Tuesday, 14 November 2023

សកម្មជន​ចលនា​មាតា​ធម្មជាតិ ៣​នាក់​ទៅ​ទទួល​ពានរង្វាន់ Right Livelihood នៅ​ប្រទេស​ស៊ុយអែត

Khmer Circle

It's fair to say these youths are highly unlikely to be appointed advisors to any of the venerable Buddhist patriarchs [Ho-Chimonks] propping up Hun Sen's regime.

^^^

ដោយ ជីវិតា
2023.11.13
sharethis sharing button
សកម្មជន​ចលនា​មាតា​ធម្មជាតិ ៣​នាក់​ទៅ​ទទួល​ពានរង្វាន់ Right Livelihood នៅ​ប្រទេស​ស៊ុយអែត  
(ពីឆ្វេង) តំណាង​សកម្មជន​ចលនា​មាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុត ​កញ្ញា ស៊ុន រដ្ឋា និងកញ្ញា មាន លីសា។
រូប៖ វីដេអូអង្គការ Right Livelihood

តំណាង​សកម្មជន​ចលនា​មាតាជាតិ ៣​នាក់ លោក លី ចាន់ដារ៉ាវុត កញ្ញា មាន លីសា និង​កញ្ញា ស៊ុន រដ្ឋា បាន​ទៅដល់​ប្រទេស​អាល្លឺម៉ង់ (Germany) ដើម្បី​ត្រៀមខ្លួន​ទៅ​ទទួល​ពានរង្វាន់ រ៉ៃត៍ ឡាយលីហ៊ូដ នៅ​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ខាងមុខ​នៅ​ទីក្រុង​ស្តុកខម ប្រទេស​ស៊ុយអែត ។ អ្នក​ទាំង​បី​នាក់​នេះ ទៅ​ទទួល​ពានរង្វាន់​ជំនួស​សកម្មជន​បរិស្ថាន​បី​នាក់​ផ្សេងទៀត គឺ​លោក ថុន រដ្ឋា កញ្ញា ឡុង គ​ន្ធា និង​កញ្ញា ភួន កែវរស្មី ដែល​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​លោក ច្រឹង ខ្មៅ មិន​អនុញ្ញាត​ឱ្យ​ពួកគាត់​ធ្វើដំណើរ​ទៅ​ទទួល​ពានរង្វាន់​អន្តរជាតិ​មួយ​នេះ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ភួន កែវរស្មី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១២ វិច្ឆិកា ថា កញ្ញា​រីករាយ​នៅ​ពេល​ដែល​សមាជិក​ក្រុម​បាន​ទៅ​ទទួល​ពាន់​រង្វាន់​ជំនួស​កញ្ញា។ ប៉ុន្តែ​កញ្ញា​សោកស្ដាយ​ដែល​រដ្ឋាភិបាល​កម្ពុជា​រឹតត្បិត​សិទ្ធិ​សេរីភាព​កញ្ញា និង​សកម្មជន​២​រូប​ទៀត​មិន​ឱ្យទៅ​ទទួល​ពានរង្វាន់​ដោយ​ផ្ទាល់​នៅ​ប្រទេស​ស៊ុយអែត។

កញ្ញា ភួន កែវរស្មី៖ «ប៉ុន្តែ​អី​ដែល​យើង​មិនឃើញ​នោះ​គឺ​រដ្ឋាភិបាល​កម្ពុជា គាត់​ព្យាយាម​ធ្វើ​មិនឃើញ​មិន​ខ្វល់​គាត់​មិន​យកចិត្តទុកដាក់​លើ​បញ្ហា​ទាំងអស់​ហ្នឹង​គាត់​នៅតែ​បន្ត​នៅតែ​ប្រកាន់​គោលជំហរ​បែប​រឹតត្បិត​សិទ្ធិ​សេរីភាព មិន​បើក​លំហ​សិទ្ធ​សេរីភាព​ហើយ​រក​វិធីសាស្ត្រ​យ៉ាងណា​នៅតែ​គំរាមកំហែង​បង្ខំ​មួយ​ក៏​វិធីសាស្ត្រ​ក្ដៅ ដែល​ដូចជា​ចាប់​ពួកគាត់​ទៅ​ពន្ធនាគារ ដាក់​បទ​ធ្ងន់ៗ​លើ​យើង​ដើម្បី​ឱ្យ​ពួក​យើង​ឈប់​ធ្វើ​ការ​ទៅវិញ»

 

អង្គការ Right Livelihood បាន​តម្រូវ​ឱ្យ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់ គឺ​កញ្ញា ភួ​ន កែវរស្មី កញ្ញា ឡុង គន្ធា និង​លោក ថុន រដ្ឋា តំណាង​ឱ្យ​ចលនា​មាតា​ធម្មជាតិ ធ្វើដំណើរ​ទៅ​ទទួល​ពានរង្វាន់​អន្តរជាតិ នៅ​ទីក្រុង​ស្តុកខម ប្រទេស​ស៊ុយអែត ដោយ​ត្រូវ​ធ្វើដំណើរ​ចាប់ពី​ថ្ងៃទី​២៤ ខែ​វិច្ឆិកា និង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០២៣។ ប៉ុន្តែ​ដោយសារ​តុលាការក្រុង​ភ្នំពេញ​មិន​អនុញ្ញាត​ទើប​លោក លី ចាន់ដ៉ាវុធ កញ្ញា មាន លីសា និង​កញ្ញា ស៊ុន រដ្ឋា ទៅ​ទទួល​ពានរង្វាន់​នេះ​ជំនួស​វិញ។

ថ្លែង​ពី​ក្រៅ​ប្រទេស​មក កញ្ញា មាន លីសា ប្រាប់​វិទ្យុ​អាស៊ីសេរី ថា កញ្ញា​បាន​ជួប​ជាមួយ​តំណាង​រដ្ឋសភា​អាល្លឺម៉ង់ តំណាង​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​អាល្លឺម៉ង់ អ្នកស្រី គ្រីស្ទីន អ៊ីខល (Christian Echel) និង​សកម្មជន​មួយ​ចំនួន​ទៀត​នៅ​ប្រទេសអាល្លឺម៉ង់។ កញ្ញា​បន្ត​ថា ក្នុង​ជំនួប​នោះ កញ្ញា​បាន​លើកឡើង​ពី​បញ្ហា​រំលោភសិទ្ធិ​មនុស្ស ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​សកម្មជន​ចលនា​មាតា​ធម្មជាតិ មិន​ឱ្យមក​ទទួល​ពានរង្វាន់ និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ទៀត។

កញ្ញា មាន លីសា៖ «ហើយ​គេ​រីករាយ​ហើយ​យើង​ទទួល​ស្គាល់​ថា ជា​ជំនួប​ដ៏​ល្អ​មែនទែន​ដែល​សភា​អាល្លឺម៉ង់​ទទួល​ស្ដាប់​នៅ​សំឡេង​របស់​ពួក​យើង​ពី​អ្វី​ដែល​ពួក​យើង​បាន​ជួប និង​តម្លៃ​នៃ​ការងារ​ដែល​ពួកយើង​បាន​ធ្វើ អា​ជំនួប​ហ្នឹង​ដែល​គេ​អាច​ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​ខ្មែរ​ឱ្យ​មាន​ការ​ទទួលខុសត្រូវ​ឡើងវិញ​ជាមួយនឹង​ការគោរព​សិទ្ធិមនុស្ស និង​ការ​បើក​លំហ​ការ​ទទួល​ស្គាល់​ក្រុម​របស់​ពួក​យើង»

កញ្ញា មាន លីលា បន្ថែម​ថា កញ្ញា និង​សមាជិក​២​រូប​ទៀត​នៅ​ថ្ងៃ​ដដែល​នេះ​នឹង​ធ្វើ​ដំណើរ ទៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Swiss) ជួប​ជាមួយ​មន្ត្រី​តំណាង​នៅ​ទីនោះ ដើម្បី​បង្ហាញ​ពី​ក្ដី​កង្វល់​ជុំវិញ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយ​ចុងក្រោយ​នឹង​ទៅ​ទទួល​ពានរង្វាន់ Right Livelihood នៅ​ប្រទេស​ស៊ុយអែត។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃទី​១២ វិច្ឆិកា។

ជុំវិញ​បញ្ហា​នេះ​ដែរ​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា លោក​សាទរ​ចំពោះ​ការ​តស៊ូ​របស់​ក្រុម​យុវជន​រហូត​ទទួល​បាន​ពានរង្វាន់​អន្តរជាតិ ប៉ុន្តែ លោក​ខកចិត្ត​ដែល​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឱ្យ​សកម្មជន​៣​នាក់​ដែល​មាន​ឈ្មោះ​ទៅ​ទទួល​ពានរង្វាន់​ដោយ​ផ្ទាល់។

លោក នី សុខា៖ «ប៉ុន្តែ​យើង​គួរ​ឱ្យ​សោកស្ដាយ​ដែល​តុលាការ​មិនបាន​អនុញ្ញាត​ឱ្យ​គាត់​ចេញ​ទៅ​ក្រៅ​តាម​ការ​ស្នើ​សុំ​របស់​ពួកគាត់ តាម​ខ្ញុំ​ដឹង​ដូច​ជា​មាន​ការ​ស្នើ​អន្តរាគមន៍​ពី​ក្រសួង​យុត្តិធម៌​ដែរ ប៉ុន្តែ​ហាក់ដូចជា​អត់​មាន​លទ្ធផល​ជា​វិជ្ជមាន​អ៊ីចឹង នេះ​ជា​ចំណុច​មួយ​គួរ​ឱ្យ​សោកស្ដាយ​ដែរ​ហើយ​ទាក់ទង​នឹង​បញ្ហា​នេះ​តុលាការ​នៅតែ​ព្យាយាម​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពួកគាត់»

នេះ​ជា​លើក​ទី​១ ហើយ​ដែល​គណៈកម្មាធិការ​ជ្រើសរើស​អ្នកទទួល​រង្វាន់​អង្គការ រ៉ៃត៍ ឡាយលីហ៊ូដ មកពី​ប្រទេស​៧៦​ប្រទេស និង​១៤៣​សញ្ជាតិ បាន​ផ្ដល់​ពានរង្វាន់ Right Livelihood ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​នឹង​ពានរង្វាន់ ណូបែល សន្តិភាព ទៅ​ឱ្យ​ចលនា​មាតា​ធម្មជាតិ កាលពី​ថ្ងៃទី​២៩ ខែ​កញ្ញា កន្លង​ទៅ ចំពោះ​វីរភាព​ក៏​ក្លាហាន​របស់​ពួកគេ លើ​កិច្ចការពារបរិស្ថាន លើកកម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា បើទោះបី​ជា​ត្រូវ​ប្រឈមមុខ​នឹង​ការ​បង្ក្រាប​ជា​បន្ត​បន្ទាប់ពី​សំណាក់​រដ្ឋាភិបាល​យ៉ាងណាក្ដី៕

No comments: