2023.11.22
តុលាការខេត្តបន្ទាយមានជ័យកាត់ទោសពលរដ្ឋម្នាក់ ដែលរិះគន់បក្សគណបក្សប្រជាជនកម្ពុជាថា អសមត្ថភាពក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀន និងបញ្ហាលំហូរពលរដ្ឋវៀតណាមមករស់នៅកម្ពុជាខុសច្បាប់ ឱ្យជាប់ពន្ធនាគារ ៣ឆ្នាំ។ មន្ត្រីសង្គមស៊ីវិលថា តុលាការគួរតែពិចារណាឡើងវិញ ចំពោះការសម្រេចលើសំណុំរឿងមួយនេះ ប្រកបដោយយុត្តិធម៌ ។
ពលរដ្ឋម្នាក់ដែលតែងតែរិះគន់មិនសំចៃមាត់លើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ជុំវិញភាពអសកម្មរបស់បក្សកាន់អំណាច ពាក់ព័ន្ធ បញ្ហាដីធ្លី អំពើពុករលួយ គ្រឿងញៀន និងការហូរចូលនៃពលរដ្ឋវៀតណាមខុសច្បាប់ រស់នៅកម្ពុជា គឺលោក កង សារ៉ន ចាត់ទុកការសម្រេចរបស់តុលាការឱ្យលោកជាប់ពន្ធនាគារ ៣ឆ្នាំថា ជារឿងអយុត្តិធម៌។
លោក កង សារ៉ន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២២ ខែវិច្ឆិកាថា តុលាការខេត្តបន្ទាយមានជ័យ បានកាត់ទោសឱ្យលោកជាប់ពន្ធនាគារ៣ឆ្នាំ ក្រោមបទចោទ ជេរប្រមាថតាមទីសាធារណៈ បទបរិហារកេរ្តិ៍ និងញុះញង់ និងបទប្រមាថអង្គព្រះមហាក្សត្រ។ លោកអះអាងថា ការសម្រេចរបស់តុលាការនេះ ជារឿងមិនត្រឹមត្រូវ ព្រោះកន្លងទៅ លោកគ្រាន់តែប្រើសិទ្ធិសេរីភាពបញ្ចេញមតិ ដើម្បីស្ថាបនាតែប៉ុណ្ណោះ។
លោក កង សារ៉ន៖ «ស្នើសុំឱ្យរាជរដ្ឋាភិបាល ឬប្រមុខដឹកនាំណាក៏ដោយ សូមឱ្យគោរពសិទ្ធិសេរីភាពប្រជាពលរដ្ឋឱ្យបានពេញលេញផង ក្នុងការរស់នៅក្នុងការដើរហើរ។ មិនមែនឱ្យទៅព្រៃស ព្រៃអាលកអ៊ីចឹងទេ។ និយាយស្ដីមិនបានផង អាងអី ចាប់ ចោទប្រកាន់នេះ ចោទនោះ នេះខ្ញុំមិនជាប់ពាក់ព័ន្ធនិន្នាការនយោបាយណាផង»។
កាលពីថ្ងៃទី២ ខែកក្កដា ក្នុងអំឡុងពេលឃោសនារកសំឡេងឆ្នោត លោក កង សារ៉ន បានផ្សាយផ្ទាល់នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និយាយរិះគន់ការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។ នៅក្នុងវីដេអូ ផ្សាយផ្ទាល់នោះ លោកបានចោទជាសំណួរថា តើថា ក្រោយពីបក្សប្រជាជននេះ ឈ្នះឆ្នោត នឹងមានវិធានការដេញពលរដ្ឋវៀតណាមចេញ ឬបន្តឱ្យហូរចូលដោយខុសច្បាប់បន្តទៀត? ហើយនៅក្នុងនោះ លោកក៏បានរិះគន់អំពីបញ្ហាគ្រឿងញៀន អំពើពុករលួយ និងបញ្ហាអសន្តិសុខមួយចំនួនទៀត។
នៅក្នុងថ្ងៃដដែលនោះ ក្រោយវីដេអូនេះបានផ្សព្វផ្សាយជាសាធារណៈអស់រយៈពេល ១ម៉ោង នៅលើបណ្ដាញសង្គម លោកត្រូវបានសមត្ថកិច្ចខេត្តបន្ទាយមានជ័យចាប់ខ្លួន យកទៅឃុំអស់រយៈពេល ១០ថ្ងៃ ដោយចោទប្រកាន់ពីបទជេរប្រមាថជាសាធារណៈ និងញុះញង់។ បន្ទាប់មក នៅថ្ងៃទី១១ ខែកក្កដា លោកក៏ត្រូវតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ តែទោះជាយ៉ាងណាក្ដី នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា តុលាការបានសម្រេចឱ្យលោកជាប់ពន្ធនាគារ ៣ឆ្នាំ ហើយចេញដីកាឱ្យចាប់ខ្លួនឡើងវិញ ប៉ុន្តែមកដល់ពេលនេះអាជ្ញាធរមិនទាន់ចាប់ខ្លួនលោកនៅឡើយទេ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ លោក រឿន លីណា ដើម្បីសុំការបំភ្លឺបន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី២២ ខែវិច្ឆិកា ។
អ្នកសម្របសម្រួលអង្គការលីកាដូ ប្រចាំខេត្តបន្ទាយមានជ័យ លោក ភុន ឈិន លើកឡើងថា លោក កង សារ៉ន អាចនឹងត្រូវបានចាប់ខ្លួនឡើងវិញ ក្រោយពីតុលាការសម្រេចឱ្យលោក ជាប់ពន្ធនាគារ ៣ឆ្នាំ។ តែទោះជាយ៉ាងណាក្ដី លោកថា តុលាការគួរតែពិចារណាឱ្យបានច្បាស់លាស់ មុនសម្រេចលើសំណុំរឿងមួយនេះ។
លោក ភុន ឈិន៖ «ត្រង់ថា ខាងសមត្ថកិច្ច តុលាការគាត់យល់ថា ការបញ្ចេញមតិនោះដល់ការជេរប្រមាថ ទាក់ទងការញុះញង់ឱ្យប្រព្រឹត្តបទល្មើសអីនោះ ខ្ញុំក៏អត់ដឹងថាម៉េចដែរ។ តែគាត់ [កង សារ៉ន] ក៏បានព្យាយាមការពារខ្លួនគាត់នៅក្នុងនីតិវិធីតុលាការ បញ្ជាក់ពីគោលជំហរ គោលបំណងរបស់គាត់ គាត់ថា គ្មានបំណងអ៊ីចឹងអស់ទេ»។
ទោះបីជាតុលាការបានផ្ដន្ទាទោសលោកឱ្យជាប់ពន្ធនាគារ ៣ឆ្នាំ និងចេញដីកាឱ្យចាប់ខ្លួនលោកក៏ដោយ ក៏លោក កង សារ៉ន ប្ដេជ្ញាថា លោកនឹងមិនចាកចេញទៅណាឡើយ ព្រោះលោកមើលឃើញថា ការកាត់ទោសរបស់តុលាការមកលើរូបលោកនេះ ជាទង្វើដ៏អាក្រក់លើអ្នកស្នេហាជាតិ ហើយបង្ហាញថា អាជ្ញាធរមិនខ្វល់ខ្វាយពីបញ្ហាសង្គម៕
No comments:
Post a Comment