Monday, 6 November 2023

ការ​បើក​សម្ពោធ​ស្ពាន​ហាល​នឹង​ទាក់ទាញ «ភ្ញៀវ​ទេសចរ» ទៅ​តំបន់​អង្គរ​កាន់តែ​ច្រើន


ដោយ ម៉ៅ សុធានី
2023.11.05

ការ​បើក​សម្ពោធ​ស្ពាន​ហាល​នឹង​ទាក់ទាញ «ភ្ញៀវ​ទេសចរ» ទៅ​តំបន់​អង្គរ​កាន់តែ​ច្រើន

ពិធីសម្ពោធដាក់​ឱ្យ​ប្រើប្រាស់​ស្ពាន​ហាល​នៅ​មុខ​ប្រាសាទ​អង្គរវត្ត ក្រោមវត្តមានព្រះមហាក្សត្រ នរោត្ដម សីហមុនី កាលពីថ្ងៃទី៤ វិច្ឆិកា ២០២៣។
រូប៖ តេឡេក្រាមលោក ហ៊ុន​ សែន


មន្ត្រី​សង្គម​ស៊ីវិល មាន​សុទិដ្ឋិនិយម​ថា ការ​ដាក់​ឱ្យ​ប្រើប្រាស់​ស្ពាន​ហាល​នៅ​មុខ​ប្រាសាទ​អង្គរវត្ត គឺជា​សញ្ញា​ល្អ​មួយ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ខេត្តសៀមរាប កាន់តែ​ច្រើន​។ ពួកគាត់​ជំរុញ​ឱ្យ​អាជ្ញាធរ បន្ត​អភិរក្ស​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយ​នេះ និង​បង្កើន​ការ​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​ប្រទេស​ដើម្បី​រួមចំណែក​ទាក់ទាញ​និង​ផ្ដល់​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ។

មន្ត្រី​សង្គម​ស៊ីវិល​សាទរ​ចំពោះ​ការ​ដាក់​ឱ្យ​ដំណើរការ​ឡើងវិញ នូវ​ស្ពាន​ហាល​ខាងលិច​ប្រាសាទ​អង្គរវត្ត ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បង្កើន​សម្រស់​ប្រាសាទ បន្ទាប់​ពី​បាន​បិទ​អស់​រយៈពេល​ជាង ៧​ឆ្នាំ​ដើម្បី​ជួសជុល។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ផ្អាក​លែងឱ្យ​ដើរ​លើ​ស្ពាន​ហាល​អស់​រយៈពេល​ជាង ៧​ឆ្នាំ​មកនេះ​បាន​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ ជាពិសេស​ភ្ញៀវ​អន្តរជាតិ​មួយចំនួន ខកចិត្ត​ដែល​មិនបាន​ផ្ដិត​យក​ទេសភាព​ពី​ជ្រុង​មួយ​នៃ​ប្រាសាទ​អង្គរវត្ត​។ លោក​បន្ត​ថា ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត គឺជា​ប្លង់​អំណោយផល​ដល់​ការ​ថតរូប​ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​សម្រស់​ប្រាសាទអង្គរវត្ត​កាន់តែ​លេចធ្លោ និង​ស្រស់​ស្អាត​។ លោក​មាន​ជំនឿ​ថា ការ​បើក​ដំណើរការ​ស្ពាន​នេះ​ឡើងវិញ នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មកលេង​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​នេះ​ផង​កាន់តែ​ច្រើន។



    លោក យង់ គិមអេង៖ «ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ការចាប់អារម្មណ៍​វា​ជា​រឿង​មួយ​។ ប៉ុន្តែ​ការ​ដែល​សំខាន់​គឺ​កម្ពុជា ត្រូវតែ​ធានា​ឱ្យ​បាន​នូវ​សន្តិសុខ​សុវត្ថិភាព ហើយក៏​លុបបំបាត់​ឱ្យ​បាន​រាល់​បញ្ហា​ដែល​មាន​ការ​លើក​ឡើង​កន្ល​ងៗ មក​ដូចជា​ពាក់ព័ន្ធ​ជាមួយនឹង​ការ​ឆបោក​តាម​អនឡាញ អំពើ​ជួញដូរ​មនុស្ស​អី​ជាដើម​។ អ៊ីចឹង​រឿង​ទាំងអស់​ហ្នឹង ត្រូវតែ​លុបបំបាត់​ឱ្យ​បាន​អាហ្នឹង​ទើប​លែង​មាន​ការ​ព្រួយបារម្ភ ការភ័យខ្លាច​ពី​ទេសចរ​ក្នុង​ការ​មក​ទស្សនា​ប្រទេស​កម្ពុជា»។

ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ឡើងវិញ នៅ​ព្រឹក​ថ្ងៃទី ០៤ វិច្ឆិកា ក្រោម​ព្រះរាជ​វត្តមាន​របស់​ព្រះមហាក្សត្រ​ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី​។ ស្ពាន​នេះ​បាន​បិទ​លែងឱ្យ​ភ្ញៀវ​ទេសចរ​ធ្វើដំណើរ​លើ​នោះ កាល​ពី​ឆ្នាំ ២០១៦ ដើម្បី​ជួសជុល​ឡើងវិញ ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​សាកលវិទ្យាល័យ​សូហ្វីយ៉ា (Sophia University) នៃ​ប្រទេស​ជប៉ុន (Japan) ដោយ​ក្នុង​នោះ​ប្រទេស​ជប៉ុន បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ និង​ជំនាញ​បច្ចេកទេស​ដើម្បី​ជួសជុល​ស្ពាន​ហាល និង​អភិរក្ស​តំបន់​រមណីយដ្ឋាន​អង្គរ ជាពិសេស​ប្រាសាទបាយ័ន ដោយ​ចំណាយ​ប្រាក់​អស់ ២៦​លាន​ដុល្លារ។

ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី មាន​ព្រះរាជ​បន្ទូល​នៅក្នុង​ព្រះរាជ​ពិធី​នោះ​ថា ការ​ដាក់​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​ឡើងវិញ​នូវ​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​នាពេល​នេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដែល​ជា​ស្នាដៃ និង​និមិត្តរូប​ដ៏​ខ្ពង់ខ្ពស់​នៃ​មហាវីរៈក្សត្រ​សម័យ​អង្គ​រ គឺ​ព្រះបាទ​សូរ្យវរ្ម័ន​ទី២។ ព្រះអង្គ​មាន​ព្រះរាជ​បន្ទូល​បន្ត​ថា ព្រឹត្តិការណ៍​នេះ​ក៏បាន​បង្ហាញ​ពី​ទំនាក់ទំនង​ការទូត​ដ៏​ស្អិតល្មួត​ក្នុង​រយៈពេល ៧០​ឆ្នាំ រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ជប៉ុន។

    នរោត្តម សីហមុនី៖ «ក្នុង​ន័យ​នេះ ខ្ញុំ​សូម​លើកទឹកចិត្ត និង​គាំទ្រ​ឱ្យ​បន្ត​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​អភិរក្ស និង​ស្រាវជ្រាវ​របស់​កម្ពុ​ជាតា​ម​គ្រប់​រូបភាព និង​គ្រប់​ទម្រង់​ជាមួយ​ស្ថាប័ន​នានា​នៃ​ប្រទេស​ជប៉ុន ព្រមទាំង​ជាមួយ​ដៃគូ​ជាតិ និង​អន្តរជាតិ»។

ស្ពាន​ហាល​ដែល​មាន​ទីតាំងនៅ​ខាងលិច ឬ​ចំ​ពីមុខ​ប្រាសាទអង្គរវត្ត គឺជា​ស្ពាន​សំខាន់​មួយ ក្នុង​ការ​នាំ​ភ្ញៀវ​ទេសចរ​ទៅ​ខាង​ក្នុង​ប្រាសាទ កាត់​ពីលើ​គូ​ទឹក​ព័ទ្ធជុំវិញ​។ ទីតាំង​នេះ​អំណោយផល​ដល់​ការ​ទស្សនា និង​ផ្ដិត​យក​រូបភាព ដ៏​ស្រស់​ស្អាត​របស់​ប្រាង្គ​ប្រាសាទអង្គរវត្ត​ដែល​នៅ​ខាងក្នុង អម​ជា​ជាមួយ​កំពូល​បី​ដែល​នៅ​កំពែង​ខាងក្រៅ​។ ប៉ុន្តែ​ដោយសារ​កត្តា​អាយុកាល បណ្ដាល​ឱ្យ​ស្ពាន​នេះ​ចាស់​ទ្រុឌទ្រោម តម្រូវ​ឱ្យ​មាន​ការ​ជួស​ជុល​អភិរក្ស​ឡើងវិញ ដោយ​អាជ្ញាធរ​អប្សរា​បាន​ដំឡើង​ស្ពាន​បណ្ដែត​ទឹក​មួយ នៅ​ក្បែរ​នោះ​ដើម្បី​ឱ្យ​ភ្ញៀវ​ធ្វើដំណើរ​ជំនួស​វិញ។

ការ​ជួសជុល​ស្ពាន​ហាល​ខាងលិច​នៃ​ប្រាសាទអង្គរវត្ត ត្រូវ​បាន​ចាប់ផ្ដើម និង​បញ្ចប់​សរុប ១៩​ឆ្នាំ ចែក​ចេញជា ២​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១ ប្រើ​ពេល ១២​ឆ្នាំ និង​ដំណាក់កាល​ទី​២ ប្រើ​ពេល ៧​ឆ្នាំ ដែល​ធ្វើឡើង​ដោយមាន​ការអនុញ្ញាត​ពី​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ អាយ​.​ស៊ី​.​ស៊ី (ICC-Angkor) ដែល​មាន​ប្រទេស​ជប៉ុន (Japan) និង​ប្រទេស​បារាំង (French) ជា​សហប្រធាន។

រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា ឱ្យ​ដឹង​ថា ក្នុង​ដំណាក់កាល​នៃ​ការ​ជួសជុល​ទាំង ២​ដំណាក់កាល​នេះ ថ្មភក់ និង​ថ្ម​បាយ​គ្រាម​ជាច្រើន​ពាន់​ដុំ ត្រូវ​បាន​រៀបចំឡើង​វិញ​ដោយ​ប្រើ​ថវិកា​ជាច្រើន ខណៈ​ថវិកា​របស់​ប្រទេស​ជប៉ុន បាន​កើនឡើង​ជាង ១​រយ​លាន​ដុល្លារ​។ អ្នកស្រី​បន្ត​ថា បើ​ទោះបី​ស្ពាន​ហាល​ត្រូវ​បាន​បញ្ចប់​ការ​ជួសជុល ក៏ប៉ុន្តែ​អាជ្ញាធរ​ជាតិ​អប្សរា និង​សាកលវិទ្យាល័យ​សូហ្វីយ៉ា កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ បាន​ចុះ​អនុស្សរណៈ​យោគយល់​ចំនួន ២​បន្ថែម​ទៀត លើ​គម្រោង​ថែទាំ​ស្ពាន​ហាល​អង្គរវត្ត និង​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស សម្រាប់​រយៈពេល ៥​ឆ្នាំ​បន្ត​ទៀត។

    ​អ្នកស្រី ភឿង សកុណា៖ «ការ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ស្ពាន​ហាល​អង្គរវត្ត​នា​ថ្ងៃនេះ​គឺជា​តឹក​តាង​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​នៃ​កិច្ចសហការ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​ជប៉ុន​។ ហើយ​ស្ពាន​ហាល​អង្គរវត្ត​នឹង​បើក​ដំណើរការ​ឱ្យ​ប្រើ​ប្រាស់​ឡើងវិញ​ជា​ផ្លូវការ ចាប់ពី​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ​។ ក្នុង​នោះ​អាជ្ញាធរ​ជាតិ​អប្សរា នឹង​បន្ត​ការ​កែសម្រួល​ខ្សែ​ទិសដៅ​ទស្សនា សំដៅ​ធ្វើ​យ៉ាងណា​ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ ដើម្បី​សម្រួលការ​បង្កើន​បទពិសោធន៍​ទស្សនា​ថ្មី​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផង​ដែរ»។

អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល ឱ្យ​ដឹង​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​វប្បធម៌ កាលពី​ថ្ងៃទី ០១ វិច្ឆិកា ថា ដោយ​ការ​ព្រួយបារម្ភ​អំពី​ភាព​សឹក​រេចរឹល​របស់​ថ្ម ទៅ​ថ្ងៃ​អនាគត ដោយសារ​កំណើន​របស់​ភ្ញៀវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​នោះ អាជ្ញាធរ​ជាតិ​អប្សរា នៅតែ​បន្ត​រក្សាទុក​ស្ពាន​បណ្ដែត​ទឹក​ឱ្យ​បន្ត​ដំណើរ​ការ​ដដែល ដោយ​កំណត់​ទិសដៅ​ធ្វើ​ដំណើរ​ផ្សេង​គ្នា គឺ​ស្ពាន​ហាល​នឹង​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ធ្វើដំណើរ​ឆ្លង​ចូល​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត ហើយ​ស្ពាន​បណ្ដែត​ទឹកនឹង​ជា​ទិសដៅ​សម្រាប់​ភ្ញៀវ​ចាក​ចេញ​ពី​ទស្សនា​ប្រាសាទ​មកវិញ។

ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត មាន​ប្រវែង ១៩០​ម៉ែត្រ ទទឹង​ជាង ១១​ម៉ែត្រ និង​កម្ពស់​ជាង ៤​ម៉ែត្រ ត្រូវ​បាន​ជួសជុល​ចំនួន ៥​ដង​រួច​មក​ហើយ រាប់​ចាប់​តាំងពី​សតវត្ស​ទី​១៦​។ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ធ្លាប់​បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ ជាពិសេស​អង្គការ​យូណេស្កូ (UNESCO) ឱ្យ​ជួយ​ការពារ និង​ស្រោចស្រង់​រមណីយដ្ឋាន​អង្គរ​ជាបន្ទាន់ ដែល​ការណ៍​នេះ​នាំ​ឱ្យ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ សម្រេច​ចុះបញ្ជី​រមណីយដ្ឋាន​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩៩២៕

No comments: