ដោយ សុជីវី
2023.11.10
ព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហមុនី (មុខ) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ក្រោយ) ក្នុងពិធីហែព្យុះហយាត្រា រំលឺកខួប៧០ឆ្នាំ នៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
អ្នកវិភាគនយោបាយ និងអ្នកឃ្លាំមើលលើកឡើងថា កម្ពុជាងាយនឹងធ្លាក់ក្រោមឥទ្ធិពលនៃអាណានិគមនិយមបែបថ្មី ដរាបណាសេដ្ឋកិច្ចកម្ពុជា វិស័យយោធា និងអភិបាលកិច្ចនៅតែទន់ខ្សោយដូចនៅក្នុងពេលបច្ចុប្បន្ន។ ការលើកឡើងបែបនេះ ស្របពេលដែលកម្ពុជាកំពុងប្រារព្ធខួបលើកទី៧០ នៃទិវាឯករាជ្យជាតិ នៅថ្ងៃទី៩ ខែវិច្ឆិកា។
គិតត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្ពុជាបានទទួលឯករាជ្យពីអាណានិគមបារាំងរយៈពេល៧០ឆ្នាំមកហើយ។ ទោះជាយ៉ាងណា ដោយសារឆ្លងកាត់សម័យកាលសង្គ្រាមត្រជាក់រវាងប្រទេសមហាអំណាច របបវាលពិឃាដ ឬកម្ពុជាប្រជាធិបតេយ្យ សង្គ្រាមស៊ីវិល និងការដឹកនាំបែបផ្ដាច់ការផងនោះ ធ្វើឱ្យកម្ពុជាកាន់តែប្រឈមនឹងការធ្លាក់ក្រោមអាណានិគមបែបថ្មី ពីសំណាក់បរទេស។
អ្នកវិភាគ និងអ្នកឃ្លាំមើលស្ថានការណ៍សង្គម លើកឡើងស្រដៀងៗគ្នាថា អ្នកដឹកនាំរដ្ឋាភិបាល គួរលើកកម្ពស់ការផ្សះផ្សាជាតិ និងយុត្តិធម៌សង្គម ដើម្បីពង្រឹងឯករាជ្យភាពជាតិ ជាជាងគ្រាន់តែប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ផ្អើលទឹកផ្អើលដី ប៉ុន្តែវិស័យសេដ្ឋកិច្ច យោធា និងធនធានមនុស្សនៅតែទន់ខ្សោយ។
អ្នកវិភាគនយោបាយចាស់វស្សា លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា កម្ពុជានឹងមិនអាចមានឯករាជ្យភាព និងអធិបតេយ្យភាពពេញលេញនោះឡើយ ប្រសិនបើថ្នាក់ដឹកនាំរដ្ឋាភិបាលមិនលើកកម្ពស់នីតិរដ្ឋ និងការផ្សះផ្សាជាតិ។
បណ្ឌិត ឡៅ ម៉ុងហៃ៖ «ហើយមួយទៀតពីរឿងលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សអី អាហ្នឹងយើងមាន ប្រទេសយើងមូលមាត់ជាមួយគេ។ ប្រទេសឯករាជ្យ មិនចាំបាច់មានអ្នកណាមកប្រដៅទេ យើងសន្យាគោរពសិទ្ធិមនុស្សគោរពអ៊ីចឹងទៅ។ សន្យាធ្វើនយោបាយការបរទេសអព្យាក្រឹត្យហ្នឹង យើងប្រកាន់អព្យាក្រឹត្យ នេះជាចរិតអ្នកដែលថាឯករាជ្យ ម្ចាស់ការខ្លួនឯង»។
លោកបន្តថា ព្រះបាទ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ បានធ្វើឱ្យកម្ពុជាបានឯករាជ្យជាតិពេញលេញ មិនមែនដោយសារតែព្រះអង្គដឹកនាំប្រទេសបែបនីតិមាត់ ដែលមានន័យថាសេចក្ដីសម្រេចអ្វីគ្រប់យ៉ាង អាស្រ័យតែលើអ្នកដឹកនាំតែម្នាក់នោះទេ ប៉ុន្តែដោយសារតែការអនុវត្តច្បាប់បានល្អតាំងពីថ្នាក់ភូមិ ឃុំ រហូតដល់ថ្នាក់លើ។
បណ្ឌិត ឡៅ ម៉ុងហៃ៖ «ខ្ញុំសុំឱ្យរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងអស់ ពង្រឹងឯករាជ្យភាពរបស់យើង តាមរយៈការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»។
ប្រទេសកម្ពុជាស្ថិតនៅក្រោមអាណាព្យាបាល និងអាណានិគមរបស់ប្រទេសបារាំងរយៈពេល៩០ឆ្នាំ គឺពីឆ្នាំ១៨៦៣ ដល់ ១៩៥៣។ បន្ទាប់ពីទទួលបានឯករាជ្យភាពពេញលេញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ កម្ពុជាបានចាប់ផ្ដើមប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ដើម្បីរំឭកដល់ស្មារតីកងទ័ពជាតិកម្ពុជា និងស្នាព្រះហស្ត ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានទាមទារឯករាជ្យពីបារាំង។
ជុំវិញថ្ងៃរំឭកខួបឯករាជ្យជាតិនេះប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្សី បានបង្ហោះរូបថតមួយចំនួនរបស់ឪពុកលោក គឺលោក សម សារី ថតជាមួយសម្ដេចព្រះនរោត្តម សីហនុ ព្រមទាំងជាមួយឥស្សរជននយោបាយខ្មែរមួយចំនួនទៀត នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដោយរំឭកឡើងវិញនូវកិច្ចខំប្រឹងប្រែងរបស់ឪពុកលោក ដែលបានបំពេញការងារយ៉ាងសកម្មជាមួយព្រះបរមរតនកោដ្ឋ ក្នុងការទាមទារឯករាជ្យមកឱ្យកម្ពុជាវិញ។ លោកបានរំលេចពីសាររបស់ព្រះបាទ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ កោតសរសើរពីការងាររបស់លោក សម សារី ចំពោះបុព្វហេតុទាមទារឯករាជ្យជាតិនៅប្រទេសបារាំង។ ព្រះរាជសារដែលបានផ្ញើចេញពីទីក្រុងបាងកក (Bangkok) កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៥៣នោះ បង្ហាញថា ព្រះបាទ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ មានចេតនាដំឡើងឋានៈលោក សម សារី ទៅជារដ្ឋមន្ត្រីដោយមិនត្រូវពន្យារពេលទៀតផង។
បើទោះបីជាលោក សម រង្សី មិនបានបញ្ជាក់ពីគោលបំណងនៃការបង្ហោះសារនេះក្ដី ប៉ុន្តែតាមរយៈការរំឭកពីវីរភាពរបស់ឪពុកលោកនេះ ប្រៀបដូចជាការឆ្លើយតបទៅនឹងការចោទប្រកាន់របស់លោក ហ៊ុន សែន កាលពីពេលកន្លងមក តែងតែចោទប្រកាន់លោក សម រង្សី ដោយគ្មានភស្តុតាងថា ជាជនក្បត់ជាតិ ៣ជំនាន់។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត យល់ឃើញថា ដោយសារតែនយោបាយការបរទេសរបស់រដ្ឋាភិបាលលំអៀងទៅរកប្រទេសចិនក្នុងពេលបច្ចុប្បន្ន ខណៈព្រំដែនគោក និងទឹករបស់កម្ពុជា នៅតែប្រឈមនឹងការបាត់បង់ទៅឱ្យប្រទេសជិតខាងផងនោះ ដូច្នេះ ឯករាជ្យភាពរបស់ប្រទេសកម្ពុជាសព្វថ្ងៃនេះមិនរឹងមាំនោះឡើយ។
លោក ម៉ែន ណាត៖ «បញ្ហាបូរណភាពទឹកដីទៀតសោត យើងឃើញមានតំបន់កន្ទុយនាគ មានព្រំដែនខ្មែរ រដ្ឋាភិបាល ហ៊ុន សែន ឪពុករបស់ ហ៊ុន ម៉ាណែត ហ្នឹង គឺបានចុះហត្ថលេខា ចុះកិច្ចព្រមព្រៀងជាមួយវៀតណាមតែផ្ដេសផ្ដាសអ៊ីចឹងទៅ ខុសរដ្ឋធម្មនុញ្ញ ខុសកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយថែមទាំងទទួលស្គាល់កោះត្រល់ ចង្កោមកោះក្រចកសេះថា ជារបស់វៀតណាមទៀត អាហ្នឹងជារបស់ខ្មែរ។ អ៊ីចឹងបានយើងនិយាយពីភាពពេញលេញ នៃរដ្ឋអធិបតេយ្យកម្ពុជា មិនមានលក្ខណៈគ្រប់គ្រាន់ទេបច្ចុប្បន្នហ្នឹង»។
ទោះជាយ៉ាងណា លោក ម៉ែន ណាត យល់ឃើញថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែអាចពង្រឹងឯករាជ្យភាពជាតិបាន ប្រសិនបើរដ្ឋាភិបាលបើកលំហប្រជាធិបតេយ្យ និងជំរុញឱ្យមានការផ្សះផ្សាជាតិ។
លោក ម៉ែន ណាត៖ «ឧទាហរណ៍គ្រួសារមួយ យើងវាយចានវាយឆ្នាំង មានបញ្ហាផ្ទៃក្នុងគ្រួសារខ្លួនឯង តើឱ្យអ្នកដទៃជិតខាងណាគេហ៊ានជជែកជាមួយយើង មករកស៊ីជាមួយយើង។ អ៊ីចឹងបានយើងរំឭកហើយរំឭកទៀតថា ឱ្យដាក់ចិត្តដាក់កាយ ជជែកជាមួយអ្នកនយោបាយដែលមាននិន្នាការប្រជាធិបតេយ្យហ្នឹង បើកការប្រកួតប្រជែងស្មើមុខស្មើមាត់គ្នាទៅ អាហ្នឹងអាចជាមធ្យោបាយផ្សះផ្សាផ្លូវចិត្តបានហើយ ហើយអាចថ្ងៃណាមួយគេសរសើរប្រហាក់ប្រហែលហ្នឹងក្រុមមេដឹកនាំដែលទាមទាររំដោះឯករាជ្យពីប្រទេសបារាំងផងដែរ»។
ដោយឡែក អតីតតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន លើកឡើងថា ឯករាជ្យភាពជាតិអាចរឹងមាំទៅបាន លុះត្រាតែវិស័យសេដ្ឋកិច្ច យោធា និងធនធានមនុស្សកម្ពុជារឹងមាំ និងមានគុណភាព។
លោក ហ៊ុន សែន ហ្នឹងគាត់បានកាន់អំណាចហ្នឹងគឺដោយសារវៀតណាមលើកបន្តុប អ៊ីចឹងបើសិនជាគ្មានវៀតណាមជួយគាំទ្រទេ អាចមានផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាមានការប្រេះស្រាំ ដូច្នេះដើម្បីអាចកាន់អំណាចតពូជបានត្រូវពឹងវៀតណាម ដើម្បីសម្របសម្រួលនយោបាយនៅក្នុងបក្សប្រជាជន។ អ៊ីចឹងកម្ពុជាក៏អាចជាកូនជឹងមួយ ឬប្រទេសមួយដែលរណបវៀតណាម ឬក៏ចាត់ទុកវៀតណាមជាបងធំផងដែរ។
លោក អ៊ុំ សំអាន បន្តថា ប្រសិនបើប្រជាពលរដ្ឋមិនដឹងពីកាតព្វកិច្ចរបស់ខ្លួន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងមិនចូលរួមទាមទារឱ្យមានការបើកលំហប្រជាធិបតេយ្យឡើងវិញទេនោះ កម្ពុជានៅតែប្រឈមនឹងការដាក់អាណានិគមជំនាន់ថ្មីរបស់បរទេស។
លោក អ៊ុំ សំអាន៖ «ប្រជាពលរដ្ឋហ្នឹងធ្វើម៉េចចេះប្រើសិទ្ធិរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ ហើយយើងត្រូវក្រោកឈរទាំងអស់គ្នា ជាមួយអ្នកប្រជាធិបតេយ្យ ជាមួយបក្សប្រជាធិបតេយ្យហ្នឹងរួមគ្នា ដើម្បីបញ្ចប់របបផ្ដាច់ការនៅកម្ពុជា បើសិនជាយើងមិនអាចបញ្ចប់របបផ្ដាច់ការតពូជនៅកម្ពុជាទេ យើងហ្នឹងមិនទទួលនូវឯករាជ្យភាពពិតប្រាកដ មិនអាចការពារបូរណភាពទឹកដី មិនអាចមានប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សពិតប្រាកដនៅកម្ពុជានោះទេ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ដើម្បីបកស្រាយជុំវិញរឿងនេះបានឡើយ នៅថ្ងៃទី៩ ខែវិច្ឆិកា។
រដ្ឋាភិបាលតែងតែប្រារព្ធពិធីបុណ្យឯករាជ្យជាតិ យ៉ាងឱឡារិក ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជាធិបតីភាព របស់ព្រះមហាក្សត្រ ព្រះបាទ សម្ដេចព្រះនរោត្តម សីហមុនី ថ្នាក់ដឹកនាំរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា នៅវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ។ ទោះជាយ៉ាងណា អ្នកវិភាគនយោបាយលើកឡើងថា ក្រោមការដឹកនាំតាមបែបផ្ដាច់ការរបស់គ្រួសារត្រកូល ហ៊ុន បានបណ្ដាលឱ្យកម្ពុជាប្រឈមនឹងការបាត់បង់ឯករាជ្យភាពកាន់តែខ្លាំង ដោយសារតែមិនអាចប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសអព្យាក្រឹតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងមិនគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ព្រមទាំងធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយមាននិន្នាការប្រឆាំង ខ្វះស្មារតីបង្រួបបង្រួម និងផ្សះផ្សាជាតិ។
កាលពីពេលនៅមានព្រះជន្ម ព្រះបិតាឯករាជ្យជាតិ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គតែងតែផ្ញើសារអំពាវនាវឱ្យអ្នកនយោបាយខ្មែរចេះរួបរួម ផ្សះផ្សាគ្នាជាធ្លុងមួយដើម្បីធ្វើការងារបម្រើប្រទេសជាតិ និងប្រជាជន។ ព្រះអង្គមានព្រះបន្ទូលថា មានតែការផ្សះផ្សា រួបរួមគ្នាជាធ្លុងមួយរវាងភាគីខ្មែរនិងខ្មែរទេ ទើបធ្វើឱ្យខ្មែរខ្លាំង ខ្មែររឹងមាំតទៅអនាគត។ ក្រៅពីនោះ ព្រះអង្គក៏បានបំពេញព្រះរាជតួនាទីខ្ជាប់ខ្ជួនក្នុងនាមជានិមិត្តរូបជាតិ តាមរយៈការកោះហៅអ្នកនយោបាយមកពីនិន្នាការផ្សងៗគ្នា អង្គុយជជែកពិភាក្សាគ្នារកដំណោះស្រាយជាតិ ជាពិសេសនៅពេលមានបញ្ហាជាប់គាំងផ្នែកនយោបាយ និងការខ្វែងគំនិតគ្នាធ្ងន់ធ្ងររបស់ក្រុមអ្នកនយោបាយខ្មែរ៕
No comments:
Post a Comment