Wednesday, 22 November 2023

ពលរដ្ឋ​ផ្លាស់​លំនៅ​ពី​តំបន់​អង្គរ ទៅ​រស់នៅ​តំបន់​រុនតាឯក​មាន​ជីវភាព​កាន់តែ​លំបាក​ខ្លាំង


ដោយ សុជីវី
2023.11.20

ពលរដ្ឋ​ផ្លាស់​លំនៅ​ពី​តំបន់​អង្គរ ទៅ​រស់នៅ​តំបន់​រុនតាឯក​មាន​ជីវភាព​កាន់តែ​លំបាក​ខ្លាំង
 

រូបពីពលរដ្ឋ


តំបន់​ភូមិ​ធម្មជាតិ​រុនតាឯក ឋិត​ក្នុង​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប​ ជា​កន្លែង​អាជ្ញាធរ​ជាតិ​អប្សរា រៀបចំ​ដី​សម្បទាន​សង្គមកិច្ច​ចែក​ជូន​ពលរដ្ឋ​ជាច្រើន​ពាន់​គ្រួសារ ដែល​ជម្លៀស​ពី​តំបន់​អង្គរ​ទៅ​រស់​នៅ​ទី​នោះ បាន​ក្លាយ​ជា​បញ្ហា​ចម្រូងចម្រាស់​ផ្នែក​ជីវភាព និង​មុខរបរ​ចិញ្ចឹម​ជីវិត​របស់​ពលរដ្ឋ។

មក​ទល់​ពេល​នេះ ពលរដ្ឋ​ដែល​ផ្លាស់ទី ពី​តំបន់​រមណីឋាន​អង្គរ ទៅ​រស់​នៅ​តំបន់​ភូមិ​ធម្មជាតិ​រុនតាឯក នៅ​មាន​តិចតួច​ប៉ុណ្ណោះ ដែល​មាន​លទ្ធភាព​សង់​ផ្ទះ​ដោយ​ខ្លួនឯង​ ហើយ​ពលរដ្ឋ​ខ្លះ​ទុក​ផ្ទះ​ចោល ខ្លះ​ដាក់​ស្លាក​លក់​ដី និង​ខ្លះទៀត យក​បណ្ណ​ក្រីក្រ​ទៅ​បញ្ចាំ ដើម្បី​ដោះស្រាយ​ជីវភាព។

រីឯ​ពលរដ្ឋ​មួយ​ចំនួន​ទៀត បន្ត​រុះរើ​ផ្ទះ​របស់​ខ្លួន ចេញ​ពី​តំបន់​រមណីឋាន​អង្គរ និង​ខ្លះ​ទៀត ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទទួល​យក​គោល​នយោបាយ របស់​អាជ្ញាធរ​ជាតិ​អប្សរា ។

ពលរដ្ឋ​រស់​នៅ​តំបន់​រុនតាឯក សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ខ្លាច​អាជ្ញាធរ​ធ្វើ​បាប ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា អ្នក​ភូមិ​ភាគ​ច្រើន​គ្មាន​ការងារ​ធ្វើ ពិបាក​រក​ប្រាក់​ចំណូល​ចិញ្ចឹម​ជីវិត ធ្វើ​ឱ្យ​ពួក​គាត់​ប្រឈម​នឹង​បញ្ហា​ច្រើន ក្នុង​ពេល​រស់​នៅ​ទីតាំង​ថ្មី។

លោកស្រី​ថា ពលរដ្ឋ​មួយ​ចំនួន​ទៀត ធ្វើ​ចំណាក​ស្រុក ដើម្បី​សន្សំ​លុយ​សង់​ផ្ទះ​ថ្មី។

    «រោងចក្រ បង្កើត​ការងារ ដើម្បី​ពលរដ្ឋ​ទីនោះ និង​រមណីយដ្ឋាន​នៅ​ទីនោះ ឱ្យ​ភ្ញៀវ​ទេសចរ​នៅ​ទី​នោះ បង្កើត​មុខ​របរ​រកស៊ី រក​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ ហើយ​គាត់​មាន​របរ​រកស៊ី ដល់​ពេល​គាត់​មាន​ប្រាក់​ចំណូល​ល្អ​ជាង។ ឥឡូវ​ទី​នោះ ពលរដ្ឋ​មក​ធ្វើការ​នៅ​ខេត្ត គឺ​គាត់​អត់​មាន​អី​ធ្វើ​ទេ»។



យុវជន​ដែល​ចុះ​ស្រាវជ្រាវ​ការ​រស់នៅ​របស់​ពលរដ្ឋ​នៅ​តំបន់​រុនតាឯក គឺ​កញ្ញា ថោង ចន្ទថី សង្កេត​ឃើញ​ថា ឧបសគ្គ​ចម្បង​របស់​ពលរដ្ឋ គឺ​ត្រូវ​ងើប​ពី​ព្រលឹម ធ្វើ​ដំណើរ​ទៅ​មក មាន​ចម្ងាយ ៦០គីឡូ​ម៉ែត្រ ពី​តំបន់​រុនតាឯក មក​ក្រុង​សៀមរាប ដោយ​ត្រូវ​ចំណាយ​ពេល​វេលា និង​ថវិកា។

កញ្ញា​បន្ថែម​ថា ពលរដ្ឋ​មួយ​ចំនួន​ទៀត ពុំ​ទាន់​មាន​លទ្ធភាព​សង់​ផ្ទះ​ដោយ​ខ្លួន​ឯង​នៅ​ឡើយ ហើយ​ពលរដ្ឋ​ខ្លះ​ទៀត ខ្ចី​លុយ​គេ ដើម្បី​សង់ផ្ទះ។

    កញ្ញា ថោង ចន្ទថី៖ «គាត់​មាន​ជីវភាព​មិន​សូវ​ធូរធារ មិន​សូវ​មាន​លុយ ការ​លំបាក​ពួកគាត់ មុខ​របរ អត់​ការងារ​ធ្វើ ហើយ​បើ​ត្រូវ​មក​រស់​នៅ​ទីក្រុង​ឆ្ងាយ គាត់​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ»។

ឆ្លើយ​តប​រឿង​នេះ អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល មាន​ប្រសាសន៍​ថា ​អាជ្ញាធរ​កំពុង​រៀបចំ​ធ្វើ​យ៉ាង​ណា​ជំរុញ​ឱ្យ​ជីវភាព​ពលរដ្ឋ ដែល​រស់​នៅ​តំបន់​រុនតាឯក​ល្អ​ប្រសើរ ក៏ប៉ុន្តែ​ផែនការ​នេះ មិន​ទាន់​ធ្វើ​បាន​ភ្លាមៗ ទេ។

លោក​បញ្ជាក់​ថា រដ្ឋាភិបាល បាន​រៀបចំ​ផែន​ការ​សកម្មភាព​មួយ​ចំនួន​ទៀត​ ដើម្បី​បង្កើន​វិស័យ​ទេសចរ​នៅ​តំបន់​នោះ និង​អភិវឌ្ឍន៍​ទីក្រុង​ថ្មី​មួយ។

    លោក ឡុង កុសល៖ «ទៅ​ភ្លាម​មិន​ប្រាកដ​ថា ទៅ​ដល់​ស្រួល​ទាំង​អស់​គ្នា​នោះ​ទេ តែ​យើង​ត្រូវ​ពិនិត្យ​មើល​អំពី លទ្ធភាព​ទៅ​ថ្ងៃ​អនាគត។ អា​ហ្នឹង​ជា​ចំណុច​សំខាន់ គោល​នយោបាយ ដែល​រដ្ឋាភិបាល​រៀបចំ​ជូន​គាត់ យើង​ក៏​មាន​សកម្មភាព​ទេសចរ​មួយ​ចំនួន​នៅ​ហ្នឹង​ដែរ។ យើង​មិន​ព្រងើយ​កន្តើយ​នោះ​ទេ​ក្នុង​កិច្ច​ការងារ​នេះ»។

អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ថែម​ថា មក​ទល់​ពេល​នេះ មាន​ពលរដ្ឋ​ដែល​ស្ម័គ​ចិត្ត ចាក​ចេញ​ពី​តំបន់​រមណីយ​ដ្ឋាន​អង្គរ ទៅ​រស់​នៅ​តំបន់​រុនតាឯក ក្នុង​ចន្លោះ​ពី ៥ពាន់ (៥.០០០) ទៅ ៦ពាន់​គ្រួសារ (៦.០០០) ក្នុង​ចំណោម​ពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ដែល​ចុះ​អង្កេត​រឿង​នេះ យល់​ថា ក្ដី​កង្វល់​របស់​ពលរដ្ឋ រដ្ឋាភិបាល​ត្រូវ​រក​មធ្យោបាយ ឱ្យ​ពួកគាត់​មាន​ជីវភាព​ល្អ​ប្រសើរ ដែល​អាច​ចិញ្ចឹម​ជីវិត​បាន​សមរម្យ។

    លោក កើត សារ៉ាយ៖ «មាន​អ្នក​ខ្លះ​គាត់​បាន​រើ​ចេញ ពី​ទី​កន្លែង​នោះ មិន​អាច​នៅ​តំបន់​នោះ​ទេ​ ដោយសារ​ជីវភាព​ពួកគាត់​លំបាក​មែនទែន ក្នុង​ការ​ធ្វើ​ជំនួញ​ផ្សេងៗ»។

រដ្ឋាភិបាល​បាន​ឈូសឆាយ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​លើ​ផ្ទៃដី​ជាង ១ពាន់ ២រយ​ហិកតារ (១.១១២) ដើម្បី​អភិវឌ្ឍន៍​តំបន់​រុនតាឯក ជា​ដី​សម្បទាន​សង្គមកិច្ច​សម្រាប់​ចែក​ជូន​ពលរដ្ឋ ដែល​ត្រូវ​បាន​ជម្លៀស​ចេញ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ឱ្យ​ទៅ​នៅ​តំបន់​នោះ។

ទោះ​ជា​យ៉ាង​ណា ក្ដី កាល​ពី​ថ្ងៃ​ទី១៤ វិច្ឆិកា អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​មួយ ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​គោរព​សិទ្ធិ​ពលរដ្ឋ និង​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​ពលរដ្ឋ​ឱ្យ​រស់​នៅ​ក្នុង​តំបន់​អង្គរ ដូច​ដូនតា​របស់​ពួក​គាត់ ដែល​ជា​ម្ចាស់​អង្គរ​ធ្លាប់​បាន​រស់​នៅ។

អង្គការ​នេះ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ឈប់​បណ្ដេញ​ពលរដ្ឋ​ដោយ​បង្ខំ និង​ត្រូវ​រៀបចំ​ទី​តាំង​លំនៅឋាន​ថ្មី​ឱ្យ​ពលរដ្ឋ​អាច​រស់​នៅ​សមរម្យ និង​អាច​ចិញ្ចឹម​ជីវិត​បាន។

ឆ្លើយតប​របាយការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​នេះ អង្គការ យូណេស្កូ (UNESCO) ភ្លាមៗ បាន​ចេញ​មុខ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​បណ្ដេញ​ពលរដ្ឋ​ដោយ​បង្ខំ​ចេញ​ពី​តំបន់​អង្គរ។ អង្គការ យូណេស្កូ UNESCO ក៏​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធានា​គោរព​សិទ្ធិ​ពលរដ្ឋ​រស់នៅ​តំបន់​អង្គរ​ ដោយ​ត្រូវ​អនុវត្ត​តាម​សំណើ​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ ដែល​បាន​លាត​ត្រដាង​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អាជ្ញាធរ​រដ្ឋាភិបាល៕

No comments: