Saturday, 7 October 2023

យុវជន​ចលនា​មាតា​ធម្មជាតិ​រុំ​ខ្លួន​នឹង​ច្រវាក់​ទាមទារ​ឲ្យ​ក្រសួង​យុត្តិធម៌​អនុញ្ញាត​ឲ្យ​ពួកគេ​ទៅ​ទទួល​ពានរង្វាន់​នៅ​ក្រៅ​ប្រទេស


ដោយ ទីន ហ្សាការីយ៉ា
2023.10.06

យុវជន​ចលនា​មាតា​ធម្មជាតិ​រុំ​ខ្លួន​នឹង​ច្រវាក់​ទាមទារ​ឲ្យ​ក្រសួង​យុត្តិធម៌​អនុញ្ញាត​ឲ្យ​ពួកគេ​ទៅ​ទទួល​ពានរង្វាន់​នៅ​ក្រៅ​ប្រទេស 

ទិដ្ឋភាពសកម្មជន​ចលនាមាតាធម្មជាតិ និងយុវជន​នាំយកញត្តិ​សុំអន្តរាគមន៍​ពី​ក្រសួង​យុត្តិធម៌ ទាំងភ្លៀង នៅថ្ងៃទី៦ តុលា ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ រុំ​ខ្លួន​នឹង​ច្រវាក់ ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដើម្បី​អនុញ្ញាត​ឲ្យ​ពួកគេ​បាន​ចេញ​ទទួល​ពានរង្វាន់​កម្រិត​អន្តរជាតិ​នៅ​ប្រទេស​ស៊ុយអែត​(Sweden)​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា ក្រសួងយុត្តិធម៌ និង​តុលាការ​គួរតែ​អនុញ្ញាត​ឲ្យ​ក្រុម​យុវជន បាន​ទៅ​ទទួល​ពានរង្វាន់​ដោយ​ផ្ទាល់ ដើម្បី​បង្ហាញ​ទៅ​ពិភពលោក​ថា កម្ពុជា​មាន​ធនធាន​យុវជន ដែល​មាន​ឆន្ទៈ​ការពារ​បរិស្ថាន។

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ប្រមាណ​១០​នាក់ នៅ​រសៀល​ថ្ងៃទី៦ តុលា បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ផ្សារ​រាត្រី​ជាប់មាត់​ទន្លេ ដើម្បី​ដង្ហែ​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួងយុត្តិធម៌ ក្នុង​គោលបំណង​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជំរុញ​ឲ្យ​តុលាការ​អនុញ្ញាត​ឲ្យ​ពួកគេ​បាន​ទៅ​ទទួល​ពានរង្វាន់​កម្រិត​អន្តរជាតិ​រ៉ៃត៍ ឡាយលីហូដ (Right Livelihood) នៅ​ប្រទេស​ស៊ុយអែត (Sweden)។

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​នៅ​ថ្ងៃ​នេះ បាន​រុំ​ដៃ និង​ជើង​ដោយ​ច្រវាក់ ដង្ហែ​គ្នា​ជា​ជួរ​ក្រោម​ដំណក់​ទឹកភ្លៀង បង្ហាញ​ពី​សិទ្ធិ​សេរីភាព​របស់​យុវជន​នៅ​ប្រទេស​កម្ពុជា គឺ​កំពុង​ស្ថិតនៅ​ក្នុង​ការ​រឹតត្បិត​កម្រិត​ធ្ងន់ធ្ងរ​មួយ។



ការ​ដង្ហែ​ញត្តិ​ទៅ​ក្រសួង​យុត្តិធម៌​នេះ ក៏​ត្រូវ​បាន​ឃ្លាំមើល​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រួមមាន អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) មជ្ឈមណ្ឌល​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) និង​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវ័ន្ត​ខ្មែរ​ជាដើម។

ពួកគេ​ទទួល​បាន​ការចាប់អារម្មណ៍​ពី​ពលរដ្ឋ​តាម​ដងផ្លូវ ហើយ​ពលរដ្ឋ​បាន​សួរនាំ​ថា តើ​យុវជន​ទាំងនោះ​កំពុង​ធ្វើ​អ្វី?។ រំពេច​នោះ​ស្រាប់តែ​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល​ថា ពួក​ហ្នឹង​ជា​ក្រុម​បម្រើ​ផលប្រយោជន៍​បរទេស និង​នាំ​រឿង​អាក្រក់ៗ​របស់​កម្ពុជា​ទៅ​ឆាក​អន្តរជាតិ​។ ក្រុម​យុវជន​បាន​លើកឡើង​ថា ពួកគេ​មិនមែន​ស៊ីឈ្នួល​បម្រើ​ប្រយោជន៍​បរទេស​នោះ​ទេ ពោល​គឺ​ពួកគេ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​អន្តរជាតិ ជា​អ្នក​ការពារ​សិទ្ធិមនុស្ស និង​ធនធាន​ធម្មជាតិ ហើយ​មានតែ​កម្ពុជា​ទេ ដែល​ចាត់ទុក​យុវជន​ទាំងនោះ​ជា អ្នកបម្រើ​ផលប្រយោជន៍​បរទេស។

យុវជន​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា ថ្លែង​ថា ការ​ដែល​ក្រុម​យុវជន នៅតែ​បន្ត​ទាមទារ​ឲ្យ​ក្រសួង​យុត្តិធម៌ ជំរុញ​ដល់​តុលាការ​អនុញ្ញាត​ឲ្យ​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​បាន​ទៅ​ទទួល​ពានរង្វាន់​ដោយ​ផ្ទាល់​នៅ​ប្រទេស​ស៊ុយអែត គឺជា​រឿង​ចាំបាច់​មួយ សម្រាប់​នាំ​កេរ្តិ៍ឈ្មោះ​កម្ពុជា​ទៅលើ​ឆាក​អន្តរជាតិ និង​បង្ហាញថា កម្ពុជា មាន​ធនធាន​យុវជន​ក្លាហាន​ចេញ​មុខ​ការពារ​សិទ្ធិមនុស្ស និង​ធនធាន​ធម្មជាតិ។ «»

វិទ្យុ​អាស៊ីសេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃទី៦ តុលា។

ទោះជា​យ៉ាងណា នាយក​ផ្នែក​តស៊ូ​មតិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​លោក សួន យុធ្យា មាន​ប្រសាសន៍ថា ការអនុញ្ញាត​ឲ្យ​ក្រុម​យុវជន​បាន​ទៅ​ទទួល​ពានរង្វាន់​កម្រិត​ពិភពលោក​នេះ គឺ​នឹង​នាំ​កេរ្តិ៍ឈ្មោះ​កម្ពុជា កាន់តែ​ល្បីល្បាញ​នៅ​លើ​ឆាក​អន្តរជាតិ។ លោក​ស្នើ​ដល់​ក្រសួង​យុត្តិធម៌ និង​ស្ថាប័ន​តុលាការ គួរតែ​អនុញ្ញាត​ឲ្យ​ពួកគេ​បាន​ទៅ​ទទួល​ពានរង្វាន់​ដោយ​ផ្ទាល់។ «»

យុវជន​មាតា​ធម្មជាតិ​ទាំងនោះ​បាន​នាំគ្នា​ដាក់​ញត្តិ​នៅ​តុលាការក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​២៩ កញ្ញា ដើម្បី​សុំ​ការអនុញ្ញាត​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ទទួល​ពានរង្វាន់​អ្នកការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន​កម្រិត​អន្តរជាតិ រ៉ៃត៍ ឡាយលីហូដ (Right Livelihood) នៅ​ក្រៅ​ប្រទេស​។ ប៉ុន្តែ​នៅ​ថ្ងៃទី​២ ខែតុលា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ច្រឹង ខ្មៅ បាន​ច្រានចោល​សំណើ​របស់​យុវជន​ចលនា​មាតា​ធម្មជាតិ ដោយ​ចាត់ទុកថា គ្មាន​ភាព​ចាំបាច់ និង​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​បាន​ទៅ​ទទួល​ពានរង្វាន់​នោះ​ដោយ​ផ្ទាល់​នោះ​ទេ។

ទោះជា​យ៉ាងនេះ​ក្ដី យុវជន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល នៅតែ​ទទូច​ដល់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ជំរុញ​ដល់​តុលាការ​ដើម្បី​ឲ្យ​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ បាន​ទៅ​ទទួល​ពានរង្វាន់​អ្នកការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន​កម្រិត​ពិភពលោក​ដោយ​ផ្ទាល់​នៅ​ប្រទេស​ស៊ុយអែត​(Sweden)៕

1 comment:

Anonymous said...

That is the right thing to do, waging a protest against this autocratic regime. This devil Hun Family will not succeed at emulating the north Korea pig Kim Junk Un's family.