ដោយ ជីវិតា
2023.10.30
កម្មកររោងចក្រមួយកន្លែងនៅភ្នំពេញ ចេញបាយសម្រាកថ្ងៃត្រង់។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
មន្ត្រីសហជីពព្រួយបារម្ភថា ការបាត់បង់ការងារ និងការព្យួរការងារកម្មករដែលមានរយៈពេលវែងអាចធ្វើឱ្យពួកគាត់ប្រឈមនឹងវិបត្តិផ្លូវចិត្តដោយសារគ្មានប្រាក់សងបំណុលធនាគារ។ ក្ដីបារម្ភនេះកើតឡើងគឺបន្ទាប់ពីសហជីពឯករាជ្យរកឃើញថា កម្មករ៩០ភាគរយ មកពីរោងចក្រចំនួន២០កន្លែង គ្មានលទ្ធភាពសងបំណុលធនាគារដោយសារការប្រាក់កើនឡើងខ្ពស់។
មន្ត្រីសហជីពលើកឡើងថា បញ្ហាជំពាក់បំណុលវ័ណ្ឌក និងការបាត់បង់ការងារនឹងធ្វើឱ្យកម្មករនៅតាមរោងចក្រ មួយចំនួនជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ ឈានដល់ត្រូវរឹបអូសទ្រព្យសម្បត្តិ ជាពិសេសប្រឈមនឹងការធ្វើអត្តឃាតដោយសារប្រាក់ចំណូលតិច ប៉ុន្តែត្រូវបង់ការប្រាក់ទៅធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្ពស់។
មន្ត្រីសិទ្ធិការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៩ ខែតុលា ថា អង្គការសង់ត្រាល់ធ្វើការស្ទង់មតិ កម្មករចំនួន៣០០នាក់មកពីរោងចក្រចំនួន២០ ក្នុងនោះមាន កម្មករ៩១ភាគរយ (៩១%) ជំពាក់បំណុលធនាគារ ខណៈកម្មករ៧០ភាគរយ អះអាងថា បំណុលរបស់ពួកគេកើនឡើងទ្វេដងនៃប្រាក់ជំពាក់ ។ លោកបន្តថា កម្មករប្រមាណ៤០ ភាគរយជំពាក់បំណុលធនាគាររហូតដល់ទៅ៣កន្លែង ដោយសារពួកគាត់ខ្ចីពីកន្លែងមួយយកទៅសងកន្លែងទៀត។
លោក ឃុន ថារ៉ូ៖ «វាជាក្ដីកង្វល់ខ្លាំងសម្រាប់យើងមើលឃើញថា ស្ថានភាពនេះប្រសិនបើមិនវិធានការជាក់លាក់ដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលប្រជាពលរដ្ឋ ជាក់ស្ដែងដែលកម្មករនិយោជកកំពុងជួបប្រទះទេ ខ្ញុំគិតថាវានឹងនាំឱ្យមានសម្ពាធ យើងមិនអាចស្មានទុកដឹងជាមុនទេ ថាអាចនឹងមានការធ្វើអត្តឃាតអីផ្សេងជាដើមហ្នឹង ប៉ុន្តែស្ថានភាពបែបនេះខ្ញុំគិតថា វាជារឿងមួយដែលវាអាចនឹងកើតមានឡើង ហើយនឹងអាចកើតមានជាបន្តបន្ទាប់»។
បំណុលវ័ណ្ឌកទាំងនេះបានធ្វើឱ្យកម្មករមួយចំនួនបាត់បង់ជីវភាពរស់នៅសមរម្យ ប៉ះពាល់លើបញ្ហាសុខភាព ការបង្ខំចិត្តចាកចោលស្រុកទៅក្រៅប្រទេសដោយខុសច្បាប់ ហើយកម្មករមួយចំនួនទៀតបានបង្ខំឱ្យកូនៗឈប់រៀនដើម្បីងាកមកជួយរកប្រាក់ដោះស្រាយបំណុល។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ដើម្បីឆ្លើយតបជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៩ តុលា។
អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី ប្រាប់វិទ្យុអាស៊ីសេរីថា ពលរដ្ឋគួរតែពិចារណាឱ្យបានច្បាស់លាស់មុនពេលខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ ចៀសវាងខ្ចីប្រាក់យក ទៅចំណាយលើភាពហ៊ឺហាដែលធ្វើឱ្យគ្មានលទ្ធភាពសងបំណុល។
លោក កាំង តុងងី៖ «បច្ចុប្បន្នអ្វីដែលយើងមានស្រាប់ហ្នឹងគឺជាការជួយដល់អតិថិជនហើយ យើងនៅតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលគាត់មានជួបអតិថិជនមានជួបការលំបាកហ្នឹងគឺនៅតែអាចរៀបចំផែនការរៀបចំឥណទានឡើងវិញបាន ដែលយើងធ្លាប់ធ្វើនៅក្នុងបរិបទកូវីត១៩ ប៉ុន្តែសូមឱ្យប្រជាពលរដ្ឋមានភាពស្មោះត្រង់ជាមួយគ្រឹះស្ថានហើយក៏កុំខ្លាចយកបញ្ហាហ្នឹងដាក់លើតុ ហើយចៀសវាងបំផុតទៅខ្ចីលុយឯកជនអីផ្សេងៗដែលធ្វើឱ្យបញ្ហាហ្នឹងកាន់តែរីកធំធាត់»។
ទោះជាយ៉ាងណានាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ឃើញថា ការរឹបអូសទ្រព្យសម្បត្តិ និងបង្ខំឱ្យពលរដ្ឋលក់ដីស្រែចម្ការ ផ្ទះសម្បែងដើម្បីយកមកសងបំណុលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅតែបន្តកើតឡើង។
លោក អំ សំអាត៖ «ចំពោះបញ្ហាដីធ្លីផ្ទះសម្បែងមីក្រូហិរញ្ញវត្ថុក្ដី អ្នកណាម្នាក់ក្ដីគឺមិនអាចធ្វើការរឹបអូស ឬបង្ខំឱ្យលក់ដីរបស់គាត់ដើម្បីឱ្យសងបំណុលបានទេ អ្នកដែលមានសិទ្ធិក្នុងការបង្ខំក្នុងការលក់ឡាយឡុងសងទៅម្ចាស់បំណុលគឺមានតែតុលាការទេ»។
ក្រៅពីកម្មករនៅតាមរោងចក្រប្រឈមនឹងបំណុលវ័ណ្ឌក ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មានជាជនជាតិភាគតិច កសិករ អាជីវករ និងអតិថិជនទិញផ្ទះបុរី វិញមានចំនួនច្រើនឡើងៗកំពុងតែ ជួបបញ្ហាសេដ្ឋកិច្ចគ្មានប្រាក់សងបំណុល ហើយក្លាយជាជនរងគ្រោះនៃអត្រាការប្រាក់កើនឡើងខ្ពស់ជាប្រចាំ។
ក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) បានចេញរបាយការណ៍សិក្សាស្រាវជ្រាវមួយ កាលខែកញ្ញា ឆ្នាំ២០២២ កន្លងទៅដោយរកឃើញថា ពលរដ្ឋកម្ពុជាជិត ១៧ម៉ឺននាក់ (១៦៧.០០០) បានលក់ដីសងបំណុលក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ របាយការណ៍ដដែលបានបញ្ជាក់ថា គិតជាមធ្យមរយៈពេល ១៦នាទីម្ដងមានពលរដ្ឋខ្មែរ ១គ្រួសារលក់ដីសងបំណុល។
មន្ត្រីសង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលគួរតែចុះត្រួតពិនិត្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្នាតតូច និងធនាគារកម្ចីប្រាក់មួយចំនួនដែលអនុវត្តផ្ទុយពីគោលការណ៍ច្បាប់ យកមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីជួយកាត់បន្ថយសម្ពាធរបស់ពលរដ្ឋ និងកាត់បន្ថយការចំណាកស្រុកទៅរកការងារក្រៅប្រទេសដោយខុសច្បាប់៕
No comments:
Post a Comment