Friday, 3 November 2023

រដ្ឋ​បន្ត​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ជិត​៥០០​រយ​ហិកតារ​នៅ​ខេត្ត​ព្រះសីហនុ​ឲ្យ​​ក្រុមហ៊ុន​ប៊ូយ៉ុង​ខ្មែរ

Khmer Circle

It's nothing personal for Hun Sen; he thinks and treats all of Cambodia as his personal property much as Sihanouk as royal ruler was entitled to consider the country the same way as crown property. But even Sihanouk would not have gone this far in transfering state/public lands into private corporate hands, nor facilitating the ecological destruction and consequences that would inevitably follow.

He seems to be saying to the Khmer people: so you can't pay back the debts I owe to China or my eternal debt to Hanoi? Not a problem. I'll just have to find easier ways to repay them handsomely...

^^^

ដោយ សេក បណ្ឌិត
2023.11.03
sharethis sharing button
រដ្ឋ​បន្ត​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ជិត​៥០០​រយ​ហិកតារ​នៅ​ខេត្ត​ព្រះសីហនុ​ឲ្យ​​ក្រុមហ៊ុន​ប៊ូយ៉ុង​ខ្មែរ  
 
អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងជា​ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
រូប៖ តេឡេក្រាមលោក ហ៊ុន សែន
 

សកម្មជន​បរិស្ថាន​និង​មន្ត្រី​សង្គម​ស៊ីវិល អស់សង្ឃឹម​ចំពោះ​រដ្ឋាភិបាល​ដែល​នៅតែ​បន្ត​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ នៅ​ខេត្ត​ព្រះសីហនុ ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ធ្វើជា​កម្មសិទ្ធិឯកជន​។ ការ​លើកឡើង​នេះ​បន្ទាប់ពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​បន្ត​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ ជិត​៥​រយ​ហិកតា ឲ្យ​ទៅ​ក្រុមហ៊ុន ប៊ូយ៉ុងខ្មែរ II ខូលអិលធីឌី។

សកម្មជន​បរិស្ថាន​របស់​ចលនា​មាតា​ធម្មជាតិ លោក លី ចាន់ដារ៉ាវុត ប្រាប់​វិទ្យុ​អាស៊ីសេរី ឲ្យ​ដឹង​នៅ​ថ្ងៃទី​២ ខែ​វិច្ឆិកា​ថា រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​គ្រប់គ្រាន់​ក្នុង​គ្រប់គ្រង​ថែរក្សា​ការពារ​ធនធានធម្មជាតិ នៅ​កម្ពុជា​នោះ​ទេ ពីព្រោះ​រដ្ឋាភិបាល​នៅតែ​បន្ត​កាត់​ឆ្វៀល​ដី​ព្រៃ​ឲ្យ​ក្រុមហ៊ុន​ឯកជន ដោយ​គ្មាន​ស្ដាយស្រណោះ​ឡើយ ។ លើស​ពី​នោះ​រដ្ឋាភិបាល​ក៏​មិនបាន​សិក្សា​អំពី​ផល​ប៉ះពាល់​និង​បង្ហាញ​ការវាយតម្លៃ​ឲ្យ​បាន​ត្រឹមត្រូវ ជា​សាធារណៈ​នោះ​ទេ ។ ការ​ធ្វើ​បែបនេះ បណ្ដាល​ឲ្យ​ព្រៃឈើ​នៅ​កម្ពុជា​នឹង​បន្ត​បាត់បង់​និង​គ្មាន​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នោះ​ដែរ។

លោក លី ចាន់ដារ៉ាវុត៖ «នេះ​យើង​ឃើញថា​វា​ហាក់បីដូចជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​ក្រសួង​បរិស្ថាន​របស់​រដ្ឋាភិបាល​តែងតែ​អួត​អំពី​ការ​ព្យាយាម​នៅក្នុង​ការ​បង្កើន​គម្រប​ព្រៃឈើ ឬក៏​ការ​ការពារ​ធនធានធម្មជាតិ​កន្លងមក​ហ្នឹង​វាបី​ដូចជា​គ្រាន់តែ​ជា​ពាក្យ​ប្រជាភិថុតិ​ដើម្បី​យក​ទៅ​បោកប្រាស់​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​ជាក់ស្ដែង​សកម្មភាព​យើង​ឃើញ​ហើយ​សកម្មភាព​ជាក់ស្ដែង​កន្លងមក​ហ្នឹង​គឺ​គម្រប​ព្រៃឈើ ដីព្រៃ ដី​សាធារណៈ​របស់​រដ្ឋ​ដី​ដែល​មាន​ធនធាន​ធម្មជាតិ​ច្រើន​តែងតែ​ត្រូវ​បាន​បំផ្លាញ​ក្រោម​រូបភាព​អភិវឌ្ឍន៍»

ការ​លើកឡើង​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​នេះ នៅ​បន្ទាប់ពី​ដឹង​ថា អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ជិត ៥​រយ​(៤៨៦.៨៦)​ហិកតារ ស្ថិតនៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ឲ្យ​ទៅ​ក្រុមហ៊ុន ប៊ូយ៉ុងខ្មែរ II​ខូអិលធីឌី តាមរយៈ​អនុក្រឹត្យ ចុះ​ថ្ងៃទី​៧​ខែកក្កដា ឆ្នាំ​២០២៣ និង​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ពេល​នេះ។

 

ស្រដៀង​គ្នា​នេះ​ដែរ អ្នកស្រាវជ្រាវ​និង​ឃ្លាំមើល​ធនធានធម្មជាតិ​នៅ​កម្ពុជា លោក សេង សុខហេង សង្កេត​ឃើញ​ថា អ្នក​ប្រកាស​ឲ្យ​អនុវត្ត​ច្បាប់​និង​អ្នក​កាត់​ឆ្វៀល​ដី​ព្រៃ គឺ​មនុស្ស​តែមួយ ដូច្នេះ​បើទោះបី​ជា​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ថ្មី​ដាក់ចេញ​យន្តការ ឬ​វិធានការ​យ៉ាងណាក៏ដោយ ក៏​មិនអាច​ការ​ការពារ​ព្រៃឈើ​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ ។ លោក​បន្ថែម​ថា ដើម្បី​ការពារ​ព្រៃឈើ​ឲ្យ​គង់វង្ស​បាន លុះត្រាតែ​រដ្ឋាភិបាល​បញ្ឈប់​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ ឲ្យ​ទៅ​ឯកជន​តទៅទៀត។

លោក សេង សុខហេង៖ «ការ​មិន​គោរព​ច្បាប់ ការ​មិន​ធ្វើ​ទៅ​តាម​នីតិវិធី​ច្បាប់​វា​ជា​រឿង​គ្រោះថ្នាក់​មួយ​ដែល​ធ្វើ​ឱ្យ​ធនធាន​ធម្មជាតិ​ជាពិសេស​ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ហ្នឹង​វា​នឹង​ត្រូវ​បាត់បង់​ជា​បន្តបន្ទាប់​អាច​ឈាន​ទៅដល់​ភាព​ហិនហោច​នៅ​ថ្ងៃ​អនាគត ជាមិនខាន​បើសិនជា​សកម្មភាព​នៅតែ​កើតឡើង​ដដែល​ជា​ដដែល​បែបនេះ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ផៃ ប៊ុនឈឿន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​២ ខែ​វិច្ឆិកា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល។ ចំណែក​អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន និង​តំណាង​ក្រុមហ៊ុន​ក៏​មិនអាច​ទាក់ទង​បាន​ដែរ។

ជុំវិញ​រឿង​នេះ អ្នកសម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត យល់ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​បញ្ឈប់​ការ​ផ្ដល់​ដី​សាធារណៈ​ឬ​ដី​គម្រប​ព្រៃឈើ ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន និង​ត្រូវ​ងាក​មក​ចុះ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​វិញ ជៀសវាង​ការ​ផ្ដល់​ដី​ទាំងអស់​នោះ នាំ​ឲ្យ​ប៉ះពាល់​ដល់​ដី​ប្រជាពលរដ្ឋ​កំពុង​អាស្រ័យ​ផល ។

លោក វណ្ណ សុផាត៖ «នៅ​ពេល​ណា​ដែល​រដ្ឋ​អស់​ដី​គឺ​ថា រដ្ឋ​យើង​នឹង​ក្លាយទៅជា​រដ្ឋ​ដែល​អត់​ដី​ព្រោះ​ដី​ទាំងអស់​ជា​ដី​របស់​ក្រុមហ៊ុន​របស់​ឯកជន​ហើយ​ថ្មីៗ​នេះ​សោត​សូម្បីតែ​ជនជាតិ​បរទេស ក៏​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​នៅ​លើ​ដី​យើង​ដែរ អ៊ីចឹង​យើង​មានការ​ព្រួយបារម្ភ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ហើយនឹង​រាជរដ្ឋាភិបាល និង​រដ្ឋ​យើង​ហ្នឹង​នឹង​ក្លាយទៅជា​រដ្ឋ នឹង​មានតែ​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ដី ក្នុង​ការ​អាស្រ័យ​ផល​ក្នុង​ការ​ស្នាក់​អាស្រ័យ»

បច្ចុប្បន្ន ក្រុមហ៊ុន ប៊ូយ៉ុងខ្មែរ​IIខូអិលធីឌី បាន​ពុះ​ដី​ជិត​៥​រយ​ហិកតារ ធ្វើជា​ដី​ឡូត៍​លក់។ ក្រុមហ៊ុន​ប៊ូយ៉ុងខ្មែរ​IIខូអិលធីឌី គឺជា​ក្រុមហ៊ុន​ធ្វើការ​ផ្ដោត​លើ​ខាង​វិស័យ​អចលនទ្រព្យ ដែល​បាន​សាងសង់​បុរី ប៊ូយ៉ុងសែនសុខ Borey Angkor និង​Borey New World ជាដើម ។ លោក ជុង វ៉ាន់គឹម ជា​ជនជាតិ​កូរ៉េខាងត្បូង គឺជា​ប្រធាន​ក្រុមហ៊ុន ដែល​ទទួល​សញ្ជាតិ​ខ្មែរ។

ក្រុមហ៊ុន ប៊ូយ៉ុងខ្មែរ II ខូអិលធីឌី ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (Booyoung Group )​ក៏​ធ្លាប់​បាន​ផ្ដល់​រថយន្តក្រុង​ចំនួន​២០០​គ្រឿង ដល់​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន​ផង​ដែរ។

កាលពី​ខែ​មិថុនា រដ្ឋាភិបាល នៃ​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក៏បាន​កាត់​ដី​សាធារណៈ​របស់​រដ្ឋ​ជិត ១​ពាន់​ហិកតារ​ឲ្យ​ទៅ​ក្រុមហ៊ុន C99​អ៊ិនធឺណេសិនណល អ៊ីនវេសមិន (ខេមបូឌៀ) ខូអិលធីឌី (C99 INTERNATIONAL INVESTMENT (CAMBODIA) CO., LTD.) និង​កាត់​ដី​ព្រៃ​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​ជិត ១​ពាន់​ហិកតារ​ឲ្យ​ទៅ​ក្រុមហ៊ុន​កូនលោក យឹម ឆៃលី ដែល​ជា​ដន្លង​របស់​លោក ដោយ​អះអាង​ថា ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ៕

No comments: