2023.08.15

មន្ត្រីគណបក្សភ្លើងទៀននៅខេត្តបាត់ដំបងម្នាក់បានភៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព បន្ទាប់ពីតុលាការកំពូលសម្រេចឱ្យជាប់ពន្ធនាគារមួយឆ្នាំកន្លះ ពាក់ព័ន្ធនឹងរឿងបញ្ចេញមតិលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងអំឡុងពេលកម្ពុជាមានទឹកជំនន់កាលពីឆ្នាំ២០២០។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ការសម្រេចរបស់តុលាការកំពូលនេះ ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយច្រើនជាងការអនុវត្តច្បាប់។
មន្ត្រីគណបក្សទៀនខេត្តបាត់ដំបងលើកឡើងថា ពេលនេះ លោកបានភៀសខ្លួនទៅដល់កន្លែងមានសុវត្ថិភាពហើយ។ លោកបន្តថា មូលហេតុដែលលោកភៀសខ្លួន គឺដោយសារបារម្ភខ្លាចអាជ្ញាធរចាប់ដាក់ពន្ធនាគារតាមការសម្រេចរបស់តុលាការ។
ហេរញ្ញិកគណបក្សភ្លើងទៀន ស្រុករុក្ខគិរី ខេត្តបាត់ដំបង លោក សុខ សឿម ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៥ សីហា ថា លោកមិនបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់របស់តុលាការឡើយ។ លោកបន្តថា ការចោទប្រកាន់របស់តុលាការតាំងពីថ្នាក់ក្រោមរហូតដល់តុលាការកំពូលនេះដោយសារលោកបានសរសេរសារក្នុងហ្វេសប៊ុករបស់លោក ហ៊ុន សែន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ក្នុងគ្រាដែលមានទឹកជំនន់នៅក្នុងខេត្តបាត់ដំបង។ សារដែលលោក សុខ សឿម សរសេរនោះមានខ្លឹមសារអំពាវនាវឱ្យមេភូមិឈូក ឃុំបាសាក់ស្រុករុក្ខគិរី ក្រុមគ្រួសាររបស់លោកបានជាប់គាំងកណ្ដាលទឹក អស់រយៈពេល ៤ថ្ងៃ កំពុងតែខ្វះស្បៀងអាហារ ហើយសុខភាពកាន់តែចុះខ្សោយទៀតផង។ លោកថា ក្រោយមកអាជ្ញាធរតាំងពីថ្នាក់ភូមិដល់ស្រុកបានសហការគ្នាប្ដឹងលោកទៅតុលាការ ហើយតុលាការបានចោទប្រកាន់លោកពីបទក្លែងព័ត៌មាន ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានការរើសអើង។ លោកចាត់ទុកការសម្រេចរបស់តុលាការកំពូលនេះថាជារឿងអយុត្តិធម៌មិនអាចទទួលយកបានឡើយ។
លោក សុខ សឿម៖ «តុលាការបានផ្ដន្ទាទោសមកលើខ្ញុំនេះ គឺជារឿងអយុត្តិធម៌។ ទី១ ខ្ញុំរងគ្រោះដោយសារទឹកជំនន់លិចមួយសាហើយ អាជ្ញាធរសហការគ្នាប្ដឹងខ្ញុំរហូតដល់តុលាការគ្រប់ជាន់ថ្នាក់សហការគ្នាដាក់បន្ទុកមកលើខ្ញុំយ៉ាងធ្ងន់ដែរ។ រឿងនេះ គឺជាការដាក់បន្ទុកឱ្យខ្ញុំនៅផ្នែកនយោបាយ ព្រោះការដែលខ្ញុំខំមិន (Comment) លើហ្វេសប៊ុកសម្ដេចដោយសារខ្ញុំខ្វះខាត ហើយគោលបំណងខ្ញុំគឺសុំជំនួយពីអាជ្ញាធរនិងរដ្ឋាភិបាល»។
ប្រតិកម្មរបស់មន្ត្រីគណបក្សប្រឆាំងនេះធ្វើឡើងបន្ទាប់ពីប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូលលោក សឹង បញ្ញាវុឌ្ឍ កាលពីថ្ងៃទី៣១ ខែកក្កដាកន្លងទៅ បានតម្កល់សំណុំរឿងរបស់លោក សុខ សឿម ទុកជាបានការតាមការសម្រេចរបស់តុលាការថ្នាក់ក្រោម។ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ សាលាដំបូងខេត្តបាត់ដំបងបានសម្រេចផ្ដន្ទាទោសលើលោក សុខ សឿម ដាក់ពន្ធនាគាររយៈពេល ១៨ខែ ពីបទក្លែងព័ត៌មាន ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានការរើសអើង ពាក់ព័ន្ធនឹងការបង្ហោះហ្វេសប៊ុកក្នុងពេលទឹកជំនន់កាលពីឆ្នាំ២០២០។
ជុំវិញរឿងនេះមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបាត់ដំបង និងខេត្តប៉ៃលិន លោក យិន ម៉េងលី មើលឃើញថា វិធានការរបស់តុលាការនេះជាការគំរាមកំហែងផ្នែកនយោបាយច្រើនជាងការអនុវត្តច្បាប់។ លោកបញ្ជាក់ថា រឿងនេះជាការសម្ដែងមតិរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ហើយគ្មានអាជ្ញាធរណាអើពើជួយដល់ពួកគាត់ ដូច្នេះតុលាការមិនគួរចោទប្រកាន់លោក សុខ សឿម ឡើយ។
លោក យិន ម៉េងលី៖ «អ្វីដែលគេចង់បានគឺឱ្យគាត់បង្ហោះសុំទោសជាសាធារណៈវិញ ហើយគាត់បដិសេធ គាត់ថាអ្វីដែលគាត់បង្ហោះអ្វីដែលគាត់និយាយគឺជាការពិតអីចឹងឱ្យគាត់សុំទោសទៅលើអ្វីហើយគាត់អត់ព្រម ។អីចឹងរឿងនេះតាំងពីឆ្នាំ២០២០មកម្ល៉េះ យើងមើលឃើញថាតាំងពីសាលាដំបូងសម្រេចយ៉ាងម៉េចរហូតទៅដល់តុលាការកំពូលគឺបានរក្សាតម្កល់ទុករហូត ។សាលដីការបស់តុលាការកំពូលគឺបិទផ្លូវតវ៉ា មានអនុភាពអនុវត្តភ្លាមអីចឹងធ្វើឱ្យគាត់នឹងមានការបារម្ភហើយគេចចេញពីផ្ទះបាត់ទៅ»។
មន្ត្រីគណបក្សភ្លើងទៀន លោក សុខ សឿម បានភៀសខ្លួនចេញពីផ្ទះកាលពីថ្ងៃទី៣១ កក្កដា ហើយបានទៅដល់កន្លែងមានសុវត្ថិភាពកាលពីថ្ងៃទី១ខែសីហា។ លោកថា ការភៀសខ្លួននេះ ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរផង និងជារក្សាកម្លាំងធនធានមនុស្សចូលរួមទាមទារឱ្យរដ្ឋាភិបាលឯកបក្សងាកមកដើរតាមគន្លងប្រជាធិបតេយ្យឡើងវិញផង។ បច្ចុប្បន្នមានសកម្មជនសង្គម អ្នកមាននិន្នាការផ្ទុយពីរដ្ឋាភិបាល និងសកម្មជននយោបាយ ប្រមាណ៧០នាក់កំពុងភៀសខ្លួននៅប្រទេសថៃ ដោយសារអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើទុក្ខបុកម្នេញពួកគេ៕
No comments:
Post a Comment