Monday, 18 December 2023

លោក ហ៊ុន សែន ប្រកាស​ជួយ​ក្មេងស្រី​និយាយ​រិះគន់​បញ្ហា​អន្តោប្រវេសន៍ «ដើម្បី​ប្រឌិត​សាច់រឿង»


ដោយ យន់ សាមៀន
2023.12.17

លោក ហ៊ុន សែន ប្រកាស​ជួយ​ក្មេងស្រី​និយាយ​រិះគន់​បញ្ហា​អន្តោប្រវេសន៍ «ដើម្បី​ប្រឌិត​សាច់រឿង»

ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ចូលរួមតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


អ្នកឃ្លាំមើល​សង្គម លើកឡើង​ថា ប្រធាន​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ គឺ​លោក ហ៊ុន សែន កំពុង​បង្វែរ​ស្ថានការណ៍ និង​ប្រឌិត​សាច់រឿង​ដើម្បី​កុំឱ្យ​មាន​អ្នក​រិះគន់​រដ្ឋាភិបាល​កូនប្រុស​របស់​លោក តាមរយៈ​ការ​ផ្ដល់​ជំនួយ ដល់​ក្មេងស្រី​ម្នាក់​ដែល​និយាយ​ពី​បញ្ហា​ជនអន្តោប្រវេសន៍​នៅ​កម្ពុជា ជំនួស​ឱ្យ​ការ​ចាប់ខ្លួន​នាង​ដូច​ករណី លោក កង សារ៉ន។ ពួកគាត់​ថា ទង្វើ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ គឺជា​វិធីសាស្ត្រ​ថ្មី​មួយ នៅ​ក្នុង​ការ​បង្ក្រាប​សំឡេង​អ្នក​រិះគន់ តាមរយៈ​ការទិញ​ទឹកចិត្ត​របស់​ពួកគេ។

អ្នកឃ្លាំមើល​លើក​ឡើង​ថា បើ​ទោះ​បី​ចុះចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី ទៅ​ហើយ​ក្ដី ក៏​លោក ហ៊ុន សែន នៅតែ​បន្ត​លូកដៃ​ចូល​ក្នុង​បញ្ហា ដែល​ប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល​កូនប្រុស​របស់​លោក​ដែរ។ សកម្មភាព​របស់​លោក ហ៊ុន សែន ធ្វើឡើង​ក្រោម​រូបភាព​ផ្សេងៗ ជាពិសេស​គឺ​ការ​ផ្ដល់​ជំនួយ​សប្បុរស​ធម៌ ដល់​អ្នក​រិះគន់​ដើម្បី​បំបិទមាត់។



ការ​លើកឡើង​នេះ បន្ទាប់​ពី​លោក ហ៊ុន សែន នៅ​ថ្ងៃទី​១៦ ខែ​ធ្នូ បាន​បង្ហោះ​វីដេអូ ក្រុម​ការងារ​របស់​លោក ចុះ​ជួប​យុវតី​ម្នាក់ នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​បាន​និយាយ​រិះគន់​បញ្ហា​លំហូរ​ចូល ជនអន្តោប្រវេសន៍ នៅលើ​បណ្ដាញ​សង្គម ដោយ​ភ្ជាប់​ជាមួយ​សំណេរ​របស់​លោក​ថា យុវតី វ៉ែន ស៊ាងឡៃ ដែល​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ សេរី វឌ្ឍនៈ និង​ក្រុម​គ្រួសារ​របស់​នាង បាន​ទទួល​ស្គាល់​កំហុស និង​សូមទោស​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​។ ក្នុង​នោះ លោក ហ៊ុន សែន អះអាង​ទៀត​ថា លោក​បាន​បញ្ជូន​តំណាង​របស់​លោក ឱ្យទៅ​ជួប​ជាមួយ​គ្រួសារ​យុវតី ដើម្បី​ពិភាក្សា​អំពី​ជីវភាព​គ្រួសារ​និង​ការរៀនសូត្រ​របស់​យុវតី​រូប​នេះ។

ទោះជា​បែបនេះ​ក្ដី មហាជន​មួយចំនួន​យល់​ឃើញ​ថា ការ​ផ្ដល់​ជំនួយ​របស់​លោក ហ៊ុន សែន ដល់​យុវតី ដែល​រិះគន់​រឿង​អន្តោប្រវេសន៍​នៅ​កម្ពុជា នេះ​ថា ជា​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន ដើម្បី​ច្នៃ​សាច់រឿង ពី​កា​រិះគន់​ការពិត ទៅជា​ការ​ទទួល​ស្គាល់​កំហុស និង​ជា​ការ​កាត់ផ្ដាច់​ទំនាក់ទំនង​គ្រួសារ​ក្មេងស្រី​រូប​នេះ ជាមួយ​អ្នក​តាមដាន​រឿង​សង្គមជាតិ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៦ ធ្នូ ថា សកម្មភាព​របស់​លោក ហ៊ុន សែន ពេល​នេះ​ថា ជា​ការ​ឆ្លៀតឱកាស​យក​ព្រឹត្តិការណ៍​សង្គម មក​ធ្វើជា​ប្រជាភិថុតិ និង​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ តែប៉ុណ្ណោះ។

    លោក អ៊ុំ សំអាន៖ «គាត់​ប្រើ​យុទ្ធសាស្ត្រ​ហ្នឹង ដើម្បី​កុំឱ្យ​ប្អូនស្រី​ហ្នឹង​រិះគន់​ចំពោះ​ចំណាត់​ការដែល​រដ្ឋាភិបាល​មិន​បាន​ទប់ស្កាត់​ចំពោះ​ជនអន្តោប្រវេសន៍​ខុសច្បាប់​នៅ​កម្ពុជា​។ ហើយ​ប្រសិនជា​ចាប់​ប្អូនស្រី​ហ្នឹង​ដាក់គុក ប្រាកដជា​មានការ​រិះគន់​ច្រើន​ពី​មហាជន ព្រោះ​ប្អូនស្រី​នៅ​ក្មេង​អ៊ីចឹង ចាប់​ដាក់គុក​ដោយសារ​តែ​រិះគន់​រឿង​បញ្ហា​អន្តោប្រវេសន៍​ហ្នឹង គឺ​ប្រាកដជា​មហាជន​រិះគន់​ខ្លាំង​។ ដូច្នេះ​គាត់​ប្រើ​ធម៌​ត្រជាក់​វិញ ជា​ជាង​ការ​ប្រើប្រាស់​ធម៌​ក្ដៅ​លើ​ប្អូនស្រី​ហ្នឹង»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ម្ចាស់​គណនី​ហ្វេសប៊ុក សេរី វឌ្ឍនៈ គឺ យុវតី វ៉ែន ស៊ាងឡៃ និង​ម្ដាយ​យុវតី​រូប​នេះ គឺ​លោកស្រី គង់ មុំ ដើម្បី​សុំ​បកស្រាយ​បន្ថែម​បាន​ទេ​នៅ​ថ្ងៃ​ទី១៦ ធ្នូ។

កាលពី​ថ្ងៃទី​១១ ធ្នូ យុវតី វ៉ែន ស៊ាងឡៃ បាន​បង្ហោះ​សារ​ជា​សំណេរ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​បាន​រិះគន់​ប្រៀបធៀប ករណី​ជនអន្តោប្រវេសន៍​វៀតណាម​នៅ​កម្ពុជា ហើយ​សំណេរ​នេះ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍ និង​ទទួល​បាន​ការ​កោត​សរសើរ​ពី​មហាជន​អ្នកលេង​បណ្ដាញ​សង្គម​ជា​ច្រើន។

ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ លោក អេឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន (Alejandro Ganzales Davidson) ហៅ​អាឡិច យល់ឃើញ​ថា នេះ​មិនមែន​ជា​ឆាកល្ខោន​ថ្មី​នោះ​ឡើយ តែ​លោក ហ៊ុន សែន គ្រាន់តែ​ប្ដូរ​យុទ្ធសាស្ត្រ​បន្តិចបន្តួច គឺ​មិន​ចាប់​ក្មេងស្រី​នោះ​ដាក់គុក ដើម្បី​កុំឱ្យ​មហាជន​ផ្ទុះ​កំហឹង​។ លោក​បន្ត​ថា ទោះ​យ៉ាងណា លោក ហ៊ុន សែន ក៏​មិន​ភ្លេច​ឆ្លៀត​ប្រើ​ឱកាស​នេះ​ដើម្បី​ផ្ញើ​សារ​បំបិទ​បំភ័យ និង​បំបាក់​ស្មារតី​យុវជន​ផ្សេង​ទៀត កុំឱ្យ​និយាយ​រឿង​នយោបាយ និង​រឿង​សង្គម ជាពិសេស​គឺ​បញ្ហា​ជនអន្តោប្រវេសន៍។

    លោក អាឡិច៖ «ខាង ហ៊ុន សែន គាត់​ដឹង ប្រសិនបើជា​ចាប់​ដាក់​ពន្ធនាគារ​បែប​ហ្នឹង ជាពិសេស​ទៅលើ​ប្រជាជន ទៅលើ​យុវជន​ទូទៅ​ហ្នឹង​វា​ប៉ះពាល់ អ៊ីចឹង​គេ​ព្យាយាម​ប្រើ​វិធី​ផ្សេង វិធី​ទិញ វិធី​គំរាមកំហែង វិធី​កុហក​បោក​ប្រាស វិធី​បង្ខំ​ឱ្យ​លុប​សារ​អី​ជាដើម​។ អាច​ថា​វា​ជា​ការ​វិវត្ត វា​ជា​ការ​ធ្វើ​បច្ចុប្បន្នភាព នៃ​យុទ្ធសាស្ត្រ​ដ៏​ខូច​របស់​លោក ហ៊ុន សែន ដើម្បី​កុំឱ្យ​ប្រជាជន​ហ៊ាន​និយាយ​បញ្ហា​ក្នុង​សង្គម​មួយ​ចំនួន ប៉ុន្តែ​ខ្ញុំ​ថា​គាត់​មិន​ចោល​ទេ​ទម្លាប់​ប្រើ​ប្រព័ន្ធ​តុលាការ»។

វិធីចែក​អំណោយ​ជួយ​ដល់​គ្រួសារ​ជនរងគ្រោះ​នេះ គឺជា​យុទ្ធសាស្ត្រ​ដ៏​ពេញនិយម​មួយ​របស់​គណបក្ស​កាន់អំណាច ដើម្បី​បំបិទ​សំឡេង​អ្នក​តវ៉ា។ ជាក់ស្ដែង​ដូច​ក្នុង​ករណី​គ្រួសារ​លោក កង សារ៉ន ក្រោយ​ពេល​ដែល​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ឡោមព័ទ្ធ​ចាប់ខ្លួន​លោក​ដាក់​ពន្ធនាគារ​ចំនួន ៣​ឆ្នាំ កាលពី​ថ្ងៃទី២៥ ខែ​វិច្ឆិកា មក អាជ្ញាធរ​ខេត្ត​នេះ បាន​ផ្ដល់​អំណោយ​ដល់​គ្រួសារ​លោក កង សារ៉ន ដើម្បី​ដាក់​សម្ពាធ​ឱ្យ​គ្រួសារ​លោក​និយាយ​វាយប្រហារ​ទៅ​អង្គការ​សង្គម​ស៊ីវិល​ដែល​ជួយ​ជ្រោមជ្រែង​ផ្នែក​ច្បាប់​ដល់​ពួកគេ៕

1 comment:

Anonymous said...

Hun Sen should go to hell before this 2024.