Sunday, 5 November 2023

បក្ស​ប្រឆាំង​រិះគន់​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ថា មិន​បាន​អនុវត្ត​តួនាទី​ត្រឹមត្រូវ


ដោយ សេក បណ្ឌិត
2023.11.04

បក្ស​ប្រឆាំង​រិះគន់​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ថា មិន​បាន​អនុវត្ត​តួនាទី​ត្រឹមត្រូវ 

កិច្ចប្រជុំសភានីតិកាលទី៧ កាលពីថ្ងៃទី២២ ខែ​សីហា ឆ្នាំ​២០២៣។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


មន្ត្រី​គណបក្សប្រឆាំង​រិះគន់ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ថា មិន​បាន​បំពេញ​តួនាទី​ត្រឹមត្រូវ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម និង​បើក​លំហ​សិទ្ធិ​សេរីភាព​ជូន​ពលរដ្ឋ ខណៈ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅតែ​បន្ត​កើត​មាន។ ប្រតិកម្ម​មន្ត្រី​បក្ស​ប្រឆាំង​នេះ គឺ​បន្ទាប់ពី​ប្រធានរដ្ឋសភា អ្នកស្រី ឃួន សុដារី នៅ​ថ្ងៃទី៣ វិច្ឆិកា ថ្លែង​ថា តំណាងរាស្ត្រ​ល្អ​ត្រូវ​បម្រើ​ពលរដ្ឋ និង​តម្កល់​ផលប្រយោជន៍​របស់​ពលរដ្ឋ​ជាធំ​នៅពេល​ដាក់ចេញ​នូវ​វិធានការណ៍​ណាមួយ។

មន្ត្រី​គណបក្ស​ប្រឆាំង​លើកឡើង​ថា តំណាងរាស្ត្រ​បក្ស​កាន់អំណាច​ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​ក្លែងក្លាយ កាលពី​ខែកក្កដា​នោះ អសកម្ម​មិនបាន​ប្រើប្រាស់​តួនាទី ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​នោះ​ឡើយ។

ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ខេត្ត​ប៉ៃលិន កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ លោក ខឹម មុន្នីកុសល ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី៣ វិច្ឆិកា ថា លោក​គ្មាន​សង្ឃឹម​ថា តំណាងរាស្ត្រ និង​ប្រធាន​រដ្ឋសភា​អាណត្តិ​ថ្មី​នេះ​អាច​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​បាន​ឡើយ ពីព្រោះ​តំណាងរាស្ត្រ​ទាំងនោះ​សុទ្ធតែ​ចេញ​មកពី​សមាជិក​បក្ស​កាន់អំណាច។ លោក​សង្កេត​ឃើញ​ថា ការ​រំលោភ​យក​ដីធ្លី ការរំលោភ​សិទ្ធិមនុស្ស និង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​លើ​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​សង្គម​នៅតែ​បន្ត​កើតមាន។



    លោក ខឹម មុន្នីកុសល៖ «មួយទៀត​ចុងក្រោយ​នេះ​យើង​ឃើញ​រដ្ឋសភា​ដែល​ទើប​ប្រកាស​ខ្លួន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​នៅក្នុង​អាណត្តិ​ទី៧ នៅ​មិនទាន់​ឃើញ​អី​ជា​ដុំកំភួន​តាំងពី​ការ​តាក់​តែង​ច្បាប់ ឬក៏​ពិនិត្យ​ច្បាប់​ឡើងវិញ​ទៅ​ច្បាប់​ទាំងឡាយ​ណា ដែល​កំពុង​រំលោភសិទ្ធិ​មនុស្ស​ជាដើម​ដូចជា​ប្រើប្រាស់​មាត្រា​ក្រមព្រហ្មទណ្ឌ​បទ​ញុះញង់​យក​ធ្វើជា​មូលដ្ឋាន​ដើម្បី​ចាប់ចង​ប្រជា​ពលរដ្ឋ អ្នក​ប្រឆាំង​នឹង គឺ​គាត់​អត់​ដែល​បាន​បំពេញ​កាតព្វកិច្ច»។

ប្រតិកម្ម​របស់​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​គឺ​បន្ទាប់​ពី​ប្រធានរដ្ឋសភា អ្នកស្រី ឃួន សុដារី នៅ​ថ្ងៃទី​៣ វិច្ឆិកា ថ្លែង​ក្នុង​កម្មវិធី​ស្វាគមន៍ និង​ការ​ផ្ដល់​ព័ត៌មាន​អំពី​សេវា​សំខាន់ៗ​ជូន​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ថា ក្នុងនាម​ជា​តំណាងរាស្ត្រ​ចាំបាច់​ត្រូវ​ធ្វើជា​តំណាង​ដ៏​ល្អ និង​ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ពិត​ប្រាកដ ដោយ​តម្កល់​នូវ​ផលប្រយោជន៍​របស់​ពួកគាត់​ជា​អត្ថិភាព នៅពេល​ធ្វើការ​សម្រេចចិត្ត និង​ដាក់ចេញ​នូវ​វិធានការណ៍​ណាមួយ។ អ្នកស្រី​ប្ដេជ្ញា ពង្រឹងសមត្ថភាព​ទាំង​ផ្នែក​ស្ថាប័ន និង​មន្ត្រី​ជំនាញ ដើម្បី​ធ្វើ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។ កម្មវិធី​នេះ​ក៏​មាន​ការ​ចូលរួម​ពី​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា លោក ប៉ា សុជាតិវង្ស និង​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា លោក ឈាង វុន ជាដើម។

ជុំវិញ​បញ្ហា​នេះ​អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា កត់សំគាល់​ថា រដ្ឋសភា​មាន​តួនាទី​កោះហៅ​តំណាង​មន្ត្រី​រដ្ឋាភិបាល​រូប​ណា​ដែល​មិន​អនុវត្ត​តាម​តួនាទី និង​ប្រាសចាក​ពី​គោលការណ៍​ច្បាប់​មក​សួរនាំ។ ប៉ុន្តែ​លោក​ថា ប្រធានរដ្ឋសភា និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនបាន​អនុវត្ត​តាម​គោលការណ៍​នោះ​ទេ ផ្ទុយទៅវិញ​មានតែ​បើកដៃ​ឱ្យ​មន្ត្រី​បក្ស​កាន់អំណាច​រំលោភសិទ្ធិ​មនុស្ស​តាម​អំពើ​ចិត្ត។

    លោក ឯម សុវណ្ណារ៉ា៖ «ជាទូទៅ​ប្រសិនបើ​ចង់ឱ្យ​កិច្ចការ​នឹង​ជោគជ័យ​ទស្សន​ខ្ញុំ​ផ្ទាល់​ទាល់តែ គេ​ហៅ​នីតិប្បញ្ញត្តិ​ហ្នឹង​ឯករាជ្យ​សិន អត់​ទាន់​ឯករាជ្យ​ទេ​តាមច្បាប់​បោះឆ្នោត​យើង​ទាល់តែ​សមាជិកសភា​អាហ្នឹង​នៅតែ​ជា​សមាជិក​បក្ស​ឆ្នោត​វា​មិន​ទាន់​មាន​ឯករាជ្យ​ភាព​ទេ ហើយ​ការ​បោះឆ្នោត​ហ្នឹង​ទៀតសោត​បោះឆ្នោត​ដោយ​សមាមាត្រ​តាម​អត្ថិភាព ឬ​គេ​ហៅ​ថា ជ្រើស​របស់​បក្ស​មិនមែន​ជ្រើសរើស​ចេញ​ផ្ទាល់​ពី​ប្រជាពលរដ្ឋ​ទេ អាហ្នឹង​ដែល​យើង​ពិបាក​សង្ឃឹម​ថា កិច្ច​ទាំងឡាយ​ដែល​លោក​លើក​ឡើង​ហាក់​ដូចជា​យើង​មិន​ទាន់​មាន​ការ​ជឿជាក់​ទាំងស្រុង»។

រដ្ឋធម្មនុញ្ញ​កម្ពុជា​ចែង​ថា រដ្ឋសភា និង​តំណាងរាស្ត្រ មាន​ភារកិច្ច​ចម្បង​គឺ​ឃ្លាំមើល​ការអនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល និង​មាន​តួនាទី​សំខាន់​ទាំង​វិស័យ​នយោបាយ ទាំង​វិស័យសេដ្ឋកិច្ច និង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​សង្គម​មួយចំនួន។ ប៉ុន្តែ ចាប់តាំងពី​អាណត្តិ​ទី​៦ តុលាការ​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​មក រដ្ឋសភា​បាន​ក្លាយ​ជា​សភា​ឯកបក្ស ដែល​មានតែ​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់គ្រង​អាសនៈ​ទាំង​១២៥ ហើយ​សមាជិកសភា ដែល​អង្គុយ​ក្នុង​សាល​ប្រជុំ​នេះ ជា​និច្ចកាល​តែងតែ​លើកដៃ​គាំទ្រ​ការ​អនុម័ត​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន ដាក់​ឱ្យ​សភា​អនុម័ត។

តំណាងរាស្ត្រ​ក្នុង​អាណត្តិ​ទី​៧ នេះ​មាន ១២៥​រូប នៅក្នុង​នោះ​១២០​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង ៥​អង្គ និង​រូប​មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

អ្នក​តាមដាន​បញ្ហា​សង្គម​លើកឡើង​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​តំណាងរាស្ត្រ​អសកម្ម និង​មិន​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ខ្លួន គឺ​ដោយសារ​គ្មាន​សំឡេង​របស់​គណបក្ស​ប្រឆាំង ដែល​មាន​ឥទ្ធិពល​ចូលរួម​ដើម្បី​រិះគន់ ដើម្បី​រក​ដោះស្រាយ​បញ្ហា។ ជាង​នេះ​ទៀត​បញ្ហា​បក្ខពួក​និយម និង​គ្រួសារ​និយម​នៅតែ​ជា​បញ្ហា​ចម្បង​ដែល​ធ្វើ​ឱ្យ​កម្ពុជា​មិនអាច​ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សា​ជាតិ៕

No comments: