Khmer Circle:
Crime and punishment? Not really. Here in the Kingdom of Wonder virtues are vices and vice versa. The culture of promoting and rewarding crimes and criminals goes back quite a long way. There is even an unspoken acceptance among officials and ruling politicians that crime - including corruption practices of various kinds - are 'normal'; foibles of the human condition itself! Indeed, the KR and the present CPP regime as a whole have been born of those criminal elements and outlaws whose marginalised lives and status have bred in them feelings of alienation and resentment towards the ruling classes of society. The Viet Congs and North Vietnamese had grasped this emotional condition and fully exploited it in their drive to recruit and form rebellion movements they needed to topple their enemies' ruling apparatus as well as providing the same elements - or ones/factions they have endorsed - necessary means for political survival and presence to oversee biddings on their behalf in the longer terms.
Obviously, when such violent and vicious criminals and former criminals have found themselves in positions of power and influence, the codes and definitions of what constitutes a criminal act have been drastically altered and distorted in their favour and personal interests.
Just as the reign of a good gracious king rests or falls upon the foundation of good and noble populace and officials, so does the rule of criminals hinge upon the existence of their kind; at least enough of them to maintain their 'social order.'
^^^
2023.12.18

រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត រំពឹងលើភ្ញៀវទេសចរចិនជាអ្នករួមចំណែកសំខាន់ជំរុញសេដ្ឋកិច្ចជាតិ ហើយក្នុងឆ្នាំ២០២៤ ខាងមុខភាគីកម្ពុជា និងចិន បានឯកភាពគ្នាផ្លាស់ប្ដូរប្រជាជនដើម្បីឈានដល់ការកសាងសេដ្ឋកិច្ច និងជោគវាសនាជាតិរួមគ្នាថែមទៀតផង។ ប៉ុន្តែ អ្នកឃ្លាំមើលលើកឡើងថា ទន្ទឹមរដ្ឋាភិបាលផ្ដោតសំខាន់តែទេសចរចិនក្នុងការជួយជំរុញសេដ្ឋកិច្ចជាតិនោះ ជនជាតិចិនមួយចំនួនកំពុងរស់នៅកម្ពុជាបានបង្កអសន្តិសុខសង្គមដែលធ្វើឱ្យផលប៉ះពាល់ដល់សេដ្ឋកិច្ច និងបង្កការភ័យខ្លាចដល់ទេសចរជាតិ និងអន្តរជាតិ។
មន្ត្រីសង្គមស៊ីវិល និងអ្នកធ្វើការផ្នែកវិស័យទេសចរណ៍ជំរុញដល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ធ្វើកំណែទម្រង់ប្រព័ន្ធដឹកនាំផ្ទៃក្នុង លុបបំបាត់អំពើពុករលួយ និងលើកកម្ពស់នីតិរដ្ឋ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិចម្រុះជាតិសាសន៍ មកទស្សនាកម្ពុជាក្នុងការរួមចំណែកស្ដារសេដ្ឋកិច្ចឡើងវិញ។ ពួកគាត់មិនរំពឹងថា ភ្ញៀវទេសចរចិនតែមួយអាចជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើននោះទេ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា បញ្ហាបាញ់បោះការកាប់សម្លាប់មនុស្សដោយជនបរទេសមួយចំនួនក្នុងសង្គមកម្ពុជាជាបន្តបន្ទាប់ បានធ្វើឱ្យប៉ះពាល់ទាំងកេរ្តិ៍ឈ្មោះ និងសេដ្ឋកិច្ចជាតិធ្ងន់ធ្ងរ។ លោកព្រួយបារម្ភថា បើកម្ពុជានៅតែមានបញ្ហាអសន្តិសុខច្រើន នោះភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរលោកខាងលិចនឹងមិនហ៊ានមកកម្សាន្តកម្ពុជាឡើយ។
លោក យង់ គិមអេង៖ «ការបាញ់បោះការសម្លាប់នៅតែកើតមានជាហូរហែ យើងមានការព្រួយបារម្ភ។ រដ្ឋាភិបាលថ្មីហ្នឹងគួរតែចាត់វិធានការឱ្យមានរបៀបរៀបរយលើសណ្ដាប់ធ្នាប់ ប្រជាពលរដ្ឋខ្មែរមានការភ័យខ្លាច មិនមែនមានតែបរទេសអ្នកទេសចរដែលត្រឹមត្រូវគេខ្លាច សូម្បីខ្មែរក៏ខ្លាច អ៊ីចឹងវាជារឿងមួយសំខាន់ណាស់ ត្រូវតែពង្រឹងគោលនយោបាយគ្រប់គ្រងជនបរទេស»។
ខណៈកម្ពុជាកំពុងជួបវិបត្តិសេដ្ឋកិច្ចជាតិក្នុងគ្រាដែលភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាកំពុងតែថយចុះស្រាប់នោះ បញ្ហាបាញ់បោះដោយសេរី និងប្រើអំពើហិង្សាពីសំណាក់ជនបរទេសមួយចំនួននៅតាមទីធ្លាសាធារណៈនៅតែបន្តកើតមាន។ ជាក់ស្តែង កាលពីថ្ងៃទី១០ ខែធ្នូ ជនជាតិចិនមួយក្រុមមានគ្នាប្រមាណ ១០នាក់ប្រដាប់ដោយកាំបិត និងកាំភ្លើងខ្លី បានដេញកាប់ និងវាយជនរងគ្រោះជាជនជាតិចិនដូចគ្នាបណ្ដាលឱ្យរងរបួសធ្ងន់ ២នាក់ នៅរាជធានីភ្នំពេញ។
អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល ប្រាប់សារព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី១៦ ខែធ្នូថា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង សម្រេចចោទប្រកាន់ជនសង្ស័យជនជាតិចិនសញ្ជាតិខ្មែរម្នាក់ និងជនជាតិចិន ៩នាក់ពីបទបង្កអំពើហិង្សាមានស្ថានទម្ងន់ទោស និងបទធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយបង្គាប់ឱ្យសមត្ថកិច្ចឃុំខ្លួនពួកគេតាមនីតិវិធី។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យស្ថាប័នអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបាននៅឡើយទេ នៅថ្ងៃទី១៦ ខែធ្នូ។
ពាក់ព័ន្ធបញ្ហាអសន្តិសុខសង្គម និងបញ្ហាឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយជនបរទេសនេះដែរ ថ្មីៗនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានទទួលស្គាល់ថា កម្ពុជាពិតជាមានបញ្ហាបទល្មើសឧក្រិដ្ឋមួយចំនួន។ ប៉ុន្តែ លោកអះអាងថា បញ្ហានេះពុំបានជះផលអវិជ្ជមានដល់កម្ពុជាឡើយ។
លោក ហ៊ុន ម៉ាណែត៖ «យើងទទួលស្គាល់ថា មានបញ្ហាមួយចំនួន គ្មានប្រទេសណាគ្មានបញ្ហាឧក្រិដ្ឋកម្មទេ។ ប្រទេសនីមួយៗមានល្មើសឧក្រិដ្ឋកម្ម។ ប៉ុន្តែសកម្មភាពឧក្រិដ្ឋកម្មទាំងនោះ មិនបានជះឥទ្ធិពលដល់កម្ពុជាទាំងមូលនោះទេ ក្រៅពីបញ្ហាតូចតាចក្នុងវិស័យមួយចំនួននៅកម្ពុជា។ ប្រទេសមានសន្តិភាព ជាប្រទេសមានសន្តិសុខ»។
លោក ហ៊ុន ម៉ាណែត កាលពីខែតុលាកន្លងទៅ បានផ្ដល់បទសម្ភាសដល់ទូរទស្សន៍ចិនដោយរំពឹងថា ភ្ញៀវទេសចរចិននឹងមកកម្សាន្តកម្ពុជាច្រើន ខណៈនៅមុនមានវិបត្តិជំងឺកូវីដ-១៩ ទេសចរចិនមកកម្សាន្តកម្ពុជានៅមានចំនួនដល់ទៅជាង ២លាននាក់។
ដោយឡែក ក្នុងជំនួបទ្វេភាគីជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាកាលពីដើមខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក សុខ ចិន្តាសោភា បានឯកភាពជាមួយភាគីចិនកសាងជោគវាសនារួមគ្នា និងកំណត់ឆ្នាំ២០២៤ ខាងមុខ ដើម្បីផ្លាស់ប្ដូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ តាមរយៈកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជំរុញឱ្យទេសចរចិនមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន។ លើសពីនេះទៀត តាមរយៈការលើកតម្កើងទេសចរចិននេះ កម្ពុជាបានផ្គាប់ចិត្តប្រទេសចិនមួយកម្រិតទៀតដោយអនុញ្ញាតឱ្យប្រជាជនចិនដែលចូលមកកម្សាន្តនៅកម្ពុជាអាចចាយវាយលុយយ័នរបស់ចិនតាមប្រព័ន្ធទូទាត់ឌីជីថល ឬ QR Codeដោយពុំចាំចាប់ប្ដូរជាប្រាក់ដុល្លារ និងប្រាក់រៀល ដូចមុនឡើយ។ ក្រៅពីនេះ រដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ និងមន្ត្រីគ្រាក់ៗក៏តែងតែធ្វើពិធីទទួលស្វាគមន៍ទេសចរចិននៅតាមព្រលានយន្តហោះផងដែរ។
ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី មានប្រសាសន៍ថា យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិហាក់បរាជ័យ ខណៈលោកមើលឃើញថា រដ្ឋាភិបាលរំពឹង និងផ្តោតការយកចិត្តទុកដាក់លើទេសចរចិនតែមួយ។ លោកចង់ឃើញរដ្ឋាភិបាលរៀបចំសណ្ដាប់ធ្នាប់ក្នុងប្រទេសដោយធានាពីសន្តិសុខសុវត្ថិភាព និងពង្រឹងការអនុវត្តច្បាប់លុបបំបាត់អំពើពុករលួយ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិចម្រុះជាតិសាសន៍ ជាពិសេសទេសចរពីលោកខាងលិចឱ្យមកកម្ពុជាកាន់តែច្រើន។
លោក ម៉ម រិទ្ធី៖ «អ្វីដែលជាប់គាំងនោះរដ្ឋាភិបាលត្រូវតែរៀបចំវិធីសាស្ត្រ ដើម្បីលុបទៅវិញនូវអ្វីដែលជាការ [ត្អូញត្អែរ] (complain) របស់ភ្ញៀវ ក៏ដូចជាព័ត៌មានមិនល្អពីប្រទេសកម្ពុជា ចេញព័ត៌មានមិនល្អដូចជារឿងគុន ការរិះគន់ពីប្រទេសកម្ពុជា សំខាន់រកវិធីសាស្ត្រលុបទៅវិញ ដើម្បីស្ដារកិត្តិយសមកវិញ។ ទីពីរ វិធីសាស្ត្រទាំងអស់គួរតែបូកផ្សំជាមួយអ្នកនៅខាងក្រោម ប្រជាជន អ្នករកស៊ីខាងវិស័យទេសចរណ៍ ឬអ្នកមគ្គទេសក៍វិស័យទេសចរណ៍ ត្រូវទទួលយកយោបល់គាត់ថា កន្លងមកជួបផលប៉ះពាល់អីខ្លះ ដើម្បីធ្វើជាធាតុផ្សំដាក់ចូលកម្មវិធីយុទ្ធសាស្ត្រស្ដារសេដ្ឋកិច្ចលើវិស័យទេសចរណ៍ហ្នឹង»។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក អះអាងប្រាប់វិទ្យុអាស៊ីសេរីតាមប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាម (Telegram) កាលពីថ្ងៃទី១៦ ខែធ្នូថា រយៈពេល ១១ខែក្នុងឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤លាន ៩សែននាក់ ដែលលោកថាកើនឡើង ១៥៦ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ជាមួយគ្នានេះ រដ្ឋាភិបាលអះអាងថា រយៈពេល ១១ខែឆ្នាំ២០២៣នេះ រកចំណូលបានជាង ៣២លានដុល្លារតាមរយៈការលក់សំបុត្រឱ្យភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរវត្ត។ ក្នុងនោះមានទេសចរចិនជាង ១០ភាគរយ។
ទោះជាការអះអាងបែបនេះក្ដី ប្រជាពលរដ្ឋ អាជីវករ អ្នកប្រកបរបរអាជីវកម្មក្រៅប្រព័ន្ធមួយចំនួនកំពុងជួបបញ្ហាវិបត្តិសេដ្ឋកិច្ចគ្រួសារ និងជំពាក់បំណុលធនាគារវ័ណ្ឌក។ ទន្ទឹមគ្នានេះ ពលរដ្ឋមួយភាគធំដែលបម្រើវិស័យទេសចរណ៍តាមតំបន់ទេសចរណ៍សំខាន់ៗដូចជានៅរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុជាដើម នៅតែត្អូញត្អែរពីការរកចំណូលពុំសូវបានពីវិស័យទេសចរណ៍។
មន្ត្រីសង្គមស៊ីវិល និងអ្នកធ្វើការផ្នែកវិស័យទេសចរណ៍លើកឡើងថា កម្ពុជានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់ញាំញីទៅដោយរឿងរ៉ាវអាស្រូវពាក់ព័ន្ធការជួញដូរគ្រឿងញៀន អំពើជួញដូរមនុស្ស និងបញ្ហាឧក្រិដ្ឋកម្មនានា រួមទាំងកង្វះតម្លាភាពក្នុងការអនុវត្តច្បាប់ និងបញ្ហាអំពើពុករលួយជាប្រព័ន្ធជាដើម។ ពួកគាត់លើកឡើងថា ប្រសិនបើរដ្ឋាភិបាលចាត់វិធានការលើបញ្ហាទាំងនេះដោយគ្មានប្រសិទ្ធភាព នោះកម្ពុជានឹងមិនអាចរីកចម្រើនផ្នែកវិស័យទេសចរណ៍បានទេ។ ពួកគាត់ថា ការណ៍នេះនឹងធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែប្រឈមជួបវិបត្តិធ្ងន់ធ្ងរ ចំណែកឯពលរដ្ឋកាន់តែរងទុក្ខលំបាកក្នុងការរកចំណូលដោះស្រាយជីវភាពគ្រួសារ និងដោះបំណុលធនាគារ៕
No comments:
Post a Comment