ព្រះមហាក្សត្រ សម្តេចព្រះបាទ នរោត្តម សីហមុនី ព្រះប្រមុខរដ្ឋ នៅថ្ងៃទី៧ សីហា ចេញព្រះរាជក្រឹត្យចាត់តាំងកូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ បើទោះជាបីជាលោក ហ៊ុន ម៉ាណែត មិនមែនជាបេក្ខជនឈរឈ្មោះជានាយករដ្ឋមន្ត្រីប្រកួតប្រជែងការបោះឆ្នោត កាលពីថ្ងៃទី២៣ កក្កដា ក្តី។
តាមរយៈព្រះរាជក្រឹត្យចាត់តាំងនេះ ព្រះមហាក្សត្រត្រាស់បង្គាប់ឱ្យលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីថ្មី មានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាលថ្មីដើម្បីសុំសេចក្តីអនុម័តទុកចិត្តពីរដ្ឋសភា។ បើតាមការប្រកាសរបស់លោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ រដ្ឋសភានីតិកាលទី៧ នឹងកោះប្រជុំលើកដំបូងនៅថ្ងៃទី២១ សីហា ហើយសមាជិកសភានឹងចូលស្បថនៅព្រះបរមរាជវាំងនៅថ្ងៃដដែលនោះ ។ ចំណែកនៅថ្ងៃទី២២ សីហា រដ្ឋសភានឹងបើកកិច្ចប្រជុំនៅពេលព្រឹក ហើយនៅពេលរសៀលថ្ងៃដដែលនោះ គណៈរដ្ឋមន្ត្រីថ្មី នឹងចូលស្បថកាន់តំណែង។
សហគមន៍អន្តរជាតិបានចាត់ទុក ការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៣ កក្កដា គ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ និង មិនស្របតាមរបបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្ថិតក្រោមខ្សែញាក់របស់លោក ហ៊ុន សែន ផាត់គណបក្សភ្លើងទៀនមិនឱ្យចូលរួមការបោះឆ្នោត។
No comments:
Post a Comment