Sunday, 29 October 2023

រដ្ឋាភិបាល​រំពឹង​ថា អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នឹង​ជួយ​ពង្រឹង​វិស័យ​យុត្តិធម៌

 
Khmer Circle

Corruption, cronyism, patronage, social injustice and political repression formed the bedrock of the radical movement led by Pol Pot and his Maoist colleagues in the 1970s, backed by China and North Vietnam. Much of the crazed indiscriminate persecutions and killings as well as purges within the KR movement itself that had taken place during that time have been attributed to this background of societal tension and popular resentment. Yet the irony is that the remnants of this 'revolutionary' movement remain at large and in power today almost 50 years after Pol Pot had been overthrown, and this minority installed by the Vietnamese to fill the vacuum left by "the Pol Pot - Ieng Sary genocidal clique" have since made hardly any substantive departure from those pre-war traits and tensions they had once ostensibly fought to eradicate and or improve upon? 

These unaccountable elite, in fact, have done more – and quite the opposite - to fortify and consolidate those very tensions and their undercurrents and use them as a solid base for their power and its execution which serves only to exacerbate the social state of the vast majority of the population they have no legitimate mandate or elected power to rule over. 

Sitting pretty on this mounting pile of political repression, social injustice, systematic patronage and corruption of all kinds appear to be enough of a working agenda each time a ministerial cabinet meeting takes place.

^^^

ដោយ សេក បណ្ឌិត
2023.10.28

រដ្ឋាភិបាល​រំពឹង​ថា អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នឹង​ជួយ​ពង្រឹង​វិស័យ​យុត្តិធម៌ 

កិច្ចប្រជុំគណៈរដ្ឋមន្ត្រី​ដឹកនាំដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៧ តុលា ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត



គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​លើ​សេចក្តី​ព្រាង​ព្រះរាជក្រឹត្យ ស្ដីពី​ការបង្កើត​ការរៀបចំ និង​កិច្ច​ដំណើរការ​របស់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដែល​គ្រោង​បង្កើត​នេះ ដើម្បី​ពង្រឹង លើក​កម្ពស់​វិស័យ​យុត្តិធម៌ និង​ជួយ​សម្រុះសម្រួល​វិវាទ​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន។ មន្ត្រី​សង្គម​ស៊ីវិល ស្វាគមន៍​គម្រោង​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ ប៉ុន្តែ​បារម្ភ​ថា យន្តការ​នេះ​ដោះស្រាយ​បាន​តែមួយ​រយៈពេល​ខ្លី​ក៏​ស្ងាត់​ទៅវិញ។

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អះអាង​ថា មិន​ចាប់បង្ខំ​ឱ្យ​ពលរដ្ឋ​ស្វែងរក​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នោះ​ទេ គឺ​ពលរដ្ឋ​នៅតែ​មាន​សិទ្ធិ​ស្វែងរក​ការ​ដោះស្រាយ​វិវាទ​នៅក្នុង​ប្រព័ន្ធ​តុលាការ​ដដែល បើសិនជា​ពលរដ្ឋ​ចង់​ដោះស្រាយ​ជម្លោះ​តាមផ្លូវ​តុលាការ​។ ទោះ​យ៉ាងណា ក្រុម​ការងារ​នេះ មិន​ដោះស្រាយ ឬ​សម្របសម្រួល​ករណី​ព្រហ្មទណ្ឌ​ទេ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើង​ថា អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ នេះ​ដើម្បី​ដោះស្រាយ​វិវាទ តាមរយៈ​ការ​សម្រុះសម្រួល ផ្សះផ្សា​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន​ឆាប់រហ័ស​ហើយ​ដែល​មាន​ការ​ប្រថាប់ត្រា​ពី​អាជ្ញាធរ។ លោក​រំពឹង​ថា យន្តការ​នេះ​ក៏​ជា​ផ្នែក​មួយ​ជួយ​កាត់បន្ថយ​ការ​កកស្ទះ​សំណុំរឿង នៅ​តាម​សាលា​ជម្រះក្តី​នានា និង​ជា​ការ​បង្ខិត​សេវា​ដោះស្រាយ​វិវាទ ឱ្យទៅ​កៀក​ពលរដ្ឋ។



    លោក ហ៊ុន ម៉ាណែត៖ «​អ៊ីចឹង​យន្តការ​នេះ​សង្ឃឹម​ថា អាច​ជួយ​ហើយ​សំខាន់​បំផុត​គឺ​ការ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពន្យល់​ណែនាំ​មហាជន​ឱ្យ​បាន​យល់​អំពី​ច្បាប់ យល់​អំពី​ជម្រើស​អ្វី​ដែល​ការរៀបចំ​នេះ​ជូន​ហើយ​ហេតុ​អី​ត្រូវតែ​រៀបចំ​រហូតដល់​ឧបនាយករដ្ឋមន្ត្រី​ធ្វើការ​ដឹកនាំ​នេះ​គឺ​ស្ថិត​ក្នុង​អាទិភាព​មិន​ខុសពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​និង​យន្តការ​ថ្នាក់​ជាតិ​ផ្សេង​ទេ អ៊ីចឹង​ការ​ដោះស្រាយ ការ​ពង្រឹង​លើ​ប្រព័ន្ធ​យុត្តិធម៌​គឺជា​អាទិភាព​សំខាន់​សម្រាប់​យើង»។

គណៈរដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បាន​បើក​កិច្ចប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ ខែ​តុលា ដើម្បី​អនុម័ត​លើ​សេចក្តី​ព្រាង​ព្រះរាជក្រឹត្យ​ស្ដីពី​ការបង្កើត​ការរៀបចំ​និង​កិច្ច​ដំណើរការ​របស់​អាជ្ញាធរ​ជាតិ ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ និង​របៀបវារៈ​មួយ​ចំនួន​ទៀត។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ឡើង​ថ្លែង​ការពារ​សេចក្ដីព្រាង​នេះ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថា ការ​កែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​នៅតែ​ជា​វិស័យ​អាទិភាព​របស់​រដ្ឋាភិបាល​។ លោក​បន្ត​ថា នេះ​ជា​ការ​បោះជំហាន​ថ្មី​មួយ​ដ៏​មាន​សារៈសំខាន់ ស្រប់​តាម​ទិសដៅ​នៃ​ការកែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​។ លោក​បន្ត​ថា អាជ្ញាធរ​ថ្នាក់​ជាតិ​ដែល​គ្រោង​បង្កើត​នេះ គឺ​ស្របតាម​ស្មារតី​ច្បាប់ និង​ទិដ្ឋភាព​សង្គម​។ លោក​រដ្ឋមន្ត្រី​លើកឡើង​ថា ករណី​ជាក់ស្ដែង​នៅ​តាម​មូលដ្ឋាន នៅពេល​ពលរដ្ឋ​មាន​វិវាទ​អ្វីមួយ ពួកគាត់​តែងតែ​ទៅ​ពឹង ឬ​ទៅ​ប្ដឹង​មេភូមិ ឬ​មេឃុំ ឱ្យ​ជួយ​ដោះស្រាយ។

    លោក កើត រិទ្ធ៖ «សំដៅ​បង្ខិត​សេវា​នៃ​ការ​ដោះស្រាយ​វិវាទ​ដែល​មាន​លក្ខណៈ​ងាយស្រួល​និង​សំបូរ​បែប​ឱ្យទៅ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ជួយ​សម្រុះសម្រួល​ផ្សះផ្សា​ដោះស្រាយ​បញ្ចប់​វិវាទ​ឱ្យ​បាន​ឆាប់រហ័ស​ជូន​ប្រជាពលរដ្ឋ​ព្រមទាំង​រួមចំណែក​លើកកម្ពស់​សន្តិភាព​និយម​នៅក្នុង​សង្គម​កម្ពុជា»។

រាល់​ដំណោះស្រាយ​វិវាទ​ត្រូវតែ​គោរព​តាម​ឆន្ទៈ​យល់ព្រម​ដោយ​សេរី និង​ដោយ​ស្ម័គ្រចិត្ត ពី​ភាគី​វិវាទ​។ គម្រោង​នៃ​ការបង្កើត​ក្រុមការងារ​ថ្នាក់​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​ពេល​នេះ ខណៈ​ប្រព័ន្ធ​តុលាការ​កម្ពុជា​តែងតែ​ជាប់​ចំណាត់​ថ្នាក់ខ្ពស់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ និង​សព្វថ្ងៃ​សំណុំរឿង​ជាច្រើន​កំពុង​កកស្ទះ​នៅ​តាម​សាលា​ជម្រះក្ដី​នានា។

ទាក់ទង​រឿង​នេះ​ដែរ អ្នកសម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត ប្រាប់​ថា លោក​ពេញចិត្ត​នូវ​ការរៀបចំ​របស់​រដ្ឋាភិបាល​ដែល​គ្រោង​បង្កើត អាជ្ញាធរ​ថ្នាក់​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ប៉ុន្តែ​លោក​ព្រួយ​បារម្ភ​ថា យន្តការ​នេះ​បង្កើត​ឡើង​រួចហើយ​អនុវត្ត​បានតែ​មួយ​រយៈ​ពេល​ខ្លី​ក៏​ស្ងាត់​ទៅវិញ។ កង្វល់​របស់​មន្ត្រី​សង្គម​ស៊ីវិល​បែបនេះ ព្រោះ​លោក​សង្កេត​ឃើញ​ថា កន្លងទៅ​រដ្ឋាភិបាល​បាន​បង្កើត​ក្រុមការងារ​ថ្នាក់​ជាតិ ដោះស្រាយ​ជម្លោះដីធ្លី និង​ក្រុម​មេធាវី​របស់​លោក ហ៊ុន សែន ជាដើម ដើម្បី​ដោះស្រាយ​បញ្ហា​ដីធ្លី​និង​ជួយ​ពលរដ្ឋ​ក្រីក្រ ប៉ុន្តែ ក្រុមការងារ​នេះ​ដោះស្រាយ​បាន​តែមួយ​រយៈពេល​ខ្លី​ក៏​ស្ងាត់​បាត់​សកម្មភាព​។ លោក វណ្ណ សុផាត ជំរុញ រដ្ឋាភិបាល គួរ​ធ្វើ​បែប​ណា ពេល​បង្កើត​ក្រុមការងារ​ថ្នាក់​ជាតិ​នេះ​រួចហើយ ត្រូវ​អនុវត្ត​ការងារ​ឱ្យ​មាន​ប្រសិទ្ធភាព និង​មានការ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ឬ​អ្នក​ពាក់ព័ន្ធ​ទើប​ការអនុវត្ត​ការងារ​មាន​ប្រសិទ្ធភាព។

    លោក វណ្ណ សុផាត៖ «ស្វាគមន៍ ប៉ុន្តែ​ខ្ញុំ​បារម្ភ​ថា ក្រែងលោ យន្តការ​គ្រាន់តែ​បង្កើត​បាន​មួយ​រយៈ ហើយ​វា​អាច​សាបរលាប​ទៅវិញ​អសកម្ម​ទៅវិញ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា ការ​ប្ដេជ្ញាចិត្ត​របស់​ឯកឧត្តម កើត រិទ្ធ ហើយ​និង​ប្រមុខ​រាជរដ្ឋាភិបាល​ថ្មី នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ប្រជាពលរដ្ឋ ព្រោះ​មាន​ប្រជាពលរដ្ឋ​គាត់​ទាក់ទង​មក​ខ្ញុំ​ដែរ​ថា ឥឡូវ​ហ្នឹង​មាន​ក្រុមការងារ​សម្រាប់​រក​យុត្តិធម៌»។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ឱ្យ​ដឹង​ថា អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ នឹង​ត្រូវ​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ នូវ​វិវាទ​រដ្ឋប្បវេណី វិវាទ​ពាណិជ្ជកម្ម និង​វិវាទ​ដទៃទៀត តាមរយៈ​ការសម្រុះសម្រួល ផ្សះផ្សា​ដោយ​ផ្អែក​តាម​កិច្ចព្រមព្រៀង​របស់​ភាគី​វិវាទ លើកលែងតែ​វិវាទ​ដែល​មិន​អាច​ជា​កម្មវត្ថុ នៃ​ការសម្រុះសម្រួល​ផ្សះផ្សា​តាម​កំណត់​របស់​ច្បាប់​។ អាជ្ញាធរ​នេះ​ប្រើ​ពាក្យ​កាត់​ថា អ​.​ដ​.​ក​. ដែល​មាន​សមាសភាព ឧបនាយករដ្ឋមន្ត្រី ១​រូប ជា​ប្រធាន អនុប្រធាន ៤​រូប ជា​ទេសរដ្ឋមន្ត្រី ១​រូប រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ១​រូប និង​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ១​រូប និង​មាន​សមាជិក​មកពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។ កន្លងទៅ​រដ្ឋាភិបាល លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​បង្កើត​អាជ្ញាធរ ឬ​ក្រុមការងារ​ថ្នាក់​ជាតិ​មួយចំនួន​ដែរ ដើម្បី​ដោះស្រាយ​បញ្ហា​ពលរដ្ឋ ប៉ុន្តែ​អ្នកឃ្លាំមើល​រិះគន់​ថា ក្រុមការងារ​ថ្នាក់​ជាតិ​របស់​រដ្ឋាភិបាល ហាក់​សកម្ម​នឹង​ការងារ ឬ​ធ្វើ​ការងារ​មាន​ប្រសិទ្ធភាព​តែ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ប៉ុណ្ណោះ។ ចំណែក រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ជា​កូន​របស់​លោក ហ៊ុន សែន នេះ បាន​ដឹកនាំ​ប្រទេស​ជាង ២​ខែ​មកនេះ តែ​រដ្ឋាភិបាល​ថ្មី​នេះ​ក៏​មិន​ទាន់​បង្ហាញ​ចំណុច​លេចធ្លោ​នៃ​សមិទ្ធផល​ការងារ​របស់​ខ្លួន​គួរ​ឱ្យ​កត់សម្គាល់​នៅ​ឡើយ​ដែរ៕

No comments: