ដោយ ទីន ហ្សាការីយ៉ា
2023.11.20
អតីតមេដឹកនាំសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាលោក ជា មុន្នី (រូបកណ្ដាល) កាលពីត្រូវបានតែងតាំងជាអនុប្រធានគណបក្សកម្លាំងជាតិ កាលពីថ្ងៃទី១២ វិច្ឆិកា ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ស្ដាប់ ឬទាញយកសំឡេង
អតីតមេដឹកនាំសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជអាណាចក្រកម្ពុជាដ៏ល្បីឈ្មោះមួយរូបត្រូវបានតែងតាំងជាអនុប្រធានគណបក្សកម្លាំងជាតិ។ អតីតមេដឹកនាំសហជីពរូបនេះ គឺលោក ជា មុន្នី ប្រកាន់ជំហរថា នឹងប្រឹងធ្វើការងារបក្សឱ្យអស់ពីលទ្ធភាព ដើម្បីសិទ្ធិសេរីភាព និងចូលរួមស្ដារប្រជាធិបតេយ្យនៅកម្ពុជាឱ្យរស់ឡើងវិញ។
អតីតមេដឹកនាំសហជីពរូបនេះ លើកឡើងថា ការដែលលោកចូលរួមជាមួយគណបក្សកម្លាំងជាតិដោយសារគណបក្សមួយនេះកើតចេញពីក្រុមអ្នកស្រលាញ់ប្រជាធិបតេយ្យចូលរួមគ្នាធ្វើការងារ ដើម្បីផលប្រយោជន៍ជាតិ។
អតីតមេដឹកនាំសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុន្នី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២០ វិច្ឆិកា ថា ចាប់ពីពេលនេះតទៅ លោកនឹងយកចំណេះដឹងនិងបទពិសោធន៍ការងារសហជីពរបស់លោកមកប្រើប្រាស់ក្នុងការដឹកនាំគណបក្សកម្លាំងជាតិដើម្បីឱ្យពលរដ្ឋមានសិទ្ធិសេរីភាព និងប្រទេសមានប្រជាធិបតេយ្យឡើងវិញ។
លោក ជា មុន្នី៖ «ពួកយើងប្ដេជ្ញាថា ធ្វើអីចឹង ធ្វើឱ្យពលរដ្ឋទទួលបានលទ្ធិប្រជាធិបតេយ្យ តាមរយៈការពន្យល់បង្ហាញហេតុនឹងផលដែលច្បាប់មានចែង។ អ៊ីចឹងទេពួកយើងនឹងធ្វើកិច្ចការនឹងជូនពលរដ្ឋយើងពីព្រោះមកដល់បច្ចុប្បន្នគេតែងតែនិយាយប្រជាធិបតេយ្យៗ ប៉ុន្តែខ្ញុំឃើញប្រជាពលរដ្ឋអត់ទាន់ទទួលបានប្រជាធិបតេយ្យអីទេ សូម្បីគណបក្សនយោបាយនឹងក៏មិនទាន់បានលក្ខណៈប្រជាធិបតេយ្យត្រឹមត្រូវផង គណបក្សមួយចំនួនមិនត្រូវបានធ្វើសកម្មភាពរបស់ខ្លួន»។
កាលពីថ្ងៃទី១៨ វិច្ឆិកា គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សកម្លាំងជាតិបានតែងតាំង លោក ជា មុន្នី ជាអនុប្រធានបក្ស និងអ្នកនាំពាក្យគណបក្សមួយនេះ។
លោក ជា មុនី ធ្លាប់ជាប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា អស់ជិត២០ឆ្នាំបន្តពីបងប្រុសរបស់លោក គឺ លោក ជា វិជ្ជា ដែលជាមេដឹកនាំសហជីពល្បីឈ្មោះ និងត្រូវបានឃាតកបាញ់សម្លាប់ កាលពីឆ្នាំ២០០៤ ដោយសារតែលោកសកម្មក្នុងការទាមទារសិទ្ធិសេរីភាព និងប្រាក់ខែសមរម្យសម្រាប់កម្មករ។
ទាក់ទងនឹងបញ្ហានេះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីថា កម្ពុជាក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត គឺពលរដ្ឋមានសិទ្ធិសេរីភាព និងមានប្រជាធិបតេយ្យរួចទៅហើយ។ ដូច្នេះ លោកមិនបារម្ភនឹងការចូលរួមសកម្មភាពនយោបាយរបស់លោក ជា មុនី នេះទេ។
លោក សុខ ឥសាន៖ «នៅក្នុងសង្គមកម្ពុជាយើងប្រកួតប្រជែងលើមូលដ្ឋានគោរពច្បាប់ អនុវត្តត្រឹមត្រូវទៅតាមគោលការណ៍ច្បាប់តែប៉ុណ្ណឹងតើ។ យើងអត់មានព្រួយបារម្ភអីទេ ក៏ប៉ុន្តែយើងខិតខំ ដើម្បីធ្វើម៉េចគឺថាឃោសនាផ្សព្វផ្សាយកម្មវិធីនយោបាយឱ្យប្រជាជនលោកយល់ ហើយលោកមានក្ដីសង្ឃឹមលើកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ហើយលោកគាំទ្រ»។
ទោះជាយ៉ាងណាក្ដី នាយកប្រតិបត្តិអង្គការនិចហ្វិក (NICFEC) លោក សំ គន្ធាមី មើលឃើញថា លោក ជា មុនី ចូលរួមជាមួយគណបក្សកម្លាំងជាតិនឹងធ្វើឱ្យគណបក្សមួយនេះកាន់តែមានប្រជាប្រិយ។ ប៉ុន្តែលោកថា ដើម្បីគណបក្សនេះទទួលបានជោគជ័យក្នុងការបោះឆ្នោតនៅពេលខាងមុខ លុះត្រាតែគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត គ.ជ.ប រៀបឱ្យមានការបោះឆ្នោតប្រកបដោយសេរី និងត្រឹមត្រូវ។
លោក សំ គន្ធាមី៖ «បានខាងអស់លោកនឹងចូលរួមធ្វើនយោបាយទៅវាកាន់តែមានភាពប្រកួតប្រជែងគ្នាក្នុងដំណើរការបោះឆ្នោតដែរ ហើយលទ្ធិប្រជាធិបតេយ្យក៏បានវាមានភាពជឿនលឿនទៅមុខទៀតដែរ មានគណបក្សចូលរួម គណបក្សដែលមានអ្នកមានប្រជាប្រិយភាពបានចូលរួមជាមួយ»។
គណបក្សកម្លាំងជាតិជាគណបក្សថ្មីថ្មោងមួយ ត្រូវបានបង្កើតឡើងដោយអតីតមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន បន្ទាប់ពី គ.ជ.ប មិនឲ្យបក្សភ្លើងទៀន ចូលរួមការបោះឆ្នោតជាតិកន្លងទៅ។ ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់គណបក្ស ភ្លើងទៀនមួយចំនួនទៀត ក៏ងាកទៅចងសម្ពន្ធភាពជាមួយគណបក្សក្រៅរដ្ឋាភិបាលចំនួន៣ទៀតដែរ។ ដោយឡែក លោក រ៉ុង ឈុន ដែលចង់ទៅដឹកនាំគណបក្សកម្លាំងជាតិនោះ ត្រូវបានអាក់ខានវិញ ដោយសារតែក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ បានគំរាមកំហែងជាបន្តបន្ទាប់ ក្រោមហេតុផលថា លោក រ៉ុង ឈុន មិនទាន់មាននីតិសម្បទាគ្រប់គ្រាន់ក្នុងការធ្វើនយោបាយនៅឡើយ ដោយសារពាក់ព័ន្ធនឹងសំណុំរឿង ដែលលោកចុះទៅការពារពលរដ្ឋខ្មែរនៅខេត្តត្បូងឃ្មុំ ដែលអះអាងថា វៀតណាម បានរំលោភយកដីស្រែចម្ការរបស់ពួកគាត់។
លោក ជា មុនី លើកឡើងថា បើទោះបីជាតំណែងដែលលោកទទួលបាននៅពេលនេះប្រឈមនឹងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរបក្សកាន់អំណាចក៏ដោយ ក៏លោកមិនរាថយក្នុងការចូលរួមធ្វើសកម្មភាពនយោបាយ ដើម្បីប្រកួតប្រជែងការបោះឆ្នោតនៅពេលខាងមុខឡើយ៕
1 comment:
Thank You Khmer patriots for your sacrifice and your love of Cambodia.
Post a Comment