2023.10.11

គណបក្សភ្លើងទៀន និងគណបក្សនយោបាយក្រៅរដ្ឋាភិបាល ៣ទៀតបានប្រកាសចងសម្ពន្ធភាពជាមួយគ្នាជាផ្លូវការនៅថ្ងៃទី១១ ខែតុលានេះ ដើម្បីបង្រួបបង្រួមកម្លាំងអ្នកប្រជាធិបតេយ្យឡើងវិញ។ ទន្ទឹមគ្នានេះដែរក៏មានគណបក្សនយោបាយជាង១០ ក៏បានប្រកាសចងសម្ពន្ធភាពជាមួយគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ដែរ។
គណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងចុងក្រោយនៅកម្ពុជា បានប្រកាសជាផ្លូវការចងសម្ពន្ធភាពជាមួយគណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា។ គណបក្សទាំងបួននេះ លើកឡើងថា មានតែការបង្រួបបង្រួមកម្លាំងនយោបាយប្រជាធិបតេយ្យទេ ទើបអាចជាចលករក្នុងការចូលរួមពង្រឹង និងលើកស្ទួយនូវការគោរពសិទ្ធិមនុស្ស សេរីភាព និងរបបប្រជាធិបតេយ្យ សេរីពហុបក្ស។ សេចក្ដីថ្លែងការណ៍របស់គណបក្សសម្ព័ន្ធមិត្តទាំង៤ ចុះថ្ងៃទី១១ ខែតុលា បន្តទៀតថា ការព្រមព្រៀងគ្នាបង្កើត សម្ពន្ធភាពឆ្ពោះទៅអនាគតនេះ គឺស្របតាមមាត្រា ៣៧ នៃច្បាប់ស្ដីពីគណបក្សនយោបាយ។ គណបក្សទាំងនេះរំពឹងដែរថា ពួកគេនឹងក្លាយជាជម្រើសរបស់ពលរដ្ឋក្នុងការចូលរួមកសាងសង្គមប្រជាធិបតេយ្យ យុត្តិធម៌សង្គម ការអភិវឌ្ឍជាដើម។
ប្រធានស្ដីទីគណបក្សភ្លើងទៀន លោកសុក ហាច ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែតុលា ថា តាមបទពិសោធន៍នៃការរួបរួមគ្នារបស់គណបក្សក្រៅរដ្ឋាភិបាលកន្លងមកពោលគឺ ការបញ្ចូលគ្នានៃគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី ដែលបង្កើតបានជាគណបក្សសង្គ្រោះជាតិ គឺធ្វើឱ្យគណបក្សសង្គ្រោះជាតិទទួលបានគាំទ្រពីពលរដ្ឋហួសការរំពឹងទុកពីពលរដ្ឋម្ចាស់ឆ្នោត។ លោករំពឹងថា សម្ពន្ធភាពរបស់គណបក្សនយោបាយទាំង៤នៅពេលនេះ នឹងទទួលបានការគាំទ្រទ្វេដងពីពលរដ្ឋដូចគ្នា។ ទន្ទឹមគ្នានេះដែរ លោកបន្តថា សម្ពន្ធភាពនេះ គឺប្រឈមនឹងឧបសគ្គដែរ ប៉ុន្តែ គណបក្សដៃគូត្រៀមខ្លួនដោះស្រាយបញ្ហាទាំងនោះដោយភាពឈ្លាសវៃ។
លោក សុក ហាច៖ «ឧបសគ្គអាចមានប៉ុន្តែយើងបានគិតដំណោះស្រាយនៃឧបសគ្គហ្នឹងយើងត្រូវដោះរបៀបម៉េចហើយការដោះរបៀបម៉េចហ្នឹងយើងធ្វើក្នុងលក្ខណៈប្រជាធិបតេយ្យជាមួយគ្នាហ្នឹងយើងមានគ្នាបួននាក់ធ្វើម៉េចស្រុះស្រួលគ្នាឱ្យបានបីនាក់ទៅ ម្នាក់ទៀតយើងទាញមកម្ដងមិនឯកភាព ក៏ក្រៀកយកតែម្ដង ដើម្បីឱ្យយើងចូលគ្នាសភាពការណ៍ជាក់ស្ដែងគឺទៅអ៊ីចឹងហើយ»។
បើទោះជាគណបក្សទាំង៤ ចងសម្ពន្ធភាពជាមួយគ្នាក្ដី ប៉ុន្តែ គណបក្សទាំងនេះ មិនសម្រេចរួមរស់ជាមួយគ្នាក្រោមដំបូលរបស់គណបក្សណាមួយ ឬក៏ពួកគេរួមគ្នាទៅបង្កើតគណបក្សថ្មីនៅឡើយដែរ។
ទាក់ទងរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា សម្ពន្ធភាពរបស់គណបក្សទាំង ៤នេះ ហាក់គ្មានអ្វីគួរឱ្យចម្លែកទេ។ លោកបន្តទៀតថា បើទោះជាគណបក្សទាំងនេះ ប្រកាសចងសម្ព័ន្ធនឹងគ្នាក្ដី ប៉ុន្តែពួកគេ នៅតែរស់នៅផ្សេងគ្នាបែបនេះ គឺជាការបង្ហាញថា សម្ពន្ធភាពមានតែសំបកក្រៅប៉ុណ្ណោះ។
លោក សុខ ឥសាន៖ «បើសិនណាបួនហ្នឹងរំលាយចោលទាំងបួនហ្នឹងហើយបង្កើតមួយយកឆ្អឹងគណបក្សទាំងបួនយកមកធ្វើជាគណបក្សមួយបានប្លែកពីព្រោះគណបក្សបួនបញ្ចូលគ្នាហើយធ្វើតែមួយទេក៏ប៉ុន្តែឥឡូវនៅតែបួនដដែលអត់មានអីប្លែក»។
នៅពេលគណបក្សទាំង៤នេះ ប្រកាសចងសម្ព័ន្ធភាពជាមួយគ្នានៅខាងគណបក្សប្រជាជនកម្ពុជាឯណោះមានគណបក្សនយោបាយចំនួន១៣ ដែលមិនសូវឃើញធ្វើសកម្មភាពនយោបាយ បានរួមគ្នាជាកញ្ចប់ប្រកាសសុំចងសម្ពន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។ ក្រៅពីនេះក៏មានគណបក្សមួយចំនួនទៀត ក៏សុំចងសម្ពន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ក្នុងថ្ងៃទី១១ ខែតុលានេះដែរ។
លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានចេញសារស្វាគមន៍ការចូលរួមរបស់គណបក្សទាំងនោះជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។
លោក ហ៊ុន សែន ថ្លែងថា គណបក្សរបស់លោកមិនព្យាយាមត្រួតត្រាលើគណបក្សសម្ពន្ធមិត្តទាំងនោះ តែបានចាត់ទុកគណបក្សទាំងនោះជាដៃគូស្មើភាពគ្នា។ ប្រធានគណបក្សកាន់អំណាចរូបនេះ អះអាងថា គណបក្សរបស់លោកក៏មានតម្រូវការក្នុងការចងសម្ពន្ធភាពជាមួយគណបក្សទាំងនោះដែរ។
លោក ហ៊ុន សែន៖ «ក៏នឹងឈានទៅដល់ការចុះហត្ថលេខាលើពិធីសារ ឬកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបណ្ដាគណបក្សនយោបាយ។ យើងពិតជាមានតម្រូវការក្នុងការរួបរួមរវាងគណបក្សនយោបាយនៅកម្ពុជា ដើម្បីសម្រេចគោលដៅការរក្សាសន្តិភាព ដើម្បីធានាការអភិវឌ្ឍរយៈពេលវែង»។
ជុំវិញរឿងនេះអ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត យល់ឃើញថា សម្ពន្ធភាពរបស់គណបក្សភ្លើងទៀន ជាមួយគណបក្សនយោបាយ ៣ផ្សេងទៀត គឺជាការវិលរួបរួមគ្នាឡើងវិញនៃអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ និងជាការបូកជាមួយគណបក្សនយោបាយដែលបង្កើតដោយអ្នកធ្វើការងារសង្គម និងមន្ត្រីអង្គការសង្គមស៊ីវិល គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ លោកប្រដូចសម្ពន្ធភាពនេះ គឺសំបកបីខ្ចប់ស្នូលមួយ គឺគណបក្សសម្ព័ន្ធមិត្តទាំង៣របស់គណបក្សភ្លើងទៀន អាចជួយឱ្យគណបក្សភ្លើងទៀន អាចចូលរួមការបោះឆ្នោតនានាពេលខាងមុខ។ ចំពោះការចងសម្ពន្ធភាពរបស់គណបក្សជាង១០ ដែលសុំចងសម្ពន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា វិញ អ្នកឃ្លាំមើលស្ថានការណ៍នយោបាយវ័យក្មេងរូបនេះ យល់ថា សម្ពន្ធភាពនេះ ហាក់ត្រឹមជាការចុះចូលជាមួយគណបក្សកាន់អំណាចដើម្បីអាចឱ្យគណបក្សទាំងនោះទទួលបានលាភសក្ការៈប៉ុណ្ណោះ។
លោក វ៉ន ចាន់ឡូត៖ «តាមពិតទៅមិនមែនជាសម្ពន្ធភាពទេ យើងនិយាយមួយបែបជាការសុំចុះចូលរស់នៅក្រោមបារមីរបស់គណបក្សប្រជាជនទៅវិញទេ គណបក្សប្រជាជនចង់បង្ហាញថា មិនមែនមានតែគណបក្សក្រៅរដ្ឋាភិបាលបីបួនហ្នឹងទេ ខ្លួនក៏មានសម្ពន្ធភាពជាមួយគណបក្សដប់ម្ភៃផ្សេងទៀតដែរ»។
គណបក្សភ្លើងទៀនកាលពីថ្ងៃទី២៥ ខែកញ្ញា ប្រកាសចងសម្ពន្ធភាពជាមួយគណបក្សដែលមានទស្សន: និងជំហរនយោបាយដូចគ្នា។ ជំហររបស់គណបក្សភ្លើងទៀនបែបនេះ ក្រោយពេលគណបក្សនេះ ត្រូវបាន គ.ជ.ប ហាមឃាត់មិនឱ្យចូលរួមការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅ និងប្រឈមការអនុញ្ញាតឱ្យចូលរួមការបោះឆ្នោតអសកលឆ្នាំ២០២៤ និងការបោះឆ្នោតនានានៅពេលខាងមុខផ្សេងៗទៀត៕
1 comment:
Best wishes and good luck for your union.
Post a Comment