Saturday, 18 November 2023

លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​លុបបំបាត់​ការ​រើសអើង​សាសនា និង​នយោបាយ មន្ត្រី​បក្សប្រឆាំង​ចង់ឃើញ​អនុវត្តន៍​ជាក់ស្ដែង


ដោយ ខាន់ លក្ខិណា
2023.11.17
លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​លុបបំបាត់​ការ​រើសអើង​សាសនា និង​នយោបាយ មន្ត្រី​បក្សប្រឆាំង​ចង់ឃើញ​អនុវត្តន៍​ជាក់ស្ដែង 

លោក ហ៊ុន ម៉ាណែត ​ក្នុង​ពិធី​ស្រោចស្រពព្រះសុគន្ធវារី ប្រគេន​ព្រះមន្ត្រី​សង្ឃ​ជាន់​ខ្ពស់​នៃ​គណៈមហានិកាយ ចំនួន ១១អង្គ នៅ​វត្តមុនីសុវណ្ណ ហៅ​វត្តចំពុះក្អែក ក្នុង​សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នៅ​ថ្ងៃ​ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន



លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្ដែង​ការ​បារម្ភ​ពី​ការ​ផ្ទុះ​សង្គ្រាម ដោយសារ​ការ​រើសអើង និង អំពើ​ជ្រុលនិយម​ក្នុង​សង្គម​ខ្មែរ ។ ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​តាមដាន​បញ្ហា​សង្គម លើក​ឡើង​ថា វា​គ្មាន​រឿង​បែប​នេះ​កើត​ឡើង​ទេ បើ​មេ​ដឹកនាំ​គោរព​រដ្ឋធម្មនុញ្ញ ហើយ​បើក​លំហ​នយោបាយ និង​សិទ្ធិ​សេរីភាព​ឡើង​វិញ​នោះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្ដេជ្ញា​លុបបំបាត់ ទស្សនៈ​ជ្រុល​និយម និង​ការ​រើសអើង​លើ​វិស័យ​សាសនា និង​នយោបាយ ដោយ​លោក​បារម្ភ ខ្លាច​មាន​ការ​ផ្ទុះ​សង្គ្រាម​កើត​ឡើង​ពី​ស្ថានភាព​បែប​នេះ ដែល​នាំ​ឱ្យ​បែកបាក់​សាមគ្គី​នៅ​ក្នុង​សង្គម​ជាតិ។

ការ​ថ្លែងសារ​របស់​លោក ហ៊ុន ម៉ាណែត នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ស្រោចស្រព ព្រះសុគន្ធវារី ប្រគេន​ព្រះមន្ត្រី​សង្ឃ​ជាន់​ខ្ពស់​នៃ​គណៈមហានិកាយ ចំនួន ១១អង្គ នៅ​វត្តមុនីសុវណ្ណ ហៅ​វត្តចំពុះក្អែក ក្នុង​សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នៅ​ថ្ងៃ​ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។



ក្នុង​ពិធី​នោះ លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​សារ​អប់រំ និង​ប្ដេជ្ញា​លុបបំបាត់​សកម្មភាព​រើសអើង និង​គោល​នយោបាយ​ជ្រុលនិយម​នៅ​ក្នុង​សង្គម​ខ្មែរ​ទាំង​ក្នុង​វិស័យ​នយោបាយ ជំនឿ​សាសនា និង​និន្នាការ មតិ​ជាតិ សាសន៍​ផ្សេងៗ ទៀត។

    លោក ហ៊ុន ម៉ាណែត៖ «អ្វី​ដែល​កើត​ឡើង​មុន​គេ គឺ​ជម្លោះ​នៅ​ក្នុង​ចិត្ត​របស់​ប្រជាពលរដ្ឋ ការ​កាន់ ការ​រើសអើង ការ​លាប​ពណ៌ ការ​ឱ្យ​ស្អប់​សញ្ជាតិ​នេះ សញ្ជាតិ​នោះ គឺ​រឿង​មួយ​នេះ គឺ​ជា​កត្តា ដែល​ធ្វើ​ឱ្យ​មនុស្ស​ឈាន​ទៅ​ស្អប់​គ្នា ហើយ​បើ​ស្អប់​គ្នា​ហើយ មិន​ចាំបាច់​មាន​អាវុធ​ទេ ដុំ​ថ្ម​ក៏​អាច​បង្កើត​សង្គ្រាម​បាន​ដែរ តែ​បើ​សិន​ជា​មាន​ភាព​កក់ក្ដៅ រក្សា​សុខដុមរមនីយកម្ម ប្រកាន់​ជំហរ​កណ្ដាល ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក នេះ​ហើយ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​គោរព​គ្នា និង​យោបល់​គ្នា ទុក​ចិត្ត​គ្នា ដែល​អាច​ឱ្យ​យើង​រក្សា​នូវ​សុខ​សន្តិភាព​បាន»។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន សាទរ ចំពោះ​ការ​ប្រកាស​លោក ហ៊ុន ម៉ាណែត នេះ​ថា ជា​បំណង​របស់​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​ចង់​បាន។ ចំពោះ​សង្គ្រាម​វិញ លោក​ថា វា​មិន​អាច​កើត​ឡើង​ទេ បើ​រដ្ឋាភិបាល​គោរព​រដ្ឋធម្មនុញ្ញ និង​ដោះស្រាយ​អំពើ​អយុត្តិធម៌​សង្គម​បច្ចុប្បន្ន។

តែ​យ៉ាង​ណា​ក្ដី លោក​ជំរុញ ឲ្យ​លោក ហ៊ុន ម៉ាណែត ថា ត្រូវ​អនុវត្ត​ជាក់ស្ដែង ចំពោះ​ការ​លើក​ឡើង​នេះ ដោយ​កុំ​បាន​តែ​ថ្លែង​ឱ្យ​ពីរោះ​ស្ដាប់ ព្រោះ​កន្លង​មក លោក​កត់​សម្គាល់​ឃើញ​ថា អ្នក​ដែល​រើសអើង និង​លាប​ពណ៌​ពលរដ្ឋ និង​បក្ស​ប្រឆាំង​នោះ គឺ​គណបក្ស​កាន់​អំណាច។

    លោក រ៉ុង ឈុន៖ «អ្នក​កាន់​អំណាច​តែ​រក​លេស​នេះ លេស​នោះ ប្រើ​ប្រព័ន្ធ​តុលាការ យក​មក​ដាក់​គំនាប មក​លើ​អ្នក​ដែល​មាន​មតិ​ផ្ទុយ ឬ​អ្នក​នយោបាយ នៅ​ក្នុង​បក្ស​ប្រឆាំង ចំណុច​ទាំង​អស់​នេះ​ហើយ ខ្ញុំ​ស្នើ​ឱ្យ​លុបបំបាត់ ចាប់​ពី​ពេល​នេះ​ត​ទៅ»។

លោក រ៉ុង ឈុន ស្នើ​លោក ហ៊ុន ម៉ាណែត ឱ្យ​បើក​លំហ​សេរីភាព​នយោបាយ គោរព​សិទ្ធិមនុស្ស និង​ដោះ​លែង​លោក ថាច់ សេដ្ឋា លោក កាក់ កុម្ភារ កញ្ញា សេង ធារី កញ្ញា ឈឹម ស៊ីថរ និង​សកម្មជន​ផ្សេងៗ ទៀត ឱ្យ​មាន​សេរីភាព​វិញ​ជា​ដើម។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា ចាត់​ទុក​ការ​ប្រកាស​របស់​នាយក​រដ្ឋមន្ត្រី​ថា ជា​រឿង​ល្អ ប៉ុន្តែ ដើម្បី​ឱ្យ​ការ​ប្រកាស​លុបបំបាត់​ការ​រើសអើង ការ​លាប​ពណ៌​នយោបាយ​នេះ​បាន ទាមទារ​ឱ្យ​មាន​យន្តការ​ធ្វើ ឬ​អនុវត្ត​ចេញ​ពី​គណបក្ស​កាន់​អំណាច​ខ្លួន​ឯង។

លោក​កត់​សម្គាល់​ឃើញ​ថា សូម្បី​តែ​មន្ត្រី​មួយ​ចំនួន​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​មាន​ការ​ចោទ​ប្រកាន់​លាប​ពណ៌​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ចំណែក​ពលរដ្ឋ​វិញ គ្រាន់តែ​ចេញ​តវ៉ា​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ដីធ្លី​របស់​ខ្លួន ក៏​រង​ការ​លាប​ពណ៌​ដែរ បញ្ហា​នេះ​ហើយ ដែល​ធ្វើ​សង្គម​កាន់​តែ​ប្រេះស្រាំ​ឈាន​ទៅ​បែកបាក់​នោះ។

    លោក ឯម សុវណ្ណារ៉ា៖ «អ៊ីចឹង​ខ្ញុំ​គិត​ថា ពលរដ្ឋ​សាមញ្ញ​ពុំ​មាន​ទៅ​លាប​ពណ៌​គណបក្ស​នេះ គណបក្ស​នោះ​ទេ ច្រើន​តែ​គណបក្ស​កាន់​អំណាច​លាប​ពណ៌​ពលរដ្ឋ ឬ​គណបក្ស​ប្រឆាំង​អី​អ៊ីចឹង»។

ទោះ​បី​ជា​លោក ហ៊ុន ម៉ាណែត ថ្លែង​សារ​អប់រំ និង​ប្រកាស​ប្ដេជ្ញា​បែប​នេះ ក៏​ដោយ ប៉ុន្តែ​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​សង្គម និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង ដែល​មាន​មតិ​ផ្ទុយ តែងតែ​ត្រូវ​បាន​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត លាប​ពណ៌ និង​ចោទ​ប្រកាន់ រួម​ទាំង​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ឥត​ឈប់ឈរ​ផង​ដែរ។ គិត​មក​ដល់​ពេល​នេះ មាន​សកម្មជន​ប្រមាណ ៧០នាក់ហើយ កំពុង​ជាប់​ពន្ធនាគារ ក្រោម​ហេតុផល​នយោបាយ។ រីឯ​ក្រុម​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង និង​សកម្មជន​មួយ​ចំនួន ត្រូវ​បង្ខំ​ចិត្ត​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ខ្លួន​ជា​ដើម៕

No comments: