយនៃគណបក្សប្រជាជនកម្ពុជាផងដែរ។
អំឡុងពេលការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ លោក ហ៊ុន សែន បានតែងតាំងលោក ហ៊ុន ម៉ាណែត ឱ្យធ្វើជាប្រធានគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក ហើយអ្នកស្រី ពេជ ចន្ទមុន្នី ជាប្រធានក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩។ នេះជាឱកាសមាសមួយទៀតដែលលោក ហ៊ុន ម៉ាណែត និងភរិយាអាចកសាងផ្សារភ្ជាប់ទំនាក់ទំនងជាមួយពលរដ្ឋ ដើម្បីត្រៀមខ្លួនក្លាយជានាយករដ្ឋមន្ត្រីបន្តពីឪពុក។
ស្នាដៃមុនឡើងធ្វើនាយករដ្ឋមន្ត្រី
លោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីនៅពេលនេះ មិនមែនដោយសារលោកមានស្នាដៃពិសេសជូនជាតិ ឬក៏គោលនយោបាយសំខាន់ណាមួយផ្ទាល់ខ្លួន ដែលពលរដ្ឋបោះឆ្នោតជូននោះទេ ប៉ុន្តែដោយសារការរៀបចំរបស់ លោក ហ៊ុន សែន។ លោក ហ៊ុន ម៉ាណែត ជាអ្នកគាំទ្រដ៏ងប់ងុល និងប្ដេជ្ញាដើរតាមមាគ៌ាដឹកនាំរបស់ឪពុក។
លោក ហ៊ុន ម៉ាណែត៖ «គេសួរខ្ញុំថា អ្នកណាជា Role Model (ជនគំរូ) របស់អ្នកឯង? ខ្ញុំប្រាប់ថា ឪខ្ញុំ។ មិនមែនដោយសារគាត់ជានាយករដ្ឋមន្ត្រីទេ ប៉ុន្តែដោយសារគាត់តស៊ូគ្រប់ពេលដែលគាត់ធ្វើ។ តាំងពីសិស្សវត្តក៏គាត់ប្រឹង គាត់ជាកូនទាហានគេក៏គាត់ខំប្រឹង ហើយគាត់ធ្វើការពេលនោះមិនមែនរំពឹងដើម្បីបានធ្វើនាយករដ្ឋមន្ត្រីទេ គឺធ្វើដើម្បីជោគជ័យនូវអ្វីដែលគាត់ធ្វើ»។
លោក ហ៊ុន សែន ឯណោះវិញ ដើម្បីធានាថា កូនប្រុសច្បងរបស់លោករូបនេះអាចឡើងស្នងតំណែងពីលោកដោយរលូន លោកបានប្រើកណ្ដាប់ដៃដែក ដើម្បីបិទផ្លូវមិនឱ្យគណបក្សប្រឆាំងចូលរួមការបោះឆ្នោត បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងគាបសង្កត់សិទ្ធិសេរីភាពពលរដ្ឋ។ លោកបានបិទវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) តែប្រមាណ ៥ខែប៉ុណ្ណោះ នៅមុនការបោះឆ្នោត ដោយសារការចុះផ្សាយអត្ថបទពាក់ព័ន្ធនឹងលោក ហ៊ុន ម៉ាណែត ដែលលោក ហ៊ុន សែន ហៅថា ជា «ការមួលបង្កាច់ និងបង្ខូចកិត្តិយស» រដ្ឋាភិបាល។ លោក ហ៊ុន ម៉ាណែត មិនបានអើពើរឿងនេះទេ ដោយទុកឱ្យឪពុក «គំរូ» របស់លោក បំផ្លាញចោលស្ថាប័នព័ត៌មានឯករាជ្យមួយទទេ។
ចំណុចសំខាន់មួយទៀត លោក ហ៊ុន ម៉ាណែត តែងប្រាប់ពលរដ្ឋថា សត្រូវធំបំផុតរបស់កម្ពុជា គឺសង្គ្រាម និងការបែកបាក់ជាតិ ប៉ុន្តែបន្តិចម្ដងៗ លោកបានក្លាយខ្លួនជាអ្នកពូនជ្រំបញ្ហា ជាជាងអ្នករកដំណោះស្រាយ។ មកដល់ពេលនេះ លោកមិនបានបង្ហាញសញ្ញាណាមួយនៃការអនុញ្ញាតឱ្យមានលំហនយោបាយសេរីសម្រាប់អ្នកគាំទ្រគណបក្សប្រឆាំងនោះទេ ផ្ទុយទៅវិញលោកគំរាមប្រើគុកច្រវាក់លើពួកគេទៅវិញ។
លោក ហ៊ុន ម៉ាណែត៖ «បើអ្នកឯងជេរ លេងហួសព្រំដែន ត្រូវទទួល ហ្នឹងហើយគឺការចូលរួមចំណែករបស់ច្បាប់ក្នុងការថែរក្សាប្រជាធិបតេយ្យប្រកបដោយការទទួលខុសត្រូវ និងការទុកចិត្តគ្នា។ លេងឱ្យស្រួលបួល បើមិនចង់ឱ្យគេលេងផ្លូវច្បាប់ កុំធ្វើខុសច្បាប់»។
ចំណុចខុសគ្នាពីឪពុក និងបងប្អូនរបស់លោក
ទន្ទឹមគ្នានឹងការបន្ទរតាមសារលោក ហ៊ុន សែន នូវអ្វីមួយដែលលោកហៅថា ជា «សន្តិភាព» ដែលត្រូវតែការពារនោះ លោក ហ៊ុន ម៉ាណែត ក៏មានចំណុចខ្លះខុសពីឪពុករបស់លោកដែរ។
លោក ហ៊ុន សែន ជាអ្នកនយោបាយពូកែវោហារ និងចូលចិត្តនិយាយជាសាធារណៈ ដែលក្នុងនោះមានប្រើពាក្យអសុរោះ ហិង្សា និងញុះញង់ទៀតផង ហើយលោកតែងឱ្យគេផ្សាយផ្ទាល់ទាំងស្រុងនូវសុន្ទរកថារបស់លោកទៀតផង។ រីឯលោក ហ៊ុន ម៉ាណែត វិញ លោកមិនសូវពូកែនិយាយនោះទេ ហើយលោកមិនដែលឱ្យគេផ្សាយផ្ទាល់ ពេលថ្លែងសុន្ទរកថាឡើយ។ ជំនួសមកវិញ លោកបង្ហោះវីដេអូសម្រង់សម្ដីខ្លីៗដែលកាត់តរួចនៅលើបណ្ដាញសង្គម ហើយលោកកម្របំផុតក្នុងការផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន។
មួយវិញទៀត លោក ហ៊ុន សែន ចូលចិត្តសម្ញែងនាឡិកាដៃតម្លៃរាប់លានដុល្លារ ខណៈសមាជិកគ្រួសារត្រកូលហ៊ុនមួយចំនួនទៀត ក៏តែងបង្ហាញជីវិតហ៊ឺហាបែបអភិជនដែរ ប៉ុន្តែលោក ហ៊ុន ម៉ាណែត មិនបង្ហាញទ្រព្យមហាសាលទាំងនោះទេ។ លោកបង្ហាញតែសកម្មភាពការងារ និងជីវិតឯកជនខ្លះៗ នៅលើទំព័រហ្វេសប៊ុក និងតេឡេក្រាម។
ក្រៅពីនេះ លោក ហ៊ុន ម៉ាណែត មិនងាយប្រតិកម្ម និងបញ្ចេញអារម្មណ៍លឿនរហ័សដូចឪពុក និងបងប្អូនរបស់លោកនោះទេ។ ជាឧទាហរណ៍ នៅពេលពលរដ្ឋខ្មែរអាមេរិកាំងលោក អ៊ុក ទូច គប់ស្បែកជើងសំដៅក្បាលលោក ហ៊ុន សែន ពេលលោកកំពុងជួបអ្នកគាំទ្រនៅសហរដ្ឋអាមេរិកនោះ ប្អូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ានី និងមន្ត្រីគណបក្សប្រជាជនកម្ពុជាមួយចំនួនបានបង្ហោះសារខឹងសម្បារ និងចងអាឃាតលើលោក អ៊ុក ទូច ប៉ុន្តែលោក ហ៊ុន ម៉ាណែត វិញ លោកមិនបញ្ចេញសារអ្វីទាំងអស់។ លោកថែមទាំងហាមមិនឱ្យនិយាយរឿងនោះទៀត ដោយងាកទៅផ្ដោតលើបេសកកម្មរបស់លោក ហ៊ុន សែន វិញ។
លោក ហ៊ុន ម៉ាណែត៖ «កាលសម្ដេចទៅអាមេរិកថ្ងៃមុន ប្រជាពលរដ្ឋបាក់ទឹកបាក់ដីមកគាំទ្រសម្ដេចរាប់ពាន់នាក់មកពីឆ្ងាយ។ មានលោកអ៊ំមួយនោះ គាត់លើកស្បែងជើងគប់ ហើយយើងនាំគ្នាចង់រំលេចរឿងហ្នឹង ទៅថា តាហ្នឹង ខ្ញុំថាទៅធ្វើ ធ្វើអ្វី រឿងអវិជ្ជមាន ឱ្យវាបាត់ទៅ។ សម្ដេចទៅជួបជាមួយប្រធានាធិបតីអាមេរិក ដឹកនាំថ្នាក់ដឹកនាំអាស៊ាន មោទនភាពយើង រំលេចរឿងហ្នឹងទៅល្អជាង»។
ប៉ុន្តែ ការមិនបញ្ចេញប្រតិកម្មជាសាធារណៈ ក៏មិនអាចបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ជាមនុស្សបើកចិត្តទូលាយនោះដែរ។ ឯកសារបែកធ្លាយកាលពីពេលកន្លងទៅ បង្ហាញថា លោកជាប្រធានក្រុមការងារបណ្ដាញសង្គម ហៅថា Cyber War Room ដែលតាមដាន និងគ្រប់គ្រងព័ត៌មាននានា លើបណ្ដាញសង្គម ព្រមទាំងរៀបចំវិធានការនានា ដើម្បីទប់ស្កាត់ ឆ្លើយតប និងវាយបកទៅលើមជ្ឈដ្ឋានរិះគន់ការដឹកនាំរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ ក្រុមកងអង្គរក្សដែលមានលោក ហ៊ុន ម៉ាណែត ជាមេបញ្ជាការរងនោះ បាននាំគ្នាព្រួតវាយតំណាងរាស្ត្រពីររូបនៃគណបក្សសង្គ្រោះជាតិ គឺលោក គង់ សភា និងលោក ញ៉យ ចំរើន ស្ទើរស្លាប់ស្ទើររស់ នៅមុខរដ្ឋសភា កាលពីចុងឆ្នាំ ២០១៥។
សុបិន និងការពិត
ការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីជាលើកដំបូងសម្រាប់ប្រវត្តិសាស្ត្រកម្ពុជារយៈពេល ៣៨ ឆ្នាំមកនេះ បាននាំមកនូវសេចក្ដីសង្ឃឹមផង និងក្ដីបារម្ភផងសម្រាប់ប្រជាជាតិខ្មែរ។ ក្ដីរំពឹងនោះ គឺថា លោក ហ៊ុន ម៉ាណែត ដែលជាបញ្ញវន្តឈាមថ្មីនៃគណបក្សប្រជាជនកម្ពុជា អាចនឹងដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាព ខណៈក្ដីបារម្ភនោះ គឺថាលោកនឹងដើរតាមគន្លងឪពុករបស់លោក ដែលជាមេដឹកនាំផ្ដាច់ការរំលោភសិទ្ធិមនុស្ស។
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា លោក ហ៊ុន ម៉ាណែត គ្មានថ្ងៃកែប្រព័ន្ធដឹកនាំសព្វថ្ងៃនេះបានទេ បើឪពុករបស់គាត់នៅតែមានវត្តមានក្នុងឆាកនយោបាយ។
លោក សម រង្ស៊ី៖ «បើប្រព័ន្ធហ្នឹងអាក្រក់ ប្រព័ន្ធផ្ដាច់ការ ប្រព័ន្ធពុករលួយ ប្រព័ន្ធគ្រួសារនិយម វានៅតែអាក្រក់អ៊ីចឹង យើងចង់ដូរក្បាលម៉ាស៊ីន ១០ដងក៏ដោយ។ ប្រព័ន្ធហ្នឹង គឺរបៀបដឹកនាំ សារជាតិរបបអាក្រក់ហ្នឹង វានៅតែអាក្រក់អ៊ីចឹង។ ទាល់តែប្ដូរ [ប្រព័ន្ធ]។ ទាល់តែបុគ្គលណា ដែលឡើងមកដឹកនាំប្រទេស ហ៊ានកែប្រព័ន្ធហ្នឹង។ ឥលូវសួរថា ហ៊ុន ម៉ាណែត ហ៊ានកែប្រព័ន្ធ ហ៊ុន សែន ទេ? ប្រព័ន្ធដែល ហ៊ុន សែន រៀបចំ គាត់ធ្វើនាយករដ្ឋមន្ត្រី ៣៨ ឆ្នាំ ហ៊ុន ម៉ាណែត ឡើងមកកែប្រព័ន្ធ ថាអ្វីដែល ហ៊ុន សែន ធ្វើហ្នឹង អាក្រក់ណាស់។ ខ្ញុំសុំដូរ ខ្ញុំសុំកែ។ គ្មានទេ»។
ការលើកឡើងរបស់លោក សម រង្ស៊ី គឺស្របគ្នាទៅនឹងការវិភាគរបស់អ្នកតាមដានស្ថានការណ៍កម្ពុជា ហើយឆ្លុះបញ្ចាំងការពិតនៅត្រង់ចំណុចថា អ្នកដឹកនាំកំពូលពិតប្រាកដនៃកម្ពុជានៅតែជាលោក ហ៊ុន សែន ទោះជាលោក ហ៊ុន ម៉ាណែត ឡើងធ្វើជានាយករដ្ឋមន្ត្រីក៏ដោយ។ លោក ហ៊ុន សែន បានប្រកាសរួចហើយថា លោកនឹងនៅតែជាអ្នកដឹកនាំនយោបាយកម្ពុជាដដែល ក្រោយឈប់ធ្វើជានាយករដ្ឋមន្ត្រី ព្រោះលោកជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយចាប់ពីឆ្នាំក្រោយទៅជាប្រធានព្រឹទ្ធសភា និងប្រមុខរដ្ឋស្ដីទី ពេលអវត្តមានព្រះមហាក្សត្រ។
លោក ហ៊ុន សែន៖ «ខ្ញុំព្រះករុណា ខ្ញុំសូមបញ្ជាក់ថា បើទោះបីជាអំណាចនយោបាយស្ថិតក្នុងដៃរបស់ខ្ញុំព្រះករុណាខ្ញុំដដែល ខ្ញុំព្រះករុណាខ្ញុំ នឹងមិនជ្រៀតជ្រែកលើកិច្ចការរបស់រាជរដ្ឋាភិបាល ឬនាយករដ្ឋមន្ត្រីថ្មីនោះឡើយ»។
លោក ហ៊ុន ម៉ាណែត ទើបតែទទួលបានគោរមងារដែលមានតែមួយនៅស្រុកខ្មែរ គឺជា «កិត្តិទេសាភិបាលបណ្ឌិត» មានន័យថា «អ្នកមានចំណេះដឹងជ្រៅជ្រះ និងឈ្លាសវៃ ដែលដឹកនាំគ្រប់គ្រងរក្សាប្រទេស ឱ្យមានភាពថ្កុំថ្កើងរុងរឿង»។ ឪពុករបស់លោកជាអ្នករៀបចំឱ្យមានគោរមងារដ៏ខ្ពង់ខ្ពស់មួយនេះ ដើម្បីឱ្យសមនឹងឋានៈនាយករដ្ឋមន្ត្រីរបស់កូនប្រុស។
ហេតុដូច្នេះ តើ «ឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា» នឹងដឹកនាំប្រទេសសមប្រកបដូចទៅនឹងគោរមងារពិសេសមួយនេះ ឬយ៉ាងណា? និយាយមួយបែបទៀត តើលោក ហ៊ុន ម៉ាណែត នឹងយកបេះដូងរបស់ពលរដ្ឋបាន តាមរយៈទសពិធរាជធម៌ ឬមួយក៏ធម៌ហិង្សាដូចឪពុករបស់លោកដែរ? ប្រជាពលរដ្ឋខ្មែរទូទាំងនគរ នឹងរង់ចាំមើល ហើយធ្វើជាសាក្សីចំពោះការផ្លាស់ប្ដូរជាប្រវត្តិសាស្ត្រមួយនេះ៕
1 comment:
Ah Hun Manet is a dumbass.
Post a Comment