Sunday, 6 August 2023

កម្មករ​រោងចក្រ​ចំនួន ៧៦​នាក់​រងរបួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​កំពង់ស្ពឺ


ដោយ ជាតិ ចំណាន
2023.08.06

កម្មករ​រោងចក្រ​ចំនួន ៧៦​នាក់​រងរបួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​កំពង់ស្ពឺ 

រថយន្ត​ដឹកកម្មកររោងចក្រ ក្រឡាប់គ្រោះថ្នាក់​នៅស្រុកសំរោងទង ខេត្ត​កំពង់ស្ពឺ កាលពីថ្ងៃទី៦ សីហា ២០២៣។
Photo Courtesy


កម្មករ​រោងចក្រ​រងរបួស​ធ្ងន់ និង​ស្រាល​ចំនួន ៧៦​នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ដឹក​ពួកគាត់​ទៅ​ធ្វើ​ការ​នៅ​ខេត្ត​កណ្ដាល។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា អាជ្ញាធរ​គួរតែ​ចុះ​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​មាន​វិធានការ​ត្រួតពិនិត្យ​ឡាន​ដឹក​កម្មករ​ឡើងវិញ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍។

កម្មករ​រោងចក្រ​ភាគច្រើន​ជា​ស្ត្រី​មាន​ចំនួន ៧៦​នាក់ និង​មាន​ស្ត្រី​ពោះធំ​២​នាក់​រងរបួស​ធ្ងន់ និង​ស្រាល ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ដោយសារ​ឡាន​ដែល​ដឹក​ពួកគាត់ ទៅ​ធ្វើ​ការ​បាន​ក្រឡាប់​ឡាន ធ្លាក់​ចេញពី​លើ​ផ្លូវ នៅ​ព្រឹក​ថ្ងៃទី៥ សីហា នៅ​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ខណៈ​ពួកគាត់​កំពុង​ធ្វើ​ដំណើរ​លើ​ឡាន​កូរ៉េ ម៉ាក ហ៊ីយុនដាយ (Hyundai) ពណ៌​ស គ្មាន​ស្លាក​លេខ ចំណុះ​២​តោន​កន្លះ​ទៅ​ធ្វើ​ការ​រោងចក្រ​មួយ​កន្លែង​នៅ​ខេត្ត​កណ្ដាល។

ពលរដ្ឋ​រស់នៅ​ស្រុក​សំរោងទង ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក លោក សុខ គ្រៀ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​០៥ សីហា ថា​មូលហេតុ​បណ្ដាល​ឱ្យ​មាន​គ្រោះ​ក្រឡាប់​រថយន្ត​ដឹក​កម្មករ​នេះ​គឺ​ដោយសារតែ​ផ្លូវ​កោង​ហើយ​អ្នកបើកបរ​រថយន្ត​បើក​ល្បឿន​លឿន។



    លោក សុខ គ្រៀ៖ «នៅ​ចំណុច​ហ្នឹង​បើ​តាម​អារម្មណ៍​ខ្ញុំ​ផ្ទាល់​ខ្ញុំ​និយាយ​តាម​ត្រង់​ពេល​ដែល​ឃើញថា​អាណិត​ចំពោះ​អ្នក​ជិះ​ទាំង​គេ​ទាំង​យើង​ដើម្បី​ជីវភាព​អ៊ីចឹង​ដល់ពេល​យើង​ជាច្រើន​នាក់​ផ្ញើ​ជីវិត​លើ​តៃកុង​ម្នាក់​អ៊ីចឹង​បើសិនជា​សុវត្ថិ​ភាពល្អ​ក៏​ល្អ បើ​សុវត្ថិភាព​មិនល្អ​យើង​មានតែ​ចូលរួម​សោកស្ដាយ​អ៊ីចឹង​ទៅ»។

ឆ្លើយតប​បញ្ហា​នេះ​អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង ថ្លែង​ថា ក្នុង​ហេតុការណ៍​នេះ​មាន អ្នករង​របួស​ធ្ងន់​១០​នាក់ និង​ស្រាល​៥០​នាក់ ហើយ​ស្ត្រី​ពោះធំ​២​នាក់​បញ្ជូន​កាន់​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​ដើម្បី​តាមដាន​បន្ត។ លោក​បន្ត​ថា បញ្ហា​នេះ​គឺ​ដោយសារ​អ្នកបើកបរ​បើក​មិន​គោរព​ច្បាប់​ចរាចរណ៍ ប៉ុន្តែ​អ្នក​រងរបួស​ទាំងអស់​នោះ​នឹង​មិន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​នោះ​ទេ ពីព្រោះ​ពួកគាត់​មាន​ប័ណ្ណ​ប.ស.ស ដែល​គាំពារ​សុខភាព។

    លោក វ៉ី សំណាង៖ «មួយឆ្នាំ​អាច​មាន​ម្ដង​អី​ដែល​វា​មិន​ញឹកញាប់​អី​ទេ បើ​កាលពីមុន​វា​មាន​ច្រើន​មែន ប៉ុន្តែ​ដោយសារ​ជីវភាព​ពួកគាត់​ប្រសើរ​ឡើង​អ៊ីចឹង គាត់​ប្រើប្រាស់​មធ្យោបាយ​ឯកជន​របស់​គាត់​មាន​ម៉ូតូ​រៀងៗ​ខ្លួន​អ៊ីចឹង​ទៅ ប៉ុន្តែ​អ្នក​មួយ​ចំនួន​ទៀត​ក៏​គាត់​នៅតែ​ប្រើ​ឡាន​រួម​ដែល​ហើយ​ឡាន​រួម​ហ្នឹង​គាត់​ជិះ​ទៅ​​ធ្វើ​ការ​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល»។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​រថយន្ត​ដឹក​កម្មករ​រោងចក្រ​នេះ តែង​កើត​ឡើងជា​ញឹកញាប់​ដោយ​មួយ​លើកៗ​តែង​បង្ក​ឱ្យ​មាន​អ្នក​ស្លាប់ និង​របួស​ជាច្រើន​នាក់។

មាត្រា ៨៥ នៃ​ច្បាប់​ចរាចរណ៍​ថ្មី​បាន​ចែងថា អ្នកបើកបរ​ដែល​បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ និង​ពិន័យ​ពី ៤​លាន ទៅ ១៥​លាន​រៀល​។ ទោស​នេះ​នឹង​ត្រូវ​ផ្ដន្ទាទោស​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ ពិន័យ​ពី ១០​លាន​រៀល ដល់ ២៥​លាន​រៀល ប្រសិនបើ​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​ច្រើន​នាក់ ឬ​ករណី​ផ្សេងៗ​មួយ​ចំនួន​ទៀត។

ទោះជា​យ៉ាងណា កាល​ពី​ឆ្នាំ​២០២២ កន្លងទៅ ក៏​មាន​ហេតុការណ៍​ក្រឡាប់​រថយន្ត ដូចគ្នា​នេះ កើតឡើង​ផង​ដែរ ក្នុង​នោះ​មាន​កម្មករ​រោងចក្រ​ចំនួន​២៧ នាក់​រង​របួស​ធ្ងន់ និង ស្រាល ប៉ុន្តែ​អភិបាលខេត្ត​នេះ​អះអាង​ថា បញ្ហា​នេះ​ពុំ​សូវ​កើតឡើង​ច្រើន​ករណី​នោះ​ទេ។

ជុំវិញ​បញ្ហា​នេះ​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា បញ្ហា​នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ចុះ​ត្រួត​ពិនិត្យមើល អំពី​កត្តា​ផ្លូវថ្នល់ រថយន្ត​ដឹក​កម្មករ​គ្មាន​ស្តង់ដារ​ដឹក​លើស​ចំនួន​កំណត់ និង​អ្នកបើកបរ​គ្មាន​ប័ណ្ណបើកបរ ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរតែ​មាន​រថយន្ត​សមរម្យ​សម្រាប់​ដឹកនាំ​កម្មករ​ដើម្បី​ធានា​សុវត្ថិភាព​ពួកគាត់​ជាជាង​មាន​បញ្ហា​រុញ​ដាក់គ្នា។

    លោក អាត់ ធន់៖ «នៅតែ​ទទូច​ដល់​រដ្ឋាភិបាល​គួរតែ​រៀបចំ​ឡានក្រុង សម្រាប់ ដឹក​កម្មករ​ឱ្យទៅ​តាម​បច្ចេកទេស​ហើយ​ក្នុងករណី​ផ្លូវ​តូច​យើង​អាច​ដឹក​ឡាន​តូរីស​ផ្សេងទៀត ជាង​នេះ​ទៅ​ទៀត​គួរតែ​រឹត​បន្តឹង​តៃកុង​ឡាន និង​ការកែច្នៃ​ឡាន​រ៉ឺម៉ក​ខុស​បច្ចេកទេស​ហ្នឹង​ឱ្យ​មាន​ស្តង់ដារ ហើយ​មួយ​ទៀត​ពិនិត្យ​ចំពោះ​អ្នកបើកបរ​តែម្ដង​ពិនិត្យ​ឃើញ​គាត់​មាន​គ្រឿងញៀន​មាន​ស្រវឹងស្រា​ត្រូវតែ​អនុវត្ត​តាមច្បាប់​ឱ្យ​បាន​តឹងតែង»។

របាយការណ៍ របស់​ក្រុម​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករនិយោជិត ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បាន​កើត​ឡើង​លើ​កម្មករ​និយោជិត​សរុប​ចំនួន ជាង​៥​ពាន់​នាក់ (៥.១៥៨) ករណី​ដែល​មាន​ជនរងគ្រោះ​សរុប​ចំនួន​ជាង​៦​ពាន់ នាក់ (៦.០៥១) ស្លាប់​ចំនួន ជាង​១​រយ​នាក់ (១៥៦) របួសធ្ងន់​ជាង​១​ពាន់​នាក់ (១.៦២៤) និង​របួសស្រាល​ជាង​៤​ពាន់​នាក់ (៤.២៧១) ក្នុង​នោះ​គ្រោះ​ថ្នាក់លើ​រថយន្ត​ដឹក​កម្មករនិយោជិត មាន​ចំនួន ១៣​លើក។

មន្ត្រី​សង្គម​ស៊ីវិល​អំពាវនាវ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ សហការ​ជាមួយ​ថៅកែ​រោងចក្រ​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ និង​ធានា​ដល់​អាយុជីវិត​ដល់​ក្រុម​កម្មករ​ទាំងនោះ៕

No comments: