ដោយ មាន ឫទ្ធិ
2023.08.03
អ្នកវិភាគនយោបាយ លោក គឹម សុខ។
RFA File
រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ នារយៈពេលចុងក្រោយនេះបានបង្កើនសកម្មភាពចុះត្រួតពិនិត្យការសាងសង់មូលដ្ឋានទ័ពជើងទឹកនៅកំពង់ផែរាម ខេត្តព្រះសីហនុ ជាបន្តបន្ទាប់ ខណៈអាមេរិកនៅតែព្រួយបារម្ភអំពីវត្តមានមូលដ្ឋានទ័ពចិននៅលើទឹកដីខ្មែរ។ អ្នកឃ្លាំមើលថា ប្រសិនបើកម្ពុជាអនុញ្ញាតឱ្យចិនតាំងមូលដ្ឋានទ័ពនៅកំពង់ផែរាម កម្ពុជានឹងកាន់តែបែកបាក់ឯកភាពជាតិ និងបង្កឱ្យកើតមានបញ្ហាអសន្តិសុខក្នុងតំបន់។
លោក ទៀ បាញ់ លើកឡើងក្នុងទំព័រហ្វេសប៊ុក (Facebook) របស់លោកកាលពីថ្ងៃទី៣១ ខែកក្កដាថា ក្នុងសម័យទំនើប កងទ័ពរំដោះប្រជាជនចិន បានអភិវឌ្ឍវិស័យការពារជាតិរបស់ខ្លួនរីកចម្រើន និងលើកកម្ពស់សមត្ថភាពកងទ័ពជើងគោក ជើងទឹក ជើងអាកាស សម្រាប់ការពារជាតិមាតុភូមិ ការពារអធិបតេយ្យភាពជាតិ ទឹកដី និងសន្តិសុខជាតិបានយ៉ាងរឹងមាំ។ ក្រៅពីនេះ លោកថា ការដ្ឋានសាងសង់មូលដ្ឋានសមុទ្ររាម កំពុងដំណើរការយ៉ាងសកម្មដូចផែនការគ្រោងទុក។
លោក ទៀ បាញ់ អះអាងថា ការធ្វើទំនើបកម្មកំពង់ផែរាមក្រោមជំនួយរបស់រដ្ឋាភិបាលចិននឹងធ្វើឱ្យកំពង់ផែមួយនេះក្លាយជាសំណង់ដ៏ធំមួយក្នុងការលើកកម្ពស់សមត្ថភាពកងទ័ពជើងទឹកឱ្យកាន់តែមានភាពរីកចម្រើនមួយកម្រិតថែមទៀតនាពេលអនាគត។
លោក ទៀ បាញ់ បង្កើនសកម្មភាពចុះត្រួតពិនិត្យការសាងសង់កំពង់ផែរាមជាបន្តបន្ទាប់ ជាមួយមេទ័ពជើងទឹកកំពូលៗដែលជាប្អូនប្រុសបង្កើត របស់លោកគឺអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹកលោក ទៀ វិញ និងកូនប្រុសរបស់លោកដែលជាអភិបាលខេត្តសៀមរាមគឺ លោក ទៀ សីហា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ និងអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត ដើម្បីសុំអត្ថាធិប្បាយជុំវិញរឿងនេះបានទេនៅថ្ងៃទី២ ខែសីហា។ ចំណែក អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹកលោក ទៀ វិញ ប្រាប់ថា លោកមិនធ្វើអត្ថាធិប្បាយជុំវិញរឿងនេះទេ។
ក្រៅពីការបង្កើនសកម្មភាពចុះត្រួតពិនិត្យការសាងសង់កំពង់ផែរាមរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ លោកក៏មានជំនួបទ្វេភាគីជាមួយមន្ត្រីយោធាកំពូលៗរបស់ចិនតាំងពីនៅមុន និងក្រោយព្រឹត្តិការណ៍បោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា។ លើសពីនេះ លោក ទៀ បាញ់ និងរដ្ឋមន្ត្រីការពារជាតិចិន បានលើកឡើងនូវកិច្ចសហប្រតិបត្តិការពង្រឹងវិស័យកងទ័ពឱ្យកាន់តែស៊ីជម្រៅ និងបង្ហាញការជឿទុកចិត្តគ្នាក្នុងការពង្រឹងវិស័យការពារជាតិនៃប្រទេសទាំងពីរ។
កាលពីដើមខែកុម្ភៈ កម្ពុជា និងចិនបានឯកភាពគ្នាបង្កើនទំនាក់ទំនងលើវិស័យយោធាគ្រប់លំដាប់ថ្នាក់ ដោយចាប់យកសក្ដានុពលតាមរយៈការពង្រឹងការផ្លាស់ប្ដូរកងកម្លាំងរវាងកម្ពុជាចិន ក្នុងការធ្វើសមយុទ្ធ ការហ្វឹកហ្វឺនរួមគ្នា ការបណ្ដុះបណ្ដាលយោធា និងភស្តុភារកម្មក្នុងកិច្ចការពារសន្តិសុខពហុភាគីជាដើម។
អ្នកសិក្សាផ្នែកច្បាប់ និងជាសកម្មជនសង្គម លោក លី ចាន់ដារ៉ាវុត ប្រាប់វិទ្យុអាស៊ីសេរីថា ប្រសិនបើកម្ពុជានៅតែលម្អៀង និងបន្តទទួលជំនួយពីប្រទេសចិនកុម្មុយនីស្តតែម្ខាងក្នុងការធ្វើទំនើបកម្មយោធានោះកម្ពុជានឹងអាចប្រឈមធ្លាក់ក្នុងជម្លោះភូមិសាស្ត្រនយោបាយ។ លោកជំរុញឱ្យកម្ពុជាបង្ហាញតម្លាភាព តាមរយៈការអនុញ្ញាតឱ្យដៃគូគ្រប់ភាគីចូលត្រួតពិនិត្យកន្លែងសាងសង់ទំនើបកម្មរាមប្រកបដោយតម្លាភាព ជាជាងប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយបដិសេធចំពោះកង្វល់របស់អាមេរិកអំពីវត្តមានមូលដ្ឋានទ័ពចិនលើទឹកដីខ្មែរ។ ក្រៅពីនេះ កម្ពុជាគួរធ្វើឱ្យមានការអភិវឌ្ឍទំនើបកម្មក្របខណ្ឌវិស័យយោធាពីដៃគូចម្រុះភាគី ដើម្បីធានាឱ្យកម្ពុជាមានអព្យាក្រឹត្យ និងមិនលម្អៀងទៅកាន់មហាអំណាចណាមួយ ដែលធ្វើឱ្យខាតបង់ផលប្រយោជន៍ជាតិ។
លោក លី ចាន់ដារ៉ាវុត៖ «ពិភពលោកគឺផ្ដោតនៅលើកម្ពុជាមែនទែនចំពោះភាពដែលអាចទៅរួចនៃការមានមូលដ្ឋានទ័ពចិននៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើមានណាមូលដ្ឋានកងទ័ពចិនហ្នឹងមែនវាគឺជាការដើរចេញអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលកិច្ចព្រមព្រៀងហ្នឹងគឺវាសំខាន់មែនទែននៅក្នុងការការពារបូរណភាពទឹកដីខ្មែរ។ ខ្ញុំមិនដឹងថា តើមេដឹកនាំយើងចង់ការពារប្រទេសយើងត្រូវប្រើប្រាស់កម្លាំង ឬក៏ប្រើប្រាស់ច្បាប់ទេ។ ប៉ុន្តែឃើញថា ប្រសិនបើយើងការពារដោយប្រើប្រាស់កម្លាំងរបស់បរទេសណាមួយដែលអាងទៅលើបរទេសណាមួយប្រទេសយើងនឹងមិនបានសុខទេ ហើយគង់តែឆេះដូចគ្នា ព្រោះថា គ្មានបរទេសណាមកការពារកម្ពុជាដោយ (Free) ដោយគ្មានអត្ថប្រយោជន៍ចេញពីការពារហ្នឹងទេ»។
ចំណែក អ្នកវិភាគនយោបាយ លោក គឹម សុខ វិញមើលឃើញថា ការណ៍ដែលលោក ទៀ បាញ់ លើកសរសើរអំពីភាពរីកចម្រើននៃវិស័យការពារជាតិចិន គឺមិនអាចជំរុញឱ្យវិស័យការពារជាតិនៅកម្ពុជារីកចម្រើនបានទេ។ លោកថា ផ្ទុយទៅវិញវាជាការបង្ហាញថា កម្ពុជាមិនបានរក្សាជំហរអព្យាក្រឹត្យរបស់ខ្លួន និងលម្អៀងទៅរកចិនកុម្មុយនីស្ត។
លោក គឹម សុខ បន្ថែមទៀតថា សកម្មភាពលោក ទៀ បាញ់ រណបអែបអបចិនតាមរយៈការលើកសរសើរបែបនេះទំនងលោក ទៀ បាញ់ បង្ហាញពីភក្ដីភាពរបស់ខ្លួនទៅកាន់ចិន ដើម្បីជួយការពារអំណាចក្រុមគ្រួសាររបស់លោកក្នុងរដ្ឋាភិបាលជំនាន់ថ្មី។
លោក គឹម សុខ៖ «ចិនជំរុញឱ្យ លោក ទៀ បាញ់ ធ្វើសកម្មភាពពន្លឿនការសាងសង់មូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមឱ្យឆាប់ ពីព្រោះចិនទំនងជាមិនសូវរំពឹងថា រដ្ឋាភិបាលឈាមថ្មីរបស់គណបក្សប្រជាជនអាចនៅយូរអង្វែងនោះទេ គឺបើដួលរលំឆាប់ក៏នាំឱ្យបរាជ័យទាំងស្រុកនៅផែនការមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមរបស់ចិន និងគណបក្សប្រជាជនកម្ពុជាដែរ។ចិនបារម្ភចំណុចនេះខ្លាំងណាស់»។
រដ្ឋាភិបាលលោក ហ៊ុន សែន រងការចោទប្រកាន់ថា បានលួចចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយប្រទេសចិនកុម្មុយនីស្ត ដើម្បីអនុញ្ញាតឱ្យកងទ័ពចិនបោះទីតាំងឈរជើងនៅលើទឹកដីខ្មែរ។ លើសពីនេះទៀត មូលដ្ឋានទ័ពជើងទឹករាមដែលអាមេរិកសង្ស័យមានវត្តមានយោធាចិននោះបានប្រែប្រួលខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ សំណង់ថ្មីៗ មួយចំនួន រួមទាំងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត បានលេចចេញជារូបរាងឡើង ខណៈមន្ត្រីកម្ពុជា វាយកម្ទេចអគារដែលជាជំនួយរបស់អាមេរិកដោយគ្មានជូនដំណឹងជាមុន ព្រមទាំងមានសកម្មភាពបូមខ្សាច់ស្ដារជម្រៅទឹកសមុទ្រនៅមូលដ្ឋានកងទ័ពជើងទឹករាមជាដើម។ របាយការណ៍ចុងក្រោយរបស់កាសែតល្បីឈ្មោះរបស់អាមេរិក ឌឹ វ៉លស្ទ្រីត ជ័រណល (The Wall Street Journal) អះអាងថា កម្ពុជាគឺជាផ្នែកមួយនៃផែនការពង្រីកមូលដ្ឋានទ័ព និងបណ្ដាញគាំទ្រភស្តុភាររបស់យោធាចិនក្នុង «គម្រោង១៤១» ឬProject141 ដែលផែនការសម្ងាត់របស់កងទ័ពរំដោះប្រជាជនចិន (PLA) គឺដើម្បីពង្រីកមូលដ្ឋានទ័ព និងបណ្ដាញគាំទ្រភស្តុភារយោធារបស់ចិននៅលើពិភពលោក៕
No comments:
Post a Comment