2023.11.11
អតីតអនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង នៅតែប្រកាសជំហរចូលរួមជីវភាពនយោបាយជាមួយគណបក្សកម្លាំងជាតិ បើទោះបីជាក្រសួងមហាផ្ទៃព្រមានរំលាយគណបក្សក៏ដោយ។ ការប្រកាសជំហរនេះ ធ្វើឡើងស្របពេលគណបក្សកម្លាំងជាតិ គ្រោងនឹងធ្វើសមាជលើកដំបូងរបស់ខ្លួន នៅថ្ងៃទី១២ ខែវិច្ឆិកា ស្អែកនេះ។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ព្រមានរំលាយគណបក្សនយោបាយណាដែលទទួល លោក រ៉ុង ឈុន ឱ្យចូលរួមជីវភាពនយោបាយជាមួយគណបក្សនោះ ដោយថា លោក រ៉ុង ឈុន មិនទាន់មាននីតិសម្បទាគ្រប់គ្រាន់ក្នុងការធ្វើនយោបាយឡើយ។
ការព្រមានរបស់ក្រសួងមហាផ្ទៃនេះស្របពេលលោក រ៉ុង ឈុន កាលពីថ្ងៃទី៩ វិច្ឆិកា បានលាលែងពីតួនាទីអនុប្រធានគណបក្សភ្លើងទៀន ហើយទៅចូលរួមជាមួយគណបក្សកម្លាំងជាតិ ដែលបក្សនេះ គ្រោងនឹងធ្វើសមាជលើកដំបូងរបស់ខ្លួន នៅថ្ងៃទី១២ ខែវិច្ឆិកា នៅខេត្តកំពង់ធំ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ប្រាប់វិទ្យុអាស៊ីសេរី នាថ្ងៃទី១១ ខែវិច្ឆិកា ថា លោក រ៉ុង ឈុន ចង់ចូលរួមជីវភាពនយោបាយជាមួយគណបក្ស ណាមួយជាសិទ្ធិបុគ្គល ប៉ុន្តែតាមច្បាប់នោះ លោក រ៉ុង ឈុន មិនទាន់មាននីតិសម្បទាគ្រប់គ្រាន់ ក្នុងការធ្វើនយោបាយឡើយ ជាពិសេសឈ្មោះឈរជាបេក្ខជន ឱ្យគេបោះឆ្នោតតំណាងរាស្ត្រ និងព្រឹទ្ធសភា។
លោកបញ្ជាក់ថា បើសិនជាគណបក្សនយោបាយណាមួយហ៊ានទទួលលោក រ៉ុង ឈុន ឱ្យចូលរួមជីវភាពនយោបាយ ទាំងដែលលោកមិនទាន់មាននីតិសម្បទា គ្រប់គ្រាន់ គណបក្សនោះប្រឈមនឹងការរំលាយចោល។
លោក ខៀវ សុភ័គ៖ «គាត់បើសិនជាខ្ញុំគិតមើលតាមច្បាប់ បើគាត់ទៅធ្វើជាគណៈនាយក គណបក្សមួយណាក៏ដោយ ឬដឹកនាំគណបក្សណាក៏ដោយ គណបក្សនោះ អាចនឹងត្រូវគេប្ដឹងរំលាយចោល តាមគំនិតខ្ញុំ បើមិនជឿខ្ញុំធ្វើចុះ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបពីប្រធានស្ថាបនិកគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ទី បាននៅឡើយទេ នាថ្ងៃទី១១ ខែវិច្ឆិកា ដោយទូរស័ព្ទចូល គ្មានអ្នកទទួល។
ជុំវិញរឿងនេះ អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា រដ្ឋាភិបាលកំពុងរកវិធីក្នុងការទប់ស្កាត់លោកមិនឱ្យធ្វើនយោបាយ ជាមួយគណបក្សកម្លាំងជាតិ ទើបព្រមានដូច្នេះ ពីព្រោះកន្លងមក លោកចូលរួមជាមួយគណបក្សភ្លើងទៀន ក្រសួងមហាផ្ទៃ មិនបានហាមឃាត់ឡើយ។ មួយវិញទៀត លោកថា សាលក្រមរបស់តុលាការក៏មិនបានដាក់បម្រាមហាមឃាត់លោកមិនឱ្យធ្វើនយោបាយនោះទេ ដូច្នេះលោកនៅតែប្រកាន់ជំហរបន្តចូលរួមធ្វើនយោបាយជាមួយគណបក្សកម្លាំងជាតិដដែល។
លោក រ៉ុង ឈុន៖ «ចេញពីគណបក្សភ្លើងទៀន ហើយមកចូលរួមជាមួយគណបក្សកម្លាំងជាតិ បែរជាអះអាងថា គណបក្សណាទទួល រ៉ុង ឈុន នឹងត្រូវបានរំលាយ ចម្លែកដែរ មានការភ្ញាក់ផ្អើល ហាក់បីដូចជាខ្លាចវត្តមានខ្ញុំម្ល៉េះ ពីព្រោះខ្ញុំមានក្បាលមួយ អត់មានធនធានអ្វីផង ហេតុអីមានការព្រួយបារម្ភខ្លាំងម្ល៉េះ ជុំវិញវត្តមានខ្ញុំចូលរួមជាមួយគណបក្សនយោបាយ»។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថានិចហ្វិច (Nicfec) លោក សំ គន្ធាមី លើកឡើងថា លោក រ៉ុង ឈុន គួរសួរបញ្ជាក់ទៅខាងតុលាការចំពោះរឿងនេះ ដើម្បីកុំឱ្យប៉ះពាល់គណបក្សនយោបាយ ដែលលោកចូលរួម។
លោក សំ គន្ធាមី៖ «លោក រ៉ុង ឈុន គាត់គួរបញ្ជាក់ជាមួយខាងតុលាការ កុំមានការបកស្រាយខុសគ្នា បើគាត់ថា បម្រាបតុលាការមានប៉ុន្មានចំណុចហ្នឹង ហើយប៉ុន្មានចំណុចហ្នឹង អត់មានពាក់ព័ន្ធនឹងវិស័យនយោបាយទេ ដើម្បីឱ្យច្បាស់ លាស់តែម្ដងទៅ»។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា នៅថ្ងៃទី៩ ឧសភា ឆ្នាំ២០២៣ បានចេញលិខិតជូនដំណឹងមួយដោយ មិនអនុញ្ញាតឱ្យអនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រក្រោមហេតុផលថា លោក រ៉ុង ឈុន ធ្លាប់ត្រូវបានតុលាការផ្ដន្ទាទោសពីបទមជ្ឈិម ហើយមិនទាន់មាននីតិសម្បទាឡើងវិញ។
គ.ជ.ប តម្រូវឱ្យប្ដូរបេក្ខភាពថ្មីជំនួសលោក រ៉ុង ឈុន និងទាមទារឯកសារ ដើមបញ្ជាក់ពីក្រសួងមហាផ្ទៃ ព្រមទាំងតម្រូវឱ្យមានបង្កាន់ដៃបង់ប្រាក់ចំនួន ១៥លានរៀល ចេញពីអគ្គនាយកដ្ឋានរតនាគារជាតិជាដើម។
លោក រ៉ុង ឈុន ធ្លាប់ធ្វើជាសមាជិកគ.ជ.ប និងជាប្រធានសហព័ន្ធសហជីពកម្ពុជា ហើយបានចេញមុខការពារបូរណភាពទឹកដីប្រទេសកម្ពុជា។ លោក រ៉ុង ឈុន ត្រូវបានតុលាការដែលស្ថិតនៅក្រោមបង្គាប់បញ្ជារបស់លោក ហ៊ុន សែន បានចាប់ដាក់ពន្ធនាគារចំនួនពីរដងពាក់ព័ន្ធរឿងព្រំដែនកម្ពុជាវៀតណាម។ កាលពីខែកក្កដា ឆ្នាំ២០២០ តុលាការបានផ្ដន្ទាទោស លោក រ៉ុង ឈុន រយៈពេល ២ឆ្នាំម្ដងទៀត។ ប៉ុន្តែ លោក រ៉ុង ឈុន បានជាប់នៅក្នុងពន្ធនាគាររយៈពេល ១៥ខែ តុលាការក៏ដោះលែងវិញ ហើយទោសនៅសល់ត្រូវព្យួរ៕
No comments:
Post a Comment