Tuesday, 5 December 2023

សហគមន៍​ព្រៃឡង់ បន្ត​រក​ឃើញ​បទល្មើស​ព្រៃឈើ និង​កាប់​ទន្ទ្រាន​ដី​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឡង់


ដោយ ជាតិ ចំណាន
2023.12.04
sharethis sharing button
សហគមន៍​ព្រៃឡង់ បន្ត​រក​ឃើញ​បទល្មើស​ព្រៃឈើ និង​កាប់​ទន្ទ្រាន​ដី​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឡង់  
សមាជិក​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ដែលចុះល្បាត​ព្រៃ ចាប់​ពី​ថ្ងៃ​ទី២៨ ដល់​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ហើយរក​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ ៣០ករណី និង​​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ ជាង ៤០ហិកតារ ស្ថិត​នៅ​ក្នុង​ដែន​ជម្រក​សត្វ ព្រៃ​ឡង់។
រូប៖ Prey Lang

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ចំនួន ២ខេត្ត នៅ​តែ​បន្ត​រក​ឃើញ​បទល្មើស​ព្រៃ​ឈើ និង​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ នៅ​ក្នុង​ដែន​ជម្រក​សត្វ ព្រៃឡង់ ដោយ​មិន​ឃើញ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​នោះ​ទេ។

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ អះអាង​ថា រយៈ​ពេល​២​យប់​៣ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី២៨ ដល់​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ពួកគេ​រក​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ ៣០ករណី និង​​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ ជាង ៤០ហិកតារ ស្ថិត​នៅ​ក្នុង​ដែន​ជម្រក​សត្វ ព្រៃ​ឡង់។

អ្នក​សម្របសម្រួល​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៤ ខែធ្នូ​ថា រយៈ​ពេល ២យប់ ៣ថ្ងៃ សហគមន៍​របស់​លោក រក​ឃើញ​​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើ​ជា​កម្មសិទ្ធិ នៅ​ក្នុង​តំបន់​ព្រៃឡង់​ជា​ច្រើន​ហិកតារ ដោយ​មិន​ឃើញ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​បង្ក្រាប ឬ​ចាត់​វិធានការ ចំពោះ​ជនល្មើស​​នោះ​ទេ។ លោក​ស្នើ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ចុះ​ទប់ស្កាត់​បទល្មើស​ទាំង​អស់​នោះ ប្រសើរ​ជាង​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នក​ការពារ​ព្រៃ​ឈើ។

លោក ហឿន សុភាព៖ «យើង​ស្នើសុំ​ឱ្យ​មាន​ការ​ចូលរួម ទោះ​បី​ជា​តំបន់​ការពារ តំបន់​អភិរក្ស​ក៏​ពិត​មែន ប៉ុន្តែ​តំបន់​ទាំង​នេះ​ជា​តំបន់​រួម សូម​ឱ្យ​សហគមន៍​មូលដ្ឋាន​ចូល​រួម​ជា​មួយ​នឹង​មន្ត្រី ជា​មួយ​នឹង​អាជ្ញាធរ​ផង បើ​សិន​ជា​ឱ្យ​ពួក​គាត់​ចុះ​តែ​ក្រុម​ពួក​គាត់ ខ្ញុំ​គិត​ថា ធ្វើ ២រយ​ឆ្នាំ​ទៀត មិន​អាច​មាន​ប្រសិទ្ធភាព​ដែរ ដោយ​សារ​អំពើ​ពុករលួយ»

 

សមាជិក​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ខេត្ត​ព្រះវិហារ លោក ខេម សុឃី ឲ្យ​ដឹង​ថា បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់ នៅ​តែ​បន្ត​កើត​មាន បើ​ទោះ​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ប្រកាស​ពី​ការ​ប្ដេជ្ញា​ចិត្ត​មិន​លើក​លែង​ឲ្យ​ជនល្មើស​យ៉ាង​ណា​ក្ដី ដោយសារ​តែ​មន្ត្រី​ក្រោម​ឱវាទ​ទាំង​នោះ មិន​បាន​អនុវត្ត​ការងារ​តាម​បទបញ្ជា​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ឡើយ។ ពោល​គឺ មន្ត្រី​ទាំង​អស់​នោះ នៅ​តែ​បន្ត​គប់គិត​គ្នា​ជា​មួយ​ជនល្មើស បើក​ដៃ​ឲ្យ​មាន​ការ​កាប់​ឈើ​យ៉ាង​សេរី នៅ​ក្នុង​តំបន់​ការពារ​មួយ​នេះ។ លោក​បន្ថែម​ថា ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​បាន លុះ​ត្រា​ក្រសួង​បរិស្ថាន​អនុញ្ញាត​ឲ្យ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ បាន​ចុះ​ល្បាត​ព្រៃ​មួយ​នេះ​ដោយ​សេរី ដោយសារ​ក្រុម​ជនល្មើស​ទាំង​នោះ ខ្លាច​តែ​សហគមន៍​មូលដ្ឋាន​តែ​ប៉ុណ្ណោះ។

លោក ខេម សុឃី៖ «សូម​ឱ្យ​ក្រសួង​អនុវត្ត​ដាក់​ទោស​ទណ្ឌ​ឱ្យ​បាន​ធ្ងន់ ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត នៅ​តែ​ប្រព្រឹត្ត​ដ៏​គឃ្លើន នៅ​ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ ព្រៃ​ឡង់ ដូច​ជា ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​បរបាញ់​សត្វ​ជា​ដើម ហើយ​សូម​ឱ្យ​ក្រសួង​ហ្នឹង​អនុវត្ត​ឱ្យ​បាន​ម៉ឺង​ម៉ាត់ តាម​គោលការណ៍ ដែល​ធ្លាប់​បាន​ដាក់»

ជុំ​វិញ​រឿង​នេះ វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ លោក សុង ច័ន្ទសុជាតិ និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ លោក តុប កក្កដា បាន​ទេ នៅ​ថ្ងៃ​ទី៤ ខែធ្នូ ដោយសារ​ទូរស័ព្ទ​ដែល​ហៅ​ចូល គ្មាន​អ្នក​ទទួល។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក ផៃ ប៊ុនឈឿន ក៏​វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

Community_people_patrol_Prey_Lang_in_Sandan_Kg_Thom_112923_2.jpg
សមាជិក​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ដែលចុះល្បាត​ព្រៃ នៅ​ក្នុង​ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ចាប់​ពី​ថ្ងៃ​ទី២៨ ដល់​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ហើយរក​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ ៣០ករណី និង​​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ ជាង ៤០ហិកតារ ស្ថិត​នៅ​ក្នុង​ដែន​ជម្រក​សត្វ ព្រៃ​ឡង់។

កាល​ពី​ថ្ងៃ​ទី១៧ ខែ​កក្កដា​កន្លង​ទៅ រដ្ឋាភិបាល​បាន​ពង្រីក​ទំហំ​ផ្ទៃដី​ព្រៃ ដែន​ជម្រក​សត្វ នៅ​ព្រៃ​ឡង់ ចាប់​ពី ៤៣ម៉ឺន (៤៣១.៦៨៣)ហិកតារ ទៅ ៤៨ម៉ឺន (៤៨៩.៦៦៣)ហិកតារ នេះ​បើ​តាម​អនុក្រឹត្យ របស់​រដ្ឋាភិបាល ដែល​បាន​ចេញ​ផ្សាយ កាល​ពី​ថ្ងៃ​ទី៨ ខែវិច្ឆិកា ដោយ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។ បើ​ទោះ​ជា​រដ្ឋាភិបាល​ពង្រីក​ផ្ទៃដី​ធំ​ជាង​មុន​យ៉ាង​ណា​ក្ដី ក៏​តំបន់​ការពារ​មួយ​នេះ នៅ​តែ​រង​ការ​កាប់​យក​ឈើ​ធំៗ និង​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ ពី​ក្រុម​ឈ្មួញ​យ៉ាង​អនាធិបតេយ្យ។

ទាក់​ទង​នឹង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន ព្រួយបារម្ភ​អំពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​មិន​ឲ្យ​សហគមន៍​ចូល​រួម​ការពារ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ ដែល​ធ្វើ​ឲ្យ​ជនល្មើស​មាន​ឱកាស​ចូល​ទៅ​កាប់​ឈើ និង​ទន្ទ្រាន​ដី​ព្រៃ​កាន់​តែ​ខ្លាំង​ឡើង។ លោក​បន្ត​ថា អាជ្ញាធរ​នៅ​តែ​គ្មាន​វិធានការ​ច្បាស់​លាស់​ទៅ​លើ​ក្រុម​ឈ្មួញ បើ​ទោះ​បី​ជា​សហគមន៍​ព្រៃឡង់​ធ្លាប់​ចង្អុល​បង្ហាញ​អំពី​ការ​កាប់​ឈើ និង​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​យ៉ាង​ណា​ក្ដី។

លោក អូត ឡាទីន៖ «អ៊ីចឹង​បញ្ហា​បទល្មើស​នៅ​ក្នុង​តំបន់​ព្រៃឡង់ វា​កើត​មាន​ទៅ​បាន​របៀប​នេះ ដោយសារ​តែ​មន្ត្រី ដែល​មាន​កាតព្វកិច្ច​ក្នុង​ការ​អនុវត្ត​ច្បាប់ គាត់​មិន​បាន​បំពេញ​តួនាទី​របស់​គាត់​ក្នុង​ការ​ចុះ​ទប់ស្កាត់ និង​ធ្វើ​កិច្ច​អន្តរាគមន៍​ទៅ​លើ​បញ្ហា ដែល​កំពុង​កើត​មាន​ហ្នឹង​ទេ។ ប៉ុន្តែ ពួក​គាត់​បែរ​ទៅ​ជា​ងាក​ទៅ​ចាប់​អារម្មណ៍ ហើយ​និង​ធ្វើ​ការ​រឹតត្បិត តាម​ដាន​ទៅ​លើ​សកម្មភាព​របស់​បណ្ដាញ ជា​ជាង​ដែល​ពួក​គាត់​ធ្វើ​ការ​ទប់ស្កាត់​បញ្ហា ដែល​កំពុង​តែ​កើត​មាន​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់»

ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់​មាន​ផ្ទៃ​ដី​ជាង ៤សែន (៤៨.៩៦៦៣)ហិកតារ គ្របដណ្ដប់​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ចំនួន៤ រួម​មាន ខេត្ត​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខេត្ត​កំពង់ធំ ត្រូវ​បាន​រដ្ឋាភិបាល​បង្កើត​ជា​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​នៅ​ក្នុង​ឆ្នាំ២០១៦។ ប៉ុន្តែ​រយៈ​ពេល​ជាង ៧ឆ្នាំ​មក​នេះ អង្គការ​ជាតិនិង​អន្តរជាតិ បាន​ចេញ​របាយការណ៍​ជា​បន្តបន្ទាប់​ថា ដែន​ជម្រក​សត្វ ព្រៃ​ឡង់​តែងតែ​រង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម និង​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ពី​សំណាក់​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​ដីសម្បទាន​សេដ្ឋកិច្ច​នៅ​ជុំវិញ​តំបន់​នោះ​យ៉ាង​អនាធិបតេយ្យ៕

No comments: