ដោយ សេក បណ្ឌិត
2023.11.19
ស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក ប្រទេសថៃ។
រូប៖ ហ្វេសប៊ុកស្ថានទូតខ្មែរនៅថៃ
ពលករធ្វើការនៅប្រទេសថៃ ចោទប្រកាន់ថា ក្រុមមេខ្យល់ជាអ្នកគាំទ្រគណបក្សកាន់អំណាចបានបោកប្រាស់ពួកគេ តាមបណ្ដាញសង្គមហ្វេសប៊ុកថា ជួយរកការងារឱ្យធ្វើនៅទេសថៃ តែពេលមកដល់ថៃគ្មានការងារធ្វើដូចការសន្យាឡើយ។ អ្នកការពារសិទ្ធិពលករ ជំរុញទៅមន្ត្រីស្ថានទូតគួរចាត់វិធានការលើជនខិលខូចទាំងនេះ បើមិនដូច្នេះទេ ពលករជាច្រើននាក់ទៀតរងគ្រោះព្រោះបញ្ហានេះ។
ពលករខ្មែរដែលចេញទៅរកការងារធ្វើនៅប្រទេសថៃ កំពុងចាញ់បោកក្រុមមេខ្យល់ដែលអះអាងថា ខ្លួនជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។ ក្រុមមេខ្យល់ទាំងនោះ យកឥទ្ធិពលគណបក្សនេះ ព្រមានមិនឱ្យប្ដឹងទៅសមត្ថកិច្ចថៃ ឬមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃឡើយ បើមិនដូច្នេះទេ ក្រុមពលករប្រឈមនឹងគ្មានការងារធ្វើនិងមិនអាចបានប្រាក់ដែលពួកគេដកហូតពីពលករមកវិញឡើយ។
ពលករចាញ់បោកមេខ្យល់ម្នាក់ លោក ស៊ីន សាវីន ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី១៨ ខែវិច្ឆិកាថា លោកមកធ្វើការងារនៅប្រទេសថៃ ដោយឃើញមានការបង្ហោះព័ត៌មានជ្រើសរើសពលករមកធ្វើការងារនៅប្រទេសថៃតាមទំព័រហ្វេសប៊ុក។ លោកបន្តថា ពេលមកដល់ប្រទេសថៃដំបូងមានការងារធ្វើរយៈពេលពីរខែ តែក្រោយមក និងបានបង់ប្រាក់ទៅក្រុមមេខ្យល់ចំនួន៥.០០០បាត(ប្រាំពាន់បាត)ឬជិត២០០ដុល្លារ។ លោកបន្តថា លោកធ្វើការបានតែពីរខែ រោងចក្រលែងមានការងារឱ្យលោកធ្វើ ដោយលោកត្រូវស្នាក់នៅក្នុងបន្ទប់ជួលជាច្រើនខែដើម្បីរង់ចាំធ្វើការងារថ្មី។
លោក ស៊ីនសាវីន៖ «គេផ្សាយថា ការងាររើសបន្ទាន់ៗ ដល់ពេលយើងទាក់ទងទៅយកលុយដំបូង៣ពាន់(បីពាន់បាត)ថ្លៃគេនាំចូលរោងចក្រ អ៊ីចឹងដល់ពេលធ្វើបាន ២ខែទៅអស់ការងារ អ៊ីចឹងទៅខាងរោងចក្រគេដកយើងចេញ»។
លោក ស៊ីន សាវីន បន្តថា រូបនិងពលករផ្សេងទៀតថា បានទាមទារឱ្យក្រុមមេខ្យល់ដោះស្រាយបញ្ហានេះ ប៉ុន្តែ ពួកគេមិនដោះស្រាយឱ្យទេ និងព្រមានមិនឱ្យប្ដឹងទេ។ លោកប្រាប់ថា ក្រុមមេខ្យល់មានទាំងមានគ្នាច្រើន ទាំងក្រុមហ៊ុននៅស្រុកខ្មែរ និងភ្នាក់ងារនៅប្រទេសថៃ ហើយពួកគេអះអាងថា ខ្លួនមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃ និងជាសកម្មជនគណបក្សប្រជាជនកម្ពុជានៅក្នុងប្រទេសថៃ។
លោក ស៊ីន សាវីន៖ «គេ(មេខ្យល់) អះអាងថា មេគេហ្នឹងដើរជាមួយស្ថានទូតខ្សែគ្នាគេអ៊ីចឹងណា តែរូបថត ឃើញមែនគេដើរជាមួយស្ថានទូតគេដើរឃោសនាបក្សជាមួយគ្នាមែន»។
ក្រុមពលករឱ្យដឹងថា ក្រុមមេខ្យល់ទាំងនោះផ្សព្វផ្សាយនៅតាមបណ្ដាញសង្គមហ្វេសប៊ុកថា ត្រូវការជ្រើសរើសពលករមកធ្វើការងារនៅប្រទេសថៃ ជាបន្ទាន់ តែពលករធ្វើការបានតែមួយរយៈពេលខ្លីគឺគ្មានការងារធ្វើទៀតទេ ចំណែក ឯកសារ និងប្រាក់ថ្លៃរត់ការឯកសារក៏ត្រូវបានក្រុមមេខ្យល់ដកហូតមិនប្រគល់មកវិញនោះទេ។
អ្នកធ្វើការងារសង្គម និងជួយការពារសិទ្ធិពលករខ្មែរនៅប្រទេសថៃ លោក ប្រាក់ ភត្រា ឱ្យដឹងថា ក្រុមមេខ្យល់ដែលបង្ហោះតាមហ្វេសប៊ុកជ្រើសរើសពលករមកធ្វើការនៅប្រទេសថៃ តែងតែបង្ហោះរូបភាពដែលមានទំនាក់ទំនងជាមួយមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃ រូបធ្វើសកម្មភាពគាំទ្របក្សកាន់អំណាច។ ឱ្យដឹងទៀតថា ត្រឹម១ខែមកនេះ យ៉ាងហោចណាស់មានមានពលករជាង ១០នាក់ បានពឹងពាក់ឱ្យលោកជួយផ្សព្វផ្សាយករណីចាញ់បោកមេខ្យល់រកការងារធ្វើតាមបណ្ដាញសង្គមហ្វេសប៊ុក។ អ្នកធ្វើការងារសង្គមរូបនេះ យល់ថា ក្រុមមេខ្យល់ដែលពាក់អាវគណបក្សប្រជាជនកម្ពុជា តែមកកេងប្រវ័ណ្ឌ ពលករដូច្នេះ គឺងាយធ្វើឱ្យពលករជឿទុកចិត្ត។ លោកជំរុញស្ថាប័នពាក់ព័ន្ធ និងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ចាត់វិធានការផ្លូវទប់ស្កាត់ជនខិលខូចទាំងនេះ។
លោក ប្រាក់ ភត្រា៖ «ដល់អ៊ីចឹងទៅធ្វើឱ្យពលករគ្នារងគ្រោះហើយ មិនទទួលបានភាពយុត្តិធម៌ ក្រុមមេខ្យល់ទាំងអស់ហ្នឹងពាក់អាវបក្ស(គណបក្សប្រជាជនកម្ពុជា) មករកស៊ីបោកប្រាស់ពលករអ៊ីចឹង ជារឿងមិនត្រឹមត្រូវ ហើយជារឿងមួយធ្វើបាបខ្មែរឯងដែលគ្នាមកគ្មានការងារក្នុងស្រុកហើយ មកនៅស្រុកគេហើយ ត្រូវបក្ខពួកមេខ្យល់ដែលអាងថា សកម្មបក្សហ្នឹងមកធ្វើបាបជិះជាន់គ្នាទៀត»។
ទាក់ទងបញ្ហានេះវិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺពីប្រធានអនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ លោក ឈឹម វិបុល អ្នកនាំពាក្យក្រសួងការបរទេស លោក អាន សុខខឿន បានទេ នៅថ្ងៃទី១៨ ខែវិច្ឆិកា។ ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវុណ សុំមិនបកស្រាយរឿងនេះទេ។ ក្រុមពលករ បារម្ភថា ប្រសិនបើស្នើទៅមន្ត្រីស្ថានទូតកម្ពុជា មិនជួយអន្តរាគមន៍ទេ នឹងមានពលករជាច្រើននាក់ទៀតចាញ់បោកក្រុមមេខ្យល់ទាំងនោះ។ ទោះយ៉ាងណា អ្នកការពារសិទ្ធិពលករ រិះគន់មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថា ពួកគេធ្វើការងារសកម្មតែរឿងពង្រឹងបក្សទេ ប៉ុន្តែ បើពលករជួបការរំលោភបំពានសិទ្ធិ ឬចាញ់បោកមេខ្យល់គេមិនសូវឃើញមន្ត្រីស្ថានទូតជួយអន្តរាគមន៍ទាន់ពេលឡើយ។
របាយការណ៍របស់ក្រសួងការងារកម្ពុជា ឱ្យដឹងថា បច្ចុប្បន្ន មានពលករខ្មែរជាង ១លាន ២សែននាក់កំពុង ធ្វើការនៅប្រទេសថៃ។ ប៉ុន្តែរបាយការណ៍របស់អង្គការសង់ត្រាល់ (Central) បង្ហាញថា មានពលករខ្មែរកំពុងធ្វើការដោយស្របច្បាប់ និងមិនស្របច្បាប់នៅប្រទេសថៃប្រមាណ ២លាននាក់ ដោយមួយចំនួនពួកគាត់ទទួលរងការរំលោភបំពានសិទ្ធិការងារ និងបាត់បង់ផលប្រយោជន៍ ដែលប៉ះពាល់ដល់បញ្ហាផ្នែកសេដ្ឋកិច្ចគ្រួសារ៕
No comments:
Post a Comment