Thursday, 26 October 2023

លោក ហ៊ុន ម៉ាណែត «ឆ្លើយ​ដោះសា» រឿង​យកចិត្តទុកដាក់​លើ​ពលរដ្ឋ​ខ្មែរ​នៅ​អ៊ីស្រាអែល


ដោយ យ៉ង ចាន់តារា
2023.10.26
sharethis sharing button
លោក ហ៊ុន ម៉ាណែត «ឆ្លើយ​ដោះសា» រឿង​យកចិត្តទុកដាក់​លើ​ពលរដ្ឋ​ខ្មែរ​នៅ​អ៊ីស្រាអែល  
 
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងពេលជួបកម្មកររោងចក្រ នៅខេត្ត​កំពង់ចាម កាលពីថ្ងៃទី២៥ តុលា ២០២៣។
រូប៖​ តេឡេក្រាមលោក ហ៊ុន ម៉ាណែត
 

មន្ត្រី​គណបក្សប្រឆាំង​និង​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​រិះគន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​ថា រដ្ឋាភិបាល​របស់​លោក​កំពុង​យកចិត្តទុកដាក់​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អ៊ីស្រាអែល​(Israel)​។ ពួកគេ​ថា លោក ហ៊ុន ម៉ាណែត ឆ្លើយ​ដោះសា​យករួចខ្លួន​ដើម្បី​គេច​ចេញ​ពី​ការ​ទទួលខុសត្រូវ​ប៉ុណ្ណោះ។

មន្ត្រី​បក្ស​ប្រឆាំង​និង​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​លើកឡើង​ថា រដ្ឋាភិបាល​គួរតែ​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ត្រឡប់​មក​កម្ពុជា​វិញ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​លោក ម៉េង សុធារ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៥ តុលា ថា ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អ៊ីស្រាអែល​នៅតែ​ប្រឈម​នឹង​គ្រោះថ្នាក់​ដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត គួរតែ​បញ្ជូន​ពួកគេ​ត្រឡប់​មក​កម្ពុជា​វិញ ដើម្បី​សុវត្ថិភាព។ លោក​បន្ត​ថា លោក ហ៊ុន ម៉ាណែត មិន​គួរ​លើកយក​យោបល់​រៃ​អង្គាស​ប្រាក់​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី រឿង​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អ៊ីស្រាអែល​មក​វាយប្រហារ​ជា​សាធារណៈ​បែបនេះ​ទេ។

លោក ហ៊ុន ម៉ាណែត៖ «អីចឹង​អ្វី​ដែល​យើង​ឃើញ​លទ្ធផល​គ្រាន់តែ​ជះ​ទឹក​ដាក់​តែ​ប៉ុណ្ណោះ នៅ​ពេល​ដែល​គេ​មានគំនិត​ល្អ​ជាង​ខ្លួន​អីចឹង​ខ្លាច​ខ្លួនឯង​អន់​។​អីចឹង​មេដឹកនាំ​បែបនេះ​ជា​មេដឹកនាំ​រឹតតែ​អន់ ជា​ពិសេស​យើង​ខ្មាស​គេ​នៅក្នុង​តំបន់ មេដឹកនាំ​គេ​ស្វះស្វែង​ជម្លៀស​ពលរដ្ឋ​គេ​ចេញ​យ៉ាង​សស្រាក់សស្រាំ ទោះបី​ចំណាយ​លុយ​ជាតិ​ប៉ុណ្ណា​ក៏​គេ​ហ៊ាន​ចំណាយ​ដែរ។ ចំណែក​លោក ហ៊ុន ម៉ាណែត គាត់​ហ៊ាន​ចំណាយ​ទៅលើ​ការ​កៀរគរ​មនុស្ស​ទៅ​គាំទ្រ​គាត់​នោះ​គាត់​ហ៊ាន​ចំណាយ តែ​ចំពោះ​ការ​បញ្ចេញ​លុយ​ជាតិ​សង្គ្រោះ​ពលរដ្ឋ​ខ្លួនឯង ដែល​ជាប់​នៅក្នុង​សង្គ្រាម​គាត់​អត់​ព្រម»

 

ប្រតិកម្ម​របស់​មន្ត្រី​គណបក្សប្រឆាំង​នេះ គឺ​បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត មានប្រសាសន៍​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ជាង ១​ម៉ឺន ២​ពាន់​នាក់​(១២.០៦០)​នៅ​ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​២៥ តុលា ដោយ​លោក​ឌឺដង​ទំនង​សំដៅ​ទៅ​លើ​លោក សម រង្ស៊ី ដែល​ថា​នឹង​រៃ​អង្គាស​ប្រាក់​ជួយ​ដល់​និស្សិត​ខ្មែរ​នោះ ជា​ការ​និយាយ​គ្មាន​ការពិត​។ លោក​អះអាង ថា រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​សុខទុក្ខ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អ៊ីស្រាអែល។ លោក​បញ្ជាក់​ថា ក្នុង​មួយថ្ងៃ​លោក​បញ្ជា​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​រាយការណ៍​ជូន​លោក​ចំនួន​៤​ដង អំពី​សុខទុក្ខ​របស់​និស្សិត​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​អ៊ីស្រាអែល។

លោក ហ៊ុន ម៉ាណែត៖ «អ៊ីចឹង​សូម​បញ្ជាក់​ការ​យកចិត្តទុក​ដាក់​ដល់​អាយុជីវិត​ពលរដ្ឋ​នៅ​គ្រប់​កន្លែង​រួម​ទាំង​និស្សិត​របស់​យើង នៅ​អ៊ីស្រាអែល​យើង​បាន​ធ្វើ​ជាប់​ជាប្រចាំ​នៅក្នុង​ពីរ​បី​សប្ដាហ៍​នេះ។ ហើយ​យើង​មិន​ចោល​ទេ រហូត​ទាល់តែ​ស្ថានភាព​នៅ​ទីនោះ​ត្រូវ​បាន​បញ្ចប់​នេះ ជា​ការ​យកចិត្ត​ដាក់​និង​ការធានា​ហើយ​បង​ប្អូន​ជឿ​ទុក​ចិត្ត​ចុះ​។ ខ្ញុំ​សុំ​យក​ពេល​នេះ​បញ្ជូន​សារ យើង​មិនមែន​ត្រឹមតែ​បញ្ចេញ​វីដេអូ​មួយ​ឃ្លិប​ពីរ​ហើយ​ឈប់​និយាយ​ជាមួយ​បងប្អូន​ទៅ​និយាយ​រឿង​អី​ផ្សេង​នោះ​ទេ តែ​យើង​ធ្វើ​ការ​ជាប់​ជាប្រចាំ​មួយ​ថ្ងៃ រាយការណ៍​ឱ្យ​៤​ដង​នាយករដ្ឋមន្ត្រី​តាមដាន​ផ្ទាល់»

ជុំវិញ​រឿង​នេះ ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសក៍​នៃ​អង្គការ​សង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា យល់​ឃើញ​ថា រដ្ឋាភិបាល​មាន​តួនាទី​ដោះស្រាយ​បញ្ហា​នានា​ជូន​ពលរដ្ឋ ដូច្នេះ​ប្រសិនបើ​រដ្ឋាភិបាល​ធ្វើការ​មិន​ល្អ នោះ​មហាជន​នឹង​រិះគន់​ជា​រឿង​ធម្មតា​។ លោក ចាត់ទុក​ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត ថា គ្រាន់តែ​ជា​ការ​ដោះសា​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ។

លោក ឌី ថេហូយ៉ា៖ «រដ្ឋាភិបាល​គួរតែ​លះបង់​ចោល​នូវ​ការ​គិត​មួយ​ដែល​អ្នកដទៃ​មើល​ឃើញ​ខុសពី​ខ្លួន ហើយ​ថា​គេ​ជា​ក្រុមប្រឆាំង​។ មែនៗ​ទៅ​ការ​គិត​របស់​គេ​នោះ ក៏​គេ​គិតគូរ​ពី​ជាតិ​សាសន៍​របស់​គេ​គិត​គួរ​អំពី​ប្រជាពលរដ្ឋ​របស់​គេ ហើយ​ការ​លើកឡើង​ទាំងអស់​ហ្នឹង​គួរ​យក​ទៅ​ពិចារណា​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​រួមគ្នា ជាជាង​ការដែល​រដ្ឋាភិបាល​គិត​ផ្សេង ហើយ​អ្នក​នៅ​ក្រៅ​រដ្ឋាភិបាល​គិត​ផ្សេង​។ ហើយ​អ្នក​ដែល​គិត​ផ្សេង​ពី​រដ្ឋាភិបាល​ហ្នឹង​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់ទុកជា​ក្រុម​បក្ស​ប្រឆាំង ឬ​ជន​ប្រតិកិរិយា​អី​ជាដើម ការ​គិត​បែបនេះ​គឺ​មិន​ចំរើន​សម្រាប់​ជាតិ​សាសន៍​របស់​យើង​ទេ»

បច្ចុប្បន្ន មាន​និស្សិត​ខ្មែរ​ជាង ៤៥០​នាក់ កំពុង​សិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល។ ក្នុង​ព្រឹត្តិការណ៍​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​ជីវពល​ប្រដាប់​អាវុធ​ហាម៉ាស (Hamas) និង​កងទ័ព​អ៊ីស្រាអែល​ចាប់តាំងពី​ថ្ងៃទី​៧ ខែ​តុលា រហូត​មក​ដល់​ពេលនេះ មាន​និស្សិត​ខ្មែរ​ម្នាក់ ឈ្មោះ ចាន់ ឧត្តម បាន​ស្លាប់។

រហូត​មក​ដល់​ពេល​នេះ ស្ថានការណ៍​សង្គ្រាម​នៅ​តំបន់​នោះ​មិន​ទាន់​ស្ងប់ស្ងាត់​នៅឡើយ ហើយ​មាន​សភាព​កាន់តែ​រីកធំឡើង​។ បញ្ហា​នេះ​ធ្វើ​ឱ្យ​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក​បាន​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ត្រឡប់​ទៅ​ប្រទេស​វិញ ក្នុង​នោះ​ប្រទេស​ថៃ (Thailand) ដែល​នៅ​ជិតខាង​កម្ពុជា បាន​យក​យន្តហោះ​យោធា​និង​ជួល​យន្តហោះ​ឯកជន​ជាច្រើន​គ្រឿង​ដឹក​ពលរដ្ឋ​របស់​ខ្លួន​បាន​ជិត​១​ម៉ឺន​នាក់​ហើយ​ត្រឡប់​ទៅ​ប្រទេស​វិញ។ ចំណែក​កម្ពុជា​វិញ​រហូត​មក​ទល់​ពេល​នេះ​រដ្ឋាភិបាល​មិនទាន់​បញ្ជូន​ពលរដ្ឋ​ណា​ម្នាក់​ត្រឡប់​មក​កម្ពុជា​វិញ​នៅឡើយ ខណៈ​ដែល​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ផ្ដល់​យោបល់​ថា ត្រូវ​រង់ចាំ​រហូត​ដល់​រដ្ឋាភិបាល​អ៊ីស្រាអែល​ប្រកាស​ឱ្យ​កម្ពុជា​ជម្លៀស​ពលរដ្ឋ​ចេញ នោះ​ទើប​កម្ពុជា​គួរ​ទៅ​ដឹក​ពួកគេ​ត្រឡប់​មក​ស្រុក​វិញ។

ហ្វេសប៊ុក​និស្សិត​ខ្មែរ​មួយចំនួន​បាន​បង្ហោះ​រូបភាព​ការ​ជួប​ជុំគ្នា​ជា​ធម្មតា ហាក់​បង្ហាញ​ថា ពួកគេ​នៅ​កន្លែង​មាន​សុវត្ថិភាព​។ វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​និស្សិត​ខ្មែរ​នៅ​ប្រទេស​អ៊ីស្រាអែល ដើម្បី​សាកសួរ​បន្ថែម​អំពី​ការរស់នៅ​របស់​ពួកគេ​បាន​នៅ​ថ្ងៃទី​២៥ តុលា។

មន្ត្រី​បក្ស​ប្រឆាំង​និង​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​លើកឡើង​ថា រដ្ឋាភិបាល​ធ្វើ​បែប​នេះ​ជា​រឿង​មិន​ត្រូវ​ឡើយ​ព្រោះ​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ដែល​រដ្ឋាភិបាល​គួរតែ​ជម្លៀស​ពួកគេ​ត្រឡប់​មក​ប្រទេស​វិញ​ជាបន្ទាន់៕

1 comment:

Anonymous said...

Hun Manet Seuch Sess because of his father fucker Hun Sen.