ដោយ ទីន ហ្សាការីយ៉ា
2023.11.29
លោក ភូ សុវណ្ណថា (ឈរកណ្ដាល) ប្រធានប្រតិបត្តិគណបក្សភ្លើងទៀនខេត្តបាត់ដំបង ក្នុងកិច្ចប្រជុំសមាជិកគណបក្ស នៅឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន
មន្ត្រីគណបក្សភ្លើងទៀននៅខេត្តបាត់ដំបងអះអាងថា អាជ្ញាធរគណបក្សកាន់អំណាចបង្កើនការដើរអូសទាញនិងគំរាមដល់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់បក្សខ្លួនឱ្យចុះចូលជាមួយបក្សប្រជាជនកម្ពុជា។ ប៉ុន្តែមន្ត្រីគណបក្សកាន់អំណាច ច្រាលចោលចំពោះការចោទប្រកាន់នេះ។
មន្ត្រីគណបក្សភ្លើងទៀន ចាត់ទុកយុទ្ធសាស្ត្ររបស់អាជ្ញាធរបក្សកាន់អំណាចនេះថា ជាឧបាយកលស្មោកគ្រោកដើម្បីចង់ឈ្នះការបោះឆ្នោតព្រឹទ្ធសភានៅពេលខាងមុខ។
ប្រធានប្រតិបត្តិគណបក្សភ្លើងទៀនខេត្តបាត់ដំបង លោក ភូ សុវណ្ណថា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ វិច្ឆិកាថា មួយរយៈពេលចុងក្រោយនេះ អាជ្ញាធរគណបក្សប្រជាជនកម្ពុជាបានបង្កើនការដើរអូសទាញផង និងគំរាមផង ដើម្បីបង្ខំដល់ក្រុមប្រឹក្សាឃុំសង្កាត់គណបក្សខ្លួនឱ្យចុះចូលជាមួយបក្សកាន់អំណាច។ លោកបញ្ជាក់ថា អាជ្ញាធរបក្សកាន់អំណាចបានប្រាប់ពួកគេថា គណបក្សភ្លើងទៀននឹងត្រូវរំលាយចោលនៅពេលខាងមុខ ដូច្នេះដើម្បីរក្សាតំណែងនៅដដែល ពួកគេត្រូវតែទៅរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
លោក ភូ សុវណ្ណថា៖ «ហើយការអូសទាញគឺមានលក្ខណៈក្ដៅមែនទែន គឺ មានគ្រប់រូបភាព គឺរហូតដល់មេប៉ុស្តិ៍ មេឃុំជំទប់ឃុំ កន្លងខ្លះប្រើដល់មេទាហានទៀត រហូតដល់ប្រើឈ្មោះជាទីប្រឹក្សា លោក ហ៊ុន សែន មកអូសទាញទៀត។ នេះជាទង្វើមួយមិនល្អសម្រាប់គណបក្សដៃគួរប្រកួតប្រជែងនៅក្នុងប្រទេស ទោះបីមានសកម្មជនមិនច្រើនក្ដីតែពួកយើងទាំងអស់គ្នានៅតែរក្សាជំហរ និងឆន្ទៈពួកយើងអត់ផ្លាស់ប្ដូរទេ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ និងលោក យឹម សៀប ដើម្បីសាកសួរជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៨ វិច្ឆិកា។
ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីថា បក្សកាន់អំណាចមានអង្គបោះឆ្នោតគ្រប់គ្រាន់ដែលអាចយកឈ្នះការបោះឆ្នោតនៅពេលខាងមុខបានហើយ ដូច្នេះលោកថា គណបក្សលោកមិនចាំបាច់ដើរអូសទាញសកម្មជនបក្សដទៃឱ្យចុះចូលនោះទេ។
លោក សុខ ឥសាន៖ «គាត់អះអាងតែខ្លួនឯង ហើយចង់លើកកម្ពស់តែខ្លួនឯង ថាខ្លួនឯងល្អខ្លួនឯងខ្លាំង។ អាហ្នឹងវាទម្លាប់វប្បធម៌របស់បក្សភ្លើងទៀន របស់គណបក្សសង្គ្រោះជាតិតាំងពីមុនមកតើ។អាហ្នឹងវាអ៊ីចឹង វាអត់មានករណីបែបនឹងកើតឡើងទេ បើមកស្មោះស្ម័គ្រចាកចេញដោយមិនទុកចិត្ត មិនដើរតាមគណបក្សខ្លួនហើយមកចូលរួមជាមួយគណបក្សប្រជាជនអាហ្នឹងមានហូរហែ»។
ទោះជាយ៉ាងណាមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស (Adhoc) ខេត្តបាត់ដំបង និងប៉ៃលិន លោក យិន ម៉េងលី មានប្រសាសន៍ថា រឿងនេះប្រសិនបើអាជ្ញាធរគ្រាន់តែបញ្ចុះបញ្ចូលក្រុមប្រឹក្សាបក្សភ្លើងទៀនឱ្យចុះចូលជាមួយបក្សកាន់អំណាចពុំមានបញ្ហានោះទេ។ ប៉ុន្តែលោកបញ្ជាក់ថា ប្រសិនបើអាជ្ញាធរគំរាមកំហែងឬបង្ខំឱ្យក្រុមប្រឹក្សាឃុំសង្កាត់ទាំងនោះឱ្យចុះចូលជាអំពើខុសច្បាប់។
លោក យិន ម៉េងលី៖ «ព្រោះខ្លួនជាមន្ត្រីនគរបាលថ្នាក់ប៉ុស្តិ៍ថ្នាក់ស្រុកគឺជាមន្ត្រីនគរបាលរបស់ជាតិ មិនមែនជាអ្នកនយោបាយដូចក្រុមប្រឹក្សាឃុំសង្កាត់ទេ ។អីចឹងអំពើរបស់មន្ត្រីបើសិនជាមានចូលរួមនៅក្នុងសកម្មភាពនេះគឺជាអំពើល្មើសច្បាប់ដែលបង្ហាញឱ្យឃើញច្បាស់ថា មន្ត្រីសូម្បីតែថ្នាក់មូលដ្ឋានក៏គណបក្សនយោបាយហើយ។ អ៊ីចឹង វាមានអីជាទីពឹងរបស់គណបក្សផ្សេងទៀតនោះ»។
មន្ត្រីបក្សប្រឆាំងឱ្យដឹងថា ក្រៅពីការដើរអូសទាញសកម្មជនហើយ អាជ្ញាធរមូលដ្ឋានខ្លះក៏មិនព្រមចុះហត្ថលេខាប្ដូរសមាសភាពក្រុមប្រឹក្សាឃុំឱ្យគណបក្សភ្លើងទៀនឡើយ។ កាលពីថ្ងៃទី២៨សីហាមន្ត្រីគណបក្សភ្លើងទៀនបានដាក់ពាក្យស្នើសុំទៅមេឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដើម្បីប្ដូរសមាសភាពជំទប់ទី២ឃុំស្នឹង ប៉ុន្តែរហូតមកដល់ពេលនេះមេឃុំស្នឹងនិងអាជ្ញាធរពាក់ព័ន្ធមិនទាន់ដោះស្រាយបាននៅឡើយ។ រីឯមន្ត្រីគណបក្សភ្លើងទៀននៅខេត្តកណ្ដាលកាលពីថ្ងៃទី១កញ្ញាកន្លងទៅ ក៏បានប្ដឹងទៅក្រសួងមហាផ្ទៃដើម្បីឱ្យជួយអន្តរាគមន៍ករណីចៅសង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមិនព្រមចុះហត្ថលេខាលើឯកសារប្ដូរសមាសភាពចៅសង្កាត់រងទី២ដែរ។
សកម្មភាពរបស់អាជ្ញាធរបក្សកាន់អំណាចធ្វើបែបនេះស្របពេលដែលការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ។
ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មាត្រា ១០ ចែងថា អ្នកបោះឆ្នោត និងអង្គបោះឆ្នោតគឺជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ក្នុងតំណែង។
មន្ត្រីសង្គមស៊ីវិលលើកឡើងថា បញ្ហានេះប្រសិនបើគណបក្សកាន់អំណាចអនុវត្តបានជោគជ័យនឹងធ្វើឱ្យប៉ះពាល់ដល់លទ្ធផលការបោះឆ្នោតរបស់គណបក្សភ្លើងទៀននៅពេលខាងមុខ៕
1 comment:
That father fucker Hun Sen and the son of a bitch Hun Manet are the same. Tel pere, tel fils.
Post a Comment