Tuesday, 10 October 2023

ពលករ​ខ្មែរ​និង​ជនភៀសខ្លួន​រាប់​រយ​នាក់​នៅ​ប្រទេស​ថៃ​នាំគ្នា​ធ្វើបុណ្យ​កាន់បិណ្ឌ


ដោយ ជីវិតា
2023.10.09
sharethis sharing button
ពលករ​ខ្មែរ​និង​ជនភៀសខ្លួន​រាប់​រយ​នាក់​នៅ​ប្រទេស​ថៃ​នាំគ្នា​ធ្វើបុណ្យ​កាន់បិណ្ឌ  
មន្ត្រី​ និងសកម្មជន​​គណបក្សប្រឆាំង​ចូលរួមប្រារព្ធពិធី​បុណ្យ​កាន់បិណ្ឌ នៅ​វត្ត​មង្គលនិម្មិត នៅ​ខេត្ត​សាមុតប្រាកាន កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣។
Photo Provided
 

ពលករ​ខ្មែរ និង​ជនភៀសខ្លួន​នៅ​ប្រទេស​ថៃ (Thailand) មិន​បាន​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​នៅ​ស្រុក​កំណើត​នោះ​ទេ ដោយសារតែ​ពួកគេ​មាន​ជីវភាព​ខ្វះខាត ហើយ​អ្នកខ្លះ​រង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​នៅ​កម្ពុជា​។ ទោះ​យ៉ាងណា​នៅ​ថ្ងៃ​កាន់បិណ្ឌ​ទី​៩​នេះ ពួកគេ​រាប់​រយ​នាក់​បាន​គ្នា​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​វិញ្ញាណក្ខន្ធ​បុព្វការី​ជន ដែល​បាន​ចែក​ឋាន​ទៅ ស្រប​ពេល​មន្ត្រី​ស្ថានទូត និង​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា​រៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​ជាមួយ​កម្មករ​រាប់ពាន់​នៅ​ប្រទេស​ថៃ​នេះ​ដែរ។

ពលរដ្ឋ​ខ្មែរ និង​ជនភៀសខ្លួន​នៅ​ប្រទេស​ថៃ​ប្រមាណ​៥​រយ​នាក់​បាន​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នៅ​ថ្ងៃទី​៨ ខែ​តុលា នៅក្នុង​វត្ត​មង្គល​និម្មិត នៅ​ខេត្ត​សាមុតប្រាកាន (Samut Prakan)។ ក្នុង​សម្លៀកបំពាក់​ចម្រុះ​ពណ៌ ពួកគាត់​ឈរ​រាប់បាត្រ​និមន្ត​ព្រះសង្ឃ​៧​អង្គ​ចម្រើន​ព្រះ​បរិត្ត និង​ធ្វើ​បទ​នមស្សការ​សមាទានសីល​វេរចង្ហាន់​ប្រគេន​ព្រះសង្ឃ ព្រមទាំង​មាន​ផ្កា ធូប ទៀន ថ្វាយ​ព្រះ​ឧទ្ទិស​កុសល ដល់​ជីដូន​ជីតា​របស់​ពួកគេ​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាងមុខ។

«សូម​អនុមោទនា​បុណ្យ​ភ្ជុំបិណ្ឌ​សាមគ្គី​! សាធុ​! សូម​អនុមោទនា​កុសលផល​បុណ្យ​! សាធុ​! »

តំណាង​ពលករ និង​ជា​អ្នក​ផ្ដួចផ្ដើម​រៀបចំ​កម្មវិធី​បុណ្យ​នេះ លោក ឆន សុខឿន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ឆ្នាំនេះ​មាន​ពលរដ្ឋ​ខ្មែរ​មកពី​គ្រប់ទិសទី​យ៉ាងច្រើន​កុះករ​បាន​ជ្រះថ្លា​មូលមតិ​គ្នា​ចូលរួម​បុណ្យ​កាន់បិណ្ឌ បើទោះ​បី​មន្ត្រី​គណបក្សកាន់អំណាច​យក​តារាចម្រៀង​រៀបចំ​កម្មវិធី​ជួបជុំ​នៅ​វត្ត​ក្បែរ​នោះ​ ដើម្បី​បំបែក​កម្លាំង​របស់​ពល​ករ​ក្តី​។ លោក​ឱ្យ​ដឹង​ថា ការរៀបចំ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​ប្រទេស​ថៃ​នេះ ដើម្បី​ឲ្យ​ពលករ​ខ្មែរ​ ដែល​មិន​មាន​លុយកាក់​ទៅ​ចូលរួម​ពិធីបុណ្យ​នៅ​ស្រុក​កំណើត​ មាន​ឱកាស​ជួបជុំគ្នា​ធ្វើបុណ្យ​បួងសួង​ឧទ្ទិស​កុសល និង​រក្សា​សាមគ្គីភាព​តាម​ប្រពៃណី​បាន​ដែរ។

លោក ឆន សុខឿន៖ «យើង​រៀប​ចំ​នេះ​ ដើម្បី​រក្សា​វប្បធម៌​ប្រពៃណី​ជាតិ​ទីមួយ។ ទីពីរ​ចង់​បញ្ជាក់​ពី​ការ​សាមគ្គី​របស់​ខ្មែរ ទោះបី​មិន​បាន​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន នៅ​ប្រទេស​គេ​ក្តី ប៉ុន្តែ​នៅតែ​មាន​ឱកាស​ធ្វើបុណ្យ ចង់​ថែរក្សា​វប្បធម៌​ប្រពៃណី និង​សាមគ្គី​គ្នា​បាន​យ៉ាងណា​ច្រើន​កុះករ ហើយ​ទី​បី​យើង​ចង់​បញ្ជាក់​ទៅ​ក្មេងៗ​ ជំនាន់​ក្រោយ​ថា យើង​មិន​បោះបង់​វប្បធម៌​ប្រពៃណី​ជាតិ​របស់​ខ្លួន​ទេ»

 

ស្រដៀង​គ្នា​នេះ​ដែរ ពលករ​ម្នាក់ទៀត​ធ្វើការ​នៅ​រោងចក្រ​ចំណី​សត្វ​នៅ​ជិត​ខេត្ត​សាមុតប្រាកាន​ លោក គិត បញ្ញា ប្រាប់​ថា លោក និង​ប្រពន្ធ​រីករាយ​ដែល​បាន​ជួបជុំ​ជាមួយ​ពលរដ្ឋ​ខ្មែរ​រៀបចំ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ ដើម្បី​បួងសួង​សុំ​សេចក្ដីសុខ និង​ឧទ្ទិស​កុសល​ដល់​អ្នកមានគុណ​ ដែល​បាន​ចែក​ឋាន​ទៅ​។ ពលករ​រូប​នេះ​រៀបរាប់​ថា រដូវ​បុណ្យទាន​បែបនេះ​លោក​នឹករលឹក​ឪពុកម្ដាយ​បងប្អូន ដោយសារ​លោក​មិនបាន​ទៅ​ស្រុកកំណើត​នៅ​ខេត្ត​ប៉ៃលិន​ក្នុង​ពី​ធី​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​ទេ ព្រោះ​លោក​កង្វះខាត​ថវិកា​សម្រាប់​ធ្វើដំណើរ ខណៈ​ប្រាក់​ឈ្នួល​នៅ​កន្លែង​ការងារ​ទទួល​បាន​តិចតួច​សឹង​ដោះស្រាយ​ការ​ហូបចុក​ប្រចាំថ្ងៃ​មិនបាន​ផង។

លោក គិត បញ្ញា៖ «ខ្ញុំ​នឹក​មែនទែន​ឱ្យ​តែ​នឹកឃើញ​ខ្ញុំ​ចង់តែ​ស្រក់​ទឹកភ្នែក ពីព្រោះ​យើង​ជា​ជនជាតិ​មួយ​នៅ​ទល់​ដែន​ថៃ តែ​យើង​គ្មាន​លទ្ធភាព​ទៅលេង​ស្រុកកំណើត​។ ខ្ញុំ​សប្បាយ​មែនទែន​ដែល​បាន​មក​ជួប​បងប្អូន​ខ្មែរ​យើង ហើយ​ខ្ញុំ​ឃើញ​ពួកគាត់​រួសរាយ​រាក់ទាក់​ ដែល​មក​ជួបជុំ គឺ​មាន​មនុស្ស​អ៊ូអរ​ណាស់»

ចំណែក​សកម្មជន​បក្ស​ប្រឆាំង​ដែល​បង្ខំចិត្ត​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ដើម្បី​គេច​ពី​ការ​ធ្វើទុក្ខបុកម្នេញ និង​តាម​ចាប់ខ្លួន​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ​ដែល​បាន​ចូលរួម​ធ្វើបុណ្យ​កាន់បិណ្ឌ​ជាមួយ​ក្រុម​ពលករ លោក ធន់ ច័ន្ទថា រៀបរាប់​ទាំង​ទឹកភ្នែក​រលីងរលោង​ថា លោក និង​សកម្មជន​មួយចំនួន​ទៀត​ពុំ​មាន​ឱកាស​ជួបជុំ​ក្រុម​គ្រួសារ​សាច់ញាតិ និង​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​តាម​វត្ត​អារាម​នានា​ ដូច​គេឯង​ទេ។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ថ្មី​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​បក្ស​ប្រឆាំង និង​បើកឱកាស​ឲ្យ​ពួក​លោក​បាន​វិលត្រឡប់​ទៅ​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ​វិញ។

លោក ធន់ ច័ន្ទថា៖ «ដល់​រដូវ​បុណ្យ​ទាន់​ដល់ពេល​យើង​យក​លុយ​ជូន​ម្តាយ អ៊ំ​ពូ​មី​គ្រប់​សព្វ​បែបយ៉ាង តែ​ដល់ពេល​រដូវ​ភ្ជុំ យើង​មក​ទីនេះ​ជា​ជនភៀសខ្លួន​មិនបាន​ជួបជុំ​បងប្អូន​ក្រុម​គ្រួសារ យើង​សោកស្តាយ​បំផុត​មិន​បាន​ជួប ពីព្រោះ​ទឹកចិត្ត​របស់​យើង​ពុះកញ្ជ្រោល​ចង់​ទៅ​ស្រុក​ខ្មែរ​វិញ​ ដើម្បី​ជួបជុំ​បងប្អូន ដោយ​ពួកគាត់​មាន​បញ្ហា​ជាមួយ​រដ្ឋាភិបាល​ផ្ដាច់ការ​ ធ្វើ​ឱ្យ​ពួកគាត់​មិន​អាច​ចូលក្នុង​ស្រុក​បាន»

ដោយឡែក​ ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ និង​ក្រុម​ឧកញ៉ា​មកពី​កម្ពុជា​វិញ ​បាន​រៀបចំ​ពិធី​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​ដែល​ត្រូវ​នឹង​បិណ្ឌ​ទី​៩ ​ជាច្រើន​កន្លែង មាន​ដូចជា ​នៅ​វត្ត​សូរថននិម្មិត នៅ​ខេត្ត​សាមុតប្រាកាន និង​តំបន់​ប្រាទូណាម (Pratunam) ក្រុង​បាងកក (Bangkok) ដែល​មាន​ពលរដ្ឋ​ខ្មែរ​ចូលរួម​រាប់ពាន់​នាក់។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​មន្ត្រី​អនុព័ន្ធ​ការងារ​អម​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​លោក ឈឹម វិបុល ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី៨ ខែតុលា។

ជុំវិញ​រឿង​នេះ​ព្រះសង្ឃ​គង់នៅ​វត្ត​មួយ​នៅ​ខេត្ត​ឈុនបុរី (Chonburi)​ ដែល​ចូលរួម​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺ​ព្រះគ្រូ វត ភិសិដ្ឋ មាន​ព្រះថេរដីកា​ថា ពលរដ្ឋ​ខ្មែរ​មិន​មាន​ឱកាស​មក​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ក្តី​ ក៏ តែ​ពួកគាត់​មិន​បង់​បោះ​ការ​ធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី​នេះ​ទេ ដើម្បី​សាង​បុណ្យ​កុសល រំឭក​ដឹងគុណ​ដូនតា និង​ថែរក្សា​វប្បធម៌​ប្រពៃណី។ ព្រះអង្គ​បាន​រំឭក​ប្រវត្តិ​ភ្ជុំបិណ្ឌ ព្រមទាំង​ផ្តល់​ឱកាស​ដល់​ពុទ្ធបរិស័ទ​ទាំងអស់​ត្រូវ​ចេះ​សាមគ្គី ធ្វើបុណ្យ​រក្សាសីល​ប្រាំ ដោយ​ជៀស​ពី​អំពើ​បៀតបៀន​អ្នកដទៃ​ជាដើម៕

លោក ឈឹម វិបុល៖ «មួយ​ថ្ងៃនេះ​ពួកគាត់​មក​ធ្វើបុណ្យ​មាន​ទឹកចិត្ត​រីករាយ តែបើ​តាម​អាត្មា​សង្កេត​ទៅ​អ្នកខ្លះ​ ក៏​មុខ​ស្រគត់ស្រគំ​នឹក​ ដោយ​អត់​បាន​ទៅ​ជួប​ម៉ែ​បងប្អូន កូនចៅ​ដែល​នៅ​ស្រុក​ខ្មែរ រឿង​ហ្នឹង​ធ្វើ​ឱ្យ​គាត់​មានទុក្ខ​ជាមួយ​រឿង​មួយ​ ដែល​សេដ្ឋកិច្ច​របស់​យើង​អត់​ល្អ»

ពិធី​កាន់បិណ្ឌ​មាន​រយៈពេល ១៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៣០ ខែ​កញ្ញា ដល់​ថ្ងៃទី​១៤ ខែ​តុលា ជា​ថ្ងៃបុណ្យ​ភ្ជុំ​ធំ ទៅតាម​ទំនៀមទម្លាប់​របស់​ពលរដ្ឋ​ខ្មែរ និង​កាល​កំណត់​ជា​ទៀងទាត់​ពី​បុរាណ​មក។ បុណ្យ​នេះ​ធ្វើឡើង​ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​នៃ​អ្នកមានគុណ​ទាំងឡាយ ដែល​បាន​លាចាក​លោក​នេះ ទៅកាន់​លោក​ខាងមុខ។ ម្យ៉ាងទៀត​វា​ជា​ឱកាសល្អ​សម្រាប់​ការ​ជួបជុំ​ក្រុម​គ្រួសារ​ដែល​មាន​ជីវិត​អាច​ឈ្វេងយល់​អំពី​សុខទុក្ខ ការ​គោរព​ស្រឡាញ់​គ្នា ការ​ដឹង​គុណ ព្រមទាំង​បង្កើន​នូវ​សាមគ្គីភាព​ថែម​ទៀត​ផង៕

No comments: